ខណៈដែលកម្មករនៅត្អូញត្អែរពីការទទួលបានប្រាក់ឈ្នួលទាប ថៅកែរោងចក្រប្រាប់ឲ្យកម្មករបង្កើនផលិតភាព ដើម្បីយកប្រៀបលើដៃគូប្រជែងក្នុងតំបន់។ ប៉ុន្តែអ្នកធ្វើការខាងសិទ្ធិកម្មករនិយាយថា ថៅកែមិនត្រូវបន្ទោសតែលើកម្មករប៉ុណ្ណោះទេ។
ថៅកែរោងចក្រកាត់ដេរនៅក្នុងប្រទេសកម្ពុជាបានព្រមានដល់កម្មករឲ្យខិតខំបង្កើនផលិតភាពដែលកំពុងធ្លាក់ចុះ ដើម្បីទប់ទល់នឹងការកើនឡើងនៃការប្រកួតប្រជែង ក្នុងវិស័យឧស្សាហកម្មកាត់ដេរនៅក្នុងតំបន់អាស៊ី។ នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ដែល VOA ទទួលបានកាលពីថ្ងៃអង្គារកន្លងទៅនេះ។
ការព្រមាននេះ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមអ្នកការពារសិទ្ធិកម្មករ បានរៀបចំ វេទិកាកម្មករស្តីពី «ការស្វែងយល់ពីវិស័យវាយនភណ្ឌកាត់ដេរ» នៅរាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យ។ នៅក្នុងពិធីនោះ ក្រុមកម្មករបានសម្ដែងពីទុក្ខកង្វល់របស់ពួកគេ ពាក់ព័ន្ធនឹងប្រាក់ឈ្នួលតិចតួច ការបង្ខំឲ្យធ្វើការថែមម៉ោង និងស្ថានភាពរស់នៅទូទៅរបស់ពួកគេដែលពុំទាន់មានភាពល្អប្រសើរនៅឡើយ។
សេចក្តីប្រកាសព័ត៌មានរបស់សមាគម GMAC បានឲ្យដឹងថា ការធ្លាក់ចុះនៃផលិតភាពក្នុងវិស័យកាត់ដេររបស់កម្ពុជា គួបផ្សំនឹងការចំណាយដែលចេះតែបន្តកើនឡើង ប្រហែលជាធ្វើឲ្យកម្ពុជាចាញ់ប្រៀបក្នុងការប្រកួតប្រជែងជាមួយនឹងបណ្តាប្រទេសផលិតសម្លៀកបំពាក់ ផ្សេងទៀត ដូចជាវៀតណាម បង់ក្លាដេស និងមីយ៉ាន់មា។
លោក ខេន លូ អគ្គលេខារបស់ GMAC បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មាន ដដែលនោះថា៖
«ទាំងអស់គ្នាត្រូវជួយចូលរួមចំណែកធ្វើយ៉ាងណាថែរក្សាឧស្សាហកម្មរបស់យើងឲ្យមានសមត្ថភាពឈរជើងក្នុងបរិយាកាសប្រកួតប្រជែងខ្លាំងនាពេលបច្ចុប្បន្ន លើទីផ្សារពិភពលោក។ ក្នុងនាមជានិយោជក យើងបានប្រឹងប្រែងរួមចំណែកដោយបានវិនិយោគលើការកសាងសមត្ថភាពជំនាញដល់កម្មករនិងកម្មការិនី»។
នៅមុនការចេញសេចក្តីប្រកាសព័ត៌មានរបស់ GMAC នេះ ក្រុមអ្នកការពារសិទ្ធិកម្មករ ដែលជាមេដឹកនាំសមាគម និងសហជីពកម្មករ បានលើកឡើងពីការទាមទាររបស់ថៅកែរោងចក្រ ឲ្យមានការបង្កើនចំនួនការកាត់ដេរខោអាវ ក្រោយពីការតំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ។ ក្រុមអ្នកការពារសិទ្ធិកម្មករអះអាងថា ការដំឡើងចំនួនការកាត់ដេរនេះ គឺហួសពីកម្លាំងរបស់កម្មករ។
ពួកគេបានលើកឡើងផងដែរថា ថៅកែរោងចក្រ បានកេងប្រវ័ញ្ចកម្មករដោយការប្រើប្រាស់កិច្ចសន្យាការងារខ្លីៗរយៈពេលបីខែជាមួយកម្មករ ហើយកម្មការិនីអាចនឹងបាត់បង់ការងារនៅក្នុងអំឡុងពេលមានផ្ទៃពោះ។ ពួកគេសង្កត់ធ្ងន់ថា ប្រាក់ឈ្នួលអប្បបរមា១៤០ដុល្លារ ដែលកម្មករទទួលបាននៅក្នុងពេលបច្ចុប្បន្ន មិនទាន់អនុញ្ញាត ឲ្យកម្មកររស់នៅបានសមរម្យនោះទេ។
ទាក់ទិននឹងការលើកឡើងរបស់ GMAC អំពីការធ្លាក់ចុះផលិតភាពក្នុងវិស័យកាត់ដេររបស់កម្ពុជា អ្នកស្រី ម៉ាក ច័ន្ទស៊ីថា ប្រធានសមាគមមណ្ឌលព័ត៌មានកម្មករ បានប្រាប់ VOA ថា ថៅកែរោងចក្រមិនត្រូវបន្ទោសចំពោះតែកម្មករនោះទេ។ អ្នកស្រីបន្តថា ការធ្លាក់ចុះនេះ បណ្តាលមកពីការបង្កើនចំនួនក្រណាត់ខោអាវដេរ ដល់កម្មករច្រើនហួសហេតុ បន្ទាប់ពីថៅកែយល់ព្រមដំឡើងប្រាក់ឈ្នួលអប្បបរមាដល់១៤០ដុល្លារក្នុងមួយខែ។
អ្នកស្រី ម៉ាក ច័ន្ទស៊ីថា បញ្ជាក់ប្រាប់ VOA ថា៖
«បើយើងនិយាយអំពីថា គាត់ធ្វើការធ្លាក់ដៃអត់ទេ ប៉ុន្តែនៅពេលដែលឡើងប្រាក់ឈ្នួលហ្នឹង កូតាវាឡើង។ ចង់និយាយថា អាការកំណត់ចំនួន វាឡើងអញ្ចឹងគឺអត់អាចធ្វើឲ្យដល់កំណត់ចំនួនទេ»។
អ្នកស្រីបន្ថែមថា ថៅកែរោងចក្រ ត្រូវពិនិត្យទៅលើការផ្លាស់ប្តូរសង្វាក់ផលិតកម្ម និងសុខភាពកម្មករ ដើម្បីបញ្ជាក់ពីការថយចុះផលិតភាពរបស់កម្មករ។
លោក ខេន លូ អគ្គលេខារបស់ GMAC បានបន្តបញ្ជាក់នៅ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ GMAC ថា ឧស្សាហកម្មកាត់ដេរក៏ប្រឈមនឹងការចំណាយដែលចេះតែបន្តកើនឡើង ដូចជា ការចំណាយលើអគ្គិសនី និងការដឹកជញ្ជូន ជាដើម ដែលជាកត្តាជំរុញឲ្យរោងចក្រនានា ងាកទៅធ្វើអាជីវកម្មនៅប្រទេសផ្សេងទៀត។ លោកបន្ថែមថា ថៅកែរោងចក្រ ត្រូវការឲ្យមានការកាត់បន្ថយបន្ថែមទៀត ចំពោះតម្លៃឯកសារ ជាពិសេសគឺតម្លៃក្រៅផ្លូវការ។
ទាក់ទិននឹងការចំណាយរបស់ថៅកែរោងចក្រដែល GMAC អះអាងថា បានកើនឡើង អ្នកស្រី ម៉ាក ច័ន្ទស៊ីថា ប្រធានសមាគមមណ្ឌលព័ត៌មានកម្មករទទួលស្គាល់ថា ការចំណាយនៅក្នុងឧស្សាហកម្មកាត់ដេរនៅប្រទេសកម្ពុជា មានកម្រិតខ្ពស់ជាងប្រទេសក្បែរខាងមួយចំនួន ហើយថា GMAC ត្រូវបន្តការពិភាក្សាជាមួយរដ្ឋាភិបាលបន្ថែមទៀត ដើម្បីកែសម្រួលបញ្ហានេះ។
ក៏ប៉ុន្តែលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានមានប្រសាសន៍ថា កម្ពុជានៅតែមានសក្តានុពល សម្រាប់ការវិនិយោគក្នុងឧស្សាហកម្មកាត់ដេរ។ លោកបានលើកឡើងអំពីលក្ខខណ្ឌវិនិយោគតឹងរ៉ឹងក្នុងឧស្សាហកម្មកាត់ដេរនៅប្រទេសភូមា(មីយ៉ាន់ម៉ា) យ៉ាងដូច្នេះថា៖
«ពាក់ព័ន្ធវិនិយោគទៅភូមា បានទាល់តែមានដើមទុនជិត៦០ភាគរយ មិនមែនដូចស្រុកយើងអាចឲ្យវិនិយោគណាមកចេះតែដាក់ឲ្យតែបាន ឬក៏ចេះតែអនុគ្រោះទេ គឺថាមានច្បាប់គេតឹងតែង ស្ថានភាពតវ៉ា ស្ថានភាពនយោបាយនៅភូមាហ្នឹង ក៏រួមទាំងសាសនា ក៏នៅមានបញ្ហាដែរ»។
VOA ព្យាយាមសុំការអធិប្បាយពីលោក ហេង សួ អ្នកនាំពាក្យក្រសួងការងារ តែនៅមិនទាន់អាចទាក់ទងបានទេ កាលពីល្ងាចថ្ងៃអង្គារកន្លងទៅ។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានភាពចម្រូងចម្រាសនៅក្នុងឧស្សាហកម្មកាត់ដេរ ដោយសារមានការធ្វើបាតុកម្មទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាឲ្យបានសមស្របទៅនឹងការកើនឡើងនូវតម្លៃទំនិញនានាក្នុងប្រទេសកម្ពុជា ដែលបានបន្តកើនឡើងលឿនជាងប្រាក់ខែ កម្មករ។
យ៉ាងណាក៏ដោយ កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់របស់ខ្លួនប្រមាណ៤៦ភាគរយទៅកាន់សហភាពអឺរ៉ុប ៣០ភាគរយទៅកាន់សហរដ្ឋអាមេរិក និង២៤ភាគរយផ្សេងទៀតទៅកាន់ប្រទេសកាណាដានិងជប៉ុន។ ចំណូលដែលបានមកពីការនាំចេញនេះ គឺមានជាង៦.០០០លានដុល្លារអាមេរិកនៅឆ្នាំ២០១៥។ នេះបើយោងទៅតាមទិន្នន័យដែលផ្តល់ដោយសមាគមមណ្ឌលព័ត៌មានកម្មករ៕