ក្រោយពីបានចេញរបាយការណ៍ដែលមានខ្លឹមសារដូចគ្នានេះជាភាសាអង់គ្លេសម្តងរួចហើយ កាលពីពាក់កណ្តាលឆ្នាំ ២០១៨ អង្គការសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញរបាយការណ៍ជាភាសាខ្មែរចំនួន ២៨៤ ទំព័រជាថ្មីទៀត ដោយរៀបរាប់លម្អិតអំពីការពាក់ព័ន្ធរបស់ឧត្តមសេនីយ៍ជាន់ខ្ពស់ចំនួន ១២ នាក់ ទៅនឹងការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធដ៏ធ្ងន់ធ្ងរ ដើម្បីគាំទ្រការដឹកនាំប្រទេសតាមរបៀបឯកបក្ស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានមួយដែល VOA ទទួលបាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
លោក ប្រេដ អាដាមស៍ (Brad Adams) នាយកអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី បានថ្លែងថា ក្រុមឧត្តមសេនីយ៍ទាំង ១២ នេះ គឺជាឆ្អឹងខ្នងនៃរបបនយោបាយផ្តាច់ការនិងបែបគាបសង្កត់ ហើយមិនខ្លាចនឹងប្រព្រឹត្តអំពើអាក្រក់ ដោយសារតែការដំឡើងមុខតំណែងរបស់ពួកគេ និងទ្រព្យសម្បត្តិស្តុកស្តមរបស់ពួកគេ ដែលបានមកពីលោក ហ៊ន សែន ជាច្រើនឆ្នាំមកនេះ។
«ជាច្រើនឆ្នាំហើយលោក ហ៊ុន សែន បានបង្កើត និងពង្រីកមន្ត្រីជាកងកម្លាំងសន្តិសុខស្នូល ដើម្បីអនុវត្តបទបញ្ជារបស់គាត់យ៉ាងឃោរឃៅ និងឥតមេត្តា។ តួនាទីដ៏មានសារ:សំខាន់របស់ឧត្តមសេនីយ៍ខ្មែរទាំងនោះ បានបង្ហាញកាន់តែច្បាស់ នៅពេលពួកគេបង្ក្រាបដ៏ធំទូលំទូលាយទៅលើក្រុមអ្នកកាសែត ក្រុមអ្នកប្រឆាំង និងក្រុមបាតុករប្រឆាំងរដ្ឋាភិបាល»។
លោកបានថ្លែងយ៉ាងដូច្នេះ ដោយភ្ជាប់មកជាមួយនូវវីដេអូឃ្លីបខ្លីមួយ ដែលបង្ហាញមុខឧត្តមសេនីយ៍ទាំង ១២ រូប បង្ហាញពីការស្លាប់លោកបណ្ឌិត កែម ឡី ការបង្ក្រាបលើក្រុមជំទាស់របស់លោក សម រង្ស៊ី និងលោក កឹម សុខា បង្ហាញអំពីគេហដ្ឋានដ៏ស្កឹមស្កៃរបស់ក្រុមឧត្តមសេនីយ៍ទាំងនោះ ដោយប្រៀបធៀបនឹងជីវភាពក្រីក្ររបស់ពលរដ្ឋខ្មែរ បង្ហាញថាកម្ពុជាជាប្រទេសដែលស្ថិតក្នុងបញ្ជីរបស់អន្តរជាតិថាមានអំពើពុករលួយធ្ងន់ធ្ងរ ក្នុងចំណោមប្រទេសលើពិភពលោក ហើយថែមទាំងទទូចថារដ្ឋាភិបាលនានាគួរដាក់ទណ្ឌកម្មដូចជារារាំងការធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិប្រឆាំងនឹងអ្នករំលោភបំពានសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរទាំងនោះ។
ក្រៅពីរៀបរាប់ពីការដំឡើងឋានន្តរសក្តិតួនាទី និងមុខតំណែងដល់មន្ត្រីមួយចំនួន ក្នុងចំណោម ១២ រូប ហើយនិងបញ្ជាក់ពីការស្លាប់របស់ឧត្តមសេនីយ៍ម្នាក់ ក្នុងចំណោម ១២ នាក់នោះ វីដេអូឃ្លីបដដែល ក៏បានរៀបរាប់ជាមួយនឹងការដាក់រូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឯកសណ្ឋានយោធាថា ក្រុមប្រទេសផ្តល់ជំនួយគួរដាក់លក្ខខណ្ឌចំពោះការអនុគ្រោះផ្នែកពាណិជ្ជកម្ម និងលក្ខខណ្ឌចំពោះការផ្តល់ជំនួយដល់រដ្ឋាភិបាល ឲ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្ស ហើយនិងធ្វើកំណែទម្រង់កងកម្លាំងសន្តិសុខ ដែលមានការរំលោភសិទ្ធិមនុស្សនេះផងដែរ។
ក្រុមឧត្តមសេនីយ៍ទាំងនោះ ត្រូវបានបញ្ជាក់ក្នុងរបាយការណ៍អង្គការ Human Rights Watch ជាភាសាខ្មែរបន្ថែមពីលើភាសាអង់គ្លេស កាលពីឆ្នាំ ២០១៨ ម្តងហើយនោះ អំពីការពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មជាច្រើន រួមទាំងសម័យខ្មែរក្រហមផងដែរ។
ឧត្តមសេនីយ៍ទាំង១២រូប ដែលត្រូវបានដាក់បង្ហាញរូបថតឈ្មោះ និងមុខតំណែង គឺមាននាយឧត្តមសេនីយ៍ ប៉ុល សារឿន អតីតអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទកម្ពុជា ត្រូវបានដំឡើងមុខតំណែងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។
នាយឧត្តមសេនីយ៍ គន់ គីម អតីតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាអតីតអគ្គសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ដែលត្រូវគេដឹងថាបានដំឡើងមុខតំណែងនិងតួនាទីជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានគណ:កម្មាការគ្រប់គ្រងគ្រោះមហន្តរាយ។
លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស។
លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងនៃកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ៤ បានទទួលមរណភាព កាលពីឆ្នាំ ២០១៨។
ឧត្តមសេនីយ៍ឯក ប៊ុន សេង អតីតមេបញ្ជាការរងនៃកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ ៥ ត្រូវបានដំឡើងតួនាទីជារដ្ឋលេខាធិការក្រសួងការពារជាតិ។
ឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា មេបញ្ជាការរងនៃកងទ័ពជើងគោក និងមេបញ្ជាការតំបន់យោធភូមិភាគ ២។
ឧត្តមសេនីយ៍ឯក ចាប ភក្តី នាយរងអគ្គសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពឆ័ត្រយោងលេខ ៩១១។
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
លោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ និងបច្ចុប្បន្នត្រូវបានដំឡើងមុខតំណែងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អតីតអគ្គស្នងការរងនគរបាលជាតិ និងបច្ចុប្បន្នជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
នៅមិនទាន់ឃើញមានការឆ្លើយតបភ្លាមៗពីមន្ត្រីរដ្ឋាភិបាល ឬក្រុមឧត្តមសេនីយ៍ទាំងនោះនៅឡើយទេ ចំពោះរបាយការណ៍ជាភាសាខ្មែររបស់អង្គការសិទ្ធិមនុស្ស Human Rights Watch នេះ៕