ខ្មែរ ម៉ុងតាញ៉ា​និង​ឡាវ​ត្រៀម​បាតុកម្ម​មុន​ពេល​មេ​បក្ស​វៀតណាម​មក​សហរដ្ឋ​អាមេរិក

សហគមន៍​ខ្មែរ​និង​ឡាវ​នៅ​សហរដ្ឋ​អាមេរិក​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​វៀតណាម​មក​លើ​ប្រទេស​ទាំង​ពីរ នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី០៦ ខែតុលា ឆ្នាំ២០១៤។ (ម៉ែន គឹមសេង/វីអូអេ)

សហគមន៍​ខ្មែរ​ ម៉ុងតាញ៉ា និង​ឡាវ នៅ​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ថ្ងៃសុក្រ​សប្តាហ៍​ក្រោយ​នេះ ដើម្បី​តវ៉ា​សុំ​កុំ​ឱ្យ​សហរដ្ឋ​អាមេរិក​លក់​អាវុធ និង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ឆ្លង​កាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ជាមួយ​នឹង​ប្រទេស​វៀតណាម និង​ដាក់​សម្ភាធ​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​ឱ្យ​គោរព​សិទ្ធិ​មនុស្ស។​

បាតុកម្មដែល​នឹង​ធ្វើ​នៅ​ខាង​មុខ​វិមាន​រដ្ឋសភា​ជាតិ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​គឺ​មាន​រយៈ​ពេល​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ មុន​ពេល​ដែល​ថ្នាក់​ដឹកនាំ​កំពូល​បក្ស​កុម្មុយនិស្ត​វៀតណាម​គ្រោង​នឹង​មក​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក។​

លោក​ ទូច វិបុល ប្រធាន​មូលនិធិ​សង្គ្រោះជាតិ ដែល​ជា​អ្នក​រៀបចំ​ម្នាក់បាន​បញ្ជាក់​ថា បញ្ហា​ព្រំដែន​ស្ថិត​នៅ​លើ​ចំណុច​អាទិភាព​ ដែល​សហគមន៍​ខ្មែរ​ចង់​លាត​ត្រដាង​ពី​មហិច្ឆតា​របស់​វៀតណាម​នៅ​ក្នុង​តំបន់​ផង​ដែរ៖

«អ្វី​ដែល​សំខាន់​សម្រាប់​កម្ពុជា​យើង គឺ​ថា​យើង​ចង់​លើក​យក​បញ្ហា​មួយ​ចំនួន​ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​បូរណភាព​ដែន​ដី​ខ្មែរ​យើង ​ជាពិសេស​កោះត្រល់​។ យើង​ចង់​រំលឹក​រឿង​ហ្នឹង​ឡើងវិញ​ ដើម្បី​បញ្ជាក់​ឱ្យ​ឃើញ​ថា​ កោះត្រល់​នៅ​តែ​ជា​របស់​ខ្មែរ​យើង ហើយ​ចំណុច​ដ៏​ក្តៅ​គគុក​ពាក់ព័ន្ធ​នឹង​ប្រទេស​វៀតណាម​ប្រើ​ប្រាស់​នូវ​សារជាតិ​គីមី​ ដែល​ធ្វើ​ការ​បាញ់​សម្លាប់​ទៅលើ​កសិផល​របស់​ប្រជាពលរដ្ឋ​ខ្មែរយើង​ ក៏ដូចជា​ការ​ប្រើ​ប្រាស់​សារជាតិ​គីមី​ទៅលើ​ម្ហូប​អាហារ​នានា​នៅ​ទីក្រុង​ភ្នំពេញ​ ដែល​បណ្តាល​ឱ្យ​ពលរដ្ឋ​ឈឺ​ក៏ដូចជា​ស្លាប់​ ហើយ​ជាពិសេស​បញ្ហា​សម្លាប់​ធ្វើ​ឱ្យ​ឆ្លង​ជំងឺ​អេដស៍​ទូទាំង​ភូមិ​មួយ​នៅ​ខេត្ត​បាត់​ដំបង ដែល​គ្រូពេទ្យ​នោះ​ជា​ជន​ជាតិ​យួន‍»។​

អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម​ ង្វៀន ភូត្រឹង គ្រោង​នឹង​មក​ទស្សនកិច្ច​នៅ សហរដ្ឋ​អាមេរិក​នៅខែ​កក្កដា​ខាងមុខ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​នានា​។​

​នេះ​គឺជា​ទស្សនកិច្ច​លើក​ទីមួយ​របស់​មេដឹកនាំ​បក្ស​នៃ​ប្រទេស​វៀតណាម​មក​សហរដ្ឋ​អាមេរិក​ ក្រោយពី​សង្គ្រាម​បាន​បញ្ចប់​ទៅ​កាលពី​៤០ឆ្នាំ​មុន។ សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា ​នឹង​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​កាន់​តែ​ច្រើន​ជាមួយ​នឹង​ប្រទេស​វៀតណាម៕