កាលពីដើមខែធ្នូ ឆ្នាំ១៩៩៩ នៅផ្សារអូឡាំពិក រាជធានីភ្នំពេញ យុវតីវ័យក្មេងម្នាក់ ត្រូវបានស្ត្រីម្នាក់និងអង្គរក្សពីរនាក់ ជះទឹកអាស៊ីដចំណុះ៥លីត្រ ស្រោចពេញក្បាល មុខ និងដងខ្លួន។
ឥឡូវជិត២០ឆ្នាំក្រោយមក រឿងរ៉ាវផ្ទាល់ខ្លួននិងបទពិសោធន៍ដ៏ខ្លោចផ្សាររបស់យុវតីខ្មែរម្នាក់នេះ ដែលបច្ចុប្បន្នស្ថិតក្នុងវ័យកណ្តាល ត្រូវបានរៀបរាប់នៅក្នុងសៀវភៅបែបគំនូរមួយ ដែលនឹងចេញផ្សាយជាសាធារណៈនាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch។
សៀវភៅដែលមានចំណងជើងថា “He Promised to Protect Me: A True Story” ឬជាភាសាខ្មែរថា «ក្បត់ពាក្យសន្យា៖ រឿងពិត» បង្ហាញពីបទពិសោធន៍របស់អ្នកនាង តាត ម៉ារីណា ដែលជាជនរងគ្រោះម្នាក់ ដោយសារការជះទឹកអាស៊ីដនៅកម្ពុជា។
សៀវភៅនេះត្រូវបាននិពន្ធឡើងដោយលោក Eric Pape ដែលជាអ្នកកាសែត និងអ្នកនិពន្ធបែបរូបភាពជនជាតិអាមេរិកាំងម្នាក់។ លោកបានរៀបរៀងសៀវភៅនេះឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសហការជាមួយនឹងអ្នកគូររូបជនជាតិអាមេរិកាំងឈ្មោះ Vrej Kassouny និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch។
សៀវភៅដែលមានកម្រាស់ចំនួន១៣២ទំព័រនេះ ត្រូវបានបោះពុម្ពផ្សាយជាបីភាសាគឺភាសាអង់គ្លេស ភាសាខ្មែរ និងភាសាថៃ។
បុព្វកថារបស់អ្នកនិពន្ធនៅក្នុងសៀវភៅនេះ ឲ្យដឹងថា តាមរយៈការចែករំលែកបទពិសោធន៍ និងរឿងរ៉ាវផ្ទាល់ខ្លួននេះ អ្នកនាង តាត ម៉ារីណា សង្ឃឹមថា «ក្មេងស្រីនិងស្ត្រីដទៃទៀត អាចគេចផុតពីទុក្ខភ័យដែលនាងបានស៊ូទ្រាំ» ក្រោយពីសោកនាដកម្មនៃការជះទឹកអាស៊ីដមកលើរូបនាង ក្នុងពេលដែលមានអាយុត្រឹមតែ១៧ឆ្នាំប៉ុណ្ណោះ៕