សហគមន៍​បុរី​កីឡា​ទទូច​ឱ្យ​សាលាក្រុង​ស្វែង​រក​ដំណោះ​ស្រាយ​ឱ្យ​បាន​ឆាប់

អ្នក​ស្រី ​ទេព វន្នី (កណ្តាល) អ្នក​ភូមិ​បឹងកក់​មួយ​រូប​​ប្រ​ទាញ​ប្រទង់​ជាមួយ​ក្រុម​ប៉ូលីស​ ក្នុង​អំឡុង​​ការ​តវ៉ា​​​មួយ​កាល​ពី​ខែ​មិថុនា។

ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ដាក់​សម្ពាធ​បន្ថែម​ទៀត​ឱ្យ​អាជ្ញាធរក្រុង​រក​ដំណោះស្រាយ​សម្រាប់​អ្នក​ភូមិ​បុរី​កីឡា​ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​ជម្រក​នៅ​ហ្នឹង​កន្លែង។

ក្រុម​ប្រជាពលរដ្ឋមក​ពីសហគមន៍បុរី​កីឡា​ដែល​គាំទ្រ​ដោយ​សហគមន៍​ផ្សេង​ៗ​ទៀត​ដូចជា​សហគមន៍​បឹងកក់​និង​ថ្ម​គោល​សរុប​ប្រហែល​១០០​នាក់​បាន​នាំ​គ្នាដើរ​ដង្ហែរ​ញត្តិពី​សហគមន៍​ខ្លួន​ទៅកាន់​សាលា​ក្រុង​ភ្នំពេញ។ ញត្តិ​នោះ​ទាមទារ​ឱ្យ​ក្រុមហ៊ុន ​ផាន អ៊ីមិច ​របស់​អ្នក​ស្រី ស៊ុយ សុផាន​ គោរព​តាម​កិច្ច​សន្យារបស់​ខ្លួន​ជាមួយក្រុម​ប្រជាពលរដ្ឋ ​ដោយ​សន្យាសាងសង់​សំណង់១០​អគារ​សម្រាប់​ពលរដ្ឋ​នៅ​ទីនោះ​ជា​ថ្នូរនឹង​ការទទួល​បានសិទ្ធិ​អភិវឌ្ឍន៍​នៅ​តំបន់​បុរីកីឡា​នេះ។ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​សាងសង់​តែ៨​អគារ​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យពលរដ្ឋ​ជាង​៦០​គ្រួសារពុំ​មាន​លំនៅដ្ឋាន។

លោក ពេជ្រ លឹមឃុន ​តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​សហគមន៍​បុរីកីឡា ​បាន​ដាក់​កំហិតរយៈពេល​១​សប្តាហ៍​ដើម្បី​ឱ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ឆ្លើយតប​នឹង​សំណូម​ពរ​របស់​ពួកគេ។

«ថ្ងៃ​នេះ​គោល​បំណង​របស់​អ្នក​ភូមិ​បុរី​កីឡា​គឺ​ដើម្បី​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​ដោះស្រាយ​ជា​បន្ទាន់។ ប៉ុន្តែ​លើក​នេះ​ខ្ញុំ​សូម​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត ​គឺ​ខ្ញុំ​ទុក​ពេល​ឱ្យ​គាត់​១​អាទិត្យ​ទេ ​ផាត់​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​ទៅ​សល់​៥​ថ្ងៃ ​ត្រូវ​តែ​មាន​ដំណោះស្រាយ​ឱ្យ​ពួកខ្ញុំ។ បើ​មិន​ឃើញ​ទេ ​ខ្ញុំ​នឹង​មក​ដាក់​ចង្រ្កាន ដាក់​ឆ្នាំង​នៅ​កន្លែង​នេះ ​ព្រោះ​កន្លែង​នេះ​ស្អាត​ជា​នៅ​បុរីកីឡា»។

ក្រុម​ប្រជាពលរដ្ឋ​នៃ​សហគមន៍​ក្រីក្រ​ទាំង​នេះរួ​មមាន​ទាំង​មនុស្ស​ចាស់​និង​កុមារ​តូច​ៗត្រូវ​បាន​រារាំង​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ជា​ច្រើន​កន្លែង។

មុន​នឹង​ពួកគេ​ទៅ​ដល់​សាលា​រាជធានី​ភ្នំពេញ ​នៅ​ទីនោះ​ ពួកគេ​បាន​បិទ​ផ្លូវ​ព្រះ​មុនី្នវង្សមួយ​រយៈពេល​ខ្លី ​ដោយ​សារ​មិន​ទទួល​បាន​ដំណោះស្រាយ ​ប៉ុន្តែ​ក្រោយ​មក​ពួកគេ​ត្រូវ​បានកង​រាជ​អាវុធហត្ថ​ប្រដាប់​ដោយ​ខែល​និង​ដំបង​ប្រហែល​១០០​នាក់​បាន​រុញ​ច្រាន​ពួកគេ​ឱ្យ​ចេញ​ពី​ផ្លូវ​នេះ ​ប៉ុន្តែ​ការ​បង្ក្រាប​នេះ​មិន​បាន​បណ្តាល​ឱ្យ​មាន​របួស​ធ្ងន់ធ្ងរ​ទេ។

បន្ទាប់​មក ​ក្រុម​បាតុករនៅ​តែ​បន្ត​ស្រែក​ទាមទារ​នៅ​ខាង​មុខ​សាលា​ក្រុង ​រហូត​ទាល់​តែ​លោក ឃួន ស្រេង ​អភិបាល​រង​ក្រុង​ភ្នំពេញចេញ​មក​ទទួល​ញត្តិ​ពី​បាតុករ ​ប៉ុន្តែ​លោកមិន​បានធ្វើ​អត្ថាធិប្បាយ​ណា​មួយ​ទេ ​ដោយ​គ្រាន់​តែ​ថ្លែង​ថា​លោក​គ្រាន់​តែ​ត្រូវ​បាន​ចាត់​តាំង​មក​ទទួល​ញត្តិ​តែ​ប៉ុណ្ណោះ។

លោក​ប៉ា សុជាតិវង្ស​ អភិបាល​ក្រុង​ភ្នំពេញ​ថ្មី ​បាន​សន្យា​រក​ដំណោះស្រាយ​ជូនពលរដ្ឋ​រងគ្រោះ​ដែល​នៅ​សេសសល់​ទាំងនោះឱ្យ​បាន​មុន​ថ្ងៃ​បោះឆ្នោត ​ប៉ុន្តែ​មក​ទល់​ពេល​នេះ​គេពុំ​ទាន់​ឃើញ​មាន​ចំណាត់​ការ​ជា​វិជ្ជមាន​ណា​មួយ​នៅ​ឡើយ​ទេ។



កាល​ពី​សប្តាហ៍​មុន ​គឺ​នៅ​ចំ​ថ្ងៃ​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភពលោក ក្រុម​សហគមន៍​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​បង្ខំ​បាន​ដាក់​ញត្តិ​មួយ​រួច​មក​ហើយ​នៅ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​រំឭក​ឱ្យ​មាន​ដំណោះស្រាយ​ដល់​ពួកគេ។ លោក កើត ឆែ នាយក​រដ្ឋ​បាល​សាលា​ក្រុង​ភ្នំពេញ បាន​សន្យា​ថា​នឹង​ផ្តល់​ចម្លើយ​ដល់​ពួកគេ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ​តែ​រហូត​មក​ទល់​ពេល​នេះ ​ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា​មិន​ទាន់​បាន​ទទួល​ចម្លើយ​តប​នៅ​ឡើយ​ទេ។

លោក អំ សំអាត ​ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស ​លីកាដូ ​ដែល​បាន​ចុះ​ទៅ​អង្កេតការណ៍​ផ្ទាល់ ​ស្នើឱ្យរដ្ឋាភិបាល​ពន្លឿន​ចំណាត់​ការ​លើ​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ។​

«អ្នក​បុរី​កីឡា​ឥឡូវ​នេះ​កាន់​តែ​វេទនា​ទៅ​ដោយ​សារ​តែ​ខែ​ភ្លៀង ​គាត់​រស់នៅ​ក្រោម​តង់​រហែក ​គំនរ​សំរាម ​អញ្ចឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​គាត់​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ ទើប​ពួកគាត់​សម្រេច​ចិត្ត​មក​ដាក់​ញត្តិ​ឱ្យ​លោក​អភិបាលក្រុង។ ការ​ដែល​បិទ​ផ្លូវ​នេះ​ពួកគាត់និយាយ​ថា​ពួកគាត់​អត់​ចង់​ទេ ប៉ុន្តែ​ពួកគាត់​មិន​ដឹង​ធ្វើ​ម៉េច​ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​លោក​អភិបាល​ក្រុង​ក៏​ដូចជា​រដ្ឋាភិបាល​ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ពួកគាត់។ យើង​សង្ឃឹម​ថា​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​ដោះស្រាយ​បញ្ហា​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ»។​

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញស្នើមិនធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​សារ​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​គ្រប់ជ្រុង​ជ្រោយ​ដោយ​រង់​ចាំ​ពិភាក្សា​ជាមួយ​ថ្នាក់​លើរបស់​លោក​សិន៕