ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥នៅកម្ពុជាមិនមានលក្ខណៈសេរី និងយុត្តិធម៌ ព្រោះមន្រ្តីរដ្ឋាភិបាលកម្ពុជាបានគំរាមកំហែងលើក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រឆាំងដែលជាអង្គបោះឆ្នោតមិនឱ្យបោះឆ្នោតគាំទ្របេក្ខជនជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំង។ នេះជាការវាយតម្លៃរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីខែកុម្ភៈ ហើយលទ្ធផលបោះឆ្នោតបង្ហាញថា គណបក្សឆន្ទៈខ្មែរដែលជាគណបក្សជំទាស់ជំនួសឱ្យគណបក្សភ្លើងទៀនទទួលបានអាសនៈចំនួន៣ ខណៈគណបក្សគ្រប់គ្រងប្រទេសដែលមានអតីតនាយករដ្ឋមន្ត្រីលោកហ៊ុន សែនជាប្រធានទទួលបាន៥៥អាសនៈនៃចំនួនអាសនៈសរុបចំនួន៥៨ដែលត្រូវជ្រើសតាំងតាមការបោះឆ្នោត។
យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលវីអូអេបានទទួលនៅថ្ងៃសុក្រនេះ មន្ត្រីរដ្ឋាភិបាលកម្ពុជាបានបំភិតបំភ័យ គំរាមកំហែង ប្រព្រឹត្តអំពើពុករលួយ សូកប៉ាន់ និងញុះញង់ខុសច្បាប់ផ្សេងៗទៀត ដើម្បីរារាំងមិនឱ្យអង្គបោះឆ្នោតគណបក្សប្រឆាំងបោះឆ្នោតគាំទ្របេក្ខជនគណបក្សខ្លួនអំឡុងពេលមានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ បន្ទាប់ពីការបោះឆ្នោតនោះលោកហ៊ុន សែន ក៏បានក្លាយជាប្រធានព្រឹទ្ធសភា។
អ្នកស្រី Elaine Pearson នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស ត្រូវបានគេដកស្រង់សម្តីក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការចោទប្រកាន់ទៅលើសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនគណបក្សប្រឆាំង បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងថា ការបោះឆ្នោតព្រឹទ្ធសភានៅកម្ពុជាមិនសេរី និងយុត្តិធម៌ ហើយគួរតែដាក់សម្ពាធលើរដ្ឋាភិបាលទីក្រុងភ្នំពេញឱ្យមានការទទួលខុសត្រូវ និងបដិសេធចោលការធ្វើវិទ្ធង្សនានៃលទ្ធិប្រជាធិបតេយ្យដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា»។
សេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទិមនុស្សបន្ថែមថា ម្ចាស់ជំនួយរបស់កម្ពុជា គួរតែអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងតម្លាភាព រាល់ការជ្រៀតជ្រែកពាក់ព័ន្ធនឹងការបោះឆ្នោតថ្ងៃទី២៥ ខែកុម្ភៈ និងការកំណត់គោលដៅលើសមាជិកក្រុមប្រឹក្សា និងសកម្មជនបក្សប្រឆាំង»។
អគ្គលេខាធិការគណបក្សភ្លើងទៀនលោក លី សុធារ៉ាយុត្តិ ប្រាប់វីអូអេថា លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីពេលថ្មីៗនេះ ខុសពីការរំពឹងទុករបស់គណបក្សភ្លើងទៀន និងបក្សសម្ព័ន្ធរបស់ខ្លួនគឺគណបក្សឆន្ទៈខ្មែរ ដែលទទួលបានត្រឹមតែ៣អាសនៈប៉ុណ្ណោះ។
លោកបន្ថែមថា នៅមុនថ្ងៃបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា មន្រ្តី និងសកម្មជនខ្លះនៃគណបក្សភ្លើងទៀន ត្រូវបានចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាគារ ហើយអង្គបោះឆ្នោតខ្លះក្នុងខេត្តមួយចំនួនទទួលរងការលួងលោម ទិញដូរទឹកចិត្តជាថ្នូរនឹងលាភសក្ការៈពីបុគ្គលមានឥទ្ធិពលខ្លះ និងគាបសង្កត់ឱ្យបោះឆ្នោតដល់គណបក្សផ្សេង។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានរៀបរាប់ឱ្យដឹងទៀតថា កាលពីខែកុម្ភៈ អ្នកស្រាវជ្រាវរបស់ខ្លួនបាននិយាយទៅកាន់ក្រុមប្រឹក្សាឃុំគណបក្សភ្លើងទៀនចំនួន៤រូប និងមន្ត្រីគណបក្សប្រឆាំង ២រូប។ ពួកគេបានរៀបរាប់ពីការយាយី និងការបំភិតបំភ័យ រួមទាំងការគំរាមកំហែងមកលើពួកគេ និងក្រុមគ្រួសាររបស់ពួកគេ ក៏ដូចជាការសន្យានូវមុខតំណែងនយោបាយដែលមានគុណសម្បត្តិ សំណូករហូតដល់ ១២ លានរៀល ឬស្មើនឹង ៣០០០ ដុល្លារអាមេរិក ជាមួយនឹងទូរសព្ទដៃ និងម៉ូតូ ប្រសិនបើពួកគេយល់ព្រមមិនទៅបោះឆ្នោតព្រឹទ្ធសភា ឬប្រសិនបើពួកគេបោះឆ្នោតឱ្យបេក្ខជនគណបក្សកាន់អំណាច។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា យល់ថាការលើកឡើងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សនេះគ្មានតម្លៃនៅក្នុងក្រសែភ្នែករបស់ប្រជាជនកម្ពុជា ហើយថាកម្ពុជាជារដ្ឋអធិបតេយ្យមួយ ដូច្នេះរាល់ការសម្រេចចិត្តជ្រើសរើសមេដឹកនាំជាសិទ្ធិសម្រេចរបស់ប្រជាពលរដ្ឋខ្មែរ ដោយគ្មានអង្គការបរទេសណាមួយអាចមានសិទ្ធិអំណាចមកសម្រេចជំនួសម្ចាស់ឆ្នោតបានឡើយ។
បើតាមលោក ប៉ែន បូណា លទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភាកាលពីពេលថ្មីៗនេះ គឺប្រកបដោយតម្លាភាពត្រឹមត្រូវ និងសុវត្ថិភាពដោយគ្មាននរណាតវ៉ាឡើយ ហើយលទ្ធផលបោះឆ្នោតបង្ហាញថាគណបក្សប្រជាជនកម្ពុជាជាគណបក្សមានប្រជាប្រិយខ្ពស់ជាងគណបក្សនយោបាយផ្សេងទៀត។
លោកថ្លែងថា៖ «លទ្ធផលនៃការបោះឆ្នោត [ព្រឹទ្ធសភា] នេះឆ្លុះបញ្ចាំងពីយ៉ាងល្អ ពីភាពរឹងមាំ និងប្រជាប្រិយខ្ពស់របស់គណបក្សប្រជាជនកម្ពុជានៅម្ខាង និងនៅម្ខាងទៀតគឺជាបែកបាក់ខ្ទេចខ្ទីរបស់ក្រុមប្រឆាំងជ្រុលនិយម ដោយសារតែកំហុសយុទ្ធសាស្ត្រនៃមេដឹកនាំរបស់ខ្លួន។ ហើយនរណាៗក៏ដឹងដែរ និងបានឃើញដោយផ្ទាល់ភ្នែករឿងនេះ លើកលែងតែអង្គការបរទេសមួយនេះដែលមើលមិនឃើញ ហើយបែរជាខិតខំបង្វែរការបែកបាក់នេះ ហើយទម្លាក់កំហុសលើគណបក្សប្រជាជនកម្ពុជាទៅវិញ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) តែងតែតាមដានប្រព័ន្ធលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក ក្នុងនោះមានប្រទេសកម្ពុជាផងដែរ ដើម្បីពិនិត្យមើលលើការអនុវត្តសិទ្ធិពលរដ្ឋ និងនយោបាយថាមានស្ថានភាពប្រឈមបែបណា ជាពិសេសក្នុងរដូវកាលមានការបោះឆ្នោតម្តងៗ។
លោកថ្លែងថា៖«យើងជាអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកហ្នឹងគឺយើងចង់ឃើញដំណើរការបរិយាកាសនយោបាយមុនពេលបោះឆ្នោតម្តងៗហ្នឹងគឺមានភាពល្អប្រសើរ ដែលមិនមានការរិះគន់ ដែលមិនមានការលើកឡើងថាលំហសេរីភាពនយោបាយមានភាពរួមតូច ឬក៏មិនល្អអីហ្នឹងយើងមិនចង់ឃើញ យើងចង់ឃើញថាដំណើរការមួយដែលស្ថានភាពនយោបាយមានភាពល្អប្រសើរ ហើយការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ»។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី៣ខែមេសា ឆ្នាំ២០២៤ អតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានលើកឡើងក្រោយពេលឡើងជាប្រធានព្រឹទ្ធសភាថា លោកនឹងការពាររដ្ឋធម្មនុញ្ញ របបរាជានិយម លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋនៅប្រទេសកម្ពុជា ដែលនឹងមានការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្តនៅខែឧសភាខាងមុខនេះ៕