ប្រធានរដ្ឋសភាអាមេរិកលោក Mike Johnson បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងព្យាយាមជំរុញឱ្យអនុម័តជំនួយពេលសង្គ្រាមសម្រាប់ប្រទេសអ៊ីស្រាអែលនៅក្នុងសប្ដាហ៍នេះ ខណៈពេលលោកព្យាយាមធ្វើកិច្ចការដ៏លំបាកក្នុងការធ្វើយ៉ាងណាឱ្យរដ្ឋសភាអនុម័តកញ្ចប់ជំនួយសន្តិសុខជាតិដែលរួមមានទាំងជំនួយសម្រាប់ប្រទេសអ៊ុយក្រែននិងសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ីផងដែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោក Johnson ដែលតំណាងរដ្ឋ Louisiana មកពីគណបក្សសាធារណរដ្ឋ កំពុងរងសម្ពាធនយោបាយដ៏ធំមហិមារបស់សមាជិករដ្ឋសភាខាងបក្សសាធារណរដ្ឋដទៃទៀត នៅពេលលោកព្យាយាមទាញរវាងការគាំទ្រខ្វែងគំនិតគ្នារបស់សមាជិកគណបក្សសាធារណដ្ឋសម្រាប់ការជួយអ៊ុយក្រែនការពារខ្លួនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។
លោក Johnson បានខកខានអស់ ២ ខែមកហើយក្នុងការលើកយកមកបោះឆ្នោតនូវសំណើច្បាប់មួយដែលមានជំនួយបន្ថែមចំនួន ៩៥ ពាន់លានដុល្លារសម្រាប់ផ្ដល់ការគាំទ្រដល់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ផ្ដល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិលនៅអ៊ុយក្រែននិងតំបន់ហ្កាហ្សា (Gaza) និងផ្ដល់ការបំពេញឡើងវិញនូវសព្វាវុធរបស់អាមេរិកដែលផ្ដល់ឱ្យតៃវ៉ាន់។
ការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែលកាលពីព្រឹកថ្ងៃអាទិត្យបានបង្កើនបន្ថែមទៀតនូវសម្ពាធលើលោក Johnson ប៉ុន្តែក៏ផ្ដល់ឱ្យលោកផងដែរនូវឱកាសក្នុងការសង្កត់ធ្ងន់អំពីភាពបន្ទាន់នៅក្នុងការអនុម័តកញ្ចប់ថវិកាសន្តិសុខជាតិនេះ។
លោក Chuck Schumer មេដឹកនាំគណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភា ដែលជាគណបក្សសំឡេងភាគច្រើន បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យជាមួយនឹងសមាជិកកំពូលៗនៃគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យនៅរដ្ឋសភានិងព្រឹទ្ធសភា ដែលក្នុងនោះរួមទាំងលោក Johnson ផងដែរ។
លោក Schumer ដែលតំណាងរដ្ឋ New York បាននិយាយកាលពីថ្ងៃអាទិត្យថា មានការឯកភាពគ្នា «ក្នុងចំណោមមេដឹកនាំទាំងអស់ថា យើងត្រូវតែជួយអ៊ីស្រាអែលនិងអ៊ុយក្រែន ហើយឥឡូវនេះសង្ឃឹមថាយើងអាចធ្វើការលើរឿងនេះនិងសម្រេចលើរឿងនេះនៅសប្ដាហ៍ក្រោយ»៕