លោកមហាសេដ្ឋីចលនទ្រព្យ Donald Trump ប្រហែលជាបានទទួលសន្លឹកឆ្នោតគាំទ្រគ្រប់គ្រាន់នៅក្នុងការបោះឆ្នោតបឋមនានាដើម្បីទទួលបានការជ្រើសតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ ប៉ុន្តែលោកទំនងជាមិនទទួលបានការគាំទ្រពីថ្នាក់ដឹកនាំគណបក្សនោះទេ។
លោក Paul Ryan ប្រធានសភាដែលជាមុខតំណែងខ្ពស់បំផុតរបស់គណបក្សសាធារណរដ្ឋបានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា លោកនៅមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីគាំទ្រលោក Trump ជាបេក្ខជនប្រធានាធិបតីអាមេរិកនៅឡើយទេ។ កាលពីមុន លោក Ryan បានរិះគន់លោក Trump ចំពោះការដែលលោក Trump និយាយថា ប្រសិនបើលោកមិនទទួលបានការជ្រើសតាំងជាបេក្ខជនប្រធានាធិបតីទេនោះ អ្នកគាំទ្ររបស់លោកប្រហែលជាធ្វើកុបកម្មនៅសមាជបក្សខាងគណបក្សសាធារណរដ្ឋនៅខែកក្កដាខាងមុខនេះ។
លោក Ryan បានមានប្រសាសន៍លើកញ្ចក់ទូរទស្សន៍ CNN ថា «ខ្ញុំសង្ឃឹមថានឹងគាំទ្រដល់បេក្ខជនប្រធានាធិបតីរបស់យើង។ ខ្ញុំសង្ឃឹមថានឹងគាំទ្របេក្ខភាពរបស់លោកទាំងស្រុង។ ប៉ុន្តែឥឡូវនេះ ខ្ញុំនៅមិនទាន់គាំទ្រគាត់ទាំងស្រុងនៅឡើយទេ»។
ហើយលោក Trump បានឆ្លើយតបថា «ខ្ញុំនៅមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការគាំទ្ររបៀបវារៈរបស់លោកប្រធានសភា Ryan នៅឡើយទេ។ ប្រហែលជានៅពេលអនាគត យើងអាចនឹងសហការគ្នានិងព្រមព្រៀងគ្នាអំពីអ្វីដែលល្អបំផុតសម្រាប់ប្រជាជនអាមេរិក»។
យោងតាមកាសែត Wall Street Journal សមាជិកគណបក្សសាធារណរដ្ឋចំនួនតែ១២នាក់ប៉ុណ្ណោះក្នុងចំណោមសមាជិកទាំងអស់ចំនួន៣០០នាក់ដែលបម្រើការនៅក្នុងសភានិងព្រឹទ្ធសភា និងសមាជិកគណបក្សសាធារណរដ្ឋចំនួន៣១នាក់ទៀតដែលជាអភិបាលរដ្ឋ គាំទ្រមហាសេដ្ឋីចលនទ្រព្យនៅរដ្ឋ New York មួយនេះ។
អតីតប្រធានាធិបតីអាមេរិក២រូបរបស់គណបក្សសាធារណរដ្ឋ គឺលោក George H.W. Bush និងកូនរបស់គាត់គឺលោក George W. Bush បាននិយាយថា ពួកគេនឹងមិនពាក់ព័ន្ធនឹងយុទ្ធនាការឃោសនាបោះឆ្នោតក្នុងឆ្នាំ២០១៦នេះទេ ហើយពួកគេក៏នឹងមិនផ្តល់មតិយោបល់អ្វីនោះដែរ៕