អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នៅថ្ងៃអង្គារនេះ បានជំរុញឲ្យរដ្ឋាភិបាល និងធនាគារជាតិកម្ពុជា ចាត់វិធានការផ្អាកការទារបំណុលពីអ្នកជំពាក់ប្រាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារដែលគ្មានលទ្ធភាពសងបំណុល ដោយសាររងផលប៉ះពាល់នៃជំងឺឆ្លងរាលដាលជាសកលកូវីដ១៩។
ការទាមទាររបស់អង្គការសិទ្ធិមនុស្ស ដែលមានទីស្នាក់ការធំនៅសហរដ្ឋអាមេរិកនេះធ្វើឡើង ក្រោយពីស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារអេស៊ីលីដាបានបញ្ចេញប្រតិកម្មតបទៅនឹងរបាយការណ៍របស់អង្គការសង្គមស៊ីវិលចំនួន៣ ដោយបានហៅរបាយការណ៍នោះថា «មានចរិតញុះញង់» និង«ទុកចិត្តមិនបាន»ជាដើម។
កាលពីចុងខែមិថុនា អង្គការសង្គមស៊ីវិលទាំង៣គឺអង្គការលីកាដូ អង្គការសង់ត្រាល់ និងសម្ព័ន្ធសហជីពកម្ពុជាបានចេញផ្សាយរបាយការណ៍ថ្មីដែលមានចំណងជើងថា«ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក» ដោយរកឃើញថា កម្មករក្នុងវិស័យកាត់ដេរ បានជំពាក់បំណុលគេច្រើនលើសលប់ ដែលអាចនាំឲ្យពួកគេជាច្រើនត្រូវបង្ខំចិត្តលក់ដី ផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងខ្ចីគេបន្ថែមទៀតដើម្បីសងបំណុលមីក្រូហិរញ្ញវត្ថុ។
លោក Phil Robertson នាយករងទទួលបន្ទុកតំបន់អាស៊ីនៃអង្គការ HRW បាននិយាយក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៤ ខែកក្កដា នេះថា៖
«ប្រជាជនកម្ពជាជាច្រើន ខ្លាចបាត់បង់ដីធ្លីរបស់ពួកគេ ខ្លាំងជាងការខ្លាចឆ្លងវីរុសកូរ៉ូណា ដោយសារតែពួកគេមិនអាចសងបំណុលដែលជំពាក់គេ ហើយរដ្ឋាភិបាលបានធ្វើការងារតិចតួចដើម្បីជួយពួកគេ»។
លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជា គួរតែបញ្ជាឲ្យមានការផ្អាកការសងបំណុល និងការប្រាក់ជាបន្ទាន់សម្រាប់អ្នកដែលរងគ្រោះដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយចាត់វិធានការលើស្ថាប័នហិរញ្ញវត្ថុណាដែលមិនធ្វើតាមបទបញ្ជានោះ។
កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរជាង១៥ម៉ឺននាក់ បានបាត់បង់ការងារធ្វើ ដោយសាររោងចក្របិទទ្វារ ឬ ផ្អាកដំណើរការផលិតកម្ម ក្នុងគ្រាកូវីដ១៩៕