ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់​ស្តីពី​អាស៊ីត​មាន​បន្ថែម​មាត្រា


ច្បាប់​ស្តីពី​អាស៊ីត​មាន​បន្ថែម​មាត្រា
ច្បាប់​ស្តីពី​អាស៊ីត​មាន​បន្ថែម​មាត្រា

គណៈ​កម្មការ​តាក់​តែង​សេចក្តី​ ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​និង​ប្រើ​ប្រាស់​ទឹក​អាស៊ីត​របស់​ ក្រសួង​ មហា​ផ្ទៃ​កំពុង​ពិភាក្សា​ដើម្បី​រក​លទ្ធ​ភាព​បញ្ចូល​បន្ថែម​មាត្រា​មួយ​ ចំនួន​ទៀត​ទៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​របស់​ខ្លួន។

សេចក្តី ​ព្រាង​ច្បាប់​លើក​ទី១​ស្តី​ពី​អាស៊ីត​នេះ​បាន​បញ្ចប់កាល​ពីខែ​មីនា​កន្លង ​ទៅ។ មាត្រា​ដែល​ត្រូវ​បញ្ចូល​បន្ថែម​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​នោះ​នឹង​ផ្តោត​ ទៅ​លើ​ការ​ព្យា​បាល​និង​ការស្តារ​នីតិ​សម្បទា​ដល់​ជន​រង​គ្រោះ ​ដោយ​សារ​ទឹក​អាស៊ីត។

លោក​ តេង សាវង្ស ​រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​និង​ជា ប្រធាន ​គណៈ​កម្មការ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​នេះ​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​ថ្ងៃ​ពុធ​ថា ​ការ​ផ្តោត​ទៅ​លើ​ការ​ព្យា​បាល​និង​ស្តារ​នីតិសម្បទា​ដល់​ជន​រង​គ្រោះ​នៃ​ ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​នេះ​គឺ​ដោយ​សារ​ជន​រង​គ្រោះ​ដោយ​ទឹក​អាស៊ីត​ ត្រូវ​ទទួល​រង​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ជាង​ជន​រង​គ្រោះ​ប្រភេទ​ផ្សេង​ទៀត។

«អ្នក ​ខ្លះ​ដែល​ត្រូវ​វាយ​ប្រហារ​ផ្សេងៗ​មាន​របួស ​មាន​អី ​ពេល​ជា​ទៅ​វា​ធម្មតា​ឬ​ពិការ​អី​ខ្លះ​ទៅ ​ប៉ុន្តែ​វា​មិន​មាន​ភាព​សោក​សៅ​ ខ្លោច​ផ្សារ​ដូច​អ្នក​ដែល​រង​គ្រោះ​ដោយ​ទឹក​អាស៊ីត​ទេ​ អញ្ចឹង​ទេ​បាន​ថា​ ចំណុច​នេះ​ជា​រឿង​ថ្មី​ដែល​ក្នុង​ការ​រៀប​ចំ​លិខិត​បទ​ដ្ឋាន​ច្បាប់​នេះ​ ត្រូវ​តែ​ចែង​បញ្ហា​ហ្នឹង​ថែម​ទៀត»។

ការ​គ្រោង​បញ្ចូល​មាត្រាប​ន្ថែម​ ដែល​ផ្តោត​ទៅ​លើ​ការ​ព្យាបាល​និង​ការ​ស្តារ​នីតិ​សម្បទា​ជន​រង​គ្រោះ​នេះ​ កើត​ឡើង​ក្រោយ​ពី​មាន​ការ​ផ្តល់​មតិយោ​បល់​ពី​សហ​គមន៍​អន្តរ​ជាតិ​មួយ​ចំនួន ​អំពី​ភាព​ចាំ​បាច់​ក្នុង​ការ​គិត​គូរ​បន្ថែម​ទៀត​ទៅ​ដល់​ជន​រង​គ្រោះ​ដោយ​ ទឹក​អាស៊ីត​ នេះ​បើ​ផ្អែក​តាម​លោក​ តេង​ សាវង្ស។

សេចក្តី​ព្រាង​ច្បាប់​ដែល VOA ទទួល ​បាន​មាន​៥ជំពូក​ចែក​ចេញ​ជា​២៥​មាត្រា។​ ពង្រាង​ច្បាប់​នេះ​តម្រូវ​ឱ្យ​មាន​អាជ្ញា​ប័ណ្ណ​ឬ​លិខិត​អនុញ្ញាត​ពី​អាជ្ញា ​ធរ ​ក្នុង​ការ​ផលិត​ ទិញ​ លក់ ​និង​ប្រើ​ប្រាស់​ទឹក​អាស៊ីត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អាជ្ញា​ធរ​ដែល​មាន​សមត្ថ​កិច្ច​ ក្នុង​ការ​ចេញ​អាជ្ញា​ប័ណ្ណ​ឬ​លិខិត​អនុញ្ញាត​នោះ​ រួម​មាន​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​ កម្ពុជា​ ក្រសួង​មហា​ផ្ទៃ​ ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ និង​ក្រសួង​ឧស្សាហ​កម្ម​ រ៉ែ​និង​ថាម​ពល។

មាត្រា​ទី១៥​និង​១៦​នៃ​សេចក្តី​ ព្រាង​ច្បាប់​នេះ​ចែង​ថា ជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​អាស៊ីត​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​រង​ផល​ ប៉ះ​ពាល់​ដល់​សុខ​ភាព​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នាគារ​ពី​ពីរ​ឆ្នាំ​ដល់​ប្រាំ​ឆ្នាំ​និង​ត្រូវ ​ពិន័យ​ជា​ប្រាក់​ពី​ប្រាំ​លាន​រៀល​ដល់​ដប់​លាន​រៀល។​ ក្នុង​ករណី​ដែល​ជន​រង​គ្រោះ​ក្លាយ​ទៅ​ជា​ជន​ពិការ​អស់​មួយ​ជីវិត​ ឬ​រហូត​ដល់​ស្លាប់​នោះ​ ជន​ល្មើស​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនា​គារ​ពី​៣០​ឆ្នាំ​ដល់​មួយ​ជីវិត​ ដោយ​មិន​ទាន់​គិត​ដល់​សំណង​ជា​ប្រាក់​ដល់​ជន​រង​គ្រោះ​ផង​ទេ។

ចំណែក​ជន​ទាំង​ឡាយ​ណា​ដែល​បាន​ ផ្តួច​ផ្តើម​គំនិត​ឬ​រួម​គំនិត​ក្នុង​ការ​ប្រព្រឹត្ត​បទ​ល្មើស​អាស៊ីត​នេះ​ ក៏​នឹង​ត្រូវ​ផ្តន្ទា​ទោស​ដាក់​គុក​ពី​១០​ទៅ​២៥​ឆ្នាំ​ផង​ដែរ​ ប្រសិន​បើ​ជន​រង​គ្រោះ​ត្រូវ​ពិការ​អស់​មួយ​ជីវិត​ឬស្លាប់​នោះ។

លោក​ តេង​ សាវង្ស​ មាន​ប្រសាសន៍​ថា​ ក្រុម​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​អាស៊ីត​របស់​លោក​ក៏ ​គ្រោង​នឹង​កំណត់​ឱ្យ​អ្នក​លក់​ទឹក​អាស៊ីត​ត្រូវ​កត់​ត្រា​អត្ត​សញ្ញាណ​របស់ ​អ្នក​ទិញ​និង​គោល​បំណង​នៃ​ការ​ប្រើ​ប្រាស់​ទឹក​អាស៊ីត​ជា​ដើម​ដើម្បី​ងាយ​ ស្រួល​ក្នុង​ការ​តាម​ដាន​រក​ជន​ល្មើស​ នៅ​ពេល​ដែល​មាន​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​កើត​ឡើង។

«យើង ​ចាំ​បាច់​ត្រូវ​ចាប់​បង្ខំ​ឱ្យ​មាន​បែប​បទ​ កុំ​ឱ្យ​ធូរ​រលុង។​ ទន្ទឹង​នឹង​នេះ​ បើ​យើង​កំណត់​ចែង​ហើយ​ ស្ថា​ប័ន​ណា​ដែល​មាន​សមត្ថ​កិច្ច​ត្រួត​ពិនិត្យ​មើល​ ថា​តើ​គេ​អនុវត្ត​របៀប​ម៉ិច។​ យើង​ចែក​បញ្ជី​របស់​គេ​ តាម​ដាន​គេ។​ ខ្ញុំ​ជឿ​ជាក់​ថា​ មិន​អាច​ប៉ាត​ណា​ប៉ាត​ណី​ដូច​មុន​ទេ»។

លោក ​ ចាន់​ សុវ៉េត​ ប្រធាន​កម្ម​វិធី​ផ្នែក​ស៊ើប​អង្កេត​បទ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​សមាគមន៍​អាដ ​ហុក​ មាន​ប្រសាសន៍​ថា​ ការ​ត្រួត​ពិនិត្យ​អំពី​ការ​ប្រើ​ប្រាស់​ទឹក​អាស៊ីត​និង​ការ​ដាក់​ទោស​ទណ្ឌ​ ធ្ងន់​ធ្ងរ​ទៅ​លើជន​ល្មើស​ដែល​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​នេះ​គឺ​ជា​ប្រការ​ល្អ​ប្រសើរ​ហើយ​ ប៉ុន្តែ​លោក​បន្ថែម​ថាការ​អនុវត្ត​ច្បាប់ឱ្យ​បាន​តឹង​តែង​គឺ​ជា​ប្រការ​ចាំ​បាច់​ដើម្បី​អាច​គ្រប់​គ្រង​បទ​ឧក្រិដ្ឋ​ទឹក​អាស៊ីត​នេះ​បាន។

«អំពើ ​នេះ​វា​នៅ​តែ​កើត​មាន​ ហាក់​បី​ដូច​ជន​ប្រព្រឹត្ត​លើ្មស​មិន​រាង​ចាល​ ទាំង​នេះ​វា​អាច​កើត​ចេញ​ពី​ ការ​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត​ទាប​ ដោយ​ជន​ប្រព្រឹត្ត​ល្មើស​នៅ​មាន​ចំនួន​តិច​ណាស់​ដែល​ត្រូវ​បាន​ ចាប់​យក​មក​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់»។

បើ​យោង​តាម​របាយ​ការណ៍​ឆ្នាំ​២០០៣​របស់​អង្គ​ការ​លីកាដូ​ស្តី​អំពី​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីតនៅ​កម្ពុជា​បាន​បង្ហាញ​ថា​ ក្នុង​ចំណោម​ករណី​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​ចំនួន​៤៤​ករណី​ចាប់​ពី​ឆ្នាំ១៩៩៩​រហូត​មក​ត្រឹម​ឆ្នាំ​២០០៣​នោះ​ ប៉ូលិស​បាន​ធ្វើ​ការ​ចាប់​ខ្លួន​មនុស្ស​១៣​ នាក់​ដែល​នៅ​ក្នុង​នោះ​ជន​ដៃ​ដល់​ចំនួន​៦​នាក់​ប៉ុណ្ណោះ​បាន​ឈាន​ទៅ​ដល់​ការ​កាត់​ទោស ហើយ ​មន្ត្រី​នៃ​អង្គ​ការ​សង្គម​ស៊ីវិល​និង​តំណាង​រាស្រ្ត​នៃ​គណ​បក្ស​សម​ រង្ស៊ី​បាន​លើក​ឡើង​ថា​ ក្នុង​ករណី​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​មួយ​ចំនួន​ទៀត​ដែល​មាន​ជាប់​ពាក់​ ព័ន្ធ​ទៅ​នឹង​អ្នក​មាន​លុយ​ មាន​អំណាច​ ដូច​ជា​ករណី​ជះ​ទឹក​អាស៊ីត​ ទៅ​លើ​តារា​ចំរៀង​ខារ៉ាអូខេ នាង​តាត​ ម៉ារីណា​ កាល​ពី​ឆ្នាំ​១៩៩៩​ជា​ដើម​នោះ​ អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​នៅ​ពុំ​ទាន់​បាន​ចាប់​ខ្លួន​ជន​ដៃ​ដល់​នៅ​ឡើយ។

របាយ​ការណ៍​របស់​អង្គ​ការ​លីដាដូ​ ដដែល​បាន​ឲ្យ​ដឹង​ថា​ អ្នក​វាយ​ប្រហារ​ដោយ​ប្រើ​ទឹក​អាស៊ីត​ឬ​ជួល​គេ​ឲ្យ​ធ្វើ​ការ​វាយ​ប្រហារ​នោះ ​ភាគ​ច្រើន​គ្មាន​គោល​បំណង​សម្លាប់​ជន​រង​គ្រោះ​នោះ​ទេ។​ ពួក​គេ​គ្រាន់តែ​ចង់​បំផ្លាញ​សម្ជស្ស​របស់​ជន​រង​គ្រោះ​ឲ្យ​ជន​រង​គ្រោះ​នោះ​ឈឺ​ចាប់​ជា​ទី​បំផុត​ ដោយ​សារ​អាស៊ីតដែល​គេ​ប្រើ​ក្នុង​ការ​វាយ​ប្រហារ​នោះ​ ភាគ​ច្រើន​គឺ​ជា​អាស៊ីត​ស៊ុល​ភួរិច​ ឬ​អាស៊ីត​នីទ្រិច​ ជា​អាស៊ីតខ្លាំង​បំផុត​ដែល​អាច​ស៊ី​រំលាយ​ស្បែក​ សាច់​ដុំ ​និង​រហូត​ដល់​ឆ្អឹង​របស់​មនុស្ស​ទៀត​ផង។

ជន​រង​គ្រោះ​នៃ​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​ភាគ​ច្រើន​ត្រូវ​ទទួល​រង​នូវ​ការ​ឈឺ​ចាប់​ទាំង​ផ្លូវ​កាយនិង​ផ្លូវ​ចិត្ត​ជា​ខ្លាំង​ដោយ​សារ​តែ​ការ​ខូច​មុខ​មាត់​និង​រាង​កាយ ​បាត់​បង់​ការ​ងារ​ឬ​រហូត​ដល់​បែក​បាក់គ្រួសារ​ថែម​ទៀត​ ក្រោយ​ពី​ទទួល​រង​គ្រោះ​ថ្នាក់​ដោយ​ទឹក​អាស៊ីត​នោះ​មក។

អ្នក​ស្រី ​ថង​ ខាំ​ ដែល​រង​គ្រោះ​ដោយ​ការ​វាយ​ប្រហារ​ទឹក​អាស៊ីត​តាំង​ពី​ឆ្នាំ​១៩៩០​ហើយ​ដែល​បណ្តាលឱ្យ​ពិការ​ភ្នែក​ម្ខាង​និង​បន្សល់ ​នូវ​ស្លាក​ស្នាម​ពេញ​រាង​កាយ​នោះ​មាន​ប្រសាសន៍​ថា​ អ្នក​ស្រី​សប្បាយ​ចិត្ត​ដែល​ដឹង​ថា​ ពង្រាង​ច្បាប់​ស្តី​ពី​អាស៊ីត​កំពុង​ត្រូវ​បាន​រៀប​ចំ​ឡើង​ ប៉ុន្តែ​អ្នក​ស្រី​បន្ថែម​ថា​ អ្វី​ដែល​សំខាន់​សម្រាប់​អ្នក​ស្រី​នោះ​អ្នក​ស្រី​ចង់​ឃើញ​ជន​ដែល​ធ្វើ​ការ​ វាយ​ប្រហារ​ដោយ​ប្រើ​អាស៊ីត​ទាំង​អស់​ត្រូវ​បាន​នាំ​ខ្លួន​យក​មក​កាត់​ទោស​ ចំពោះ​បទ​ឧក្រិដ្ឋ​របស់​ពួក​គេ។

«វា ​ជា​អំពើ​គេ​ហៅ​ថា​ សាហាវ​យង់​ឃ្លង​ណាស់​ដែល​វា​អាក្រក់​ជាង​ជំងឺ​អេដស៍​ដែល​ជំងឺ​អេដស៍​កើត​មក​ យ៉ាង​ម៉ិច​ស្លាប់​ទៅ​វិញ​ដូច​ម៉ែឪ​បង្កើត​មក។ ប៉ុន្តែ​អាស៊ីត​វា​ពិបាក​ណាស់​មាន​តែ​ទទួល​ការ​ឈឺ​ចាប់រម៉ាស់ ​រុក​ឆ្កៀល​មិន​ចេះ​ ចប់​មិន​ចេះ​ហើយ ​ ខាត​ការ​រក​ស៊ី ​ខាត​ពេល​វេ​លា​ បាត់​បង់​គ្រួសារ​បែក​បាក់​ គ្នា​អស់​ហើយ​ដោយ​សារ​តែ​ពាក្យ​មួយ​ម៉ាត់​ថា "អាស៊ីត"នេះ​ឯង»។

អ្នក​ស្រី​ឈុន​ ចិន្តា​សោភា​ អ្នក​គ្រប់​គ្រង​គម្រោង​នៃ​អង្គ​ការ​ជួយ​ជន​រង​គ្រោះ​ដោយ​សារ​អាស៊ីត​នៅ​ កម្ពុជា​ មាន​ប្រសាសន៍​ថា​ ក្រៅ​ពី​ការ​កំណត់​ទោស​ទណ្ឌ​ធ្ងន់​ធ្ងរ​ទៅ​លើ​ជន​ប្រព្រឹត្ត​ការ​វាយ​ប្រហារដោយ​ប្រើ​ទឹក​អាស៊ីត​ហើយ​នោះ ​អ្នក​ស្រី​ចង់​ឱ្យ​មាន​ការ​គិត​គូរ​ចំពោះ​សំណង​ជា​ប្រាក់​កាក់​សម្រាប់​ ជន​រង​គ្រោះ​ដោយ​សារ​ទឹក​អាស៊ីត​ផង​ដែរ។

«អ្នក ​រលាក​អាស៊ីត​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ដល់​សង្គម។​ អញ្ចឹង​ចាំ​បាច់​ណាស់​គួរ​តែ​មាន​ការ​គិត​គូរ​ដល់​គ្នា​ ដូច​ថា ​ក្នុង​រឿង​សម្ប​ទាន​ ឱ្យ​គិត​គូរ​ដល់​គ្នា​ដើម្បី​បង់​ជា​ជំងឺ​ចិត្ត​ ឬ​ការ​ព្យាបាល​អីហា៎»។

អ្នក​ស្រី​ឈុន​ ចិន្តា​សោភា​ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ អ្នក​ស្រី​ក៏​ចង់​ឱ្យ​មាន​ការ​កំណត់​ ក្នុង​ពង្រាង​ច្បាប់​ស្តី​ពី​អាស៊ីត​នេះ​ ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​រដ្ឋា​ភិបាល​ធ្វើ​ការ​អប់​រំ​ផ្សព្វ​ផ្សាយ​អំពី​ វិធី​សាស្រ្ត​ជួយ​សង្គ្រោះ​បឋម​ដល់​ជន​រង​គ្រោះ​ នៅ​ពេល​ដែល​មាន​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​កើត​ឡើង។

លោក​តេង​ សាវង្ស​ ប្រធាន​គណៈ​កម្មការ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​អាស៊ីត​ មាន​ប្រសាសន៍​ថា គណៈ​កម្ម​ការ​របស់​លោក​កំពុង​ពិចារណា​បញ្ចូល​ការ​កំណត់​ឱ្យ​ការ​ណែ​នាំ​អំពី ​វិធី​សាស្រ្ត​សង្រ្គោះ​បឋម​នេះ​ហើយ៕

XS
SM
MD
LG