កម្មករ​ចិន​ជា​ច្រើន​នាក់​ធ្វើ​បាតុកម្ម​ប្រឆាំង​​រោងចក្រ​ផលិត​ទូរស័ព្ទ​ដៃ iPhone ដ៏​ធំមួយ​នៅ​ចិន​​ 

  • ​Reuters

រូប​ឯកសារ៖ រូបថត​ពី​វីដេអូ​ដែល​ផ្សាយ​ដោយ Hangpai Xingyang នេះ​បង្ហាញ​មនុស្ស​ដែល​មាន​វ៉ាលីស​​ចាកចេញ​ពី​រោងចក្រ​ក្រុមហ៊ុន Foxconn នៅ​ក្រុង Zhengzhou ខេត្ត Henan ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០២២។

កម្មករជា​ច្រើន​រយនាក់​បាន​រួម​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ានៅ​រោងចក្រ​ផលិតទូរស័ព្ទ iPhone ​របស់​ក្រុមហ៊ុន​ Foxconn នៅ​ក្នុង​ប្រទេស​ចិន ដោយ​មាន​កម្មករបុរស​ជា​ច្រើននាក់បាន​ធ្វើ​ការ​វាយបំផ្លាញ​កាមេរ៉ា​សុវត្ថិភាព​និង​កញ្ចក់​បង្អួច​របស់​ក្រុមហ៊ុន។ នេះ​បើតាម​រូបភាព​វីដេអូ​ឃ្លីប​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម ហើយ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយទី​ភ្នាក់​ងារ​ព័ត៌មាន Reuters។ ​

ការប្រឆាំង​ដោយ​បើកចំហដ៏​កម្រ​នៅ​ក្នុង​ប្រទេស​ចិននេះ​ បង្ហាញ​ពីភាព​ច្របូកច្របល់​ដ៏​តានតឹងនៅ​ក្នុង​រោងចក្រ​ដំធំ​មួយ​នៅក្នុង​ទីក្រុង Zhengzhou (ជឹងចូ) ​ហើយ​ដែល​បានកើត​ឡើង​ក្នុង​ពេល​ដែលកម្មករជា​ច្រើន​នាក់​ ​កំពុង​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​ទៅ​នឹង​វិធានការ​តឹងតែង​ហួសហេតុរឿង​ជំងឺកូវីដ១៩ ក៏​ដូច​ជា​ចំណាត់ការ​មិនមាន​ប្រសិទ្ធភាពទៅលើ​រឿង​នេះ​ផង​ដែរ។​

មូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​បាតុកម្ម​ប្រឆាំង​តវ៉ា​នៅ​ក្នុង​រោងចក្រ​ផលិតទូរស័ព្ទ​នេះ​ ​បាន​ចាប់ផ្តើមឡើង​កាល​ពី​ព្រឹកថ្ងៃ​ពុធ​ ដែល​ទំនង​ដោយ​សារ​តែ​ក្រុមហ៊ុន​មាន​គម្រោង​ពន្យារ​ពេល​ការ​បើក​ប្រាក់​រង្វាន់​របស់​កម្មករ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមកម្មករ ដែល​បាន​លើក​ឡើង​នៅក្នុង​ការផ្សាយវីដេអូ​ផ្ទាល់​របស់​ពួក​គេ។ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters មិន​អាច​ធ្វើ​ការ​ផ្ទៀងផ្ទាត់​បាន​ភ្លាមៗ​ទៅ​លើ​វីដេអូ​នោះ​ឡើយ។​

នៅក្នុង​ឃ្លីប​វីដេអូ​មួយ គេ​បាន​ឮ​សំឡេង​ស្រែក​ទាមទារ​របស់​ក្រុមកម្មករ​ជា​មួយ​នឹង​ក្រុមមនុស្ស​ជា​ច្រើន​ដែល​មាន​កាន់ដំបង​ផង​ដែរ​ ដោយ​ស្រែក​ថា​ «ត្រូវ​បើក​លុយ​ឱ្យ​ពួកយើង»។​ ឃ្លីប​វីដេអូ​ផ្សេង​មួយ​ទៀត​ ក៏​បាន​បង្ហាញ​ពីការ​រៀបចំ​ដាក់​បំពង់​បាញ់ផ្សែង​ និង​ឃើញ​កម្មករខ្លះ​កំពុងរុះរើ​កន្លែង​ធ្វើ​ចត្តាឡីស័ក​ជំងឺកូវីដ​ជា​ដើម។​

អារម្មណ៍​មិន​សប្បាយចិត្ត​ជុំវិញគោលការណ៍​ធ្វើ​ចត្តាឡីស័ក និង​ការ​ខ្វះ​សមត្ថភាព​របស់​រោងចក្រ​ក្នុង​ការ​ទប់ទល់​នឹង​ជំងឺឆ្លងរាតត្បាត​កូវីដ១៩​ ក៏​ដូច​ជា​ស្ថានភាព​ការងារ​មិន​ល្អផង​ដែរ​ ដែល​ក្នុង​នោះរួម​មាន​ការ​ខ្វះម្ហូបអាហារ​ បាន​ធ្វើ​ឱ្យ​កម្មករគេច​ចេញ​ពី​បរិវេណ​រោងចក្រ​ ចាប់​តាំង​ពី​រោងចក្រ​នេះ​ បាន​ដាក់​ចេញ​នូវ​ប្រព័ន្ធតាមដាន​ដ៏​តឹងតែង​ នៅក្នុង​រោងចក្រ​ផលិត​ទូរស័ព្ទ iPhone​ ដ៏​ធំផុត របស់​ពិភពលោក​មួយ​នេះកាល​ពី​ខែ​តុលា​មក។​

អតីត​បុគ្គលិក​របស់​រោងចក្រ​នេះ​ បាន​ប៉ាន់ប្រមាណ​ថា​ មាន​កម្មករ​រាប់ពាន់នាក់​ បាន​ចាក​ចេញពី​រោងចក្រ​នេះ។​ នៅ​មុន​ពេល​មានការ​ប្រឆាំងតវ៉ា​ រោងចក្រ​នេះ​មាន​បុគ្គលិក​ធ្វើ​ការ​ប្រមាណ​២សែននាក់៕