អ្នកស្រី Carolina Morales ដែលបានផ្លាស់ប្តូរទៅរស់នៅក្នុងទីក្រុងNew York កាលពីខែមករាជាមួយស្វាមីរបស់អ្នកស្រី បានមកលេងទីក្រុងដែលបានប្រឈមនឹងព្យុះដោយគ្មានការរំពឹងទុកនេះ។ អ្នកស្រីបានថ្លែងក្នុងសម្តីដើមថា៖
«រដ្ឋតិចសាស គឺដូចជាផ្ទះរបស់ខ្ញុំអីចឹង ដូច្នេះពេលឃើញរដ្ឋនេះ ប្រឈមនឹងគ្រោះដូចនេះ វាធ្វើឲ្យខ្ញុំឈឺចាប់»។
អ្នកស្រី Morales នៅតែរក្សាទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយនឹងទីក្រុង Houston ជាពិសេស កូនស្រីរបស់អ្នកស្រីអាយុ៤ឆ្នាំ បានរស់នៅក្នុងទីក្រុងនោះស្ទើតែពេញមួយឆ្នាំនេះ។ អតីតស្វាមីរបស់អ្នកស្រី ដែលត្រូវជាឪពុករបស់កូនស្រីអ្នកស្រីនេះ គឺជាមន្រ្តីប៉ូលិសធ្វើការតាមផ្លូវ សហការជាមួយក្រុមជួយសង្គ្រោះ និងយាមល្បាត ដើម្បីរារាំងមិនឲ្យឧក្រិដ្ឋជនចូលលួចទ្រព្យសម្បត្តិ ឬធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតពលរដ្ឋ។
នៅក្នុងបទសម្ភាសន៍មួយដែលបានធ្វើនៅសណ្ឋាគារ Holiday Garden Inn នៅភាគខាងជើងទីក្រុងHouston ទីកន្លែងដែលក្រុមគ្រួសាររបស់អ្នកស្រីកំពុងតែស្នាក់នៅបន្ទាប់ពីផ្ទះរបស់ម្តាយអ្នកស្រីត្រូវទឹកជន់លិច អ្នកស្រី Moralesថ្លែងបន្តក្នុងសម្តីដើមថា៖
«ខ្ញុំព្រួយបារម្ភអំពី អតីតប្តីរបស់ខ្ញុំ ដោយសារតែកូនរបស់ខ្ញុំ។ នាងដឹងអំពីបញ្ហាដែលកំពុងកើតឡើង ហើយនាងបានសួរអំពីឪពុករបស់នាង»។
អ្នកស្រី Morales ថ្លែងថា មន្រ្តីទទួលបន្ទុកផ្នែកសុវត្ថិភាពសាធារណៈត្រូវបានដាក់ពង្រាយ ហើយពួកគេធ្វើការ ១២ម៉ោង ក្នុងមួយថ្ងៃ ជួនកាលយូរជាងនេះទៅទៀត ដោយប្រឈមនឹងគ្រោះថ្នាក់ចំពោះខ្លួនឯងផងដែរ គ្រាដែលពួកគេព្យាយាមស្វែងរកមនុស្សដើម្បីជួយសង្គ្រោះ។
អ្នកស្រី Morales ថ្លែងទៀតថា៖
«ខ្ញុំបានសួរគាត់អំពី មនុស្សដែលប្លន់អ្នកដែលត្រូវការជំនួយ ហើយនឹងសួរគាត់ថា តើពួកគាត់នឹងត្រូវដោះស្រាយបញ្ហាហ្នឹង យ៉ាងដូចម្តេច»។
មកដល់ត្រឹមព្រឹកថ្ងៃពុធ ទី៣០ ខែសីហាកន្លងទៅនេះ ប៉ូលិសនៅក្នុងទីក្រុង Houston បានចាប់ចោរប្លន់ប្រដាប់អាវុធ និងចោរលួចរបស់ចំនួន ១៤នាក់។
មន្រ្តីក្រុងបានអនុវត្តបម្រាមគោរចរ ពីពាក់កណ្តាលអាធ្រាត រហូតដល់ម៉ោង៥ព្រឹក ដើម្បីព្យាយាមរារាំងកុំឲ្យមានអំពើឧក្រិដ្ឋកើតឡើង។
ទឹកជន់លិចនេះ ក៏នាំឲ្យមានអំពើសប្បុរស និងភាពធម៌មេត្តាផងដែរ។ សមាជិកសហគមន៍ បានផ្តល់ជំនួយទឹកស្អាត ភួយ សម្លៀកបំពាក់ និងសម្ភារៈផ្សេងទៀតដែលអ្នកដែលជម្លៀសខ្លួនត្រូវការ។
អ្នកស្រី Cheryl Meissner ដែលជាអ្នកស្ម័គ្រចិត្ត និងជាអ្នកសម្របសម្រួលជនភៀសខ្លួននៅក្នុងជម្រកក្នុងតំបន់មួយបានថ្លែងថា «យើងបើកបានតែ២៤ម៉ោងប៉ុណ្ណោះ យើងបានទទួលជំនួយច្រើនជាងតម្រូវការសម្រាប់ប្រើប្រាស់ជាច្រើនសប្តាហ៍។ វាជារឿងអស្ចារ្យណាស់ ដែលសហគមន៍ បានឆ្លើយតបនឹងតម្រូវការបានល្អដូចនេះ»។
កាលពីថ្ងៃអង្គារកន្លងទៅនេះ មន្រ្តីក្រុង បានបើកកីឡាដ្ឋានHouston Toyota Center ជាទីជម្រកបន្ទាន់ ដើម្បីទទួលមនុស្សដែលរងប៉ះពាល់ដោយសារព្យុះនេះ គ្រាដែលមជ្ឈមណ្ឌជម្រកសម្រាប់គ្រាមានអាសន្នឈ្មោះ George R. Brown បានពេញហួសចំណុះ។ មជ្ឈមណ្ឌលនេះអាចដាក់មនុស្សបាន ៥. ០០០នាក់ ហើយឥឡូវនេះ មជ្ឈមណ្ឌលនេះដាក់មនុស្សលើសចំណុះរបស់ខ្លួនទ្វេដង។
ទីភ្នាក់ងារព័ត៌មាន Associated Press បានរាយការណ៍ថា ម្ចាស់ក្រុមកីឡាបាល់បោះ Houston Rockets លោក Les Alexander អនុញ្ញាតិឲ្យគេប្រើប្រាស់ទីកន្លែងហាត់សមរបស់ក្រុមកីឡារបស់លោក ហើយបានឧបត្ថម្ភប្រាក់ ១០ លានដុល្លារដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
ការឆ្លើយតបរបស់សហគមន៍ពោរពេញដោយសាមគ្គីភាពនេះ ធ្វើឲ្យនិស្សិតLesbia Torres រំជួលចិត្ត។ នាងបានស្ម័គ្រចិត្តធ្វើការនៅវិទ្យាល័យWestfield High School ដែលឥឡូវនេះប្រែក្លាយទៅជាទីផ្តល់ម្ហូបអាហារជាបណ្តោះអាសន្ន ហើយក៏ជាទីដែលពលរដ្ឋអាចមកទទួលជំនួយផ្នែកពេទ្យ និងជាជម្រកសម្រាប់សត្វចិញ្ចឹមផងដែរ។ សាលារៀននេះ ស្ថិតនៅក្នុងសង្កាត់Harris ដែលមិនសូវមានសាជីកម្ម ហើយដែលស្ថិតនៅភាគជើងទីក្រុង Houston។
នាង Lesbia Torres ថ្លែងថា នាងមើលឃើញថា ការឆ្លើយតបរបស់អ្នកស្ម័គ្រចិត្តជាភ័ស្តុតាងមួយបង្ហាញថា ទីក្រុងរបស់នាងនឹងស្តារឡើងវិញ។
នាង Torres ថ្លែងក្នុងសម្តីដើមថា៖
«ទីក្រុងHouston នឹងងើបផុតពីគ្រោះនេះ រដ្ឋតិចសាសក៏អីចឹងដែរ។ យើងមិនមែនគ្រាន់តែធ្វើការងារបានអស្ចារ្យនៅក្នុងរដ្ឋដ៏ធំធេងនេះទេ យើងក៏មានចិត្តល្អអស្ចារ្យដែរ។