​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២១​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ផ្ដល់​សិទ្ធិ​ពេញលេញ​ដល់​ពលរដ្ឋ

អ្នក​ចូលរួម​ដែល​ជា​ពលរដ្ឋ កម្មករ តំណាង​ស្ថានទូត និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​បង្ហោះ​ប៉េងប៉ោងៗ និង​ព្រាប​ក្រដាស ក្នុង​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើកទី​៧១ នៅ​សួន​ប្រជា​ធិបតេយ្យ នា​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)

ក្នុង​ខួប​ទី​៧១​នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ ​នៅ​ថ្ងៃ​អង្គារ​នេះ ក្រុម​អង្គការការពារ​សិទ្ធិ​មនុស្ស​ជាង​២០​ បាន​លើក​អនុសាសន៍​ចំនួន​៨​ចំណុច​ដល់​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​អនុវត្ត​នូវ​សិទ្ធិ​របស់​ពួកគេ​បាន​ពេញ​លេញ​និង​គោរព​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។

កម្រង​រូបភាព VOA៖ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៧១


ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២១ ដែល​រួម​មាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា និង​សហភាព​ការងារ​កម្ពុជា​ ជាដើម បាន​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៧១ នៅ​សួន​ប្រជាធិបតេយ្យ ដោយ​មានតំណាង​ពី​ស្ថានទូត​នានា​ ដូច​ជា​ស្ថានទូត​សហរដ្ឋ​អាមេរិក ស្ថានទូតស៊ុយអែត ​ស្ថាន​ទូត​បារាំង ​និង​តំណាង​ប្រចាំ​ប្រទេស​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​ព្រមទាំង​អ្នក​ចូល​រួម​ប្រមាណ​ជាង​២​ពាន់​នាក់។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​បាន​លើកឡើង​នូវ​អនុសាសន៍​ចំនួន​៨​ចំណុច​ទៅ​រដ្ឋាភិបាល​កម្ពុជា ដោយរួម​មាន​ការ​យក​សិទ្ធិ​មនុស្ស ឬ​តម្លៃ​ប្រជាពលរដ្ឋ​ជាធំ ការ​ពង្រឹង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​សន្តិភាពទីក្រុង​ប៉ារីស ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​អន្តរជាតិសំខាន់ៗ​ដទៃ​ទៀត​ និង​ការ​អនុវត្ត​ផ្សេងៗ​ដើម្បី​ទប់​ស្កាត់​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ។

អ្នកស្រី ចាន់ រ៉ាមី នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​បាន​ប្រាប់ VOA ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ភាព​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង ស្រប​ពេល​ដែល​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​កាន់​តែ​ត្រូវ​បាន​រឹត​ត្បិត។ អ្នកស្រី​បន្ត​ថា ការ​ដឹកនាំប្រទេស​ដោយ​ឯក​បក្ស​គឺ​ជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ក្នុង​ការចូលរួម​ក្នុង​សកម្មភាព​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អ្នកស្រី​ រ៉ាមី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «អ្វី​ដែល​ជា​ចំណុច​សំខាន់ យើង​មើល​ឃើញ​ថា​យើង​ចង់​ឲ្យ​រដ្ឋាភិបាល​ធានា​ថា​ពលរដ្ឋ​គ្រប់​រូបមាន​សិទ្ធិ​នៅក្នុង​ការ​បញ្ចេញមតិ មាន​សិទ្ធិ​នៅ​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ​របស់​ខ្លួន​ ក្នុង​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ»។

បច្ចុប្បន្ន​កម្ពុជា​កំពុង​រង​សម្ពាធ​ពី​សហភាព​អឺរ៉ុប​ ដែល​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​កែ​ទម្រង់​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ បើ​មិន​ដូច្នោះ​ទេ កម្ពុជា​អាច​ប្រឈម​នឹង​ការ​ខាត​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​ផ្ដល់​ប្រាក់​ចំណេញ​ជាង​៦០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ការណ៍​នេះ​កើត​ឡើង​បន្ទាប់​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​កំពុង​ធ្លាក់​ចុះ​ ដោយ​មាន​ការ​គាប​សង្កត់​ ការ​រំលាយ​គណបក្ស​ប្រឆាំង ​ការ​បង្ក្រាប​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល និង​ការ​បង្ក្រាប​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​ដែល​មិន​មាន​និន្នាការ​ស្រប​តាម​រដ្ឋាភិបាល។

​ក្នុង​ពិធី​នោះ គេ​ឃើញ​តំណាង​សហជីពបាន​លើកឡើង​អំពី​បញ្ហា​របស់​កម្មករ ​ចំណែក​ឯ​តំណាងសហគមន៍​ដីធ្លី​បាន​ថ្លែង​ពី​បញ្ហា​ដីធ្លី រីឯ​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​បាន​ថ្លែង​ពី​បញ្ហា​ប្រឈម​របស់​ពួក​គេ។ ពិធី​នោះ​ក៏​មានបង្ហោះ​ប៉ោងៗ និង​ព្រាប​ក្រដាស​ជា​និមិត្តរូប​នៃ​សិទ្ធិ​សេរីភាព​ផង​ដែរ​។ ក្នុង​អំឡុង​ពេល​កំពុង​ប្រារព្ធ​នោះ ក៏​មាន​ការ​ឃ្លាំ​មើល​ពី​ក្រុម​សន្តិសុខ​ផង​ដែរ។

ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​កម្ពុជា​ឆ្នាំ​នេះ គឺ​ជា​ឆ្នាំ​ចុង​ក្រោយ​ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​សម្រាក បន្ទាប់​ពី​រដ្ឋាភិបាល​ បាន​ប្រកាស​កាល​ពី​ខែសីហា កន្លង​ទៅ ពី​ការ​កាត់​បន្ថយ​ថ្ងៃឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ចំនួន​៦ថ្ងៃ គឺ​ពី​២៨ថ្ងៃមក​នៅ​ត្រឹម​២២ថ្ងៃ​វិញ​ ក្នុង​នោះ​ក៏​រួមមាន​ទាំង​ថ្ងៃ១០ធ្នូ​ និង​ថ្ងៃ​២៣តុលា​ដែល​ជា​ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ផង​ដែរ។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ បាន​បង្ហាញ​ក្ដី​បារម្ភ​ថា​ ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០ធ្នូ ​ឆ្នាំ​ក្រោយ អាច​នឹង​មិន​មានអ្នក​មក​ចូលរួម​ទេ ដោយសារ​មិន​មាន​ការ​ឈប់​សម្រាក។

កញ្ញា ជាម គុណថៃ និស្សិត​ឆ្នាំ​ទី១​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែលបាន​ចូល​រួម​ក្នុង​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​នេះ និយាយ​ថា ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ទាក់​ទាញ​ឲ្យ​ប្រជា​ពលរដ្ឋ​ទូទៅយល់​ដឹង​ពី​សិទ្ធិរបស់​ខ្លួន។ កញ្ញា​បន្ថែម​ថា នៅ​ឆ្នាំ​ក្រោយៗ​ទៀត កញ្ញា​ប្រហែល​ជា​មិនអាច​ចូល​រួម​ប្រារព្ធទិវា​នេះ​បាន​ទេ​ ដោយសារ​វា​មិនមែន​ជា​ថ្ងៃ​ឈប់​សម្រាក​ផ្លូវការ។

កញ្ញា គុណថៃ​ និយាយ​ថា៖ «ពេល​ដែល​យើង​អត់​មាន​ប្រារព្ធ​ឡើង​នូវ​ទិវា​ហ្នឹង គឺ​យើង​អាច​នឹង​មាន​ការ​ភ្លេច ឬ​ក៏​អត់​ចាប់​អារម្មណ៍​ទៅ​លើ​រឿង​សិទ្ធិ​មនុស្ស​ហ្នឹង​ទេ តែ​បើ​សិន​ជា​យើង​មាន​ការ​ប្រារព្ធ​សិទ្ធិ​មនុស្ស​ មាន​អារម្មណ៍​ថា ជា​ការ​ក្រើន​រំឭក​ដល់ខ្លួន​ឯង​ ឬ​មនុស្ស​ជាតិ​ទាំង​អស់​ឲ្យ​គោរព​សិទ្ធិ​មនុស្ស និង​អនុវត្ត​សិទ្ធិ​មនុស្ស»។​

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លើក​ឡើង​ថា ក្រុម​សង្គម​ស៊ីវិល​ទាំង​នោះ​តែង​មាន​របៀប​វារៈ​បែប​នយោបាយ​របស់​ពួកគេ​ក្នុង​ការ​យក​ទិវា​១០​ធ្នូ​ ដើម្បី​ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល។ ទោះ​យ៉ាង​ណា​ក្ដី លោក​ថា​រដ្ឋាភិបាល​នឹង​ពិចារណា​លើ​អនុសាសន៍​របស់​ពួកគេ ថា​តើ​ចំណុច​ណា​អាច​ទទួល​យក​បាន ហើយ​ចំណុច​ណា​មិន​អាច​ទទួល​យក​បាន។

លោក ម៉ាលីន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «គោលការណ៍​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីសបាន​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​ហើយ​ ហើយ​រដ្ឋាភិបាល​កំពុង​អនុវត្ត អញ្ចឹង​ទាល់​តែ​លើក​ថា ​ចំណុច​ណា​ដែលមិន​បាន​យក​មក​ដាក់​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​មិន​បាន​អនុវត្ត​។ ទាល់​តែ​អង្គុយ​ជជែក​គ្នា ហើយ​មាន​ការ​ពន្យល់​គ្នា​ទៅ​វិញ​ទៅ​មក។ បើ​គ្រាន់តែ​លើក​ចោល​អញ្ចឹង អាហ្នឹង​គឺ​លើក​ដើម្បី​តែ​បាន​លើក​ទេ»។

លោក ជិន ម៉ាលីន បន្ថែម​ថា សម្រាប់​ការ​ចង់​ឲ្យ​មាន​ការ​ឈប់​សម្រាក​ថ្ងៃ​១០ ធ្នូ វិញ​នោះ គឺ​មិន​បង្ហាញ​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស ឬ​អត់​នោះ​ទេ។ លោក​ថា ការ​គោរព​សិទ្ធិ​មនុស្ស​ ឬ​អត់ គឺ​សម្រេច​លើ​ការ​អនុវត្ត​ប្រចាំ​ថ្ងៃ។

បើ​ទោះ​បី​ជា​រដ្ឋាភិបាល​កម្ពុជា​កំណត់លែង​ឲ្យ​មាន​ការ​ឈប់​សម្រាក​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិនៅ​ឆ្នាំ​ក្រោយៗ​ក្តី ប៉ុន្តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​ប្តេជ្ញា​ប្រារព្ធ​ទិវា​នេះ​បន្ត​ទៅ​ទៀត​ ដើម្បី​រំឭក​អំពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៕​