ចិន​៣​នាក់​ដែល​កាន់​លិខិត​ឆ្លង​ដែន​ខ្មែរ​ត្រូវ​បញ្ជូន​មក​កម្ពុជា រឿង​លាង​លុយ​កខ្វក់

ភស្តុតាំងដែលកម្លាំងសមត្ថកិច្ចរបស់សិង្ហបុរីរឹបអូសបានពីករណីបង្ក្រាបលើជនល្មើស ១០ នាក់ ក្នុងនោះបីនាក់កាន់លិខិតឆ្លងដែនកម្ពុជា ពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់និងបន្លំឯកសារ។ (Facebook/Singapore Police Force)

ក្រោយ​បុរស​និង​ស្ត្រី​ជា​ជនជាតិ​ចិន​សរុប​៣​នាក់​ដែល​កាន់​លិខិត​ឆ្លង​ដែន​ខ្មែរ​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ប្រទេស​សិង្ហបុរី​មក​កម្ពុជា ​ក្នុង​សំណុំ​រឿង​លាង​លុយ​កខ្វក់ ​អាជ្ញាធរ​កម្ពុជា​អះអាង​ថា​ ខ្លួន​មិន​ទាន់​មាន​ចំណាត់​ការ​អ្វី​ឡើយ​លើ​ពួកគេ។​

បើ​តាម​មន្ត្រី​អន្តោ​ប្រវេសន៍​កម្ពុជា ​ជន​ជាតិ​ចិន​ទាំង​៣​នាក់​នោះ​ត្រូវ​បាន​កំណត់​អត្ត​សញ្ញាណ​ឈ្មោះ ​លោក ​Zhang Ruijin លោក ​Chen Qingyuan ​និង​អ្នកស្រី​ Lin Baoying។ ​ពួកគេ​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​កាល​ពី​ថ្ងៃទី​១៥​ ខែ​មិថុនា​ ឆ្នាំ​២០២៤។​

លោក​ សុខ វាសនា ​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​កម្ពុជា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ ​«ដល់​ម៉ោង​នេះ ​យើង​អត់​ទាន់​មាន​ចំណាត់​ការ​អី​បន្ថែម​ផង។ ​យើង​អត់​ទាន់​ដឹង​ដែរ​ ព្រោះ​ឱ្យ​គាត់​ថា​ ខុស​រឿង​អី ​យើង​ទៅ​ដាក់​ពន្ធនាគារ​គាត់​ទៀត​ ដូចជា​មិន​ទាន់​មាន​ចំណាត់​ការ​អី»។​

នៅ​ពេល​សួរ​ថា​ តើ​ពួកគេ​ទាំង​៣​នាក់​នោះ​កំពុង​ស្ថិត​នៅ​ទីណា ​លោក​ សុខ វាសនា​ថា​ លោក​មិន​ដឹង​នោះ​ឡើយ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​សិង្ហបុរី​ប្រចាំ​នៅ​កម្ពុជា​បាន​នៅ​ឡើយ​ទេ។​

បើ​តាម​សារ​ព័ត៌មាន​សិង្ហបុរី​ The Straits Times ​ពួកគេ​ម្នាក់ៗ​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៥​ខែ​កាល​ពី​អំឡុង​ចន្លោះ​ខែ​មេសា ​និង​ឧសភា ​ឆ្នាំ​២០២៤ ​បន្ទាប់​ពី​បាន​សារ​ភាព​កំហុស​ចំពោះ​ការ​លាង​លុយ​កខ្វក់ ​និង​បទ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ។​

បើ​តាម​សារ​ព័ត៌មាន​ដដែល​ លោក​ Zhang​ មាន​អាយុ​៤៥​ឆ្នាំ​ត្រូវ​បាន​រឹបអូស​ទ្រព្យ​សម្បត្តិ​ប្រមាណ​៨៧​លាន​ដុល្លារ​អាមេរិក​ទៅ​រដ្ឋ ​រី​ឯ​គូ​ស្នេហ៍​របស់​លោក​ ឈ្មោះ ​Lin​ អាយុ​៤៤​ឆ្នាំ​ត្រូវ​បាន​កាត់​ទោស​សម្រេច​លះបង់​ទ្រព្យ​សម្បត្តិ​ប្រហែល​១១៤​លាន​ដុល្លារ​អាមេរិក។​ ចំណែក​លោក ​Chen​ អាយុ​៣៤​ឆ្នាំ​ត្រូវ​បាន​រឹបអូស​ទ្រព្យ​សម្បត្តិ​ប្រហែល​១៥​លាន​ដុល្លារ​អាមេរិក។​

នេះ​ជា​ករណី​លើក​ទី​២​ហើយ​ដែល​អាជ្ញាធរ​សិង្ហបុរី​បាន​បញ្ជូន​ជន​បរទេស​កាន់​លិខិត​ឆ្លង​ដែន​ខ្មែរ​មក​កម្ពុជា​វិញ​ នៅ​ក្នុង​សំណុំ​រឿង​លាង​លុយ​កខ្វក់។​ កាល​ពី​ខែ​ឧសភា ​បុរស​ជា​ជន​ជាតិ​ចិន​២​នាក់​ដែល​កាន់​លិខិត​ឆ្លង​ដែន​ខ្មែរ​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ប្រទេស​សិង្ហបុរី​មក​កម្ពុជា ​ ក្រោយ​ពួក​គេ​ទាំង​២​នាក់​ត្រូវ​បាន​កាត់​ទោស​ក្នុង​សំណុំ​រឿង​លាង​លុយ​កខ្វក់។ ​អាជ្ញាធរ​កម្ពុជា​មិន​អាច​បញ្ជាក់​ថា​ តើ​ពួកគេ​មាន​ចំណាត់​ការ​បែប​ម៉េច​លើ​ជនជាតិ​ចិន​ដែល​ត្រូវ​បាន​បញ្ជូន​មក​នោះ​ទេ។​

ជា​រឿយៗ ​អាជ្ញាធរ​កម្ពុជា​តែង​តែ​បញ្ជូន​ជនជាតិ​ចិន​ដែល​រស់​នៅ​និង​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ចិន​វិញ។​
មន្រ្តី​សិទ្ធិ​មនុស្ស​បាន​រិះគន់​យន្តការ​នៃ​ការ​ផ្តល់​សញ្ជាតិ​ដល់​ជន​បរទេស​ក្នុង​ប្រទេស​កម្ពុជា ​ជា​ពិសេស​ជនជាតិ​ចិន​ដែល​តែង​តែ​ទទួល​បាន​សញ្ជាតិ​ខ្មែរ ​តាម​រយៈ​ការ​ប្រកាស​ក្នុង​ព្រះ​រាជក្រឹត្យ។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក ​អំ សំអាត ​ប្រាប់​វីអូអេ​ថា​ ករណី​បែប​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​មុខមាត់​កម្ពុជា។ ​លោក​ថា ​ អាជ្ញាធរ​គួរ​តែ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​លើ​គោល​ការណ៍​ច្បាប់ ​មុន​ផ្តល់​សញ្ជាតិ​ដល់​ជន​បរទេស។​

លោក​ថ្លែង​ថា៖​ «មុន​នឹង​ការ​ផ្តល់​សញ្ជាតិ​ទៅ​ដល់​ជន​បរទេស​ណា​មួយ​ឬ​ក៏​ Passport​ [លិខិត​ឆ្លង​ដែន]​សម្រាប់​ជន​បរទេស​ដែល​កាន់​សញ្ជាតិ​ខ្មែរ​ហ្នឹង ​គួរតែ​ពិនិត្យ​ឱ្យ​បាន​ច្បាស់​លាស់​អំពី​អត្ត​សញ្ញាណ​ ប្រវត្តិ​រូប​របស់ជន​ទាំង​អស់​ហ្នឹង​ មុន​ផ្តល់​សញ្ជាតូបនីយ​កម្ម​ឱ្យ​កាន់​ Passport​ ខ្មែរ​បាន។​ បើ​មិន​អ៊ីចឹង​ទេ​ វា​ធ្វើ​ឱ្យ​ប៉ះពាល់​សម្រាប់​កេរ្តិ៍​ឈ្មោះ​កម្ពុជា»។​

បើ​តាម​លោក ​អំ សំអាត​ ការ​ផ្តល់​សញ្ជាតិ​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​វាយ​តម្លៃ​ច្បាស់​លាស់ ​តម្លាភាព​ យុត្តិធម៌​ និង​គ្មាន​អំពើ​ពុក​រលួយ៕