អង្គការ Human Rights Watch ទាមទារ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​​អំពី​ការ​សម្លាប់​សកម្មជន​ឡាវ​​​ល្បី​ឈ្មោះ​ម្នាក់​នៅ​ប្រទេស​ថៃ

អង្គការ​​ Human Rights Watch ​​​ថា ​សាកសព​លោក Bounsuan Kitiyano ត្រូវ​បាន​រក​ឃើញ​​ក្នុង​ព្រៃ​​​មួយ​ក្នុង​ប៉ែក​ឦសាន​​ប្រទេស​ថៃ​នៅ​ជាប់​​ព្រំដែន​ឡាវ។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Human Rights Watch បាន​ទាមទារ​ឱ្យ​មាន​ការស៊ើប​អង្កេតអំពី​ការសម្លាប់សកម្មជន​ឡាវ​ល្បី​ឈ្មោះ​ម្នាក់​រស់​នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​ថៃ។

ក្រុម​ការពារ​សិទ្ធិ​មនុស្សនេះ​បាន​និយាយ​ថា ​សាកសព​លោក Bounsuan Kitiyano ត្រូវ​បាន​រក​ឃើញក្នុង​ព្រៃ​មួយ​ក្នុង​ប៉ែក​ឦសានប្រទេស​ថៃ​នៅ​ជាប់ព្រំដែន​ឡាវ។ ការ​ស៊ើបអង្កេត​ដំបូង​មួយ​របស់​ប៉ូលិសបញ្ជាក់​ថា ​លោក​ Kitiyano ត្រូវ​បាន​បាញ់​សម្លាប់​ នៅ​ពេល​លោក​ជិះ​ម៉ូតូតែម្នាក់​ឯង។

លោក Bounsuan​ អាយុ ៥៦ ឆ្នាំ ជា​អតីត​សមាជិក​ក្រុម​ឡាវ​សេរី​មាន​ទាក់ទិន​នឹងការ​ធ្វើ​បាតុកម្ម​មួយ​ចំនួន​ខាងមុខ​ស្ថានទូត​ឡាវក្នុង​ក្រុង​បាងកក​ ទាមទារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្សនិង​សេរីភាព​ជា​មូលដ្ឋាន។ អង្គការ Human Rights Watch និយាយ​ថា ​លោក​ត្រូវ​បាន​ទទួលស្គាល់ថា ​ជា​ជន​ភៀសខ្លួន​ម្នាក់ដោយ​ទីភ្នាក់ងារ​ខាង​ជន​ភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ។

អ្នកស្រី Elaine Pearson នាយិកាផ្នែក​ទ្វីប​អាស៊ីរបស់អង្គការ Human Rights Watch បាន​និយាយនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ «ការសម្លាប់​ដោយ​គ្មាន​មេត្តា​នូវសកម្មជន​នយោបាយ​ឡាវល្បីឈ្មោះនិរទេស​ខ្លួន​នៅ​ប្រទេសក្រៅ​នេះ ទាមទារ​ឱ្យ​មាន​ការ​ឆ្លើយតប​ជា​បន្ទាន់ពី​អាជ្ញាធរ​ថៃ‍»។

អង្គការ Human Rights Watch ថ្លែង​ថា​ប្រទេស​ថៃ «បាន​ខកខាន​ជា​បន្តបន្ទាប់ក្នុង​ការ​បញ្ចៀស​ឬ​ឆ្លើយ​តប​ឱ្យ​បាន​គ្រប់គ្រាន់​ដល់​ការ​វាយ​ប្រហារប្រឆាំង​នឹង​ក្រុម​អ្នក​រិះគន់​ខាង​នយោបាយលើ​រដ្ឋាភិបាល​សង្កត់សង្កិន​នៃ​ប្រទេសឡាវ​ កម្ពុជា​ វៀតណាម​និង​ប្រទេសមីយ៉ាន់ម៉ា‍​ ដែល​នៅ​ជិត​ខាង​ប្រទេស​ថៃ»។

អង្គការ Human Rights Watch​ ក៏បាន​និយាយ​ដែរ​ថា​ ​ការធ្វើ​ឃាត​លោក Bounsuan «បញ្ជូន​សារមួយ​ថា ​គ្មានកន្លែង​ណា​ដែលសុវត្ថិភាពសម្រាប់​ក្រុម​អ្នក​រិះគន់រដ្ឋាភិបាល​ឡាវ​ទេ‍»​ ដោយ​និយាយយោង​ដល់​ការ​បាត់ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ លោក Od Sayavong នៅក្នុង​ប្រទេស​ថៃ​កាលពី​ខែ​សីហា ឆ្នាំ ២០១៩ និង​ការ​បាញ់លោក Anousa Luangsuphom សកម្មជនរិះគន់រដ្ឋាភិបាល​ឡាវ​តាម​អនឡាញ​នៅ​ក្នុង​រដ្ឋធានីវៀងចន្ទន៍​ កាល​ពីថ្ងៃទី ២៩ ខែមេសា ​ឆ្នាំនេះ។

លោក Luangsuphom ត្រូវ​បាន​រាយការណ៍ដំបូង​ថា​ ​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយប្រហារ តែ​នៅ​ពេល​បន្ទាប់​មក​គ្រួសារ​លោក​បាន​និយាយប្រាប់​អង្គការ Human Rights Watch​ ថា​ ពួក​គេ​បាន​រាយការណ៍​ខុស​អំពី​ការ​ស្លាប់​របស់​លោក​ ដើម្បី​ការពារ​លោក​នៅ​ពេល​លោក​កំពុង​ធូរស្បើយ​វិញ៕