ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជីវិត​សោក​នាដ​កម្ម​១០​ឆ្នាំក្រោយ​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត


ជីវិត​សោក​នាដ​កម្ម​១០​ឆ្នាំក្រោយ​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត
ជីវិត​សោក​នាដ​កម្ម​១០​ឆ្នាំក្រោយ​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត

ជាង​១០ឆ្នាំ​ក្រោយ​ពី​សោក​នាដ​កម្ម​នៃ​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​និង​ការ​រស់​នៅ​ដោយ​ភ័យ​ខ្លាច ក្រុម​គ្រួសារ​របស់​នាង​តាត ​ម៉ារីណា​អតីត​តារា​ចម្រៀង​ខារ៉ាអូខេ​ខ្មែរ ​ដែល​ទទួល​ រង​ការ ​វាយប្រហារដោយទឹក​អាស៊ី​ត​ បាន​ភៀស​ខ្លួន​ទៅ​រស់​នៅ​ជ្រក​កោណ​ប្រទេស​ហូឡង់​ ហើយ​បានប្តេជ្ញា​បន្ត​តស៊ូ​ទាមទារ​រក​យុត្តិ​ធម៌​សម្រាប់​ក្រុម​គ្រួសារ​និង​ជន​រង​គ្រោះ​ដទៃ​ទៀត។

នាង​ តាត ស្រីពៅ ​បងស្រី របស់​នាង​តាត ម៉ារីណា​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ សំឡេង សហ​រដ្ឋ​អាមេរិក​តាម​ទូរស័ព្ទពីប្រទេស​ហូឡង់​កាលពីថ្ងៃ​ព្រហស្បតិ៍​ថា៖

“ដរាប​ណា​មានអំពើ​អញ្ចឹងៗ ​ខ្ញុំ​នៅ​មិន​សុខ​ដេក​មិន​លក់​ដែរ ​ព្រោះ​ថា​ពួក​គេ​បើ​មិន​ទទួល​ថ្នាំ​ខ្លាំងម្តង​ពី​អំពើ​របស់​ពួក​គេ ពួកគេនៅ​តែធ្វើ​បាបអ្នកផ្សេងៗដែលគេចង់ធ្វើ​បាបដដែល។ បើថា​ត្រឹមប្អូនខ្ញុំ វា​មិន​ចប់​ត្រឹមប៉ុណ្ណឹង​ផង គេ​នៅ​ធ្វើ​បាប​អ្នក​ផ្សេងៗ​ទៀត ។ អញ្ចឹងហើយខ្ញុំ​សម្រេច​ចិត្ត​ថា​ធ្វើអ្វីមួយដើ​ម្បី ឱ្យ​គេដាក់​ទោសអ្នកដែល ធ្វើបាបគេ​អញ្ចឹងឱ្យ​ជា​ឧក្រិដ្ឋជន​ហ្មង ហើយ​ត្រូវ​ចាប់​ឧក្រិដ្ឋជន​មកកាត់​ទោសឱ្យ​បាន កុំឱ្យ​គេថា​ស្រុក​ខ្មែរ​យើង​ជាមនុស្ស​ព្រៃ ទោះបី​ជាចង់​កាប់​សម្លាប់​អ្នក​ណា​ក៏​បាន​ដែរ​ឱ្យ​តែ​គេ​មាន​អំណាច"។

សមាជិក​ទាំង៨នាក់​នៃក្រុម​គ្រួសារ​របស់​នាង​តាត ម៉ារីណា​បាន​ធ្វើដំណើរ​ទៅ​ដល់​ប្រទេស​ហូឡង់កាល​ពី​ថ្ងៃទី ១ ខែ​មេសា ក្នុង​ឋានៈ​ជា​ជន​ភៀសខ្លួន ហើយ​កំពុង​រស់​នៅក្នុង​ទីក្រុង​Amersfoort ។ នេះបើតាម​ការ​បញ្ជាក់របស់​នាង​ តាត ស្រីពៅ។

នាង​ តាត​ ម៉ារីណា​ បាន​ទទួល​រងការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​ពី​ភរិយា​មន្ត្រី​ជាន់​ខ្ពស់​របស់រដ្ឋាភិ​បាល​មួយ​រូបក្នុង​អំឡុង​ពេល​ចុងឆ្នាំ​១៩៩៩។ រហូត​មក​ដល់​ពេល​នេះ​អាជ្ញាធរ​នៅ​ពុំ​ទាន់​ចាប់​យក​ជន​ល្មើស​ណា​ម្នាក់​មក​ផ្តន្ទា​ទោស​នៅ​ឡើយ​ទេ។ ក្រុម​គ្រួសាររបស់​នាងបាន​ភៀស​ខ្លួនចេញពីប្រទេស​កម្ពុជា​កាល​ពី​ដើម​ឆ្នាំ​២០០៩ ​គឺ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុននឹង​ការ​ដាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​ឯកសារ​មាន​ចំណង​ជើង​ថា​ “ស្វែង​រក​មុខពិត” ដែល​ជា​ការ​បក​ស្រាយ​ពី ទំនាក់​ទំនង​ស្នេហា​ត្រី​កោណ​របស់​អតីត​តារា​ខារ៉ាអូខេរូប​នេះ​ជាមួយ​នឹង​មន្ត្រី​រដ្ឋា​ភិបាល​គឺលោក​ស្វាយ​ ស៊ីថា​។

ស្របពេលជាមួយគ្នានេះ​ដែរ នៅប្រទេសកម្ពុជា​ រដ្ឋាភិបាល​កំពុង​រៀបចំ​ច្បាប់​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​ដោយ​មាន​ការ​កម្រិត​ទៅ​លើ​ការ​លក់​ដូរ​ទឹក​អាស៊ីត​និង​ការ​ដាក់​ទោស​ទណ្ឌ​ធ្ងន់​ធ្ងរលើ​ជន​ប្រព្រឹត្តិល្មើស។

នាង​តាត ស្រី​ពៅ​បាន​សម្តែង​ក្តីរីក​រាយ​ដែល​ច្បាប់​នេះ​ត្រូវ​បាន​រដ្ឋា​ភិបាល​យក​ចិត្ត​ទុក​ដាក់​បង្កើត។

“ខ្ញុំ​សប្បាយ​ចិត្ត ​សប្បាយ​ចិត្ត​ខ្លាំង​ដែល​ឮ​សូ​គេ​មាន​ច្បាប់​ប្រឆាំង​នឹង​ការ​លក់​ដូរ​ទឹក​អាស៊ីត ​មាន​ន័យ​ថា​អ្វីដែល​ខ្ញុំបាន​ប្រឹង​ប្រែង​គឺ​វា​មិន​មែន​ឥត​ប្រយោជន៍ ព្រោះ​ថា​ទឹក​អាស៊ីត​វាធ្វើ​ឱ្យ​មនុស្ស​យើង​គ្រោះថ្នាក់​ខ្លាំង។ មនុស្ស​ដែល​អត់​មាន​ឧត្តម​គតិ​តែង​តែ​យក​ទឹក​អាស៊ីត​មក​ប្រើ​ប្រាស់​ដាក់​គ្នា ទៅវិញ​ទៅ​មក​ធ្វើឱ្យ​មាន​គ្រោះ​ថ្នាក់​ធ្វើ​ឱ្យ​មាន​វិប្បដិសារី​អស់មួយជីវិត​។ដូច្នេះ​បើសិនជា​មាន​ច្បាប់​អញ្ចឹង​ចេញ​មក​វាល្អណាស់​”។

លោក ​តាត សេគុណដូ បង​ប្រុស​របស់​នាង​តាត ម៉ារីណា​បាន​អំពាវ​នាវ​ថា​អ្នក​ដែល​ដាច់ចិត្ត​ធ្វើ​ការ​វាយ​ប្រហារ​បែប​នេះ​ត្រូវគិត​ដល់​អារម្មណ៍​របស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះថា​តើគេ​ត្រូវ​រស់​នៅ​ដោយ​រង​ការ​ឈឺ​ចាប់​បែប​ណា​ដែល​មាន​សមាជិក​ណា​ម្នាក់​ទទួល​រង​ពី​ការ​វាយ​ប្រហារ​បែប​នេះ។

យោង​តាម​សេចក្តី​រាយ​ការណ៍​នានា​ឱ្យ​ដឹងថា​ក្នុង​ឆ្នាំ​២០០៨ មាន​ករណី​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​ចំនួន​៧​ត្រូវ​បាន​កត់​ត្រាទុក ក្នុង​ឆ្នាំ​២០០៩​មាន​ចំនួន​២៨​ករណី​និង​នៅ​ត្រឹម​ដើម ឆ្នាំ​២០១០​នេះមាន​ការ​វាយ​ប្រហារ​ចំនួន​១០​លើក​បាន​កើត​មាន​ឡើង។

XS
SM
MD
LG