ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​តវ៉ា​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌូនេស៊ី​នៅ​សហរដ្ឋ​អាមេរិក

រូបឯកសារ៖ ប៉ូលិសចាប់ខ្លួនបាតុករម្នាក់ ក្នុងអំឡុងពេលធ្វើបាតុកម្មប្រឆាំងនឹងផែនការកំណែទម្រង់ច្បាប់ការងាររបស់រដ្ឋាភិបាល នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២០។

អង្គការ​សិទ្ធិ​មនុស្ស​យ៉ាង​តិច​ជាង ១០ បាន​តវ៉ា​ប្រឆាំង​នឹង​ការ​សម្រេច​របស់​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​ការ​ផ្តល់​ទិដ្ឋាការ​ឲ្យ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌូនេស៊ី​ លោក Prabowo Subianto ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ទោះបីជា​លោក​បាន​រង​ការ​ចោទ​ប្រកាន់​ថា​ មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក៏ដោយ។

លោក Prabowo មាន​គម្រោង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​លោក Mark Esper និង​ប្រធាន​អគ្គ​សេនាធិការ​ចម្រុះ​លោក Mark Milley នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ។

លោក Dahnill Simanjuntak អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ឥណ្ឌូនេស៊ី បាន​ប្រាប់ VOA ផ្សាយ​ជា​ភាសា​ឥណ្ឌូនេស៊ី​ថា រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក​លោក Esper បាន​ចេញ​ការ​អញ្ជើញ​ជូន​លោក Prabowo។

លោក Prabowo ធ្លាប់​ធ្វើជា​ប្រធាន​កង​កម្លាំង​ពិសេស Kopassus នៃ​កងទ័ព​ឥណ្ឌូនេស៊ី ដែល​បាន​រង​ការ​ចោទ​ប្រកាន់​ពី​ក្រុម​អង្គការ​សិទ្ធ​មនុស្ស​នានា និង​ពី​គណៈកម្មការ​ជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ឥណ្ឌូនេស៊ី ថា​បាន​រំលោភ​សិទ្ធិ​មនុស្ស។

លោក Prabowo ត្រូវ​បាន​បដិសេធ​លើក​ទីមួយ​មិន​ឲ្យ​ចូល​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ ២០០០ ដោយសារតែ​លោក​បាន​រង​ការ​ចោទ​ប្រកាន់​រឿង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ទីម័រ​ខាង​កើត ខេត្ត West Papua និង​ក្នុង​អំឡុង​ការ​តវ៉ា​ប្រឆាំង​របស់​ក្រុម​និស្សិត​ឆ្នាំ ១៩៩៨ នៅ​ក្នុង​រដ្ឋធានី​ហ្សាការតា។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា៖ «ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​គ្រោង​រៀបចំ​ទទួល​លោក​រដ្ឋមន្ត្រី Prabowo នៅ​ក្រសួង​ការពារ​ប្រទេស​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ ដើម្បី​ពង្រឹង​ចំណង​ទាក់ទង​ទ្វេភាគី​បន្ថែម​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ឥណ្ឌូនេស៊ី»។

អង្គការ​សិទ្ធិ​មនុស្ស Amnesty International USA កាល​ពី​ថ្ងៃ​អង្គារ បាន​ផ្ញើរ​លិខិត​ជូន​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ដើម្បី​ជំទាស់​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក Prabowo នេះ ។ លិខិត​នោះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​ជាច្រើន​ទៀត៕