ទំនាស់​ដី​ធ្លី​រ៉ាំរ៉ៃ​នាំ​ឲ្យ​គណបក្ស​កាន់​អំណាច​បាត់​ប្រជាប្រិយភាព

ស្ត្រី​ម្នាក់​នៃ​តំបន់​បឹងកក់ បាន​​បាច​​​អំបិល​និង​ម្ទេស​ទៅ​លើ​ប៉ូលិស ដែល​បាំង​ផ្លូវ ក្នុង​ពេល​ធ្វើ​បាតុកម្ម​មួយ​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ខែមិថុនា ឆ្នាំ២០១៣។

ទំនង​ជា​ស្ថិត​ក្នុ​ងការ​ទទួល​ស្គាល់​ពី​ផល​ប៉ះពាល់​ដោយសារ​ជម្លោះ​ដីធ្លី​លើលទ្ធផល​បោះ​ឆ្នោតរបស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​យូរ​នោះ​ ​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន​បានបញ្ជា​ខ្លាំងៗ​កាល​ពី​ថ្ងៃ​ច័ន្ទ​ឲ្យ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​និង​មន្ត្រី​ថ្នាក់​ខេត្តដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ប្រជា​ពល​រដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជម្លោះ​ដីធ្លី។​

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ឈ្នះ​ឆ្នោត​ ហើយ​ដែល​ទទួល​បាន​អាសនៈ​ចំនួន​៩០​នៅ​ក្នុង​រដ្ឋសភា​កាល​ពី​ឆ្នាំ​២០០៨ ​បានធ្លាក់​ដាំក្បាល​បាត់បង់​ប្រជាប្រិយភាព​និង​របូត​អាសនៈ​ចំនួន​២២​នៅ​ក្នុង​រដ្ឋសភា​កាល​ពី​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៣ ​កន្លង​ទៅ​នេះ។​

ក្រុម​អ្នកវិភាគ​បាន​កត់សម្គាល់​ថា​ ការ​បាត់បង់​ដ៏​ធំធេង​របស់​គណបក្ស​កាន់​អំណាច​ចាស់​វស្សា​នេះ ​មួយ​ផ្នែក​គឺ​បណ្តាល​មក​ពី​ការមិន​ដោះស្រាយ​វិបត្តិ​ដីធ្លី ដែល​រីករាល​ដាល​ពាស​ពេញ​ប្រទេស​ និង​ជា​វិបត្តិ​ដែល​បាន​ក្លាយ​ជា​ជំងឺ​យ៉ាង​រ៉ាំរ៉ៃ​រាប់​ទសវត្ស​រ៍ នៅ​តែមិនអាច​ព្យាបាល​បាន។​

លោក​យឹម សុវណ្ណ ​តំណាងរាស្ដ្រ​ និង​ជាអ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិអះអាង​ថា បញ្ហា​ដីធ្លី​គឺ​ជា​កត្តា​សំខាន់​មួយ​ក្នុង​ចំណោម​កត្តា​សំខាន់​ចំនួន​បីដែល​បាន​រុញ​ទម្លាក់​ប្រជាប្រិយភាព​របស់គណបក្ស​កាន់​អំណាច​ក្នុង​ការ​បោះឆ្នោត​កន្លង​ទៅ​នេះ។​ ក្នុង​នោះ​គឺ​ការ​មិន​ដោះស្រាយ​ទំនាស់​ដីធ្លី ​អំពើ​ពុក​រលួយ​រីក​រាលដាល​និង​ភាព​ក្រីក្រ។​

«នៅ​ពេល​នេះ​ដោយសារ​ឃើញ​ថា ​ប្រជា​ពលរដ្ឋ​មាន​ការ​ថ្នាំងថ្នាក់ចិត្ត​ជាមួយ​នឹង​ការ​គាបសង្កត់​ ការ​រំលោភ​សិទ្ធិ​កាន់​កាប់​ដីធ្លី​របស់​ប្រជា​ពលរដ្ឋ ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​មាន​ជម្រើសអ្វី​ក្រៅ​ពី​ការ​កែ​ទម្រង់​ទេ​ បើសិន​ជា​ខ្លួន​ត្រូវការ​ឲ្យ​មាន​ការ​គាំទ្រ​ពី​ប្រជាពល​រដ្ឋ​ត​ទៅ​ទៀត»។​

យោង​តាម​របាយ​ការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃអង្គារ​នេះ​ បង្ហាញ​ថា ប្រជា​ពលរដ្ឋ​រងគ្រោះ​និង​អ្នក​ទទួល​រងផល​ប៉ះពាល់​ដោយសារ​ទំនាស់ដីធ្លី​ បាន​កើន​ដល់​ជាង​៧៧០០០០​នាក់​ក្នុង​រយៈ​ពេល​១៣​ឆ្នាំ​ចុងក្រោយ​នេះ​ ​គឺជា​តួលេខ​ដ៏មាន​សារៈ​សំខាន់​ ដោយសារ​តែ​ប្រជា​ពលរដ្ឋ​ទាំង​នោះ​សុទ្ធតែ​ស្ថិត​ក្នុង​ក្រុម​គ្រួសារ​ដែល​មាន​សមាជិក​មាន​សិទ្ធិ​បោះ​ឆ្នោត។​

ក្នុង​រយៈ​ពេល​១៣​ឆ្នាំ​នៃ​ការ​រីករាល​ដាល​នៃ​ជម្លោះ​ដីធ្លី​ គេ​តែង​តែ​ឮ​ស្ទើរតែ​រាល់​ថ្ងៃ​សម្រែក​នៃ​ការ​តវ៉ា​របស់​ក្រុម​ជនរង​គ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ឬ​ ដោយ​ការ​រំលោភ​យក​ដីស្រែ ​ផ្ទះ​សម្បែង​ជាដើម។ ​ក្រុម​ប្រជា​ពលរដ្ឋ​ជារឿយៗ​បាន​ធ្វើ​ការ​តវ៉ា​ដោយ​បិទ​ផ្លូវជាតិ ​ដោយ​ឡើង​មក​ទីក្រុង​ភ្នំពេញដើម្បី​ស្វែងរក​ការ​ជួយ​អន្តរាគមន៍​ពី​រដ្ឋសភា​ ពី​ក្រសួង​នានា​មួយ​ចំនួន ​និង​ស្វែងរក​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្ត្រី។​

ជា​ញឹកញាប់​ គេតែងតែ​ឮ​ពី​ការ​រារាំង​របស់​ក្រុម​អាជ្ញាធរមិន​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រមូល​ផ្តុំ​គ្នា​ដាក់​ញ្ញត្តិ​ជូន​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន ​ឬ​អាជ្ញាធរ​មិន​ឲ្យ​ពួក​គាត់​នៅ​ជិត​ភូមិ​គ្រឹះ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ជាដើម ​ឬគ្រាន់តែ​មាន​មន្ត្រី​តំណាង​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​មក​ទទួល​ញ្ញត្តិ​ពី​ក្រុម​ប្រជា​ពលរដ្ឋ។​ ក៏ប៉ុន្តែ​ ទីបំផុត​នៅតែ​មិនមាន​ដំណោះ​ស្រាយ។​

ការ​ដែល​មិនមាន​ដំណោះស្រាយ​បាន​ដុត​កំហឹង​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ​ ហើយ​ក៏​បាន​បណ្តុះស្មារតី​តវ៉ា​របស់ពួក​គេ​ ឲ្យ​មាន​សេចក្តី​ក្លាហាន​ជា​លំដាប់​ដែរ។​

លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន ​កាល​ពីថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​ថ្លែងក្នុងពិធី​សម្ពោធន៍ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ​ ឆ្នាំ​២០១៤-២០១៨​ ដោយ​លោក​បញ្ជាក់​ថា​ លោក​មិន​ដែល​បាន​ទទួល​ញ្ញត្តិ​ពី​ក្រុម​ប្រជា​ពលរដ្ឋ​នោះ​ទេ។​

«ខ្ញុំ​មិន​ដឹង​ថា​ អាញ្ញត្តិ​ហ្នឹង​ទៅ​ដល់​កន្លែង​ណា​ទេ។​ ខ្ញុំ​សូម​ជំរាប​ថា​ ញ្ញត្តិ​ហ្នឹងមិន​បាន​មក​ដល់​ខ្ញុំ​ទេ»។​

ដូច្នេះ​ចង់​ឬ​មិនចង់​ ការបញ្ជូន​ព័ត៌មាន​ស្តីពី​ទំនាស់​ដីធ្លី​ជូន​លោក​ប្រមុខ​រដ្ឋាភិបាល​អាច​នឹង​មាន​បញ្ហា​ចាប់​ពីថ្នាក់​ក្រោម​ ឬក៏​អាច​មាន​បញ្ហា​នៅ​ក្នុង​ចង្កោម​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ខ្លួន​ឯង​ផង​ដែរ។​

លោក​នី ចរិយា ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ទំនង​ជា​ហួស​ចិត្ត ​នៅ​ពេល​ដែលលោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​ ហាក់​ដូចជា​ទើប​តែ​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ដំណោះ​ស្រាយ​វិបត្តិដីធ្លី​របស់​ក្រុម​ប្រជា​ពលរដ្ឋ។​

«រឿង​ដីធ្លី​នេះ​ប្រជាជន​ឡើង​មក​តវ៉ា ​ជាពិសេស​នៅ​មុខផ្ទះ​គាត់​ទៀត។​ ហើយ​នៅ​មុខ​ផ្ទះគាត់​មាន​កាម៉េរ៉ាសុវត្ថិភាព​ទៀត។​ ហើយ​គាត់​មិន​ដឹង។ ​យើង​ចាត់​ទុក​ថា ​គាត់​មិន​ដឹង​ទៅ​ចុះ!​ គាត់​មិនមែន​ជា​អ្នក​អាន​កាសែត។​ គាត់មិនមែន​ជាអ្នក​មើល​ព័ត៌មាន​ជាដើម ​ហើយ​ឥឡូវ​គាត់​ថា ​គាត់​ទើប​តែដឹង។​ យើង​ចាត់​ទុក​ថា ​គាត់​ទើប​តែដឹង​ទៅចុះ!​ ប៉ុន្តែ​ការ​ទើប​នឹង​ដឹង​របស់​គាត់​ តើ​គាត់​នឹង​ចាត់វិធាន​ការ​យ៉ាង​ម៉េច?»​

កាលពី​ខែកញ្ញា​ ក្នុង​ឱកាស​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​ជាលើក​ដំបូង ​លោក​ហ៊ុន សែន​បាន​អះអាង​ថា ​លោក​គឺជា​មនុស្ស​ដែល​ញៀន​ក្នុង​ការ​អាន​ព័ត៌មាន​គឺ​លោក​ត្រូវ​ការ​អាន​ព័ត៌មាន ​ដូចការ​ទទួល​ទាន​បាយ​ដូច្នេះ​ដែរ។​

យ៉ាងណា​ក៏​ដោយ​ នេះជា​លើក​ទី១​ ក្រោយ​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ ​ដែល​លោកហ៊ុន​ សែន​បាន​រិះគន់​លើ​កង្វះ​ដំណោះ​ស្រាយ​ជម្លោះ​ដីធ្លី​សម្រាប់​ប្រជា​ពលរដ្ឋ។ ​ហើយ​វា​ក៏​ជា​សញ្ញា​នៃ​ការ​ទទួល​ស្គាល់​អំពី​ផល​ប៉ះពាល់​ដល់​សំឡេងឆ្នោត​ដោយសារ​បញ្ហា​នេះ​ដែរ។​

«កន្លង​ទៅ​នេះ​ ខ្ញុំ​តែងតែ​ឃើញ​តាម​សារ​ព័ត៌មាន​ទៅ​វិញ​ទេ​នូវ​ការ​ទាមទារ​របស់​ប្រជា​ពលរដ្ឋ ​លើក​ទាំង​រូប​របស់​ខ្ញុំ​ និង​ប្រពន្ធ​ខ្ញុំ​ទៀត​ផង។​ ប៉ុន្តែ​តើ​មូលដ្ឋាន​បាន​ដោះស្រាយ​រឿង​នេះ​ទេ?»​

ទោះ​ជា​យ៉ាងណា ​លោក​នី ចរិយា​បាន​ស្តី​បន្ទោស​ដល់​ការត្រួត​ពិនិត្យ​លើ​កិច្ច​ការ​រដ្ឋ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

«អ្វី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សំឡេងឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ដោយសារ​ថ្នាក់​ដឹក​នាំ ជាពិសេស​សម្តេច​ហ៊ុន សែន​ចេះ​ស្តាប់​តែ​របាយ​ការណ៍​បញ្ចើច​បញ្ចើរ​ ចេះ​ស្តាប់​តែ​របាយ​ការណ៍​ដែល​ភូតភរ ​ត្រង់​របាយ​ការណ៍​ពិត​ជាក់ស្តែង​ លោក​មិន​សូវ​ចូល​ចិត្ត​ស្តាប់។ នេះ​គឺជា​កំហុស​មួយ​ដ៏​ធំ​សម្រាប់​ឲ្យ​គាត់​អាច​ទប់ទល់​ទៅ​នឹង​ស្ថាន​ភាព​ខាង​នយោបាយ​ ជាពិសេស​ស្ថាន​ភាព​ប្រជា​ប្រិយភាព​ដើម្បី​ទាញ​យក​សំឡេង​ឆ្នោត»។​

ផ្អែក​តាម​របាយ​ការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ឲ្យ​ដឹង​ថា​ មាន​ប្រជា​ពលរដ្ឋ​ចំនួន​១០៩​នាក់​ត្រូវ​ទទួល​រង​ការចោទ​ប្រកាន់​ដោយ​តុលាការ​និង​៤៣​នាក់ត្រូវ​ចាប់​ខ្លួន​ និង​ដាក់​ពន្ធនាគារ​នៅឆ្នាំ​២០១៣​ ដោយសារ​ជម្លោះ​ដីធ្លី។​ជម្លោះ​ដីធ្លី​នៅ​ក្នុ​ងប្រទេស​កម្ពុជា​ គេ​សង្កេត​ឃើញ​ថា តែងតែ​កើត​ឡើង​រវាង​ក្រុម​ប្រជា​ពលរដ្ឋ​ក្រីក្រជា​មួយ​នឹងក្រុម​ហ៊ុនឯកជន​ដែល​មាន​ឥទ្ធិពល​លុយកាក់​ឬ​ជាមួយ​មន្ត្រី​ និង​គ្រួសារ​របស់​មន្ត្រី​ដែល​មាន​បណ្តា​សក្តិ​ក្នុង​រដ្ឋា​ភិបាល។​

នៅ​ក្នុង​រយៈ​ពេល​ប្រាំបី​ខែ​ដើម​ឆ្នាំ​២០១៤​នេះ ​ប្រជា​ពលរដ្ឋ​ចំនួន​១២៦​ត្រូវ​ចោទ​ប្រកាន់​ដោយ​តុលាការ​ក្នុង​ជម្លោះដីធ្លី ​ពោល​គឺ​ចំនួន​ប្រជា​ពលរដ្ឋ​ដែល​ប្រឈម​មុខ​នឹង​បញ្ហា​តុលាការដោយសារ​ជម្លោះ​ដី​ធ្លីមាន​ចំនួន​១៩​នាក់​ ច្រើនជាង​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​ចោទ​ប្រកាន់​ដោយតុលាការ​ពេញ​មួយឆ្នាំ​២០១៣​ ហើយ​ប្រជា​ពលរដ្ឋ​ចំនួន​១៩​នាក់​កំពុង​ជាប់​ពន្ធនាគារ។​

គណបក្ស​សង្គ្រោះជាតិ ​ដែល​ជា​គណបក្ស​ជំទាស់​ ធ្លាប់​បាន​បង្ហាញ​គោល​នយោបាយ​ដីធ្លី​របស់​ខ្លួន ​ហើយ​បាន​ព្រមាន​ពី​វិបត្តិ​សង្គម​ ដោយសារ​ជម្លោះ​ដីធ្លី​នេះ។​

លោក​យឹម សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​នេះ ​លើក​ឡើង​ថា ​គណបក្ស​កាន់​អំណាច​ត្រូវ​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ដីធ្លី។​

«សំខាន់​ត្រូវតែ​គោរព​ច្បាប់​ភូមិបាល​ឲ្យ​បាន​ត្រឹមត្រូវ ​នោះ​នឹង​មិនមាន​អ្វី​ដោះស្រាយមិន​ចេញ​នោះ​ទេ។​ ប៉ុន្តែ​សព្វ​ថ្ងៃ ​អ្នក​មាន​អំណាច​មួយ​ចំនួន​ឈរ​ខាង​ក្រុម​ហ៊ុន​ ទោះជា​ខុស​ច្បាប់​ក៏​នៅ​ឈរ​ខាង​ក្រុមហ៊ុន។​ មាន​អ្នកខ្លះ​ទៀត​អាង​អំណាច​ក្នុង​រដ្ឋា​ភិបាល​ទៅ​កៀប​សង្កត់​ប្រជា​ពល​រដ្ឋ»។​

លោក​នី ចរិយា ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​វិភាគ​ឃើញ​ថា ​ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វេស​ប្រហែស​ក្នុង​ការដោះស្រាយបញ្ហា​សង្គម​ ជាពិសេស​ ទំនាស់​ដីធ្លី​ នោះ​នឹង​អាច​នាំឲ្យ​គណបក្សនេះ​បាត់​បង់​ប្រជាប្រិយ​ភាព​បន្ថែម​ទៀត។​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ។​

វីអូអេ​បានព្យាយាម​ទាក់ទង​សុំ​ការ​ឆ្លើយតប​ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន តែមិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ៕