អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានបង្ហាញរបាយការណ៍មួយជាភាសាខ្មែរ ដែលនិយាយពីឧត្តមសេនីយ៍ជាន់ខ្ពស់១២នាក់នៅកម្ពុជា ថាបានប្រព្រឹត្តអំពើពុករលួយ និងរំលោភសិទ្ធិមនុស្ស ដែលក្នុងនោះមានលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលត្រូវបានចោទប្រកាន់ថា ក្រុមគ្រួសាររបស់លោក បានទិញវីឡាស្កឹមស្កៃតម្លៃរាប់លានដុល្លារក្នុងប្រទេសស៊ីប និងទទួលបានសញ្ជាតិនៅប្រទេសនោះ។
អង្គការដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចាត់ទុកថា នេះ ជាការលាងលុយកខ្វក់របស់លោក នេត សាវឿន ដែលជាស្វាមីរបស់លោកស្រី ហ៊ុន គីមឡេង ជាអ្នកជំនួញសព្វមុខនៅកម្ពុជា និងជាក្មួយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
របាយការណ៍នេះ បានបង្ហាញជាភាសាអង់គ្លេសម្តងរួចមកហើយ កាលពីឆ្នាំ២០១៨ ហើយត្រូវបានបកប្រែជាភាសាខ្មែរ និងបង្ហាញជាសាធារណៈនៅថ្ងៃព្រហស្បតិ៍នេះ។ របាយការណ៍ជាង២៨០ទំព័រ បានរៀបរាប់លម្អិតអំពីការពាក់ព័ន្ធរបស់ឧត្តមសេនីយ៍ជាន់ខ្ពស់ចំនួន១២នាក់ ទៅនឹង«ការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធដ៏ធ្ងន់ធ្ងរ» ហើយពួកគេម្នាក់ៗ មាន«ទ្រព្យសម្បត្តិមហាសាលដែលមិនអាចពន្យល់បាន»។
បើតាមវីដេអូរបស់អង្គការ Human Rights Watch ក្រុមគ្រួសាររបស់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន«អួតសម្ញែងទ្រព្យនិងជីវិតហ៊ឺហាចាយវាយខ្ជះខ្ជាយនៅក្នុងបណ្តាញសង្គម»។
អង្គការអន្តរជាតិនេះ បានអំពាវនាវឲ្យបណ្តារដ្ឋាភិបាលនានា គួរដាក់ទណ្ឌកម្មផ្សេងៗលើអ្នករំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូចជាហាមធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិពួកគេជាដើម។
អង្គការនេះបានឲ្យដឹងថា លោក នេត សាវឿន និងក្រុមគ្រួសារបានចំណាយប្រាក់២លាន ៧សែនដុល្លារអាមេរិក ដើម្បីទិញអចលនទ្រព្យក្នុងប្រទេសស៊ីបដែលជាប្រទេសសមាជិកសហភាពអឺរ៉ុប ហើយពួកគេបានទទួលសញ្ជាតិស៊ីប ដែលអាចឲ្យពួកគេធ្វើដំណើរបានទៅប្រទេសប្រមាណ១០០ ដោយមិនចាំបាច់មានទិដ្ឋាការ ឬវីហ្សាធ្វើដំណើរ។
នៅក្នុងការស៊ើបអង្កេតរបស់សារព័ត៌មាន Al Jazeera ចេញផ្សាយកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ កម្ពុជាត្រូវបានរកឃើញថា អ្នកមានលុយបានស្វះស្វែងរកសញ្ជាតិស៊ីប ក្នុងគម្រោងវិនិយោគអចលនទ្រព្យ ដែលត្រូវបានរកឃើញថា «មានការផ្តល់សញ្ជាតិដល់ជនឧក្រិដ្ឋ និងអ្នកប្រព្រឹត្តអំពើពុករលួយ»។
លោក ប្រេដ អាដាមស៍ (Brad Adams) នាយកអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី បានថ្លែងប្រាប់VOAនៅថ្ងៃព្រហស្បតិ៍នេះថា នេះជាការទិញសញ្ជាតិស៊ីបពីសំណាក់ក្រុមគ្រួសាររបស់លោក នេត សាវឿន ដោយចំណាយលុយជាច្រើន ហើយលុយទាំងនោះបានមកពីការប្រព្រឹត្តអំពើពុករលួយក្នុងប្រទេសកម្ពុជា។
លោកថ្លែងប្រាប់ VOA ថា៖ «អ្នកដែលពុករលួយដូចលោក នេត សាវឿន ឬក៏ឧត្តមសេនីយ៍កម្ពុជា និងមន្រ្តីជាន់ខ្ពស់ផ្សេងទៀតដែលមានតំណែងក្នុងជួររដ្ឋាភិបាលកម្ពុជា ឬរបបកម្ពុជា សុទ្ធតែពាក់ព័ន្ធនឹងអំពើពុករលួយនៅកម្ពុជា។ ដូចដែលអ្នកបានឃើញក្នុងវីដេអូ(ដែលអង្គការHuman Rights Watchបានបង្ហាញ) លោក នេត សាវឿន មានផ្ទះស្កឹមស្កៃក្នុងរាជធានីភ្នំពេញ ជិតស្តាតអូឡាំពិក។ គាត់ក៏មានអចលនទ្រព្យផ្សេងទៀតក្នុងប្រទេសកម្ពុជាដែរ។ ហើយមធ្យោបាយដែលគាត់មានលុយ មិនអាចពន្យល់បាន។ គាត់មានប្រាក់ខែផ្លូវការតិចតួចតែប៉ុណ្ណោះក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។ តើគាត់អាចក្លាយជាសេដ្ឋីដែលមានលុយរាប់លានដុល្លារយ៉ាងម៉េច»?
លោកបន្តថា ការដែលពួកគេចង់បានសញ្ជាតិស៊ីបនេះ ដោយសារស្ថានភាពសេដ្ឋកិច្ច និងការដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន «មិនមានស្ថិរភាព» ពោលគឺគណបក្សប្រជាជនកម្ពុជាបានធ្លាក់ប្រជាប្រិយភាព ហើយអាចចាញ់ការបោះឆ្នោត។
VOA មិនទាន់អាចសុំការឆ្លើយតបពីលោក នេត សាវឿន បានទេនៅថ្ងៃព្រហស្បតិ៍នេះ តាមរយៈប្រព័ន្ធទូរស័ព្ទ និងតេលេក្រាម (Telegram) របស់លោក។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភាមួយរូប បានច្រានចោលរបាយការណ៍របស់អង្គការ Human Rights Watch ដោយលើកឡើងថា មិនមែនអ្នកមានទ្រព្យសម្បត្តិនៅកម្ពុជាទាំងអស់ សុទ្ធតែប្រព្រឹត្តអំពើពុករលួយ ដូចការចោទប្រកាន់នោះទេ។
លោកមានប្រសាសន៍ថា៖ «គាត់លើកហ្នឹង វាត្រឹមត្រូវទេ? រំលោភសិទ្ធិមនុស្ស វាទៅមានទ្រព្យសម្បត្តិអ្នកមានទៅវិញ? វាមិនដែលមាន អាណាទៅរំលោភសិទ្ធិមនុស្សបានលុយទេ។ ហើយនិយាយអញ្ចឹង វាសច្ចធម៌ទេ? យើងដឹងគេរកស៊ីអីខ្លះ? បុគ្គលម្នាក់ៗ (គេរកស៊ី) ហើយយើងទៅប៉ាន់ស្មានពីក្រៅ។ ឲ្យតែឃើញអ្នកណាមានឡាន មានផ្ទះធំ សុទ្ធតែពុករលួយទាំងអស់ហ្នឹង»?
លោកបន្ថែមថា៖ «ម៉េចមិនសួរលោក ត្រាំ (ប្រធានាធិបតីសហរដ្ឋអាមេរិក)ថា មានផ្ទះ(តម្លៃ)រាប់រយលានដុល្លារ ម៉េចមិនសួរគាត់បានលុយពីណាផង? ហើយមកក្តៅក្រហាយអី តែមន្រ្តីរបស់កម្ពុជាទៅវិញ»។
មន្រ្តីជាន់ខ្ពស់របស់គណបក្សកាន់អំណាចរូបនេះថ្លែងការពារថា ទាល់តែមានការអនុញ្ញាតត្រឹមត្រូវតាមគោលការណ៍ច្បាប់ពីរដ្ឋាភិបាលនៃប្រទេសស៊ីប ទើបប្រជាពលរដ្ឋខ្មែរអាចទិញអចលនទ្រព្យនៅទីនោះបាន។
លោកមានប្រសាសន៍ថា៖ «ហើយបើគ្មានការយល់ព្រមពីអាជ្ញាធរគេ មានលុយប៉ុន្មាន ក៏ទៅទិញផ្ទះមិនបាន ទៅទិញដីមិនបានដែរ។ អញ្ចឹងត្រូវយល់ថា វាមានការត្រឹមត្រូវទៅតាមគោលការណ៍ច្បាប់របស់ប្រទេសនីមួយៗ បានគេអនុវត្តទៅបាន»។
កាលពីខែតុលា ឆ្នាំ២០១៩ ទីភ្នាក់ងារព័ត៌មានបរទេស Reuters បានចេញផ្សាយការស៊ើបអង្កេតមួយ ដោយរកឃើញថា ក្មួយស្រីរបស់លោក ហ៊ុន សែន គឺលោកស្រី ហ៊ុន គីមឡេង ដែលជាភរិយារបស់លោក នេត សាវឿន បានទទួលសញ្ជាតិស៊ីប។ Reuters ក៏បានរកឃើញផងដែរថា រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានស្នើសុំសញ្ជាតិ ខណៈដែលលោកឧកញ៉ា ឡៅ ម៉េងឃីន ព្រឹទ្ធសមាជិករបស់គណបក្សប្រជាជនកម្ពុជា និងជាអ្នកជំនួញដ៏ល្បីឈ្មោះមួយរូប និងភរិយារបស់លោក ក៏បានទទួលសញ្ជាតិស៊ីបនេះផងដែរ។
យោងតាមសារព័ត៌មាន Reuters ដើម្បីចូលសញ្ជាតិស៊ីបបាន អ្នកស្នើសុំសញ្ជាតិពីប្រទេសស៊ីប តម្រូវឲ្យមានទឹកប្រាក់វិនិយោគក្នុងប្រទេសនេះយ៉ាងតិច ២លាន ២សែនដុល្លារអាមេរិក។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរកឃើញទៀតថា លោកស្រី ហ៊ុន គីមឡេង បានទិញផ្ទះល្វែងមួយនៅកណ្តាលទីក្រុងឡុងដ៍ កាលពីឆ្នាំ២០១០ ក្នុងតម្លៃប្រហែល ២លាន ៥សែនដុល្លារអាមេរិកកាលនោះ។ លោកស្រីក៏មានផ្ទះល្វែងតម្លៃរាប់លានដុល្លារផ្សេងទៀតនៅប្រទេសសិង្ហបុរីផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ Reuters។
នៅក្នុងរបាយការណ៍របស់អង្គការសិទ្ធិមនុស្ស Human Rights Watch ក្រុមឧត្តមសេនីយ៍ដែលអង្គការនេះចោទថា រំលោភសិទ្ធិមនុស្ស ប្រព្រឹត្តអំពើពុករលួយ និងមានទ្រព្យសម្បត្តិនៅក្រៅប្រទេស មានដូចជាលោក ប៉ុល សារឿន លោក គន់ គីម លោក សៅ សុខា លោក ជា ម៉ន (ដែលបានស្លាប់កាលពីខែតុលា ឆ្នាំ២០១៨) លោក ប៊ុន សេង លោក ជឿន សុវណ្ណថា លោក ចាប ភក្តី លោក រ័ត្ន ស្រ៊ាង លោក សុខ ផល លោក ម៉ក់ ជីតូ និងលោក ជួន សុវណ្ណ។ រហូតមកដល់ពេលនេះ ពួកគេមិនទាន់មានប្រតិកម្មអ្វីលើការចោទប្រកាន់នេះនៅឡើយទេ៕