ដំណើរ​ជីវិត​របស់​ពលករ​លើ​ទូក​នេសាទ​ថៃ

អ្នក​នេសាទ​កម្ពុជា​២៣០នាក់​សង្រ្គោះ​ពី​ទូក​នេសាទ​របស់​ថៃ​កំពុង​បរិភោគ​អាហារ​ពេល​ព្រឹក​នៅ​សង្កាត់​ជ្រោយ​ចង្វា ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃទី១៨ ខែ​មិថុនា ឆ្នាំ២០១៥។ (REUTERS/Samrang Pring)

ធិន​ សៀងលី​ឈប់​រៀន​នៅពេល​ដែល​គាត់​មាន​អាយុ​១៦​ឆ្នាំ​ ដើម្បី​ជួយ​ឪពុក​របស់​គាត់​រក​ប្រាក់។​ ក្មេង​ប្រុសភាគ​ច្រើន ​ដែល​ធំដឹងក្តី​នៅ​ក្នុង​ភូមិ​ជាមួយ​ធិន​ សៀងលី​ នៅ​ខេត្ត​ព្រៃវែង​ដែរ​នោះ​ ក៏​ឈប់​រៀន​ដូច​ធិន​ សៀងលី​ដែរ។​

ធិន​ សៀងលី​ក្តី​សុបិន​ចង់​ក្លាយ​ជា​អ្នក​បើកបរ​ឲ្យអង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​មិនមែន​រដ្ឋាភិបាល​រាប់ពាន់​ដែល​ប្រតិបត្តិការ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ក្នុង​ពេល​ថ្មីៗ​នេះ ​លោក​បាន​និយាយ​ថា៖​ «នៅពេល​ដែល​ខ្ញុំ​នៅ​ក្មេង ​ខ្ញុំ​ចង់​ធ្វើ​ជា​អ្នក​បើក​បរ»។​

បន្ទាប់​ពី​ឪពុក​របស់​លោក​បាន​ខ្ចី​ប្រាក់​១០០០​ដុល្លារ​ពី​ធនាគារ​ក្នុង​ស្រុក​មួយ​ដើម្បី​សាង​សង់​ផ្ទះ​ថ្មី​មួយ​សម្រាប់​ក្រុម​គ្រួសារ​របស់​គាត់​បាន​រស់​នៅ​សមរម្យ​ ធិន​សៀងលី​ ដែល​ជា​កូន​ច្បង​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ផ្ទះ​របស់​គាត់​ហើយ​ធ្វើ​ដំណើរ​មក​កាន់រាជធានី​ភ្នំពេញ​ដើម្បី​ជួយ​រក​ប្រាក់​ដោះ​បំណុល​របស់​គ្រួសារ។​

នៅ​ទី​ក្រុង​ភ្នំ​ពេញ​ ធិន​ សៀងលី ​អូស​រទេះ​លក់ដូង​ដើម្បី​រក​ប្រាក់។​ នៅ​ក្នុង​ឆ្នាំ​២០០៩ ​បុរស​ម្នាក់​បាន​មកទាក់ទងធិន សៀងលី​ ហើយ​បាន​ប្រាប់​ធិន​ សៀងលី​ ពី​ការងារ​នៅ​ប្រទេស​ថៃ។ ​បុរស​នោះ​បាន​សន្យា​ថា​ ធិន​ សៀងលី​នឹង​បាន​ការងារ​ និង​ប្រាក់​ខែ​ច្រើន​ ប្រសិន​បើ​គាត់​ព្រម​ធ្វើការ​នៅ​លើ​ទូក​នេសាទ​ថៃ។​

ទុក្ខវេនា​ក្នុង​ជីវិត​របស់​ធិន ​សៀងលី​បាន​ចាប់​ផ្ដើម​ពី​ពេល​នោះមក។​

គាត់​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ឯកសារ​ផ្លូវ​ច្បាប់​សម្រាប់​ឆ្លងកាត់​ព្រំដែន​ទៅ​ប្រទេស​ថៃ​ទេ។ ​គាត់​ឆ្លង​ព្រំដែន​តាម​ប៉ោយប៉ែត​នៅ​ពេល​យប់។ ​គាត់​ដើរ​ជាមួយ​មនុស្ស​រាប់​សិប​នាក់​ផ្សេង​ទៀត​ដែល​ដឹកនាំ​ដោយ​ឈ្មួញ​កណ្តាល​ចេញ​ពី​ទីក្រុង​ប៉ោយប៉ែត​សំដៅ​ប្រទេស​ថៃ។ ​បន្ទាប់​ពី​ដើរ​ជា​មួយ​ក្រុម​របស់​ពួក​គាត់​បាន​ប្រហែល​ជាងមួយ​ម៉ោង​ មាន​រថ​យន្ដ​ក្រុង​មួយ​មក​ដឹក​យក​ពួក​គេ​ទៅ​កាន់​ទូក​នេសាទ។ ​គាត់​ត្រូវ​បាន​គេ​បាន​គេ​សន្យា​ថា ​នឹង​ទទួល​បាន​ប្រាក់​ខែ​ចំនួន​៦០០០​បាត​ប្រលែល​១៧៨​ដុល្លារ​ក្នុង​មួយ​ខែ។​

​បន្ទាប់​មក​ពួក​គាត់ត្រូវ​គេ​បញ្ជូន​ទៅ​សមុទ្រ​ដែល​នៅ​ទី​បំផុត​បាន​មក​ដល់​កោះ​ Benjina​ នៃ​ឈូង​សមុទ្រ​ឥណ្ឌូនេស៊ី។ ​នៅ​ថ្ងៃ​ខ្លះ​គាត់​ឃើញ​ទូក​យ៉ាង​ហោច​ណាស់​១០​គ្រឿង​នៅ​លើ​ផ្ទៃ​ទឹក​សមុទ្រ។ ​ពេល​ខ្លះ​ទៀត គាត់​ឃើញ​ទូក​មាន​រហូត​ដល់​ប្រហែល​៤០​គ្រឿង។​ ភាគ​ច្រើន​នៃអ្នក​នេសាទ​ដែល​នៅ​លើ​ទូក​គឺ​ជា​ជនជាតិ​ភូមា។ ​អ្នក​នេសាទ​នៅ​លើ​ទូក​របស់​គាត់​មាន​ប្រហែល​២០​នាក់​ជា​ជន​ជាតិ​ខ្មែរ​ និង​ប្រហែល​១០​នាក់​ទៀត​ជា​ជនជាតិ​ថៃ។ ​ពួក​គេ​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ធ្វើ​ការងារ​ទាំង​យប់​ទាំងថ្ងៃ​ឥត​ឈប់​ឈរ។​ ពួក​គេ​ចេញ​ទៅ​សមុទ្រ​ដើម្បី​ធ្វើការនេសាទ​ម្តងៗ​ពី​បី​ទៅ​បួន​ខែ។​ នៅ​ថ្ងៃល្អ ពួក​គេចាប់​ត្រី​បាន​ច្រើន​ ហើយ​ធិន ​សៀងលី​ត្រូវជួយ​រាយ​សំណាញ់​ចេញ​ និង​ទាញ​សំណាញ់​ចូល​វិញ។​

គាត់​តែង​សួរ​ប្រធាន​ក្រុម​ជា​ញឹកញាប់​អំពី​ប្រាក់​ខែ​ដែល​គាត់​ត្រូវ​ទទួល​បាន ​ហើយ​ត្រូវ​បាន​មេ​ក្រុម​របស់​គាត់​បាន​ប្រាប់​ថា ​លុយ​នឹង​ត្រូវ​បញ្ជូន​ទៅ​ផ្ទះ​របស់​គាត់​នៅ​ពេល​ក្រោយ។​ ប្រធាន​ក្រុម​បាន​និយាយ​ថា ​ធ្វើ​បែប​នេះ​អាច​ការពារ​លុយ​របស់​គាត់​កុំ​ឲ្យ​គេ​លួច។ ​ប្រធាន​ក្រុម​បាន​ប្រាប់​គាត់​ថា ​កិច្ច​សន្យា​ការងារ​របស់​គាត់​នឹង​ត្រូវ​ចប់​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ ​ហើយ​គាត់​នឹង​ទទួល​បាន​ប្រាក់​របស់​គាត់​ទាំង​អស់។​

ក្រោយ​មក​ ធិន​ សៀងលី​នឹក​អ្នក​ផ្ទះ​របស់​គាត់​ជា​ខ្លាំង ​ហើយ​គាត់​ធុញ​ទ្រាន់​នឹង​ការ​ធ្វើ​ការងារ​ធ្ងន់​រយៈ​ពេល​យូរ។ ​នៅ​ពេល​ដែល​គាត់​សុំ​ប្រធាន​របស់​គាត់​ទៅ​ផ្ទះ​ម្តង​ទៀត​ គាត់​ត្រូវ​ប្រធាន​របស់​គាត់​បាន​ប្រាប់​ថា ​គាត់​មិន​អាច​ទៅ​ផ្ទះ​វិញ​បាន​ទេ។ ​ប្រធាន​ក្រុម​បាន​ប្រាប់​គាត់​ថា​ គាត់​មាន​តម្លៃ​ថ្លៃ។​

ធិន ​សៀងលី​បាន​ចាប់​ផ្តើ​ម​បាត់​បង់​ក្តី​សង្ឃឹម។ ​ថ្ងៃ​មួយ​នៅ​ក្នុង​ឆ្នាំ​២០១២​ គាត់​ត្រូវ​បាន​បុរស​ជនជាតិ​ខ្មែរ​ដូច​គ្នា​ម្នាក់​វាយ​ដំ​យ៉ាង​ខ្លាំង​ ដែល​ធ្វើ​ឲ្យគាត់​បែក​ក្បាល។ នៅ​លើ​ទូក​នោះ​មិន​មាន​គ្រូពេទ្យ​ទេ ​ហើយ​មុខ​របួស​របស់​គាត់​ត្រូវ​ទុក​ឲ្យជា​សះ​ស្បើយ​ដោយ​ខ្លួន​ឯង។​ ដោយ​ធិន​សៀងលី​ខ្លាច​ត្រូវ​គេ​សម្លាប់​នៅ​លើ​ទូក​នោះ​ គាត់​ក៏​បាន​សម្រេច​ចិត្ត​គេច​ខ្លួន។​ យប់​មួយ​គាត់​បាន​ចាក​ចេញ​ពី​ទូក​នេសាទ​របស់​គាត់។ ​គាត់​បាន​សូម​ប្រធាន​ក្រុម​ទូកនេសាទ​មួយ​ផ្សេង​ទៀត​ដែល​ឲ្យគាត់​ធ្វើ​ការ​នៅ​លើ​ទូក​គេ។​
ប្រធាន​ក្រុម​ថ្មី​ចិត្ត​ល្អ​ជាង​ប្រធាន​ក្រុម​ចាស់។ ​ប្រធាន​ថ្មី​បាន​ផ្តល់​លុយ​ឲ្យគាត់​ជា​រៀង​រាល់​បី​ឬ​បួន​ខែ​ម្តង ​នៅ​ពេល​ដែល​ទូក​របស់​ពួក​គេ​ចូល​ច្រាំង។

ធិន​សៀងលី​និយាយ​ថា​ ក្រុម​នាវិកនៅលើកទូកនេះ​ក៏​ជា​«មនុស្ស​ដែល​ត្រូវ​គេ​ជួញ​ដូរ​ផង​ដែរ»។​

តែ​គាត់​បាន​បន្ថែម​ថា ​ក្រុម​នេះ​ «ធូរស្រាល​ជាង​ក្រុមមុន» ។

ក្រុម​នាវិក​នេះ​ពេល​ខ្លះ​ត្រូវ​គេ​ជេរ​ប្រទេច​ ប៉ុន្តែ​មិន​ត្រូវ​បាន​គេ​វាយ​ដំ​នោះ​ទេ។​ ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ​ ធិន ​ស៊ាងលី​តែង​តែ​ចង់​រត់​គេច​ខ្លួន។​ គាត់​បាន​និយាយ​ថា​ «ខ្ញុំ​ចង់​រត់។ ​ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា ​ត្រូវ​រត់​ទៅ​កន្លែង​ណា។ ​ខ្ញុំ​មិន​មាន​សង្ឃឹម​ទាល់​តែ​សោះ​ថា ​ខ្ញុំ​នឹង​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​វិញ»។​

បន្ទាប់​ពី​មាន​របាយ​ការណ៍​កាល​ពី​ដើម​ឆ្នាំ​ស្តីពី​ធ្វើ​អាជីវកម្ម​ដែល​មាន​លក្ខណៈ​ដូច​ជា​ទាសករ​ដែល​បាន​កើត​ឡើង​នៅ​ឆ្នេរ​សមុទ្រ​ប្រទេស​ឥណ្ឌូនេស៊ី​នោះ​ ប្រទេស​នេះ​បាន​ចាត់​វិធានការ​បង្ក្រាប​ការ​ធ្វើ​អាជីវកម្ម​ទាំង​នេះ។ ​នៅខែ​ឧសភា​ អាជ្ញាធរ​នៅ​លើ​កោះ​តូច​មួយ​ ដែល​ជា​កន្លែងអ្នក​នេសាទ​ជា​ច្រើនស្នាក់ បាន​ផ្តល់​ឱកាស​ឱ្យ​ពួកគេត្រឡប់​ទៅ​ផ្ទះ​វិញ​។ ​ធិនស៊ាងលី​ក៏នៅ​ក្នុង​ចំណោមនោះ​ដែរ។​ អ្នក​នេសាទ​ប្រមាណ​៣០០​នាក់​ត្រូវ​បាន​សង្គ្រោះ។​

ធិន ស៊ាងលី​បាន​ជួបជុំ​ជាមួយ​គ្រួសារ​របស់​គាត់​វិញ។ ​ឪពុក​របស់​ធិន ស៊ាងលី​គឺ​លោក​ហៃ ​ក្លូវ ​អាយុ​៤៥​ឆ្នាំ​ជា​កសិករ​ ដែល​នៅ​ជំពាក់​ប្រាក់​ធនាគារ​ដោយសារ​ការ​សង់​ផ្ទះ​ថ្មី​នេះ​ បាន​និយាយ​ថា ​លោក​សប្បាយ​ចិត្តដែល​បានឃើញ​កូន​របស់​គាត់​ត្រឡប់​មក​ផ្ទះ​វិញ។ ​លោក​បាន​និយាយ​ថា៖ ​«នៅ​ពេល​ខ្ញុំ​ឃើញ​កូន​ខ្ញុំ​ ​ខ្ញុំ​មាន​ការ​រំភើប​ណាស់​ដែល​ខ្ញុំ​មិន​អាច​រក​ពាក្យ​និយាយ​ចេញ»។​

ធិន សៀងលីបច្ចុប្បន្ន​នេះ​ធ្វើ​ការ​នៅ​រោង​ចក្រ​មួយ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។ ​គាត់​អាច​រក​ប្រាក់​បាន​១២៨​ដុល្លារ​ក្នុង​មួយ​ខែ។ ​ធិន​ សៀងលី​នៅ​តែ​ស្រមៃ​ថា​ គាត់​នឹង​ក្លាយ​ជា​អ្នក​បើក​បរ។​ គាត់​និយាយ​ថា​ គាត់​មាន​ជំនាញ​ថ្មី។ ​

«ខ្ញុំ​អាច​និយាយ​ភាសា​ថៃ​បាន​ខ្លះ»៕