អង្គការ​សិទ្ធិមនុស្ស​អាមេរិក​ទទូច​ឲ្យកម្ពុជា​ទទួល​យក​អនុសាសន៍​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ចំពោះ​រឿង​សិទ្ធិ​នយោបាយ

រូបភាពឯកសារ៖ នាយករដ្ឋមន្រ្តី​កម្ពុជា​ហ៊ុន សែន​បាន​មកដល់​វិមានឯករាជដើម្បី​ចូល​រួម​ពិធី​បុណ្យ​ឯករាជជាតិ​លើក​៦៥​​ក្នុង​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី០៩ វិច្ឆិកា​ ឆ្នាំ២០១៨។

អង្គការ​សិទ្ធិមនុស្ស ​Human Rights Watch​ ដែលមាន​មូលដ្ឋាន​ក្នុង​ប្រទេស​អាមេរិក បាន​និយាយ​ថា​រដ្ឋាភិបាល​កម្ពុជា​បដិសេធ​មិន​ទទួល​យក​ចំណុច​សំខាន់ៗ​ដែល​ក្រុម ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​ស្នើ​ឡើង​ទាក់ទង​នឹង​សិទ្ធិ​ជន ស៊ីវិល​និង​សិទ្ធិ​នយោបាយ​នោះទេ ​តែបាន​ទទួល​យក​អនុសាសន៍​ចំនួន​១៧៣​ពី​យន្តការ​ពិនិត្យ​ជាសកល​តាម​កាល​កំណត់ ​(UPR)។​ អង្គការ​នេះ​បាន​បញ្ជាក់​ថា៖

«រាជ​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ផ្លាស់ប្តូរ​គំនិត​ ហើយ​ទទួល​យក​អនុសាសន៍​ពី​យន្តការ ពិនិត្យ​ជា​សកល​តាមកាល​កំណត់ ​(UPR)​ ទាក់ទង​នឹង​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ រួម​ទាំង​ទម្លាក់​ចោល​បទចោទ​ព្រហ្មទណ្ឌ​ដែលមាន​ចរិក​នយោបាយ​ទាំងអស់​ ដោះលែង​អ្នកទោស​នយោបាយ​ និង ​កែប្រែ​ច្បាប់​កៀប​សង្កត់​ ដែល​រិតត្បិត​សិទ្ធិ​ជា មូលដ្ឋាន។​ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ត្រូវតែ​ចាត់វិធាន​ការ​បើ​រដ្ឋាភិបាល​ខកខាន​មិនធ្វើ​ការ​កែប្រែ‍»។

បើតាម​ការ​អះអាង​របស់​អង្គការ​ Human Rights Watch ​បានឲ្យ​ដឹងថា​ខ្លួនគ្មាន​ការ ភ្ញាក់​ផ្អើល​ទេ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ​ដែល​អង្គការ​នេះ​បាន​ចោទ​ប្រកាន់​ថា​វាយ ប្រហារលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ អង្គការ​សង្គមស៊ីវិល ​ក្រុមអ្នក​នយោបាយ​ជំទាស់​ និង សំឡេង​ជំទាស់​នានា​ តាមអ្វី​ដែល​អង្គការ​សិទ្ធិមនុស្ស​នេះ​បាន​បញ្ជាក់​ថា​«ដើម្បី​ប្រើជា​លេស​ក្នុង​ការ​រំលោភ​សិទ្ធិ​សេរីភាព​នានា​ រដ្ឋាភិបាល​បាន​អះអាងថា ​អង្គការ​នីតិប្រតិ បត្តិ ​មិនអាច​ច្រៀតជ្រែក​ក្នុង​កិច្ចការ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​បានទេ‍»។

អង្គការ ​Human Rights Watch ​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ខ្លួន ​បាន​បញ្ជាក់ ថា៖ ​«យើងបាន​ខកចិត្ត​ដែលបាន​អាន​ការ​អះអាង​មិនពិត​របស់​រដ្ឋាភិបាល ​ដែល​ថា បច្ចុប្បន្ន​នេះគ្មាន​អ្នក​ទោស​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ តែតាម​ពិត ​មានដល់​ទៅ ៣៥​នាក់‍»។

អង្គការនេះ​បាន​បន្តថា​ចាប់​តាំងពី​ដើម​ឆ្នាំ២០១៩ ​មក​អាជ្ញាធរ​ និង​ រាជអាជ្ញា​បាន​កោះ ហៅក្រុម​មន្ត្រី​គណបក្ស​ជំទាស់​និង​សកម្មជន​នានា​ចំនួន​១៤៥នាក់​ ហើយ​អ្នក​កាសែត និងក្រុម​សកម្មជន​បន្ត​ប្រឈម​មុខនឹង​ការយាយី​ដ៏គ្រោះ​ថ្នាក់ ​និង​ចាប់​ដាក់​ពន្ធនាគារ ចំពោះ​កិច្ចការ​របស់គេ ​និង ​ការនិយាយ​រឿងពិត​ដោយ​បើក​ចំហរ​នោះ។

អង្គការ​សិទ្ធិមនុស្ស ​Human Rights Watch ​បាន​និយាយ​ដែរថា​កាលពី​ឆ្នាំ​២០១៤ ​រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន​ប្តេជ្ញា​កែទម្រង់​ច្បាប់​នានា​ឲ្យស្រប​ទៅនឹង​បដ្ឋាន​អន្តរជាតិ​ តែ​ជាជំនួស​មកវិញ ​បាន​អនុម័ត​ច្បាប់ថ្មីៗ​ជាច្រើន​ដើម្បី​រិតត្បិត​សេរីភាព​នានា ​សិទ្ធិ បញ្ចេញ​មតិ ​និង​ការជួប​ប្រជុំ​ផងដែរ។​ ក្នុងនោះ​ដូចជា​ច្បាប់​អង្គការ​ ច្បាប់​សហជីព ច្បាប់​ទូរគមនាគមន៍​ ច្បាប់​ស្តីពី​ការ​ប្រមាថ​ព្រះមហាក្សត្រ​ និង​កែរដ្ឋធម្មនុញ្ញ​និង ​អនុ ក្រិត ​ដើម្បី​រិតត្បិត​ការបញ្ចេញ​មតិ​អនឡាញ​ ដែល​ជាក្តី​បារម្ភ​របស់​អង្គការ​នេះ ​ដែល​ថា អាច​ជាទីបញ្ចប់​នៃ​សិទ្ធិ​សេរីភាព​តាម​ប្រព័ន្ធ​អនឡាញ​ ក្នុង​ប្រទេស​កម្ពុជា។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​កាលពី​ថ្ងៃទី៤ ​ខែ​កក្កដា​ ឆ្នាំ២០១៩ ​នៅឯ​កិច្ចប្រជុំ​លើក​ទី​៤១ ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ ក្នុង​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស៊្វីស ​លោកបាន​លើក​ឡើង​ពីការ​ប្រឹង​ប្រែង កសាង​ប្រទេស​និង​ពីការ​រីក​ចម្រើន​ផ្នែក​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ សេរីភាព​អង្គការ​សង្គម​ស៊ីវិល ​ប្រព័ន្ធផ្សព្វ​ផ្សាយ ​សហជីព​ នៅ​ក្នុង​ប្រទេស​កម្ពុជា​រាប់​ចាប់​តាំង​ពី​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ​នៅ​ឆ្នាំ ​១៩៧៩​មក ក៏​ប៉ុន្តែ​ប្រទេស​របស់​លោក​មិន​ទទួល​បាន​ការ​កោត​សរសើរ ឬ​ការ​អបអរសាទរ​ទេ។​

លោកថា​ផ្ទុយទៅវិញ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​«ត្រូវ​បានលាបពណ៌»ដើម្បី​អ្វី​មួយ​ដែល​លោក​ហ៊ុន សែន​ ចាត់​ទុក​ថា​គឺជា ​«ឧបករណ៍​នយោបាយ​សម្រាប់​ប្រទេស​មហាអំណាច​មួយ​ចំនួន»​ដើម្បី​ផ្លាស់​ប្តូរ​រដ្ឋា​ភិបាល​របស់​លោក។

ទោះជាយ៉ាង​ណា​ លោក​នាយក​រដ្ឋ​មន្ត្រី​មិន​បាន​បញ្ចេញ​ឈ្មោះ​ចំៗ​ទៅលើ​ប្រទេស​មហា​អំណាច​ដែល​លោក​បាន​លើក​នោះ​ទេ។ ក៏ប៉ុន្តែ​លោក​បង្ហើប​អំពី​សម្ពាធ​របស់​ប្រទេស​ទាំងនោះ​ដែល​បាន​ដាក់​លក្ខខណ្ឌ​ជំនួយ​ និង​ការ​ដកហូត​ការ​អនុគ្រោះពន្ធ​ពាណិជ្ជកម្ម​មក​លើ​ប្រទេស​កម្ពុជា​ ជាថ្នូរទៅ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ។​

«វា​ជា​រឿង​ចម្លែក​ណាស់ ដែល​កម្ពុជា​ត្រូវ​បាន​ស្នើឲ្យ​ពង្រីក​លទ្ធិ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ ប៉ុន្តែ​នៅ​ពេល​ដែល​អាជ្ញាធរ​អនុវត្ត​ច្បាប់ ពួកគេ​ចោទ​ប្រកាន់​យើង​ពី​ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ ហើយ​អាក្រក់​ជាង​នេះទៅទៀត ប្រទេស​និង​ស្ថាប័ន​មួយ​ចំនួន បាន​យក​សិទ្ធិ​មនុស្ស​ធ្វើជា​ចំណាប់​ខ្មាំង​ ទាក់ទង​នឹង​ការ​ផ្តល់​ជំនួយ​ ឬ​ការ​អនុគ្រោះ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា»៕