អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាលុបចោលច្បាប់ទាំងឡាយណា ដែលមានការរឹតត្បិតសិទ្ធិមូលដ្ឋានពលរដ្ឋកម្ពុជា ដោយបានសំដៅដល់ច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល ហៅកាត់ថា (LANGO) និងច្បាប់ដ៏ចម្រូងចម្រាសពីរផ្សេងទៀត។ នេះបើយោងតាមសេចក្តីប្រកាសមួយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សដែល VOA បានទទួលកាលពីថ្ងៃសៅរ៍។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ក៏បានចាត់ទុកថា ការប្រកាសរបស់រដ្ឋាភិបាលនាពេលថ្មីៗនេះ មិនតម្រូវឲ្យអង្គការសង្គមស៊ីវិលជូនដំណឹងមុនបីថ្ងៃដល់អាជ្ញាធរមូលដ្ឋាន មុនការធ្វើសកម្មភាពនៅតាមសហគមន៍នោះ គឺមិនទាន់គ្រប់គ្រាន់នៅឡើយ។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រចាំតំបន់អាស៊ី ត្រូវបានស្រង់ប្រសាសន៍ជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរក្នុងន័យដើមថា៖
«ការលុបចោលរបស់រដ្ឋាភិបាលកម្ពុជានូវតម្រូវការការជូនដំណឹងមុនបីថ្ងៃនោះ គឺវាគ្រាន់តែជាជំហានតូចមួយឆ្ពោះទៅកាន់គោលដៅត្រឹមត្រូវមួយ ប៉ុន្តែការណ៍នេះ វានឹងមិនអាចបញ្ចប់ការយាយី និងការគំរាមកំហែងផ្សេងៗមកលើក្រុមសកម្មជនក្នុងប្រទេសកម្ពុជានោះទេ»។
លោកត្រូវបានស្រង់សម្តីបន្ថែមថា៖
«អ្វីដែលជាការចង់បាននោះ គឺការប្តេជ្ញាដ៏ហ្មត់ចត់របស់រដ្ឋាភិបាលដើម្បីលុបចោលច្បាប់ទាំងអស់ ដែលត្រូវបានប្រើដើម្បីគាបសង្កត់សកម្មភាពរបស់ក្រុមឯករាជ្យនានានោះ»។
កាលពីឆ្នាំកន្លងទៅនោះ រដ្ឋាភិបាលកម្ពុជាបានបង្កើនការបង្ក្រាបរបស់ខ្លួនមកលើអ្នកគាំទ្រគណបក្សប្រឆាំង សកម្មជនការពារសិទ្ធិដីធ្លី អ្នកការពារសិទ្ធិមនុស្សនិងក្រុមសហជីព។ អង្គការដែលធ្វើការលើការការពារសិទ្ធិមនុស្ស និងការការពារធនធានធម្មជាតិនិងដីធ្លី កម្មករ និងលទ្ធិប្រជាធិបតេយ្យបានប្រឈមជាមួយការតាមដានយ៉ាងជាប់លាប់ ការគំរាមកំហែងផ្សេងៗ ការចាប់ខ្លួននិងការធ្វើទុក្ខបុកម្នេញតាមតែអំពើចិត្ត និងការឃុំខ្លួនមុនការកាត់ទោសក្នុងរយៈពេលដ៏យូរ»។ នេះបើតាមការបញ្ជាក់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ។
អង្គការសិទ្ធិមនុស្សអន្តរជាតិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះបានបន្តថា ចាប់តាំងពីឆ្នាំ២០១៥មកនោះ រដ្ឋាភិបាលបានអនុម័តច្បាប់ជាច្រើននិងដាក់បន្ថែមខរឹតត្បិតផ្សេងៗនៅក្នុងលក្ខន្តិកៈដែលមានស្រាប់។ ការកែប្រែទាំងនេះ ត្រូវបានធ្វើឡើងដោយលាក់លៀម និងគ្មានការពិគ្រោះយោបល់ជាសាធារណៈជាមួយក្រុមមនុស្សដែលរងផលប៉ះពាល់ដោយសកម្មភាពកែប្រែទាំងនេះ។
អង្គការសិទ្ធិមនុស្សដែលតែងតែរិះគន់រដ្ឋាភិបាលកម្ពុជាមិនសំចៃមាត់នោះ បានឲ្យដឹងទៀតថា រដ្ឋាភិបាលប្រទេសកម្ពុជា បានដាក់នូវការរឹតបន្តឹងធ្ងន់ធ្ងរមកលើសិទ្ធិក្នុងការបញ្ចេញមតិដោយសេរី ការជួបប្រជុំ និងការប្រមូលផ្តុំដោយសន្តិវិធី។ បទប្បញ្ញត្តិថ្មីៗដែលរំលោភសិទ្ធិទាំងនោះ រួមមានច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល (LANGO) ច្បាប់ស្តីពីសហជីពច្បាប់ ស្តីពីការជេប្រមាថព្រះមហាក្សត្រlese majeste ក្នុងក្រមព្រហ្មទណ្ឌ និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាច្រើនទៀត។
ចាប់ពីតាំងពីការអនុម័តច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលកាលពីពាក់កណ្តាលឆ្នាំ២០១៥នោះមក អង្គការជាច្រើនបានឲ្យដឹងពីបទពិសោធន៍នៃការរឹតត្បិតរបស់រដ្ឋាភិបាលយ៉ាងខ្លាំងក្លា។ អាជ្ញាធរមូលដ្ឋានជាញឹកញាប់បានអានខុស និងបកស្រាយច្បាប់មិនត្រឹមត្រូវ ដោយការទាមទារឲ្យអង្គការក្រៅរដ្ឋាភិបាល ស្វែងរកការអនុញ្ញាតជាមុនសិន មុនពេលការធ្វើសកម្មភាពនានា។ អង្គការជាច្រើនបានរាយការណ៍មកថា អាជ្ញាធរនិងប៉ូលិសមូលដ្ឋានបានជ្រៀតជ្រែកចូលក្នុងការប្រជុំនិងការបណ្តុះបណ្តាលរបស់ពួកគេ ហើយជាញឹកញាប់ខិតខំបិទចោលព្រឹត្តការណ៍ទាំងនោះ ឬក៏អង្គុយខាងក្រោយបន្ទប់ ថតយករូបភាពនិងស្នើសុំយកបញ្ជីនៃអ្នកមានវត្តមានក្នុងការប្រជុំ និងការបណ្តុះបណ្តាលទាំងនោះ។
នៅក្រោមច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល អាជ្ញាធរបានបិទចោលក្រុមឯករាជ្យជាច្រើន ឬក៏បដិសេធចោលពួកគេមិនឲ្យចុះបញ្ជី ដោយសំអាងលើទស្សនៈដែលមានលក្ខណៈឆ្គាំឆ្គងជាច្រើនផងដែរ និងមិនអាចកំណត់និយមន័យបាននៃ «ការអព្យាក្រឹតពីនយោបាយ» ជាដើម។ មន្ត្រីក៏បានដាក់បន្ទុកដល់ក្រុមសមាគមតូចៗឲ្យធ្វើសេចក្តីរាយការណ៍ជាច្រើនដែលពួកគេមិនអាចធ្វើបាន។
លោក Phil Robertson ត្រូវបានស្រង់ប្រសាសន៍តាមន័យដើមបន្ថែមថា៖
«រដ្ឋាភិបាលកម្ពុជាគួរតែបញ្ឈប់ការគិតថា ពួកក្រុមសកម្មជនទាំងអស់នោះគឺជាការគំរាមកំហែង ហើយត្រូវចាប់ផ្តើមមើលឃើញពួកគេថា ជាដៃគូដែលមានប្រយោជន៍ដើម្បីធ្វើឲ្យប្រទេសកម្ពុជាបានប្រសើរឡើង»។
លោកត្រូវបានគេស្រង់សម្តីបន្ថែមយ៉ាងដូច្នេះ៖
«រដ្ឋាភិបាលបរទេសនិងម្ចាស់ជំនួយជាច្រើនដែលបានគ្រាំទ្រសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា គួរតែអំពាវនាវឲ្យមានការលុបចោលច្បាប់ដែលរឹតត្បិតទាំងនេះជាបន្ទាន់»។
ក្រុមមន្ត្រីសិទ្ធិមនុស្សមួយចំនួននៅកម្ពុជាបានថ្លែងបន្ទរតាមសេចក្តីអំពាវនាវរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watchដោយពួកគេនៅបន្តមាន ការព្រួយបារម្ភនៅឡើយ ចំពោះចេតនាបន្ធូរបន្ថយតិចតួចរបស់អាជ្ញាធរមានសមត្ថកិច្ចលើការរឹតត្បិតសកម្មភាពរបស់ពួកគេក្នុងពេលចុះធ្វើសកម្មភាពការងារ។
លោក អំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) មានប្រសាសន៍បញ្ជាក់ VOA នៅថ្ងៃចន្ទនេះថា វាអាចជារឿងពិបាកមួយក្នុងការទម្លាក់ចោលច្បាប់ទំាងឡាយណា ដែលត្រូវបានអនុម័ត និងដាក់ឲ្យប្រើប្រាស់មកហើយនោះ។ តែលោកថា ការធ្វើវិសោធនកម្មច្បាប់ទាំងអស់នោះ អាចជាជម្រើសមួយទៀត ដែលកែសម្រួលចំណុចណា ដែលមានលក្ខណៈរឹតត្បិតខ្លាំងនោះ។
«បើសិនជាយើងមានចេតនា នៅក្នុងការកែលម្អ បើយើងមិនទម្លាក់ចោលទេ យើងអាចធ្វើវិសោធនកម្មទៅលើមាត្រាមួយចំនួន ដែលគេចាត់ទុកថា វារឹតត្បិតសេរីភាពរបស់សមាគម អង្គការ មិនមែនរដ្ឋាភិបាល ក៏ដូចជា សហជីពហ្នឹង ដើម្បីសម្រួលឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាសហជីពហ្នឹងបំពេញការងាររបស់ខ្លួនដោយពេញដៃ ពេញជើង មិនមានភាពរឹតត្បិត អានេះ យើងអាចធ្វើបាន»។
យោងតាមសេចក្តីប្រកាសដដែលរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិចុះនៅថ្ងៃទី៨ ខែធ្នូឆ្នាំ ២០១៨ បានលើកឡើងថា នៅក្នុងខែកក្កដា ឆ្នាំ២០១៦ រដ្ឋាភិបាលបានកំណត់គោលដៅលើបណ្តុំអង្គការក្រៅរដ្ឋាភិបាលមួយដែលធ្វើការខាងការពារសិទ្ធិមនុស្ស និងការឃ្លាំមើលការបោះឆ្នោត ដែលហៅថា «បន្ទប់ស្ថានការណ៍» ដោយសំអាងលើហេតុផលដែលគ្មានមូលដ្ឋានច្បាស់លាស់ថា បណ្តុំអង្គការក្រៅរដ្ឋាភិបាលនេះបានបំពានលើច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល ហើយមានបំណងផ្តួលរំលំរដ្ឋាភិបាល។
តមកទៀត នៅខែសីហា ឆ្នាំ២០១៧ ក្រសួងការបទេសកម្ពុជាបានបញ្ជាឲ្យបិទវិទ្យាស្ថានប្រជាធិបតេយ្យជាតិ (NDI) គាំទ្រដោយសហរដ្ឋអាមេរិកនិងបណ្តេញចេញបុគ្គលិកបរទេស ដោយយោងទៅលើច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល និងច្បាប់ពន្ធដារឆ្នាំ១៩៩៧។ នៅខែតុលា ឆ្នាំ២០១៧ រដ្ឋាភិបាលបានព្យួរទុកតាមតែអំពើចិត្តក្រុមអ្នកការពារសិទ្ធិដីធ្លី សមធម៌កម្ពុជា (Equitable Cambodia) និងបានរារាំងក្រុមនេះ មិនឲ្យធ្វើសកម្មភាពរបស់ខ្លួន ឈរលើការចោទប្រកាន់ដែលគ្មានភស្តុតាង។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិបានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាបានផ្តល់សច្ចានុម័តលើសន្ធិសញ្ញាស្នូលស្តីពីសិទ្ធិមនុស្សអន្តរជាតិជាច្រើន ដើម្បីតម្កល់ទុកសេរីភាពក្នុងការបញ្ចេញមតិ និងការប្រមូលផ្តុំ។ តែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយជាច្រើន ដែលបំពានលើសិទ្ធិទាំងអស់នោះ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កម្ពុជានឹងនៅតែការពារអ្វីដែលខ្លួនបានធ្វើ ដើម្បីពង្រឹងនីតិរដ្ឋក្នុងប្រទេសខ្លួន។
លោកថ្លែងថា៖
«ជាធម្មតាទេ នៅក្នុងលទ្ធិប្រជាធិបតេយ្យ តែងតែមានមតិប្រឆាំងជំទាស់។ យើងទទួល ក៏ប៉ុន្តែអ្វីដែលយើងធ្វើនេះ គឺធ្វើក្នុងនាមជារដ្ឋមួយដែលត្រូវបានបោះឆ្នោត ដោយប្រជាពលរដ្ឋ ភាគច្រើន មតិភាគច្រើនបាទ។ ហើយគាត់ គាត់យល់យ៉ាងណាក៏ដោយ គឺចាត់ទុកជាសិទ្ធិរបស់គាត់ចុះ តែយើងចង់បានអ៊ីចឹង»។
ការចេញសេចក្តីប្រកាសរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch)បានធ្វើឡើង ពីរថ្ងៃមុនការប្រារព្ធ «ទិវាសិទ្ធិមនុស្សអន្តរជាតិ លើកទី៧០» នៅថ្ងៃទី១០ ខែធ្នូនេះ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចំានៅកម្ពុជា នៅរសៀលថ្ងៃចន្ទនេះ ក៏បានផ្ញើសារតាមទំព័រហ្វេសប៊ុករបស់ខ្លួន សុំឲ្យមានការទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងរាល់អ្នកនយោបាយទាំងអស់។
ដោយមានភ្ជាប់ជាមួយរូបថតលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំក្នុងផ្ទះ ក្រោមបទចោទក្បត់ជាតិនោះ ស្ថានទូតសហរដ្ឋអាមេរិកបានសរសេរក្នុងន័យដើមថា៖
«នៅក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិយើងអំពាវនាវឲ្យមានការទម្លាក់បទចោទប្រកាន់ទៅលើគ្រប់អ្នកទោសនយោបាយទាំងអស់»។
ចំណែកលោក កឹម សុខា ក៏បានថ្លែងនៅលើទំព័រហ្វេសប៊ុករបស់លោកអបអរទិវាសិទ្ធិមនុស្សសាកលនេះ។ លោក កឹម សុខា បានអំពាវនាវឲ្យមានការគោរពសិទ្ធិមនុស្ស ដែលនាំទៅរកការមានសាមគ្គីជាតិមួយ។
ទំព័រហ្វេសប៊ុករបស់លោក កឹម សុខា ដែលជាអតីតមន្ត្រីអង្គការសិទ្ធិមនុស្សមួយបានសរសេរក្នុងន័យដើមថា៖
«សិទ្ធិមនុស្សគឺជាគ្រឹះនៃជីវិតរបស់មនុស្សគ្រប់រូប ព្រោះថាបើមនុស្សម្នាក់ៗគ្មានសិទ្ធិមូលដ្ឋានទេ សន្តិភាព អភិវឌ្ឍន៍ និងការបង្រួបបង្រួមជាតិក៏មិនអាចមាននិរន្តរភាពដែរ។ សិទ្ធិមូលដ្ឋានគឺជាច្បាប់ធម្មជាតិ ពោលគឺមនុស្សគ្រប់រូបកើតមកដោយមានសិទ្ធិទាំងនេះជាប់ខ្លួន។ សង្គមមួយដែលមានការរំលោភសិទ្ធិទាំងនេះ មិនថាតាមរូបភាពណាក៏ដោយ តែងតែបង្កឲ្យមានការឈឺចាប់។ ហើយសង្គមមួយដែលពោរពេញដោយការឈឺចាប់នឹងធ្វើឲ្យប្រជាពលរដ្ឋខ្លួនបែកបាក់សាមគ្គី»។
លោក កឹម សុខា បានបន្ថែមថា៖
«ដូច្នេះ ដើម្បីឲ្យសង្គមយើងមានសាមគ្គីភាព សន្តិភាព និងអភិវឌ្ឍន៍ ខ្មែរគ្រប់រូបគួរបញ្ឈប់ការធ្វើឲ្យខ្មែរដូចគ្នាឈឺចាប់ ដោយចាប់ផ្តើមពីការគោរពសិទ្ធិគ្នាទៅវិញទៅមក ដោយបង្កើតឲ្យមានបរិយាកាសសង្គមមួយដែលខ្មែរគ្រប់និន្នាការមានសិទ្ធិមូលដ្ឋានដូចជា សិទ្ធិរស់រានមានជីវិត សិទ្ធិទីលំនៅ ពិសេសគឺសិទ្ធិក្នុងការបញ្ចេញមិតិយោបល់និងចូលរួមកសាងសង្គមដោយគ្មានការភ័យខ្លាចនិងរើសអើង»។
ស្របពេលដែលមានការរៀបទិវាសិទ្ធិមនុស្សអន្តរជាតិនៅប្រទេសកម្ពុជា អង្គការឃ្លាំមើលនិងការពារសិទ្ធិមនុស្សក្នុងស្រុកមួយបានរាយការណ៍ឲ្យដឹងអំពីការរឹតត្បិតសេរីភាពពីសំណាក់ក្រុមអាជ្ញាធរមានសមត្ថកិច្ចមកលើពលរដ្ឋ និងក្រុមអ្នកការពារសិទ្ធិមនុស្សនៅតាមកន្លែងជួបជុំជាច្រើន។
អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) បានឲ្យដឹងតាមសេចក្តីប្រកាសរបស់ខ្លួនមួយនៅថ្ងៃចន្ទនេះថា សាលារាជធានីភ្នំពេញ បានហាមឃាត់ទៅលើការហែក្បួននៃថ្ងៃទិវាសិទ្ធិមនុស្សនាព្រឹកនេះ ប៉ុន្តែការប្រារព្ធទិវានេះ នៅតែអាចប្រព្រឹត្តទៅបាន ទោះបីជាមានកងកម្លាំងប្រដាប់អាវុធជាច្រើន ត្រូវបានដាក់ពង្រាយនៅទីតាំងប្រារព្ធទិវា ប្រហែលជាបួនគីឡូម៉ែត្រពីកណ្តាលរាជធានីភ្នំពេញ ដែលអាជ្ញាធរបានអនុញ្ញាត។
សេចក្តីប្រកាសរបស់អង្គការសិទ្ធិមនុស្សលីកាដូ បានសរសេរក្នុងន័យដើមថា៖
«សាលារាជធានីភ្នំពេញបានព្រមានចាត់វិធានការផ្លូវច្បាប់ ប្រសិនបើអ្នករៀបចំកម្មវិធីនៅតែធ្វើការហែក្បួន ដែលអាចប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ទោះបីជាថ្ងៃទី១០ ខែធ្នូ ជាថ្ងៃឈប់សម្រាក ដែលមិនសូវមានប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវក្នុងរាជធានីក៏ដោយ»។
អង្គការសិទ្ធិមនុស្សលីកាដូ បានឲ្យដឹងទៀតថា ទោះបីជាមានការប្រកាសរបស់រាជរដ្ឋាភិបាលនាពេលថ្មីៗនេះ អំពីការឈប់រឹតត្បិតលើក្រុមសង្គមស៊ីវិលក្តី ក៏អាជ្ញាធរនៅតែត្រូវបានចោទប្រកាន់ថា នៅតែបន្តការរឹតត្បិតលើចលនារបស់សហគមន៍នៅទូទាំងប្រទេស ដោយហាមឃាត់អ្នកទាំងនោះ មិនឲ្យជួបជុំគ្នាជាសាធារណៈ និងទាមទារឲ្យមានលិខិតអនុញ្ញត ថែមទាំងចាត់ចែងទីតាំងជួបជុំគ្នារបស់អ្នកទាំងនោះទៅវិញ។ អង្គការសិទ្ធិមនុស្សលីកាដូ ក៏បានរាយការណ៍ថា មានការធ្វើទុក្ខបុកម្នេញ និងរារាំងពីអាជ្ញាធរមិនឲ្យរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិនេះ នៅតាមបណ្តាខេត្តមួយចំនួនផងដែរ ក្នុងនោះមានខេត្តរតនគិរី បន្ទាយមានជ័យ និងខេត្តកោះកុងជាដើម៕