ពួកគណបក្សប្រជាធិបតេយ្យ ភ័យខ្លាចថា បេក្ខភាពរបស់គណបក្សឯករាជ្យ អាចជួយឲ្យប្រធានាធិបតីត្រាំជាប់ឆ្នោតម្តងទៀត។ការបង្ហាញឲ្យដឹងពីបេក្ខភាពរបស់លោក Howard Schultz មហាសេដ្ឋីកាហ្វេ Starbuck នៅសប្តាហ៍មុននេះថា លោកកំពុងពិចារណាពីការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកឯករាជ្យបានបន្ថែមរបត់មិនរំពឹងទុកមួយដល់យុទ្ធនាការឃោសនាបោះឆ្នោតដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២០។
ការចូលរួមដែលគ្រាន់តែជាការស្ទង់មើលរបស់លោក Schultz នៅក្នុងការប្រកួតប្រ ជែង បានបណ្តាលឲ្យមានប្រតិកម្មចម្រុះនៅទូទាំងប្រទេស។ ការប្រកាសរបស់លោកបានធ្វើឲ្យមានការយកចិត្តទុកដាក់ពីអ្នកមានជម្រើសចំពោះប្រព័ន្ធគណបក្សទាំង២។ការប្រកាសនោះក៏បានធ្វើឲ្យមានការចំអកមើលងាយភ្លាមៗរបស់ពួកអ្នកនយោបាយជើងចាស់ដែលមើលឃើញលោកថា ជាអ្នកដែលមានវោហាសាស្រ្តតែប៉ុណ្ណោះ។ ការណ៍ដែលគួរឲ្យកត់សម្គាល់បំផុត ការប្រកាសនេះ ធ្វើឲ្យមានការភ័យខ្លាចក្នុងចំណោមគណបក្សប្រជាធិបតេយ្យជាច្រើន ដែលព្រួយបារម្ភថា ការស្វះស្វែងឈរឈ្មោះរបស់លោកនៅទីបញ្ចប់ អាចដណ្តើមយកសន្លឹកឆ្នោតពីអ្នកបានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីចេញពីគណបក្សខ្លួន ដោយផ្តល់ឲ្យប្រធានាធិបតី ដូណាល់ ត្រាំ នូវឱកាសជាប់ឆ្នោតប្រធានាធិបតីម្តងទៀត ថ្វីបើ លោកមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងការស្ទង់មតិក៏ដោយ។
លោក Schultz ដែលមានអាយុ ៦៥ឆ្នាំមានដើមកំណើតមកពីសង្កាត់ Brooklyn ទីក្រុងញូវយ៉ក បានរកប្រាក់រាប់ពាន់លានដុល្លារនៅតំបន់ឆ្នេរខាងលិចសហរដ្ឋអាមេរិកដោយបានប្រែក្លាយហាងកាហ្វេតូចមួយនៅទីក្រុង Seattleរដ្ឋវ៉ាស៊ីនតោនឲ្យក្លាយទៅជាក្រុមហ៊ុនដែលមានសាខាគ្រប់ទីកន្លែងដោយមានហាងជាង២ម៉ឺន៨ពាន់កន្លែងនៅទូទាំងពិភពលោក។
ក្នុងអំឡុងពេលជាមួយគ្នានេះ លោកបានក្លាយជាម្ចាស់ជំនួយដ៏ទុកចិត្តបានមួយដល់គណបក្សប្រជាធិបតេយ្យ ដោយបានហៅខ្លួនលោកថា «ជាអ្នកប្រជាធិបតេយ្យមួយជីវិត»។
ទោះជាយ៉ាងណាក៏ដោយ ការណ៍នេះបានផ្លាស់ប្តូរ។
នៅក្នុងការបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ភ្លាមៗ លោក Schultz បានផ្តាច់ខ្លួនចេញពីគណបក្សនយោបាយសំខាន់ៗទាំង២នេះ។ លោកទទូចថា ពលរដ្ឋអាមេរិកាំងភាគច្រើន មិនបានទទួលទទួលប្រយោជន៍ពីពួកគណបក្សសាធារណរដ្ឋស្តាំនិយមជ្រុលនិងពួកគណបក្សប្រជាធិបតេយ្យឆ្វេងនិយមជ្រុលទេ។
ខណៈដែលលោក Schultz មិនទាន់បញ្ចេញសេចក្តីលម្អិតនៃសំណើគោលនយោបាយ លោកទំនងបង្ហាញគោលជំហកណ្តាល ដោយយល់ស្របជាមួយពួកគណបក្សសាធារណរដ្ឋលើបញ្ហាសេដ្ឋកិច្ចនិងសារពើពន្ធ ក៏ប៉ុន្តែ បានយល់ស្របជាមួយពួកគណបក្សប្រជាធិបតេយ្យលើបញ្ហាសង្គមជាច្រើន។
លោកបានប្រកាសប្រឆាំងដោយការខឹងសម្បាដល់សំណើមកពីពួកគណបក្សប្រជា ធិបតេយ្យល្បីៗដើម្បីពង្រីកកម្មវិធីថែទាំសុខភាព Medicareសម្រាប់ពលរដ្ឋអាមេរិ កាំងទាំងអស់ ហើយបង្កើនពន្ធលើពួកអ្នកមានដោយការបង្កើនអត្រាពន្ធខ្ពស់លើអ្នកដែលមានប្រាក់ចំណូលច្រើនបំផុតឬយកពន្ធលើទ្រព្យសម្បត្តិបន្ថែមទៅនឹងការយកពន្ធលើប្រាក់ចំណូល។
ក្នុងការបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ខ្សែកាប CNN លោកបានច្រានចោលគំនិតការថែទាំសុខភាព Medicare ថា «មិនមែនជាអាមេរិក»។ ក្នុងកិច្ចសម្ភាសន៍ជាមួយស្ថានីយវិទ្យុ National Public Radio ឬ(NPR) លោកបានហៅផែនការយកពន្ធដាររបស់គណបក្សប្រជាធិបតេយ្យថា «ជាការគួរឲ្យអស់សំណើច»។
លើបញ្ហាជាច្រើនដែលបាននាំឲ្យសង្គ្រាមវប្បធម៌បន្តមានឡើងនៅក្នុងប្រទេស លោក Schultz បានប្រកាន់ជំហរគាំទ្រអតីតគណបក្សរបស់លោកយ៉ាងពេញទំហឹង។លោកនៅតែពេញចិត្តសិទ្ធិនៃការពន្លូតកូននិងការរៀបការមនុស្សស្រឡាញ់ភេទដូចគ្នាហើយបាននិយាយគាំទ្រការរឹតបន្តឹងច្បាប់ប្រើកាំភ្លើង។ លោកក៏គាំទ្រការឆ្ពោះទៅកាន់ការចូលសញ្ជាតិសម្រាប់ជនអន្តោប្រវេសន៍ដែលគ្មានក្រដាសស្នាម និងការចាត់វិធានការដ៏ខ្លាំងដើម្បីទប់ទល់ការផ្លាស់ប្តូរអាកាសធាតុ។
ការចាប់ផ្តើមរបស់លោក Schultz គឺថា គោលជំហនយោបាយចម្រុះរបស់លោក នឹងធ្វើឲ្យមានការចាប់អារម្មណ៍ទៅដល់អ្វីដែលលោកបានចាត់ទុកម្តងហើយម្តងទៀតថាជា«សំឡេងស្ងប់ស្ងាត់ភាគច្រើន»របស់ពួកអ្នកបោះឆ្នោតឯករាជ្យដែលមិនពេញចិត្តគណបក្សសំខាន់ទាំង២ហើយដែលចង់បានបេក្ខជនឯករាជដើម្បីគាំទ្រ។
ក៏ប៉ុន្តែ ការវាយតម្លៃក្រុមប្រតិភូអ្នកបោះឆ្នោតអាមេរិកាំងនេះមិនបានទទួលការយល់ស្របពីពួកអ្នកវិទ្យាសាស្រ្តនយោបាយទេ។ ខណៈដែលពួកអ្នកបោះឆ្នោត៤០ភាគរយ ចាត់ទុកខ្លួនឯងថាជាអ្នកឯករាជ្យ ការសិក្សាមួយហើយមួយទៀតបានបង្ហាញថា ពួកគេភាគច្រើនលើសលប់ប្រាកដជាពេញចិត្តយ៉ាងខ្លាំងចំពោះគណបក្សមួយឬគណបក្សណាមួយផ្សេងទៀត។
លោក Kyle Kondik ជានិពន្ធចាត់ចែងព្រឹត្តិបត្តិព័ត៌មាន Sabato’s Crystal Ball នៃមជ្ឈមណ្ឌលនយោបាយនៅឯសាកលវិទ្យាល័យ Virginia បាននិយាយថា៖
«ការគិតផ្សេងពីនេះជាភាពល្ងង់មួយមិនគួរឲ្យជឿ។ ការណ៍នេះបង្ហាញពីការយល់យ៉ាងស្រួលបំផុតពីពួកអ្នកបោះឆ្នោតអាមេរិកាំង។ មានសក្តានុពលសម្រាប់មនុស្សដូចជាលោក Schultz។ ក៏ប៉ុន្តែ នេះជាមាគ៌ាទៅកាន់ជ័យជម្នះឬ? ការណ៍នេះការពិបាកមួយសម្រាប់ខ្ញុំដើម្បីនឹកស្រម័យ»។
តាមការពិត ក្រុមអ្នកធ្វើអត្ថាធិប្បាយនិងគណបក្សទាំង២ បានផ្តោតយកចិត្តទុកដាក់តិចតួចលើលោក Schultz ជាបេក្ខជនប្រធានាធិបតីដែលមានសក្តានុពល ក៏ប៉ុន្តែ ជាកម្លាំងរំខានកាន់តែខ្លាំងឡើងនៅក្នុងអ្វីដែលនឹងស្ទើរតែប្រាកដថា ជាការបោះឆ្នោតដែលមានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។
លោក Seth Masket នាយកមជ្ឈមណ្ឌលស្តីពីនយោបាយអាមេរិកាំងនៅឯសាកលវិទ្យាល័យDenverបាននិយាយថា៖
«វត្តមានរបស់លោកនៅក្នុងការការប្រកួតប្រជែងនេះ បន្ថែមភាពមិនប្រាកដប្រជា»។
លោក Masket បាននិយាយបន្តទៀតថា៖
«លោកមានឱកាសបន្តិចបន្តួចដើម្បីឈ្នះការបោះឆ្នោតនៅឆ្នាំ២០២០ ក៏ប៉ុន្តែ លោកមានក្តីសង្ឃឹមខ្លាំងធ្វើឲ្យប៉ះពាល់លទ្ធផលនៃការបោះឆ្នោត។ ប្រសិនបើ វានឹងក្លាយជាការប្រកួតប្រជែងការបោះឆ្នោតម្តងទៀតដែលមានការប្រកៀកប្រកិតគ្នា ហើយខ្ញុំសន្មតជាមុនថា សន្លឹកឆ្នោតរបស់លោក អាចមានការប្រែប្រួលរវាងការជាប់ឆ្នោតម្តងទៀតរបស់លោកត្រាំនិងការបរាជ័យ»។
លោក Schultz បាននិយាយថា លោកមិនមានបំណងជួយប្រធានាធិបតីកំពុងកាន់អំណាចទេ។
លោក Schultz បានប្រាប់ទូរទស្សន៍ខ្សែកាប CNN កាលពីថ្ងៃពុធថា៖
«ខ្ញុំ នឹងមិនធ្វើឲ្យខ្លួនរបស់ខ្ញុំក្លាយជាមនុស្សម្នាក់ធ្វើឲ្យលោកត្រាំជាប់ឆ្នោតម្តងទៀតទេ»។
ទោះជាយ៉ាងណាក៏ដោយ លោកបានផ្តល់សញ្ញាយ៉ាងខ្លាំងថា បើគណបក្សប្រជាធិបតេយ្យ ងាកទៅបេក្ខជនឆ្វេងនិយមដូចជាសមាជិកព្រឹទ្ធសភារដ្ឋMassachusetts លោកស្រី Elizabeth Warren ឬសមាជិកព្រឹទ្ធសភាលោក Bernie Sanders នៃរដ្ឋ Vermont មានបំណងចាប់ផ្តើមយុទ្ធនាការឯករាជ្យនឹងគ្មាននរណានឹងទប់លោកបានទេ។
បើសិន លោកធ្វើការសម្រេចដើម្បីតាំងចិត្តឈរឈ្មោះជាបេក្ខជនប្រកួតប្រជែងសម្រាប់មុខតំណែងប្រធានាធិបតី លោក Schultz នឹងចូលរួមក្នុងបញ្ជីយ៉ាងវែងរបស់អ្នកខាងក្រៅដែលបានស្វះស្វែងបង្អាក់ប្រព័ន្ធគណបក្ស២ដែលបានត្រួតត្រានយោ បាយសហរដ្ឋអាមេរិកចាប់តាំងពីក្រោយសង្គ្រាមស៊ីវិលមក។
បេក្ខជនទាំងនោះ បានមកពីគ្រប់ស្រទាប់នយោបាយនិងសង្គមទូទាំងប្រទេស ក៏ប៉ុន្តែ ក្នុងប្រវត្តិសាស្រ្តកាលពីពេលថ្មីៗនេះ ពួកគេមានមានចំណុចរួមមួយគឺ មើលងាយការបរាជ័យនៃប្រព័ន្ធបោះឆ្នោតនេះ។
អស់រយៈពេលជាង៥០ឆ្នាំហើយចាប់តាំងពីបេក្ខជនម្នាក់ដែលមិនតំណាងឲ្យគណបក្សមួយនៃគណបក្សសំខាន់ទាំង២នៅក្នុងសហរដ្ឋអាមេរិក បានឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតី សូម្បីតែសំឡេងប្រតិភូមួយក៏គ្មានដែរ។
នៅឆ្នាំ១៩៦៨ លោក George Wallace និងគណបក្សឯករាជអាមេរិកាំងដែលបានឈរឈ្មោះផ្អែកលើគោលនយោបាយការបំបែកជាតិសាសន៍ឲ្យនៅដោយឡែក ទទួលបានប្រតិភូចំនួន៤៦។ (បេក្ខជនគណបក្សសេរីនិយម បានទទួលប្រតិភូមួយនៅឆ្នាំ១៩៧២ ក៏ប៉ុន្តែ លោកមិនបានឈ្នះទេ។ការណ៍នេះបានធ្វើឲ្យលោកបានទទួលសន្លឹកឆ្នោតពីអ្នកដែលត្រូវបោះឆ្នោតឲ្យលោក Richard Nixon បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ)។
បេក្ខជនឯករាជដែលបានទទួលជោគជ័យបំផុតចាប់តាំងពីលោក Wallaceមកដូចជាលោក Schulz ដែលជាមហាសេដ្ឋីផ្តល់ថវិការបោះឆ្នោតខ្លួនឯង។ លោក H.Ross Perot ពាណិជ្ជកររដ្ឋតិចសាស បានទទួលសន្លឹកឆ្នោតប្រហែល១៩ភាគរយនៅឆ្នាំ១៩៩២ ការណ៍នេះ មិនល្មមគ្រប់គ្រាន់ដើម្បីធ្វើឲ្យលោកទទួលបានប្រតិភូមួយទេ។
ក៏ប៉ុន្តែ ការសំខាន់មិនត្រូវច្រឡំការមិនបានទទួលជោគជ័យខាងប្រតិភូថាមិនមានការប៉ះពាល់នោះ ដោយហេតុដូច្នេះហើយ បេក្ខភាពដ៏ខ្លាំងរបស់លោក Schultz នឹងធ្វើឲ្យអ្នកខ្លះមានការភ័យខ្លាច។
ឥទ្ធិពលរបស់លោក Perot នៅក្នុងការប្រកួតប្រជែងប្រធានាធិបតីឆ្នាំ១៩៩២ នៅតែជាប្រភពនៃភាពចម្រូងចម្រាស់នៅពេលសព្វថ្ងៃនេះ។
មានការមន្ទិលសង្ស័យតិចតួចថា ការផ្តោតការយកចិត្តទុកដាក់ដ៏ខ្លាំងរបស់លោកលើឱនភាពថវិកាសហព័ន្ធបានបង្ខំឲ្យគូប្រកួតប្រជែងរបស់លោកដូចជា ប្រធានាធិបតីកាន់តំណែងលោក George H. W.Bush និងលោក Bill Clinton គូប្រកួតប្រជែងរបស់គណបក្សប្រជាធិបតេយ្យ យកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើបញ្ហានេះជាងអ្វីដែលពួកលោកចូលចិត្ត។ សំណួរដ៏ធំមួយថាតើលោក Perot បានជួយលោកគ្លីនតុនឈ្នះតំណែងប្រធានាធិបតីដោយការទទួលបានសន្លឹកឆ្នោតពីលោកប្រធានាធិបតីប៊ូសដែលកាន់តំណែងតែមួយអាណត្តិ។
ពួកអ្នកវិទ្យាសាស្រ្តនយោបាយជាច្រើន ជឿថា ដោយសាររឿងនេះលោកគ្លីនតុន បានឈ្នះការប្រកួតប្រជែងបេក្ខជនទាំង២នេះ។ ក៏ប៉ុន្តែ មានសមាជិកគណបក្សសាធារណ រដ្ឋដែលនៅតែស្តីបន្ទោសលោក Perot ចំពោះការធ្វើឲ្យលោកប៊ូស ឪពុកធ្វើប្រធានាធិបតីបានតែមួយអាណត្តិ។
ឧទាហរណ៍កាន់តែប្រសើរទៀតរបស់ពួកបេក្ខជនទី៣ដែលជាអ្នកធ្វើឲ្យខូចសំឡេងឆ្នោតបានចូលរួមការប្រកួតប្រជែងនោះបានកើតមានឡើងនៅឆ្នាំ២០០០និងឆ្នាំ២០១៦។
ការបោះឆ្នោតនៅឆ្នាំ២០០០បានធ្លាក់ទៅលើរដ្ឋ Florida ដែលជាអ្នកនៅទីនោះ លោក George W. Bush ខាងគណបក្សសាធារណរដ្ឋនិងលោក Al Gore ខាងគណបក្សប្រជាធិបតេយ្យ មានសំឡេងឆ្នោតខុសគ្នា ០.០១ ភាគរយនៅពេលដែលសន្លឹកឆ្នោតត្រូវបានរាប់រួច។
ក្នុងការប្រកួតប្រជែងនេះ លោក Ralph Nader ជាសកម្មជនខាងប្រើប្រាស់ទំនិញដ៏មានប្រជាប្រីយ៌ភាពម្នាក់ បានឈរឈ្មោះជាបេក្ខជនរបស់គណបក្សបៃតង។ លោកបានទទួលសន្លឹកឆ្នោតទូទាំងប្រទេសចំនួន ២.៧៤ ភាគរយ ហើយសំខាន់ជាងគេបានទទួលសន្លឹកឆ្នោតនៅរដ្ឋ Florida ចំនួន១.៦៣ភាគរយ។
ក្នុងការប្រកួតប្រជែងផ្សេងទៀត ការណ៍នេះមិនសូវសំខាន់ទេ។ ក៏ប៉ុន្តែ មនុស្សជាច្រើនជឿជាក់ថា គណបក្សបៃតងបានទាក់ទាញពួកអ្នកបោះឆ្នោតសើ្ទរតែទាំងអស់របស់ខ្លួនមកពីពួកអ្នកប្រកាន់នយោបាយឆ្វេងនិយម ដោយមានផលប៉ះពាល់យ៉ាងខ្លាំងលើបេក្ខភាពរបស់លោកGore នៅក្នុងរដ្ឋនោះ។
ការបោះឆ្នោតឆ្នាំ ២០១៦ លោកស្រី Jill Stein បេក្ខជនគណបក្សបៃតង ប្រហែលបានធ្វើឲ្យប៉ះពាល់ដល់ឱកាសរបស់លោកស្រី Hillary Clinton នៅក្នុងការប្រកួតប្រជែងនៅរដ្ឋសំខាន់ៗដូចជារដ្ឋ Michigan រដ្ឋ Wisconsin និងរដ្ឋ Pennsylvania។
នៅរដ្ឋទាំង៣នោះ លោកស្រីគ្លីនតុន បានចាញ់លោកត្រាំខាងគណបក្សសាធារណរដ្ឋដោយសំឡេងឆ្នោតតិចជាងលោកស្រី Stein បានទទួល។ ខណៈដែលគេនៅមិនអាចដឹងថាតើ ពួកអ្នកគាំទ្ររបស់លោកស្រី Stein បានបោះឆ្នោតដែរឬទេនោះ ប្រសិនបើ លោកស្រីមិនមានឈ្មោះនៅលើសន្លឹកឆ្នោតនោះ មានការមូលមតិដ៏ធំមួយថា លោកស្រី Stein បានធ្វើឲ្យប៉ះពាល់លោកស្រីគ្លីនតុនច្រើនជាងលោកត្រាំ។
ការណ៍នេះជាសក្តានុពលមួយសម្រាប់ការឈរឈ្មោះរបស់លោក Schultz ដែលត្រូវគេចាត់ទុកថា ជាបេក្ខជនបំបែកសំឡេងឆ្នោតដែលពួកគណបក្សប្រជាធិបតេយ្យ មានការព្រួយបារម្ភពីការប្រកាសរបស់លោកនោះ។
លោក Michael Bloomberg អតីតអភិបាលក្រុងញូវយ៉ក ដែលកំពុងពិចារណាពីការឈរឈ្មោះសម្រាប់ការតែងតាំងខាងគណបក្សប្រជាធិបតេយ្យ បាននិយាយថា លោកបានរិះរកឈរឈ្មោះជាបេក្ខជនឯករាជហើយជឿជាក់ថា ការឈរឈ្មោះបែបនេះផ្តល់ប្រយោជន៍ដល់លោកត្រាំ។
លោក Bloomberg បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖
«នៅឆ្នាំ២០២០ទំនងកាន់តែខ្លាំងឡើងថា ការឈរឈ្មោះឯករាជ នឹងបំបែកសំឡេងឆ្នោតប្រឆាំងលោកត្រាំ ហើយនឹងបញ្ចប់ដោយលោកត្រាំជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀត។ ទិន្ន័យ បានបញ្ជាក់យ៉ាងច្បាស់។ ប្រសិនបើ កម្លាំងគណបក្សមួយខ្លាំងហើយប្រាកដជាប្រព័ន្ធបោះឆ្នោតជ្រើសរើសប្រតិភូ គ្មានផ្លូវបេក្ខជនឯករាជ អាចឈ្នះបានទេ។ ការណ៍នេះកាន់តែពិតឡើងនៅពេលឥឡូវនេះជាងកាលពីពេលមុន»។
ក៏ប៉ុន្តែ មិនមែនមនុស្សទាំងអស់ជឿជាក់ថា បេក្ខភាពរបស់លោក Schultz នឹងធ្វើឲ្យប៉ះពាល់បេក្ខជនខាងគណបក្សប្រជាធិបតេយ្យនោះទេ។
លោក Kondik បាននិយាយថា៖
«ខ្ញុំគិតថាអ្នកបោះឆ្នោតភាគច្រើនឲ្យបេក្ខជនដូចជាលោក Schultz គឺ អ្នកបោះឆ្នោតដែលសម្បូរទ្រព្យសម្បត្តិ ជនជាតិស្បែកសដែលបានទទួលការសិក្សានៅមហាវិទ្យាល័យនៅជាយក្រុង អ្នកបោះឆ្នោតខ្លះដែលអាចផ្លាស់ប្តូរពីគណបក្សសាធារណរដ្ឋទៅគណបក្សប្រជាធិបតេយ្យ។ ពួកគេប្រហែលមិនពេញចិត្តបោះឆ្នោតឲ្យលោកស្រីគ្លីនតុនកាលពីឆ្នាំ២០១៦។ ពួកគេប្រហែលមិនពេញចិត្តបោះឆ្នោតឲ្យលោកត្រាំ។ ពួកគេប្រហែលបោះឆ្នោតឲ្យបេក្ខជនគណបក្សទី៣ហើយប្រហែល អ្នកបោះឆ្នោតខ្លះនៃអ្នកបោះឆ្នោតទាំងនោះ នឹងបោះឆ្នោតឲ្យបេក្ខជនណាមួយដូចជាលោក Schultz»។
លោក Kondik បាននិយាយទៀតថា តាមពិត លោក Schultz អាចធ្វើឲ្យប៉ះពាល់លោកត្រាំច្រើនជាងលោកប្រហែលធ្វើឲ្យប៉ះពាល់បេក្ខជនខាងគណបក្សប្រជាធិប តេយ្យ៕
ប្រែសម្រួលដោយជឹង ប៉ូជីន