ទណ្ឌកម្មបន្ថែមដែលប្រកាសក្នុងពេលដំណាលគ្នា ដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង ប្រទេសកាណាដា ទទួលបានការការសាទរ ដោយចាត់ទុកថា ជាភស្តុតាងបង្ហាញពីការឆ្លើយតបអន្តរជាតិស្មើដៃគ្នា ទៅលើការគ្រប់គ្រងបែបព្រៃផ្សៃរបស់របបយោធា ដែលរងការចោទប្រកាន់ថាបានសម្លាប់ជនស៊ីវិលជិត ៤ ពាន់នាក់។
លោក Moe Zaw Oo អនុរដ្ឋមន្ត្រីការបរទេសនៃរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ឬ រដ្ឋាភិបាលរួបរួមជាតិ បានថ្លែងប្រាប់វីអូអេ ក្នុងបទសម្ភាសមួយដូច្នេះថា៖ «នេះជាការប្រកាសដែលពលរដ្ឋរបស់យើងបានរង់ចាំជាយូរមកហើយ។ ទណ្ឌកម្មទាំងនេះ នឹងបង្កផលវិបាកធំធេងទៅលើរបបយោធា និង លទ្ធភាពរបស់ពួកគេក្នុងការទទួលបានប្រាក់ចំណូលពីឧស្សាហកម្មប្រេង និង ឧស្ម័ន»។
លោក Oo បានបន្ថែមថា ការចូលរួមដាក់ទណ្ឌកម្មបន្ថែមពីសំណាក់ចក្រភពអង់គ្លេស និង កាណាដា «នឹងធ្វើឲ្យវិធានការនេះមានប្រសិទ្ធភាពកាន់តែខ្លាំង ដូច្នេះ យើងគាំទ្រវិធានការរបស់ពួកគេពេញបេះដូង»។
ទណ្ឌកម្មថ្មីពីសំណាក់សហរដ្ឋអាមេរិក ដែលនឹងចូលជាធរមាននៅថ្ងៃទី១៥ ខែធ្នូ ខាងមុខនេះ នឹងហាមឃាត់ស្ថាប័នហិរញ្ញវត្ថុសហរដ្ឋអាមេរិកមិនឲ្យផ្ដល់សេវាកម្មរបស់ពួកគេទៅក្រុមហ៊ុនមួយឈ្មោះ សហគ្រាសប្រេងនិងឧស្ម័នមីយ៉ាន់ម៉ា MOGE (Myanmar Oil and Gas Enterprise)។
រដ្ឋាភិបាលរួបរួមជាតិ NUG បានអំពាវនាវជាយូរមកហើយឲ្យមានទណ្ឌកម្មកាន់តែធ្ងន់ធ្ងរទៅលើក្រុមហ៊ុន MOGE។ បើតាមក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក ក្រុមហ៊ុននេះ «នៅតែជាប្រភពធនធានពីបរទេសដែលធំជាងគេតែមួយគត់របស់របបយោធាមីយ៉ាន់ម៉ា ដែលផ្គត់ផ្គង់ប្រាក់ដល់របបនេះរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ»។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក កាលពីថ្ងៃទី៣១ ខែតុលា បានរៀបរាប់ថា៖ «វិធានការដាក់ទណ្ឌកម្មទាំងនេះទៅលើក្រុមហ៊ុន MOGE ធ្វើឡើងដើម្បីបន្ថយលទ្ធភាពរបបយោធា ក្នុងការទិញអាវុធយកទៅប្រព្រឹត្តបទល្មើសលើពលរដ្ឋមីយ៉ាន់ម៉ា»។
លោក Mike Haack អ្នកសម្របសម្រួលផ្នែកតស៊ូមតិនៅវិទ្យាស្ថានគោលនយោបាយមីយ៉ាន់ម៉ា មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រាប់វីអូអេថា ទណ្ឌកម្មថ្មីៗទាំងនេះហាក់ដូចជាធ្វើឡើងក្នុងកម្រិតមួយដែលធ្វើឲ្យរបបយោធាទទួលរងការឈឺចាប់ខ្លាំង ដោយមិនធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសថៃជិតខាងដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើផលិតផលសំយោគពីប្រេងមានប្រភពពីប្រទេសមីយ៉ាន់ម៉ា ដើម្បីបំពេញតម្រូវការផ្នែកថាមពលរបស់ថៃ។
លោក Haack ថ្លែងតាមប្រព័ន្ធ Zoom ថា៖ «គោលគំនិតនៅពីក្រោយទណ្ឌកម្មនេះ គឺដើម្បីផ្ដាច់របបយោធាមីយ៉ាន់ម៉ាកុំឲ្យទទួលបានប្រាក់ដុល្លារ ដែលជារូបិយប័ណ្ណងាយស្រួលទិញអាវុធ ជាងរូបិយប័ណ្ណផ្សេងទៀត។ ដូច្នេះ ទណ្ឌកម្មនេះនឹងរារាំងពួកគេមិនឲ្យទទួលបានប្រាក់រាប់លានដុល្លារ»។
យ៉ាងណាក៏ដោយ លោកបន្តថា ទណ្ឌកម្មទាំងនេះនឹងនៅតែអនុញ្ញាតឲ្យក្រុមហ៊ុន MOGE លក់ផលិតផលរបស់ខ្លួនក្នុងរូបិយប័ណ្ណផ្សេងទៀត ដូចជា ប្រាក់បាតថៃ ដែលដំណើរការនេះអាចធ្វើឲ្យមានការពិបាកបន្ថែមទៀតសម្រាប់របបយោធា ប៉ុន្តែវាអាចបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ថៃ។
លោក Haackនិយាយថា៖ «សហរដ្ឋអាមេរិកធ្វើដូច្នេះដោយមានការពិចារណាល្អិតល្អន់ទៅលើសន្តិសុខថាមពលរបស់ថៃ។ ខ្ញុំគិតថា វាចាំបាច់ណាស់ដែលត្រូវមានការសម្រេចចិត្តបែបនេះ ដើម្បីបញ្ចៀសកុំឲ្យថៃទទួលរងនូវទណ្ឌកម្មកម្រិតទីពីរនេះ»។
វិធានការរួមដៃគ្នារបស់ដៃគូលោកខាងលិច
ទន្ទឹងនឹងទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកទៅលើក្រុមហ៊ុន MOGE ចក្រភពអង់គ្លេស និង កាណាដា កាលពីសប្ដាហ៍មុន ក៏បានប្រកាសដាក់ទណ្ឌកម្មថ្មីទៅលើបុគ្គល និង ស្ថាប័នមួយចំនួនដែលគាំទ្ររបបយោធា។
លោក Brian E. Nelson រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុទទួលបន្ទុកផ្នែកទេសចរណ៍និងការស៊ើបការណ៍ហិរញ្ញវត្ថុ បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងហិរញ្ញវត្ថុថា៖ «ទណ្ឌកម្មថ្ងៃនេះ ដែលរួមមានទាំងវិធានការពីកាណាដា និង ចក្រភពអង់គ្លេស បន្តដាក់សម្ពាធទៅលើយោធាមីយ៉ាន់ម៉ា និងរារាំងរបបនេះមិនឲ្យទទួលបានអាវុធ និង គ្រឿងផ្គត់ផ្គង់ផ្សេងទៀតដែលចាំបាច់ដើម្បីប្រព្រឹត្តអំពើហិង្សា»។
ស្របពេលជាមួយគ្នានេះ សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទសប្ដាហ៍មុន បានថ្លែងថា៖ «ថ្ងៃនេះ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និង កាណាដា ប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើក្រុមអ្នកជួញអាវុធ និងអ្នកផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុនៃយោធាមីយ៉ាន់ម៉ា ដែលទទួលខុសត្រូវចំពោះការបង្ក្រាបលើជនស៊ីវិលនៅប្រទេសមីយ៉ាន់ម៉ា»។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា កញ្ចប់ទណ្ឌកម្មថ្មីនេះ «ធ្វើឡើងជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរួមរបស់ចក្រភពអង់គ្លេស ជាមួយដៃគូអន្តរជាតិដើម្បីរឹតត្បិតការលក់ និងការបញ្ជូនអាវុធ និង ហិរញ្ញវត្ថុ ដែលឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសកាន់តែអាក្រក់ជាងមុន ដែលការវាយប្រហារទាំងនោះធ្វើឡើងទៅលើជនស៊ីវិលមីយ៉ាន់ម៉ាផងដែរ»។
ដោយឡែក សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលកាណាដា បានគូសបញ្ជាក់ថា ទណ្ឌកម្មទៅលើបុគ្គលចំនួន ៣៩ រូប និង ស្ថាប័នចំនួន ២២ ដែលមានទំនាក់ទំនងជាមួយរបបយោធាមីយ៉ាន់ម៉ា គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយធ្វើឡើងក្នុងគោលបំណងដាក់សម្ពាធដែលមានលក្ខណៈរួមដៃគ្នា ជាលំដាប់ និង មានគោលដៅច្បាស់លាស់ទៅលើរបបយោធាមីយ៉ាន់ម៉ា ខណៈដែលទណ្ឌកម្មនេះក៏បានពិចារណាទៅលើការបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរទៅលើជនស៊ីវិលផងដែរ។
គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ជនស៊ីវិលយ៉ាងហោចណាស់ ៣.៨៥៧ នាក់ត្រូវបានសម្លាប់ដោយពួកយោធា ដែលជាលទ្ធផលនៃការតស៊ូផ្នែកនយោបាយ និងមានមនុស្សជិត ១,៦ លាននាក់បានរត់គេចចេញពីផ្ទះដោយសារតែអំពើហិង្សា។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ដែលបានចេញផ្សាយកាលពីខែកញ្ញា។
ប្រតិកម្មចម្រុះពីក្រុមតស៊ូមតិ
ទោះបីជាទណ្ឌកម្មថ្មីចុងក្រោយនេះ ត្រូវបានស្វាគមន៍ជារួមក៏ដោយ ក្រុមអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្សមួយចំនួនយល់ថា ទណ្ឌកម្មទាំងនេះគួរតែមានកម្រិតខ្លាំងជាងនេះទៀត។
លោក Mark Farmaner នាយកក្រុមតស៊ូមតិមួយឈ្មោះ យុទ្ធនាការភូមានៅចក្រភពអង់គ្លេស បានថ្លែងតាមរយៈសេចក្ដីថ្លែងការណ៍មួយផ្ញើមកកាន់វីអូអេ ដោយលោកនិយាយថា៖ «ទោះជាយើងស្វាគមន៍ទណ្ឌកម្មថ្មីៗទាំងនេះក៏ដោយ ក៏ទណ្ឌកម្មដែលផ្ដោតទៅលើគោលដៅមួយក្ដាប់តូច ហើយធ្វើឡើង ៧ ខែបន្ទាប់ពីទណ្ឌកម្មលើកមុន គឺស្ដួចស្ដើងពេក និង យឺតយ៉ាវទៀតផង»។
លោកបន្ថែមថា៖ «វាជារឿងគួរឲ្យខកចិត្តខ្លាំងណាស់ ដែលចក្រភពអង់គ្លេសសម្រេចចិត្តមិនចូលរួមជាមួយសហរដ្ឋអាមេរិក ដើម្បីដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនប្រេង MOGE ឬ ទៅលើធនាគារនានាដែលគ្រប់គ្រងដោយរដ្ឋ»។
ក្រុមតស៊ូមតិ យុទ្ធនាការភូមានៅចក្រភពអង់គ្លេស បានធ្វើការតស៊ូមតិអស់រយៈពេលជាយូរមកហើយ ដើម្បីឲ្យមានទណ្ឌកម្មទៅលើអ្នកគាំទ្ររបបយោធាមីយ៉ាន់ម៉ា តាំងពីអតីតកាល ក៏ដូចជានៅក្នុងពេលបច្ចុប្បន្ន។ កាលពីពេលថ្មីៗនេះ ពួកគេបានធ្វើបច្ចុប្បន្នភាពទៅលើបញ្ជីមួយឈ្មោះថា «បញ្ជីពហិការ» ដែលរាយឈ្មោះមុខទំនិញ និង ក្រុមហ៊ុននានាដែលផ្ដល់ការគាំទ្រផ្នែកសម្ភារៈទៅដល់របបយោធា។
ក្រុមតស៊ូមតិមួយទៀតមានមូលដ្ឋាននៅសហរដ្ឋអាមេរិក គឺយុទ្ធនាការដើម្បីមីយ៉ាន់ម៉ាថ្មី បានចោទសួរទៅលើការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដែលមិនដាក់ទណ្ឌកម្មកម្រិតទីពីរ ដើម្បីរឹតត្បិតសមត្ថភាពរបស់ក្រុមហ៊ុន MOGE ក្នុងការធ្វើជំនួញដោយប្រើរូបិយប័ណ្ណផ្សេងទៀត។ ក្រុមនេះបានជំរុញឲ្យសហគមន៍អន្តរជាតិបិទរំហូរសាច់ប្រាក់ដែលផ្ទេរទៅកាន់ក្រុមហ៊ុន MOGE ចាប់តាំងពីពួកយោធា បានកាន់កាប់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អង់សាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១។
លោក Simon Billenness នាយកក្រុមតស៊ូមតិនេះបានថ្លែងប្រាប់វីអូអេ តាមអ៊ីមែលថា៖ «វាជាវិធានការរបស់រដ្ឋបាលអាមេរិក ដែលនឹងជួយបង្អាក់រំហូរសាច់ប្រាក់បានពីជំនួញប្រេង និង ឧស្ម័នទៅកាន់របបយោធា។ ប៉ុន្តែ ទណ្ឌកម្មទាំងនេះមិនបានដាក់ទៅលើក្រុមហ៊ុន MOGE ក្នុងកម្រិតមួយដូចដែលត្រូវបានរំពឹងទុកនោះទេ»។
ប៉ុន្តែ លោក Haack និយាយថា ក្រុមអង្គការសិទ្ធិមនុស្សរបស់លោក និងក្រុមផ្សេងទៀត ជឿជាក់ថា វិធានការដែលមានកម្រិតនេះនឹង «មានឥទ្ធិពលធំទៅលើរបបយោធា» នៅទីក្រុងណៃពីដោ ដោយមិនបង្កការខូចខាតធ្ងន់ធ្ងរហួសហេតុទៅលើប្រជាជនទូទៅ»។
លោកថ្លែងថា៖ «យើងមិនចង់បានអ្វីមួយដែលធ្វើឲ្យប្រជាជនឈឺចាប់នោះទេ យើងចង់បានវិធានការដែលធ្វើឲ្យប៉ះពាល់ទៅលើសមត្ថភាពរបបយោធាក្នុងការបង្កសង្គ្រាម។ ដូច្នេះ នេះជាវិធានការដែលយើងគាំទ្រ។ នេះជាវិធានការដែលអង្គការសិទ្ធិមនុស្សជាច្រើនបានអំពាវនាវរក»។
ការប្រកាសដាក់ទណ្ឌកម្មដំណាលគ្នាដែលប្រកាសដោយប្រទេសទាំងបី ត្រូវបានស្វាគមន៍ដោយលោក Tom Andrew អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ តាមរយៈរបាយការណ៍មួយកាលពីពេលថ្មីៗនេះ។ លោកបានអំពាវនាវឲ្យមានទណ្ឌកម្មដែលមានការសម្របសម្រួលដើម្បីទប់ស្កាត់ក្រុមឈ្មួញអាវុធកុំឲ្យគេចពីការរឹតត្បិតទាំងនោះបាន»។
លោក Andrew ថ្លែងថា៖ «ការសម្របសម្រួលឲ្យមានសេចក្ដីប្រកាសទាំងនេះ គឺជាសញ្ញាដ៏សំខាន់មួយរបស់រដ្ឋាភិបាលដែលគាំទ្រសិទ្ធិមនុស្ស និង ប្រជាជនមីយ៉ាន់ម៉ា ដែលត្រៀមបញ្ចូលវិធានការរបស់ពួកគេឲ្យទៅជាវិធានការរួមមួយ មានលក្ខណៈស្របគ្នា និង មានឥទ្ធិពលខ្លាំង»។
លោកបន្តថា៖ «សកម្មភាពទាំងនេះ គឺជាសញ្ញាប្រាប់ទៅប្រជាជនមីយ៉ាន់ម៉ាថា ពួកគេមិនត្រូវបានបំភ្លេចចោលនោះទេ ប៉ុន្តែ នៅមានរឿងជាច្រើនទៀតដែលសហគមន៍អន្តរជាតិអាច និង ត្រូវតែធ្វើ»៕