ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នកភូមិ​បឹងកក់​ហែ​ក្បួន​ទាមទារ​យុត្តិធម៌​សម្រាប់​សកម្មជន​ដី​ធ្លី​យ៉ោម បុប្ផា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកភូមិ​បឹងកក់​​​ហែ​ក្បួន​ទាមទារ​​​យុត្តិធម៌​សម្រាប់​​​សកម្មជន​​​ដីធ្លី​ជាប់​ពន្ធនាគារ

ភ្នំពេញ៖ ក្រុម​អ្នកភូមិ​បឹងកក់​និង​បុរីកីឡា​បាន​នាំគ្នា​ដើរ​ដង្ហែជាក្បួន​នៅ​តាម​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ជាថ្មី​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​ការពារ​ដីធ្លី​គឺ​អ្នក​ស្រី​យ៉ោម បុប្ផា។ អ្នក​ស្រី យ៉ោម បុប្ផា​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ក្រោម​បទចោទ​ប្រកាន់​ថា ​បាន​បង្ក​អំពើ​ហិង្សា​ទៅ​លើ​អ្នក​រត់​ម៉ូតូ​ឌុបពីរ​នាក់​កាល​ពី​ឆ្នាំ​មុន។​

ក្រុម​អ្នក​ភូមិ​បឹងកក់​និង​បុរីកីឡា​បាន​ហែក្បួន​តវ៉ា​នៅ​ពីមុខ​តុលាការ​កំពូល​ក្នុង​រាជធានី​ភ្នំពេញ​ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​អង្គារ​ទី​១០​ខែ​កញ្ញា​នេះ​ដើម្បី​ទាម​ទារឲ្យ​មាន​ការ​ដោះលែង​អ្នក​ស្រី យ៉ោម បុប្ផា​ចេញ​ពី​ពន្ធនាគារ។

បន្ទាប់​ពី​ឈរ​ស្រែក​ទាមទារ​យុត្តិធម៌​សម្រាប់​អ្នក​ស្រី​យ៉ោម បុប្ផា​មួយ​សន្ទុះ​មក ​ក្រុម​អ្នក​តវ៉ា​ក៏​បាន​នាំ​គ្នា​ដើរ​ដង្ហែ​ក្បួន​តាម​មហាវិថី​ព្រះ​នរោត្តម ឆ្ពោះ​ទៅ​ការិយាល័យ​សហ​ភាព​អឺរ៉ុប​ ដោយ​បាន​ទម្លុះរបាំង​នៃ​កង​កម្លាំង​អាជ្ញាធរ​ដែល​បានព្យាយាម​រារាំង​ពួក​គេ​មិន​ឲ្យ​ទៅដល់​គោល​ដៅ​ដែល​ស្ថិត​នៅ​ជិត​ផ្ទះ​របស់​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន​នៅ​ក្បែរ​វិមាន​ឯករាជ្យ​នោះ។​

សុង ស្រីលាប​គឺ​ជា​តំណាង​ម្នាក់​របស់​ក្រុម​អ្នក​តវ៉ា​ទាំង​នេះ។​

«ក្នុង​នាម​ពួក​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​រងទុក្ខ​ ហើយ​ដោយ​សារ​សហគមន៍​អឺរ៉ុបគឺ​ជា​ប្រទេស​មួយ​ប្រជាធិបតេយ្យ​ ក៏​ជា​ប្រទេស​ផ្តល់​ជំនួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​គោរព​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ​ ពួក​ខ្ញុំ​ត្រូវ​មក​ទី​នេះ​ដើម្បី​ឲ្យ​គាត់​ជំរុញ​ឲ្យរដ្ឋា​ភិបាល​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជាធិបតេយ្យ​ដោយ​ផ្តល់​យុត្តិធម៌សម្រាប់​អ្នក​ស្រី​យ៉ោម បុប្ផា»។​

រហូត​មក​ដល់​ពេលនេះ អ្នក​ស្រី​យ៉ោម បុប្ផា​បាន​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង​១​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៣​ឆ្នាំ ក្រោម​បទ​ចោទ​ប្រកាន់​ថា​ អ្នក​ស្រី​បាន​បង្ក​ហិង្សា​ទៅលើ​អ្នក​រត់​ម៉ូតូឌុប​ពីរ​នាក់​កាល​ពី​ឆ្នាំ​មុន។​

ប៉ុន្តែ​ក្រុម​អ្នក​តវ៉ា​ដែល​រួម​មាន​ទាំង​កូន​ប្រុស​និង​ស្វាមី​របស់​អ្នក​ស្រី​ផង​នោះ ​អះអាងថា​ ការ​កាត់​ទោស​អ្នក​ស្រី​យ៉ោម បុប្ផា​គឺ​ដើម្បី​បំបាក់​ស្មារតី​របស់​ក្រុម​អ្នកភូមិ​ដែល​ហ៊ាន​ងើប​ឡើង​តវ៉ា​ប្រឆាំង​នឹង​ការ​បណ្តេញ​ពួក​គេ​ចេញ​ពី​លំនៅដ្ឋានដោយ​បង្ខំ​តែ​ប៉ុណ្ណោះ។​

លោក​លួស សាខន​គឺ​ជា​ស្វាមី​របស់​អ្នកស្រី យ៉ោម បុប្ផា។​

«ត្រូវ​តែ​ដោះ​លែង​អ្នក​ស្រី​យ៉ោម បុប្ផា​ជា​បន្ទាន់!»​

តំណាង​ពីរ​រូប​របស់​ក្រុម​អ្នក​តវ៉ាត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​មន្ត្រី​សហភាព​អឺរ៉ុប​ ដើម្បី​ផ្ញើរ​សារ​នៃ​ការ​ទាមទារ​របស់​ពួក​គេ។​

អ្នក​ស្រី​ទេព វន្នី ដែល​ជា​ជ័យ​លាភី​រង្វាន់​ភាព​ជា​អ្នក​ដឹកនាំ​សកល​របស់​អង្គការ​Vital Voices​គឺ​ជា​អ្នក​ដឹកនាំ​ក្រុម​អ្នក​តវ៉ា​នេះ។​

«អម្បាញ់​ម៉ិញ​នេះ គាត់​ឲ្យ​ជួប​ជាមួយ​តំណាង​របស់​គាត់​សិន​ដើម្បី​កុំ​ឲ្យ​ប្រជាជន​រង់ចាំ​យូរ​ ហេវបាយ។ ហើយ​តំណាង​របស់​គាត់​នឹង​ពាំ​នាំ​សារ​របស់​ពួក​ខ្ញុំ​ទៅ​ដល់​អគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប ហើយ​អគ្គ​រដ្ឋ​ទូត​នឹង​រក​ពេល​វេលា​និង​ថ្ងៃ​ណាមួយ​ជួប​ពួក​ខ្ញុំ​ផ្ទាល់​ទៀត»។​

ក្រុម​អ្នក​តវ៉ា​ក៏​បាន​ដើរ​ដង្ហែក្បួន​ឆ្ពោះ​ទៅ​ធនាគារ​ពិភពលោក​ផង​ដែរ​ ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​ស្ថាប័ន​នេះ ឲ្យ​ជួយ​រក​យុត្តិធម៌​សម្រាប់​អ្នក​ស្រី​យ៉ោម បុប្ផា។​

ប៉ុន្តែ​មន្ត្រី​នៃ​ស្ថាប័ន​ទាំង​ពីរ​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ទៅ​តាម​សំណើ​សុំ​របស់​ក្រុម​អ្នក​តវ៉ា​នោះ​ទេ ដោយ​ពួក​គេ​និយាយ​ថា ពួក​គេ​ត្រូវ​ឆ្លង​ថ្នាក់​ដឹកនាំ​នៃ​ស្ថាប័នរបស់​ពួក​គេ​រៀងៗ​ខ្លួន​ជាមុន​សិន។​

យ៉ាង​ណាក៏ដោយ ក្រុម​អ្នក​តវ៉ា​និយាយ​ថា ការកាត់​ទោស​ក្នុង​ករណីអ្នក​ស្រី​យ៉ោម បុប្ផា​គឺ​ខុស​គ្នា​ស្រឡះ​ពី​ការ​កាត់​ទោស​ក្នុង​ករណី​លោក​ឈូក បណ្ឌិត​អតីត​អភិបាល​ក្រុង​បាវិត​ ដែល​បាន​បាញ់​កម្មការិនី​ឲ្យ​រង​របួស​ចំនួន​បីនាក់ ប៉ុន្តែ​នៅ​តែ​អាច​មាន​សេរីភាព​រហូត​មក​ដល់​សព្វថ្ងៃ។​

ដូច្នេះ​ក្រុម​អ្នក​តវ៉ា​ទាំង​នេះ​អះអាង​ថា ពួកគេ​នឹង​នៅ​តែ​បន្ត​ការ​ទាមទារ​របស់​ខ្លួន​ត​ទៅ​ទៀត​ រហូតទាល់​តែ​អ្នកស្រី​យ៉ោម បុប្ផាត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៕
XS
SM
MD
LG