មេដឹកនាំ​ក​ម្ពុជា​បន្ត​​យុទ្ធនាការ​យកចិត្ត​កម្មករ​មុនការ​ប្រកាស​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​ ​នា​ពេល​ខាង​មុខ

បឯកសារ៖ ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​​​ស្រែក​ពាក្យស​ស្លោក​ក​និង​កាន់​​​បដា​នៅ​ក្នុង​​ការ​​​ចាប់​ផ្តើម​ដំបូង​​នៃ​​​យុទ្ធនាការ​ដំឡើង​​ប្រាក់​ឈ្នួល​ដល់​ក្រុម​កម្មករ​ឲ្យ​​បាន​ដល់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ កាល​ពី​ថ្ងៃ​​ពុធ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤។​ (Reuters)

លោក​ ហ៊ុន សែន​ បន្ត​ជួប​កម្មករ​ ​ខណៈដែល​ការចរចា​ប្រាក់​ឈ្នួល​រវាង​ក្រុម​សហជីព​និង​និយោជក​​ខិតជិត​មក​ដល់។​ ​លោក​អំពាវនាវ​ឲ្យ​កម្មករ​ចូលរួម​ជា​មួយ​អាជ្ញាធរ​ក្នុង​ការ​រក្សា​សន្តិភាព​ ​សិ្ថរភាព​​ និង​សណ្តាប់​ធ្នាប់។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ​បាន​ស្នើ​ឲ្យ​កម្មករ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​ ​ថែ​រក្សា​សន្តិភាព​ និង​សុវត្ថិភាព​ សណ្តាប់​ធ្នាប់​សង្គម​ ​ដើម្បី​ធានា​បាន​នូវ​លក្ខខណ្ឌ​ការងារ​ ​និង​ប្រាក់​ឈ្នួល​ល្អ​ប្រសើរ។​ ​នេះ​បើ​យោង​តាម​ការ​ប្រកាសរបស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ដែល​ត្រូវ​បាន​បង្ហោះលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។​

ការ​ប្រកាសរបស់​លោក​ ហ៊ុន សែន​ ធ្វើ​ឡើង​ភ្លាមៗ​ ​ក្រោយ​ពិធី​ជួបជុំ​កម្មករ​ជាង​ ៤​ពាន់នាក់​ ​ដែល​បាន​រៀប​ចំឡើងនៅ​មជ្ឈមណ្ឌល​កោះពេជ្រ​ ​ក្នុង​រាជធានី​ភ្នំពេញ។​

ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក ហ៊ុន​ សែន​ បាន​លើក​ឡើង​ក្នុង​ន័យ​ដើម​ថា៖​

«ក្នុង​ពេល​ជួប​សំណេះ​សំណាល​ព្រឹកមិញនេះ​ សម្តេច​តេជោ​ ​ហ៊ុន សែន​ បាន​ផ្តល់​អនុសាសន៍​ល្អៗ​៥​ចំណុច​ដល់​អាជ្ញាធរ​ ​និយោជិក​ និង​កម្មករ​ កម្មការិនី​ធ្វើការ​រួមគ្នា​ ដើម្បី​ធានា​ដល់​លក្ខខណ្ឌ​ការងារ​ និង​ប្រាក់​ចំណូល​ល្អ។​ ទីមួយ​ ត្រូវរួមគ្នា​ថែរក្សា​សនិ្តភាព​ ស្ថិរភាព​ និង​សុវត្ថិភាព​សណ្តាប់​ធ្នាប់​សង្គម​ឲ្យ​បាន​ល្អ។​ ទីពីរ​ រួមគ្នា​រក្សា​ការងារ​ និង​បង្កើត​ការងារ​ថ្មីៗ​ ច្រើន​ថែម​ទៀត​ ដោយធ្វើ​ការ​ពង្រីក​ និង​បង្កើន​ទី​ផ្សារ​បន្ថែម។ ​ទីបី រួមគ្នា​បង្កើន​ប្រាក់​ចំណូល​ដោយ​ការ​បណ្តុះ​បណ្តាល​ចំណេះ​ដឹង​បន្ថែម​ដល់​កម្មករ​ និង​កុំឲ្យ​កម្មករ​ភ័យ​ខ្លាច​ពីការ​បាត់​បង់​ការងារ​ និង​ប្រាក់​ចំណូល។​ ទីបួន​ ផ្តល់​របប​គាំពារ​សន្តិសុខ​សង្គម​ដល់​កម្មករ​ចាប់​ពីខែ​មករា​ ២០១៨​នេះ​ គឺ​និយោជក (ម្ចាស់​ក្រុមហ៊ុន)​ ​នឹង​បង់​ថ្លៃ​របប​សន្តិសុខ​សង្គម​ ១០០​ភាគរយ​ដល់​កម្មករ​ កម្មការិនី​ ដែល​បងប្អូន​អាច​ចំណេញ​ថវិកា​ ​(៨.០០០​រៀល​ ទៅ​១៣.០០០​ រៀល​ក្នុង​១ខែ)។​ ​ទី​ប្រាំ​ ផ្តល់​កិច្ចគាំពារ​ និង​យកចិត្ត​ទុកដាក់​ចំពោះ​កម្មករ​កម្មការិនី​ ដែល​ធ្វើការ​នៅ​ក្រៅ​ប្រទេស»។​

លោក​ ​ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​ ​បាន​បន្ត​ថា​ ​រាជ​រដ្ឋាភិបាល​បន្ត​គាំទ្រ​ និង​ជួយ​ជ្រោម​ជ្រែង​ដោយ​ធ្វើ​ទំនាក់​ទំនង​ល្អ​ជាមួយ​បណ្តា​ប្រទេស​ដៃគូ​ដើម្បី​ផ្តល់​ការងារ​ ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ និង​លក្ខខណ្ឌ​ការងារ​ល្អៗ​ រួមទាំង​ជួយ​សម្រួល​នូវ​លិខិតបទដ្ឋាន ​ដែល​ពាក់ព័ន្ធ​ការងារ​ស្រប​ច្បាប់​ដល់​កម្មករ។​

លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ក៏បាន​លើក​ឡើង​ផង​ដែរ​ថា​ ​កាល​ពី​ឆ្នាំ១៩៩៧​កម្ពុជា​មាន​រោង​ចក្រ​តែ​ ៦៤​ប៉ុណ្ណោះ​ តែ​ឥឡូវ​នេះ​ រោង​ចក្រ​កាត់​ដេរ​កើន​ដល់​ ​១.១១៧​ ​ហើយ​បើ​សរុប​រោងចក្រ​សហ​គ្រាស​ទាំង​អស់​គឺ​មាន​ប្រមាណ​ ​១១.១៦៨​ ​ដែល​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា ប្រមាណ​ជាង​ ១​លាន​នាក់។​

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

នេះ​ជា​លើក​ទីពីរ​ហើយ​ ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន​ បាន​ជួប​ជាមួយ​កម្មករ។​នៅ​ក្នុង​ជំនួប​លើក​ទី​មួយ​ នា​ថ្ងៃ​អាទិត្យ​សប្តាហ៍​កន្លង​ទៅ​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​បាន​ប្រកាស​នៅ​ចំពោះ​មុខ​កម្មករកាត់​ដេរ​ រាប់​ពាន់​នាក់​ថា​ ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​ពួក​គេ​ អាច​នឹង​ឡើង​ដល់​ ១៦៨​ដុល្លារ​ ​នៅ​ក្នុង​ឆ្នាំ​ ២០១៨​ ដែលជា​ឆ្នាំ​នៃ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ប្រទេស​កម្ពុជា។​

ឧស្សាហ​កម្ម​កាត់​ដេរ​កម្ពុជា​បាន​ផ្តល់​ការងារ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ស្ត្រី​ប្រមាណ​៧០​ម៉ឺន​នាក់។​ ​តួលេខ​ចុង​ក្រោយ​របស់​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ឲ្យ​ដឹង​ថា កម្ពុជា​បាន​នាំ​សម្លៀក​បំពាក់​ចេញ​ទៅ​បរទេស​ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង​ ៦​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០១៦​ កន្លង​ទៅ។​

លោកអាត់​ ធន់​ប្រធាន​សហភាព​ការ​ងារ​កម្ពុជា​ ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ លោក​មិន​ដឹង​ពី​ចេតនា​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ដែល​បាន​អំពាវនាវ​ឲ្យ​កម្មករ​ចូលរួម​ក្នុង​ការ​រក្សា​សន្តិភាព​ និង​សណ្តាប់​ធ្នាប់​ក្នុង​ប្រទេស​កម្ពុជា​ទេ។ ​លោក​អះអាង​ថា​ ក្រុម​សហជីព​មិន​មាន​ផែនការ​ក្នុង​ការ​តវ៉ា​ ទាម​ទារ​ដំឡើង​ប្រាក់​ឈ្នួល​នោះ​ទេ។

«នីតិវិធី​ការ​ងារ​របស់​សហជីព​គឺ​យើង​ចរចា​ ពិភាក្សា​គ្នា​ គឺ​ជា​ជម្រើស​របស់​យើង។​ អាការ​ធ្វើ​កូដកម្ម​ បាតុកម្ម​ វា​ជា​ជម្រើស​ចុងក្រោយ​ទេ។ ហើយ​នៅ​ក្នុង​ស្ថានភាព​នយោបាយ​បែបហ្នឹង​ ស្ថានភាព​ការងារ​បែប​ហ្នឹង​ ខ្ញុំគិត​ថា ​យើងដូចជា មិនមាន​ផែន​ការ​អី​ជាក់​លាក់​ទេ​ថា​ យើង​ត្រូវ​ធ្វើ​អី។​ យើង​អត់​ទាន់​មាន​ផែន​ការ​អី​ជាក់​លាក់​ទេ»។​

រូបឯកសារ៖ លោក​ អាត់ ធន់ ប្រធាន​សហភាពការងារកម្ពុជា​ (ហ៊ុល រស្មី/VOA)

មេ​ដឹកនាំ​សហជីព​រូប​នេះ​លើក​ឡើង​ថា​ ​ទោះ​បី​ជា​លោក​ ​ហ៊ុន សែន​ ​បាន​ប្រកាស​ថា​ ​ប្រាក់​ឈ្នួល​អាច​ឡើង​ដល់​ ១៦៨​ដុល្លារ​ក្តី​ ក្រុម​សហជីព​នឹង​លើក​យក​តួលេខ​ប្រាក់​ឈ្នួល​ថ្មី​ចំនួន​១៩៥​ដុល្លារ​សម្រាប់​ការ​ចរចា​ជាមួយ​និយោជក​ក្នុង​ពេល​ខាង​មុខ​នេះ។​

ដោយ​ឡែក​ ​លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ មិន​បាន​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​សកម្មភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ​ក្នុង​ការ​ដោះស្រាយ​ទុក្ខ​លំបាក​ដល់​ក្រុម​កម្មករ​នោះ​ទេ​ ​តែ​លោក​បាន​ផ្តោត​លើ​ការ​វាយ​ប្រហាររដ្ឋាភិបាល​លោក​ ហ៊ុន សែន​ លើ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ ​និង​ ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ​នា​ពេល​ថ្មីៗ​នេះ​ ​ដែល​លោក ​សម​ រង្ស៊ី​ ​ចាត់ទុក​ថា​ ​មានចេតនា​បង្អាក់​ដំណើរ​ការ​អនុវត្ត​លទិ្ធ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

«អ្វីដែល​គេ​បាន​ធ្វើ​ ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​ មិន​ខុស​ពី​រដ្ឋ​ប្រហារ​ឡើយ​ តែមិន​មែន​ជា​រដ្ឋ​ប្រហារ​យោធា​ទេ​ គឺ​ជា​រដ្ឋ​ប្រហារ​ធម្មនុញ្ញ​ ពីព្រោះ​ជា​ការ​ជាន់​ឈ្លី​រដ្ឋ​ធម្មនុញ្ញ​ និង​ការ​ព្យួរ​សិទ្ធិ​សេរីភាព​ និង​ផ្អាក​យន្តការ​ប្រជា​ធិបតេយ្យ​ទាំង​អស់​ ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ»។​

រូបឯកសារ៖ លោកសម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្រ្គោះជាតិ។

យ៉ាងណាក៏ដោយ​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​លោក​ សួស​ យ៉ារ៉ា​ ថ្លែង​ប្រាប់​ VOA ​នា​ល្ងាច​ថ្ងៃ​ចន្ទនេះ​ថា​ លោក​ សម រង្ស៊ី​ ជាបុគ្គល​មាន​បញ្ហា​ផ្លូវ​ចិត្ត​ ដូច្នេះ​ រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ថ្លែង​របស់​អតីត​មេ​គណបក្ស​ប្រឆាំងនោះ​ទេ។​

«មនុស្ស​ដែល​មាន​បញ្ហា​ផ្លូវចិត្ត​អីចឹង​ ​គាត់​និយាយ​អី​ ​ក៏​យើង​មិន​ដែល​ប្រកាន់​គាត់។​ ហើយ​យើង​ចោទ​គាត់​ម៉េច​ បើ​គាត់​ទណ្ឌិត​ ហើយ​គាត់​និយាយ​ខុស​តែ​អីចឹង។ យើង​ទៅ​និយាយ​ថា​ ទណ្ឌិត​ល្អ​ ឬ​ក៏​ខុស​ ឬ​ត្រូវ​ ក៏​យើង​មិន​អាច​និយាយ​បាន​ដែរ​ គ្រាន់តែថា​ យើង​មិន​ស្តាប់​ទៅ!»​

រដ្ឋាភិបាល​កម្ពុជា​ កាលពីសប្តាហ៍​មុន​ ​បាន​ប្រកាស​ពី​ការ​បិទ​ការិយាល័យ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ​NDI​ នៅ​រាជធានី​ភ្នំពេញ ​និង​បណ្តេញ​ចេញ​បុគ្គលិក​បរទេស​របស់​អង្គការ​នេះ​ចេញ​ពី​ប្រទេស​ និង​ដាក់​ឱសានវាទ​ឲ្យ​កាសែត​ The Cambodia Daily​ (ឌឹ​ ខេមបូឌា​ ដេលី)​ ​បង់​ពន្ធឲ្យបាន​មុន​ថ្ងៃ​ទី​៤​ ខែ​កញ្ញា។

ទាំង​អង្គការ ​NDI​ ​និង​កាសែតឌឹ ខេមបូឌា​ ដេលី​ បាន​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​ជាង​២០​ឆ្នាំ​មក​ហើយ។​ ​វិធាន​ការ​ទាំង​នេះ​កើត​មាន​ឡើង​ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ខែ​មិថុនា​ ​ដែល​អ្នក​សង្កេត​ការណ៍​មួយ​ចំនួន​មើល​ឃើញ​ថា​ មាន​លក្ខណៈ​មិនទាន់​សេរី​ និង​យុត្តិធម៌​ពេញ​លេញ​នៅ​ឡើយ៕