អង្គការ ​Human Rights Watch ​បាន​រិះគន់​អាជ្ញាធរ​អាមេរិក​រឿង​ចាប់​បញ្ជូន​ពលរដ្ឋ ខ្មែរមក​កម្ពុជា

ក្មេង​ៗ​និង​ម្តាយ​ឈរ​ជាជួរ​នៅ​មជ្ឈមណ្ឌល​សម្រាប់​គ្រួសារ​តិចសាស​ភាគ​ខាងត្បូងកាលពី​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ២០១៩។

ក្រោយ​ពេល​អាជ្ញាធរ​អន្តោប្រវេសន៍​អាមេរិក ​បាន​ចាប់​បញ្ជូន​ពលរដ្ឋខ្មែរ​ចំនួន​៣៧ នាក់​ដែល​ធំដឹង​ក្តីនៅ​អាមេរិក​នោះ​ មកកាន់​ប្រទេស​កម្ពុជា​វិញ​ដោយ​បង្ខំ ​អង្គការ​សិទ្ធិ មនុស្ស ​Human Rights Watch ​បាន​ចាត់​ទុកថា ​នេះជា​ទង្វើ​មិន​សមរម្យ។

អង្គការនេះ​បាន​និយាយ​ថា៖ ​«ការចាប់​បញ្ជូន​គឺពិត​ជារឿង​មិន​សមរម្យ​ទេ។ ​វា​ហាក់ដូច​ជាពួក​គេរងការ​ដាក់​ទោស​ទណ្ឌ​ទ្វេដង​ចំពោះ​បទព្រហ្មទណ្ឌ​ដែលបាន​ប្រព្រឹត្ត​ក្នុង​ប្រទេស​អាមេរិក​ ដោយ​ដំបូង​ត្រូវ​ជាប់គុក​ហើយ​បន្ទាប់មក​ត្រូវ​និរទេស​ខ្លួន​មួយជីវិត​ដោយ​បង្ខំ បែកពី​គ្រួសារ​ និង​ អ្វីៗ​ដែល​គេយល់​ដឹង​ក្នុងជីវិត​របស់​គេ​ទៀត‍»។

អង្គការនេះ​ បាន​ទទូច​ដល់​អាជ្ញាធរ​អនុវត្ត​ច្បាប់​អាមេរិក​ដូចជា ​អាជ្ញាធរ​អន្តោ​ប្រវេសន៍ និង​គយ​អាមេរិក ​ហៅថា​ ICE ​ឲ្យមាន​ការគិត​ពិចារណា​ឡើងវិញ​ចំពោះ​ទំនាក់​ទំនង ជន​ទាំងនោះ​ ក្នុង​ប្រទេស​អាមេរិក​ ហើយ​សើរើ​គោល​នយោបាយ​សិទ្ធិមនុស្ស ​និង មនុស្ស​ធម៌នេះ។​

រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ធ្លាប់​ត្រូវរង​ទណ្ឌកម្ម​កាលពី​ឆ្នាំ​២០១៧​ដោយ​សារ​តែ​ផ្អាកការ​ទទួល​យក​ជនជាតិខ្មែរ ​ដែល​ត្រូវ​ចាប់​បញ្ជូន​ពីអាមរិក​ គឺរងគ្រោះ​ដោយ​ការផ្អាក​ទិដ្ឋាការ​ឬ​ Visa​ សម្រាប់​មន្ត្រី​រដ្ឋាភិបាល​ផង​ ហើយ​គម្រោង​ មួយ​ចំនួន ក៏ត្រូវព្យួរ​ផងដែរ ​តែ​ក្រោយមក​ ត្រូវ​បាន​បន្ត​ជា​ធម្មតា​វិញ​បន្ទាប់ពី​មានការ​ជួប​ប្រជុំ​ជា ច្រើន​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ​លោក​ឧបនាយករដ្ឋ​មន្ត្រី​ ប្រាក់ សុខុន ​និង​ មន្ត្រី ក្រសួងការ​បរទេស​អាមេរិក។​ ភាគច្រើន​នៃជន​ដែល​ត្រូវគេ​ចាប់​បញ្ជូន​ពីអាមេរិក​ទៅ កម្ពុជា​ទាំងនោះ​ជាក្មេង ​ដែលបាន​កើតនៅ​ក្នុង​ជំរំ​ជាយ​ដែន​ខ្មែរ​ថៃ ​ដែល​បាន​គេច​ខ្លួន​ពី របប​ខ្មែរ​ក្រហម​ក្នុង​ទសវត្សរ៍​១៩៧០៕