លោក Arash Azizi អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ New York ដែលស្ថិតនៅឆ្ងាយពីស្រុកកំណើតរបស់លោកនៅក្នុងប្រទេសអ៊ីរ៉ង់ បាននិយាយថា៖ «ខ្ញុំមានសង្ឃឹមខ្លះៗ។ យើងមើលឃើញពីការក្រោកឈរឡើងរបស់ក្រុមមនុស្សដែលត្រូវគេជិះជាន់»។
លោកបានបន្ថែមថា៖ «ប៉ុន្តែខ្ញុំមានការបារម្ភច្រើនជាងមានក្ដីសង្ឃឹម»។បាតុកម្មដោយសន្តិវិធីភាគច្រើនអាចក្លាយជាការប៉ះទង្គិចគ្នាហើយគូប្រជែងរបស់ប្រទេសអ៊ីរ៉ង់កំពុងតែចាំមើលឲ្យរដ្ឋមួយនេះចុះខ្សោយ។ នេះបើយោងតាមការបញ្ជាក់របស់លោក Reza Marashi ប្រធានផ្នែកស្រាវជ្រាវនៃក្រុមប្រឹក្សាជាតិអ៊ីរ៉ង់អាមេរិកាំង (National Iranian American Council)។
បាតុកម្មដោយសន្តិវិធីភាគច្រើនអាចក្លាយជាការប៉ះទង្គិចគ្នាហើយគូប្រជែងរបស់ប្រទេសអ៊ីរ៉ង់កំពុងតែចាំមើលឲ្យរដ្ឋមួយនេះចុះខ្សោយ។ នេះបើយោងតាមការបញ្ជាក់របស់លោក Reza Marashi ប្រធានផ្នែកស្រាវជ្រាវនៃក្រុមប្រឹក្សាជាតិអ៊ីរ៉ង់អាមេរិកាំង (National Iranian American Council)។
លោក Reza Marashiបាននិយាយថា ក្រុមបាតុករកំពុងទាមទារឲ្យបញ្ចប់ «ការគ្រប់គ្រងមិនត្រឹមត្រូវ អំពើបក្ខពួកនិយម និងអំពើពុករលួយ» ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ពួកគេបានអំពាវនាវឲ្យរដ្ឋាភិបាលដួលរលំ។
ខុសពីបាតុកម្មទ្រង់ទ្រាយធំកាលពីឆ្នាំ ២០០៩ ប្រឆាំងនឹងការបោះឆ្នោតដែលគេយល់ថាមិនស្របច្បាប់នោះ ចលនាបាតុកម្មលើកនេះគឺមិនមានអ្នកដឹកនាំច្បាស់លាស់នោះទេ ហើយជាទូទៅ ក្រុមសកម្មជនដែលធ្លាប់និយាយឥតសំចៃមាត់នៅក្នុងប្រទេសអ៊ីរ៉ង់ បែរជាសម្ងំនៅស្ងៀមទៅវិញ។
បាតុកម្មក្នុងឆ្នាំ ២០០៩ កើតឡើងអស់រយៈពេលជាច្រើនខែ ប៉ុន្តែនៅទីបំផុតត្រូវបានបង្ក្រាបដោយកងកម្លាំងសន្តិសុខ។ មនុស្សជាច្រើនពាន់នាក់ត្រូវបានចាប់ខ្លួននិងជាច្រើននាក់ទៀតត្រូវបានសម្លាប់ ហើយលទ្ធផលបោះឆ្នោតបានត្រូវគេទទួលស្គាល់។
លោក Reza Marashi បាននិយាយថា បាតុកម្មនាពេលថ្មីៗនេះបានទាក់ទាញហ្វូងមនុស្សតិចតួចប៉ុណ្ណោះ ប៉ុន្តែបានធ្វើឡើងនៅតាមទីក្រុង និងទីប្រជុំជនជាច្រើន។
ការប្រកួតប្រជែងរវាងអ៊ីរ៉ង់និងអារ៉ាប៊ីសាអ៊ូឌីត
ប្រទេសអ៊ីរ៉ង់ត្រូវបានជាប់ពាក់ព័ន្ធក្នុងសង្គ្រាមជាមួយនឹងប្រទេសអារ៉ាប៊ីសាអ៊ូឌីតដែលបង្កឡើងដោយប្រទេសមហាអំណាច ក្នុងប្រទេសស៊ីរី និងយេមែន ក៏ដូចជាជាប់ពាក់ព័ន្ធនឹងក្នុងការផ្តល់ជំនួយជាថវិកាដល់ក្រុម Hezbollah ដែលជាក្រុមយោធារបស់ប្រទេសលីបង់ និងជាសត្រូវស៊ីសាច់ហុតឈាមរបស់អ៊ីស្រាអែល។ ប្រទេសអ៊ីរ៉ង់ក៏ជាតួអង្គសំខាន់មួយនៅក្នុងប្រទេសអ៊ីរ៉ាក់ផងដែរ ហើយនយោបាយផ្ទៃក្នុងរបស់អ៊ីរ៉ង់អាចនឹងមានផលប៉ះពាល់ដល់តំបន់មជ្ឈិមបូព៌ាស្ទើរតែទាំងមូល។
ក្នុងចំណោមការឈឺចាប់ទាំងឡាយរបស់ក្រុមបាតុករអ៊ីរ៉ង់ ការឈឺចាប់មួយគឺថា ថវិកាជាច្រើនលើសលុបត្រូវបានបញ្ជូនចេញទៅក្រៅប្រទេស ខណៈពេលដែលប្រជាជនកំពុងតែអត់ឃ្លាននៅក្នុងប្រទេស។
កាលពីពីរឆ្នាំមុន ភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់ និងប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានផ្ទុះឡើង ហើយមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់បានចោទប្រកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសថាមានការពាក់ព័ន្ធជាមួយនឹងការតវ៉ាទាំងនោះ។
លោក Mark Fitzpatrick នាយកប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ IISS ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក បាននិយាយថា៖ «នេះគឺជាការអះអាងភ្លីភ្លើ ដោយគ្មានការពិតជាមូលដ្ឋាន។ វាគួរឲ្យចង់សើចណាស់ ដោយសារតែប្រទេសអារ៉ាប៊ីសាអ៊ូឌីតមានឥទ្ធិពលតិចតួចប៉ុណ្ណោះនៅក្នុងប្រទេសអ៊ីរ៉ង់។»
កាលពីពេលថ្មីៗនេះ ក្រុមបាតុករអ៊ីរ៉ង់ក៏បានចាប់ផ្ដើមទាមទារឲ្យមានការដួលរលំរដ្ឋាភិបាលរបស់ពួកគេ ដូចជាស្រែកថា៖ «ស្លាប់ទៅមេដឹកនាំផ្ដាច់ការ!» និង«បព្វជិតគួរតែចេញឲ្យបាត់ទៅ!» ជាដើម។ ក្នុងចំណោមគូប្រជែងសំខាន់ៗរបស់អ៊ីរ៉ង់ ករណីនេះបានបង្កឲ្យមានការទស្សន៍ទាយ ឬប្រហែលជាការរំពឹងទុកដែលថា រដ្ឋាភិបាលអ៊ីរ៉ង់នឹងដួលរលំ។
សម្រាប់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតវិញ ចំណុចនេះអាចមានន័យថានឹងមានការផ្លាស់ប្ដូរអំណាចក្នុងតំបន់មជ្ឈិមបូព៌ា ដោយធ្វើឲ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីតមានឥទ្ធិពលខ្លាំងនៅក្នុងតំបន់ ស្របពេលដែលឥទ្ធិពល និងសមត្ថភាពរបស់ប្រទេសអ៊ីរ៉ង់នៅក្នុងការដោះស្រាយជម្លោះនៅក្នុងតំបន់បានថយចុះ។ នេះបើយោងតាមការបញ្ជាក់របស់លោក Khaled Almaeena អ្នកវិភាគនយោបាយនិងប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអ៊ូឌីតក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
លោកបាននិយាយថា៖ «ប្រទេសអ៊ីរ៉ង់បានលូកដៃចូលក្នុងកិច្ចការរបស់ប្រទេសផ្សេងៗទៀតអស់រយៈពេលជាយូរមកហើយ»។
ការគំរាមកំហែងនៃអំពើហិង្សាសម្រាប់អនាគតមិនជាក់លាក់មួយ
ប្រសិនបើអតីតកាលជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញពីអនាគតកាល នោះការតវ៉ាទាំងនេះទំនងជាអាចឈានទៅរកការបង្ក្រាបដោយប្រើអំពើហិង្សាប្រសិនបើការតវ៉ាទាំងនេះនៅតែបន្តធ្វើ។ នេះបើយោងតាមការបញ្ជាក់របស់លោក Arash Azizi នៃសាកលវិទ្យាល័យ New York University។ ស្របពេលដែលក្រុមបាតុករកាន់តែច្រើនបានបង្ហាញឆន្ទៈក្នុងការប្រឈមនឹងគ្រោះថ្នាក់ដែលអាចប៉ះពាល់ដល់រូបរាងកាយរបស់ពួកគេដើម្បីឲ្យសម្រេចបាននូវគោលបំណងរបស់ពួកគេនោះ គេនៅមិនទាន់ឃើញជម្រើសផ្សេងណាមួយលេចឡើងជំនួសឲ្យរដ្ឋាភិបាលបច្ចុប្បន្ននេះទេ។
លោកបាននិយាយថា៖ «អ្នកខ្លះបាននិយាយថា ប្រសិនបើយើងចង់ផ្ដួលរំលំប្រទេសអ៊ីរ៉ង់ ដែលជាសាធារណរដ្ឋឥស្លាមមួយនេះ ខ្ញុំនឹងចូលរួមមុនគេ។ ប៉ុន្តែតើនឹងមានអ្វីកើតឡើងបន្ទាប់ពីនេះ?»
អំពើហិង្សានៅតាមដងផ្លូវក្នុងប្រទេសអ៊ីរ៉ង់ក៏អាចបង្កឲ្យមានការកើនឡើងនៃការប៉ះទង្គិចគ្នានៅផ្នែកផ្សេងៗទៀតក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការបញ្ជាក់របស់អ្នកស្រី Josepha Ivanka Wessels អ្នកស្រាវជ្រាវជាន់ខ្ពស់មួយរូបនៃសាកលវិទ្យាល័យ Lund ក្នុងប្រទេសស៊ុយអែត។
អ្នកស្រីបានសរសេរនៅក្នុងព្រឹត្តិបត្រ The Conversation ដែលជាព្រឹត្តិបត្រស្រាវជ្រាវមួយ យ៉ាងដូច្នេះថា៖ «ការបង្ហូរឈាមដ៏ធំដែលធ្វើឡើងក្រោមដៃរបស់រដ្ឋអាចនឹងកើតឡើង ហើយប្រសិនបើវាកើតឡើងមែន ឥទ្ធិពលនៃបញ្ហាដែលកើតឡើងជាបន្តបន្ទាប់អាចបង្កើតឲ្យមានស្ថានការណ៍ងាយនឹងផ្ទុះមួយផ្សេងទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលជាតំបន់ពោរពេញដោយចលាចលនិងគ្រោះថ្នាក់រួចទៅហើយ»។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋអ៊ីរ៉ង់ភាគច្រើនមានក្ដីសង្ឃឹមថា ការតវ៉ាទាំងនេះនឹងជំរុញឲ្យមានការផ្លាស់ប្ដូរពិតប្រាកដតាមគ្រប់មធ្យោបាយទាំងអស់។ នេះបើយោងតាមការបញ្ជាក់របស់លោក Arash Azizi។
លោកបាននិយាយថា៖ «ប្រជាពលរដ្ឋអ៊ីរ៉ង់ចោទជាសំណួរថា តើពួកគេនឹងបន្តរក្សាទុករបបដឹកនាំដ៏ចម្លែកនេះរហូតដល់ពេលណា ដោយហេតុថារបបនេះបានជញ្ជក់ឈាម និងទ្រព្យសម្បត្តិរបស់ពួកគេដើម្បីបន្តដង្ហើមរស់នៅរបស់ខ្លួននោះ»។
ការផ្លាស់ប្តូរពិតប្រាកដមែនទេ?
ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ដែលជាទូទៅត្រូវបានគេមើលឃើញថាជាអ្នកដែលត្រូវបានប្រជាពលរដ្ឋជ្រើសរើសតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ បានចេញមុខនិយាយការពារសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការបង្ហាញការឈឺចាប់របស់ពួកគេ ប៉ុន្តែមិនសូវបានផ្ដល់តម្លៃដល់ចលនាបាតុកម្មនោះទេ។
លោកបានប្រាប់សមាជិករដ្ឋសភាអ៊ីរ៉ង់កាលពីដើមខែមករាថា៖ «ប្រទេសជាតិដ៏អស្ចារ្យរបស់យើងធ្លាប់បានឆ្លងកាត់ព្រឹត្តិការណ៍ស្រដៀងគ្នានេះជាច្រើនដងច្រើនសាររួចមកហើយ និងបានដោះស្រាយជាមួយនឹងហេតុការណ៍ទាំងនោះបានយ៉ាងងាយស្រួល។ ដូច្នេះ ការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋអ៊ីរ៉ង់លើកនេះគឺជារឿងដែលអាចដោះស្រាយបានយ៉ាងងាយស្រួល»។
មេដឹកនាំអ៊ីរ៉ង់ដទៃទៀតបានសង្កត់ធ្ងន់ថា ទោសប្រហារជីវិតនឹងត្រូវអនុវត្តចំពោះមនុស្សមួយចំនួនដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការតវ៉ានេះ។
អ្នកវិភាគមួយចំនួនបាននិយាយថា ប្រសិនបើក្រុមអ្នកតវ៉ាមិនត្រូវបានបង្អាក់ដោយការគំរាមកំហែងបែបនេះ និងកង្វះការដឹកនាំបែបផ្សេងនោះទេ នោះទោះបីជាការតវ៉ានេះនៅតែបន្តធ្វើទៅមុខក៏ដោយ ក៏វាមិនមានលទ្ធផលអ្វីភ្លាមៗនោះដែរ។
លោក Mark Fitzpatrick បាននិយាយថា៖ «របបដឹកនាំរបស់អ៊ីរ៉ង់នាពេលបច្ចុប្បន្ននេះគ្រប់គ្រងទាំងស្រុងលើកងកម្លាំងសន្តិសុខ ប្រព័ន្ធតុលាការ បណ្តាញទំនាក់ទំនង និងប្រភពអំណាចផ្សេងៗទៀត។ កន្លងមក របបដឹកនាំនេះត្រូវបានបង្វឹកឡើងវិញឲ្យអនុវត្តអំណាចទាំងអស់នេះ ប៉ុន្តែរបបនេះនឹងមិនស្ទាក់ស្ទើរក្នុងការធ្វើដូច្នេះឡើយ ប្រសិនបើការតវ៉ាទាំងនោះរីកដុះដាលរហូតដល់ចំណុចមួយដែលពួកគេអាចយល់ថាជាការគំរាមកំហែងដល់ការគ្រប់គ្រងអំណាចរបស់របបនេះ»។
លោក Reza Marashi នៃក្រុមប្រឹក្សាជាតិអ៊ីរ៉ង់អាមេរិកាំង បាននិយាយថា នៅក្នុងបរិបទនៃការតស៊ូផ្ទៃក្នុងរយៈពេលវែងរបស់ប្រទេសអ៊ីរ៉ង់ដើម្បីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ការតវ៉ាទាំងនេះមានសារៈសំខាន់ណាស់។
លោកបានបន្ថែមថា៖ «ប្រជាពលរដ្ឋអ៊ីរ៉ង់តស៊ូដើម្បីប្រជាធិបតេយ្យ មិនមែនដើម្បីបដិវត្តន៍នោះទេ»៕
ប្រែសម្រួលដោយ ទុំ ម្លិះ