មន្ត្រី​សិទ្ធិ​មនុស្ស​ជំរុញ​ឱ្យ​ស៊ើប​អង្កេត​រក​អ្នក​ទទួល​ខុស​ត្រូវ​លើ​ករណី​ឆេះ​អគារ​កាស៊ីណូ​សម្លាប់​មនុស្ស​យ៉ាង​តិច​២៦​នាក់

សំណង់អគារកាស៊ីណូ ក្រោយភ្លើងឆាបឆេះ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ (ស៊ុន ណារិន/វីអូអេ)

មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ជំរុញ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ត​ទៀត​ពាក់ព័ន្ធ​នឹង​ករណី​ភ្លើង​ឆេះ​អគារ​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែត ​ខេត្ត​បន្ទាយ​មានជ័យ ​កាល​ពី​សប្តាហ៍​មុន​ ដើម្បី​ឱ្យ​មាន​អ្នក​ទទួល​ខុស​ត្រូវ​លើ​ករណី​ភ្លើង​ឆេះ​សម្លាប់​មនុស្ស​យ៉ាង​តិច​២៦​នាក់​នេះ។​

កាល​ពី​យប់ថ្ងៃទី​២៨​ឈាន​ចូល​ថ្ងៃទី​២៩​ ​ខែ​ធ្នូ ​ឆ្នាំ​២០២២ មាន​ករណី​ភ្លើង​ឆេះ​អគារ​កាស៊ីណូ​និង​សណ្ឋាគារ ​Grand Diamond​ ដែល​បណ្តាល​ឱ្យ​មនុស្ស​២៦​នាក់​ស្លាប់​ និង​រាប់​សិប​នាក់​រង​របួស​ ភាគ​ច្រើន​ជា​ជន​ជាតិ​ថៃ។ ​កាស៊ីណូ​មួយ​នេះ​មាន​ម្ចាស់​ជា​ជនជាតិ​ថៃ។ ​ករណី​ឆេះ​នេះ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​សន្និដ្ឋាន​បឋម​ថា​ ដោយ​សារ​ឆ្លង​ចរន្ត​អគ្គិសនី ពេល​កាស៊ីណូ​បាន​ប្រើប្រាស់​ភ្លើង​ច្រើន​សម្រាប់​រៀបចំ​ឆ្លង​ឆ្នាំ។ ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា ​មូល​ហេតុ​អ្វី​បាន​ជា​ភ្លើង​ឆេះ​មិន​អាច​ពន្លត់​បាន​ភ្លាមៗ ​ហើយ​បណ្តាល​ឱ្យ​ឆាប​ឆេះ​រហូត​ដល់​ជាង​១៥​ម៉ោង។​

លោក ​ស៊ឹង សែនករុ​ណា​ អ្នកនាំ​ពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ ប្រាប់​វីអូអេ​នៅថ្ងៃ​ចន្ទ​នេះ​ថា​ ដើម្បី​ឱ្យ​មាន​ដំណោះ​ស្រាយ​ជាក់​លាក់​ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​បន្ត​ទៀត​ ដើម្បី​ស្វែង​រក​មូល​ហេតុ​ពិត​នៃ​ភ្លើង​ឆេះ​ ជា​ពិសេស​ថា​ តើ​ការណ៍​ដែល​មាន​មនុស្ស​ស្លាប់​បណ្តាល​មក​ពីអ្វី​ពិត​ប្រាកដ។​

លោក​ថ្លែង​ថា៖​ «ហ្នឹង​តើ​បណ្តាល​មក​ពី​អ្វី?​ បណ្តាល​មក​ពី​បញ្ហា​ការ​គ្រប់​គ្រង​របស់​ក្រុម​ហ៊ុន​ហ្នឹង ​ការ​បិទ​ទ្វារ​មិន​ឱ្យ​មនុស្ស​ចេញ ​ឬ​ក៏​យ៉ាង​ម៉េច​ ឬ​ក៏​មាន​ចេតនា​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់។​ នេះ​បើ​រក​ឃើញ​មាន​ចេតនា​គឺ​ទោស​ព្រហ្ម​ទណ្ឌ​បន្ថែម​ពី​លើ​ហ្នឹង​ទៀត។​ ប្រសិន​ជា​ក្រុមហ៊ុន​បញ្ជា ​ឬ​ក៏​សន្តិសុខ​របស់​ក្រុមហ៊ុន​ទៅ​ប្រព្រឹត្ត​បន្ថែម​នៅ​ពេល​ដែល​មាន​ហានិភ័យ​កើត​ឡើង​ហើយ​នៅ​មិន​ខ្វល់​ពី​អាយុ​ជីវិត​របស់​មនុស្ស​ ប៉ុន្តែ​ដើម្បី​ផល​ប្រយោ​ជន៍​ខ្លួន​ឯង។ ​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ទោស​ព្រហ្មទណ្ឌ​ដែរ»។​

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ក៏​ជំរុញ​ឱ្យ​មាន​ការ​ស្វែង​រក​ឱ្យ​បាន​ច្បា​ស់​លាស់​ពាក់​ព័ន្ធ​ជាមួយ​ចំនួន​អ្នក​ដែល​ស្លាប់។​ លោក​ក៏​ជំរុញ​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ពី​សំណាក់​ក្រុមហ៊ុន​ផ្ទាល់​ និង​រដ្ឋ​ផង​ដែរ​ពាក់​ព័ន្ធ​ជាមួយ​បញ្ហា​សំណង​និង​ការ​ព្យាបាល​ផ្សេងៗ។​

ចំណែក​លោក ​អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​លើក​ឡើង​ថា​ ពាក់ព័ន្ធ​ជាមួយ​ករណី​នេះ ​ វា​ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​តឹង​រ៉ឹង​ និង​តម្លាភាព​ ដើម្បី​ជីក​កកាយ​រក​ការណ៍​ពិត។ ​ដូច្នេះ​លោក​ថា ​វា​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ពី​សំណាក់​អ្នក​គ្រប់​គ្រង​នៃ​ក្រុមហ៊ុន​នោះ។​

លោក​ថ្លែង​ថា៖ ​«ក្រុម​គ្រួសារ​អ្នក​ស្លាប់​ ឬ​ក៏​ជន​រង​គ្រោះ​ក្នុង​ឧប្បត្តិ​ហេតុ​ហ្នឹង​គឺ​គាត់​អាច​មាន​សិទ្ធិ​ហើយ​នៅ​ក្នុង​ការ​ដាក់​ពាក្យ​បណ្តឹង​ទាក់​ទង​ហ្នឹង​សំណង​រដ្ឋប្បវេណី។ ​ទី​១ ​វា​ជា​ការ​សម្រប​សម្រួល​ទាក់​ទង​នឹង​បញ្ហា​មនុស្ស​ធម៌​ ជា​ការ​ផ្តល់​ជំនួយ​ពី​ភាគី​ពាក់​ព័ន្ធ ឬ​ក៏​រាជ​រដ្ឋាភិបាល។​ ទី២ ​រឿង​សំណង​រដ្ឋប្បវេណី​ហ្នឹង​គឺ​គាត់​អាច​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ​ហើយ​ការ​វិនិច្ឆ័យ​យ៉ាងណា​ វា​អាស្រ័យ​ទៅ​លើ​តុលាការ​ទេ»។​

អ្នកស្រី ​ហុក រ៉ានី ​បាន​បាត់​ក្មួយ​ប្រុស​ ឈ្មោះ ​កែវ វិសុទ្ធ ​អាយុ​៤៨​ឆ្នាំ ​ជា​ប្រធាន​ផ្នែក​បុគ្គលិក​នៅ​ក្នុង​កាស៊ីណូ ​Grand Diamond City។ ​អ្នកស្រី​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​អ្នក​ស្រី​កំពុង​តែ​ពិភាក្សា​ជាមួយ​សមាជិក​គ្រួសារ​ ដើម្បី​ដាក់​ពាក្យ​បណ្តឹង ​ខណៈ​អ្នក​ស្រី​មិន​ទាន់​ដឹង​ថា​ តើ​ក្មួយ​របស់​អ្នកស្រី​ស្លាប់​ ឬ​ក៏​រស់​នៅ​ឡើយ​ទេ។​ ស្ត្រីរូប​នេះ​អះអាង​ថា​ បាន​ខំ​ដើររក​ក្មួ​យ​របស់​ខ្លួន​ដែរ ​ ប៉ុន្តែ​នៅ​តែ​មិន​ឃើញ ​ ខណៈ​អាជ្ញាធរ​អះអាង​ថា​ មិន​មាន​អ្នក​ស្លាប់​ជា​ជន​ជាតិ​ខ្មែរ​ឡើយ។​

អ្នកស្រី​ថ្លែង​ថា៖​ «បើ​ថា ​អត់​មាន​[អ្នក​ស្លាប់​ជាជន​ជាតិ​ខ្មែរ] ​ តើ​មនុស្ស​នោះ​ទៅ​ណា​ហើយ​ បើធ្វើការ​នៅ​ទីនោះ​ដែរ? ​បើ​ធ្វើ​ការ​នៅ​ទីនោះ​ ហើយ​អត់ឃើញ​នៅ​ហ្នឹង​ តើ​មនុស្ស​ទៅ​ណា?»​

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ​ លោក ​សេក​ សុខុម ​ប្រាប់​វីអូអេ​ថា ​អាជ្ញាធរ​កំពុង​តែ​ស៊ើប​អង្កេត​បន្ត​ទៀត​តាម​ផ្លូវ​ច្បាប់​លើ​ករណី​នេះ ​ ខណៈ​ប្រតិ​បត្តិ​ការ​ស្វែង​រក​សាក​សព​បាន​បិទ​បញ្ចប់។​

បើ​តាម​លោក ​សេក សុខុម​ ពាក់ព័ន្ធ​ជាមួយ​សំណង​នៅ​មិន​ទាន់​បាន​ពិភាក្សា​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ​នៅ​ឡើយ​ទេ។​ លោក​បន្ត​ថា ​សាកសព​ដែល​បាន​រក​ឃើញ​ចំនួន​២៦​នាក់​មិន​មានជនជាតិ​ខ្មែរ​ណា​ម្នាក់​ឡើយ​ ហើយ​ថា​សាក​សព​មនុស្ស​៦​នាក់​ដែល​ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ​ខ្ទេច​ខ្ទី​ហើយ​មិន​ស្គាល់​អត្តសញ្ញាណ​កំពុង​តែ​ត្រូវ​បាន​ធ្វើ​ DNA​ ឬ​កំណត់​ទិន្នន័យ​ហ្សែន ​ ខណៈ​មក​ដល់​ពេល​នេះ​មិន​ទាន់​ដឹង​លទ្ធផល​នៅ​ឡើយ​ទេ។​

លោក​បញ្ជាក់​ថា៖​ «ឃើញ​មាន​អ្នក​កាន់​រូបថត​មក​ថា ​បាត់​សាច់ញាតិ​គាត់​ពីរ​នាក់ ​បី​នាក់​អី​ហ្នឹង​ ឃើញ​កាន់​រូប​ថត ​ ប៉ុន្តែ​អាហ្នឹង​អាជ្ញាធរ​កំពុង​តែ​ស្រាវជ្រា​វមើល»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​ពាក់ព័ន្ធ​នៃ​កាស៊ីណូ​ Grand Diamond ​បាន​នៅ​ឡើយ​ទេ។​

ក្រោយ​មាន​ហេតុ​ការណ៍​នេះ​កើត​ឡើង​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​លើក​ឡើង​ថា​ អគារ​ខ្ពស់ៗ​ត្រូវ​តែ​មាន​រថ​យន្ត​ពន្លត់​អគ្គិភ័យ​ដើម្បី​ការពារ​ចំពោះ​គ្រោះ​ឧបទ្ទវ​ហេតុ​អគ្គិភ័យ​ដូច​នេះ។​

នៅ​ក្នុង​ហេតុ​ការណ៍​ឆេះ​អគារ​កាស៊ីណូ​នោះ​ ជន​ជាតិ​នេ​ប៉ាល់​ម្នាក់ ​គឺ​លោក​ Nirakar Pandey​ បាន​ស្លាប់ ​ដោយ​សារ​លោត​ពី​លើ​អគារ។ ​មុន​ពេល​ស្លាប់​ ជនជាតិ​នេប៉ាល់​រូប​នេះ​បាន​ហៅ​ទូរស័ព្ទ​ជា​វីដេអូ​មក​ក្រុម​គ្រួសារ​តាម​ប្រព័ន្ធ​ Viber ​ ដោយ​ប្រាប់​ក្រុម​គ្រួសារ​ថា ​លោក​ជាប់​នៅ​អគារ​ជាន់​ទី​១២​ ហើយ​មិន​មាន​ជម្រើស​អ្វី ​ក្រៅ​ពី​លោត​ពី​លើ​អគារ​ឡើយ។ ​នេះ​បើ​តាមការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន ​The Kathmandu Post​ ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣០ ​ខែ​ធ្នូ ​ឆ្នាំ​២០២២៕