សហរដ្ឋអាមេរិកបានព្រមានពីការឆ្លើយតបយ៉ាងខ្លាំង ប្រសិនបើកូរ៉េខាងជើងធ្វើការសាក ល្បងអាវុធនុយក្លេអ៊ែរនោះ។ ពួកអ្នកជំនាញបាននិយាយថា ប្រតិកម្មបែបនេះត្រូវតែរួម បញ្ចូលទាំងការជួយវិស័យការពារប្រទេសកូរ៉េខាងត្បូង ខណៈសំដៅទៅលើអង្គភាពរបស់ចិន រុស្ស៊ីនិងបុគ្គលនានាដែលគាំទ្រកម្មវិធីអាវុធរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងនោះ។
នៅក្នុងរដ្ឋធានីសេអ៊ូលកាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីជំនួបជាមួយអនុរដ្ឋមន្ត្រីការបរ ទេសកូរ៉េខាងត្បូងលោក Cho Hyun-dong មក អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy Sherman បាននិយាយថា «នឹងមានការឆ្លើយតបយ៉ាងខ្លាំងនិងឆាប់រហ័ស»ដល់កូរ៉េខាងជើងចំពោះការសាកល្បងអាវុធនុយក្លេអ៊ែរ។
នៅឯជំនួបក្នុងទីក្រុងវីយែនប្រទេសអូទ្រីសកាលពីថ្ងៃចន្ទ លោក Rafael Grossi អគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិបាននិយាយថា កូរ៉េខាងជើងកំពុងបង្កើនលទ្ធភាពដើម្បីធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរនៅពេលដែលច្រកទ្វារចូលរូងក្រោមដីមួយបានត្រូវបើកឡើងវិញនៅឯទីកន្លែងសាកល្បងអាវុធនុយក្លេអ៊ែរ Punggye-ri។
សញ្ញានៃការប្រុងប្រៀបដើម្បីធ្វើតេស្តអាវុធនុយក្លេអ៊ែរនេះត្រូវបានមើលឃើញតាមរយៈផ្កាយរណបចាប់តាំងពីខែមីនាមកនៅឯកន្លែងសាកល្បងអាវុធនុយក្លេអ៊ែរ Punggye-ri ដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបិទនៅឆ្នាំ២០១៨ នៅចំពោះមុខពួកអ្នកកាសែតបរទេសដែលត្រូវបានអញ្ជើញឱ្យមកមើលការរុះរើកន្លែងសាកល្បងនេះ។
នៅឯសន្និសីទកាសែតកាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បាននិយាយថា សហរដ្ឋអាមេរិកមានការព្រួយកង្វល់ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងនឹងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
លោក Price បានថ្លែងថា៖ «យើងបានរៀបចំផែនការយ៉ាងធំជាមួយសម្ពន្ធមិត្ត និងដៃគូរបស់យើង»។
ភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីការបាញ់បង្ហោះកាំជ្រួចមីស៊ីលវង់ប្រតិបត្តិការខ្លីចំនួន៨គ្រាប់របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងកាលពីថ្ងៃអាទិត្យ។ វាជាការសាកល្បងអាវុធលើកទី១៨របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងនៅឆ្នាំនេះ។
យោធាសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានឆ្លើយតបវិញដោយការបាញ់កាំជ្រួចមីស៊ីលបាល់លីស្ទិកចំនួន៨គ្រាប់កាលពីថ្ងៃចន្ទហើយបានធ្វើការបង្ហាញកម្លាំងដោយការធ្វើសម យុទ្ធយន្តហោះចម្បាំងនៅលើសមុទ្រលឿងកាលពីថ្ងៃអង្គារម្សិលមិញ៕