សភាអាមេរិកបានអនុម័តសេចក្តីសម្រេចកំណត់អំណាចរបស់ប្រធានាធិបតីក្នុងការធ្វើសង្គ្រាមកាលពីថ្ងៃព្រហស្បតិ៍ដែលនឹងតម្រូវឱ្យលោកប្រធានាធិបតី ដូណាល់ត្រាំ សុំការយល់ព្រមពីសភាមុនពេលធ្វើសកម្មភាពយោធាប្រឆាំងអ៊ីរ៉ង់។
ការសម្រេចនេះមានសំឡេងគាំទ្រ២២៤ ទល់នឹង១៩៤ ដោយមានសំឡេងគណបក្សសាធារណរដ្ឋមួយចំនួនតូចប៉ុណ្ណោះសម្រេចស្របតាមគណបក្សប្រជាធិបតេយ្យដែលមានសំឡេងភាគច្រើន។
សេចក្តីសម្រេចនេះគឺជាប្រតិកម្មដោយផ្ទាល់របស់សភាចំពោះការសម្លាប់ឧត្តមសេនីយ៍កំពូលរបស់អ៊ីរ៉ង់គឺលោក Qassem Soleimani កាលពីសប្តាហ៍មុន។
សមាជិកសភាគណបក្សប្រជាធិបតេយ្យជាច្រើននិងសមាជិកសភាគណបក្សសាធារណរដ្ឋមួយចំនួនបាននិយាយថា ពួកគេមិនពេញចិត្តទាំងស្រុងជាមួយនឹងការពន្យល់របស់រដ្ឋបាលលោក ត្រាំ អំពីមូលហេតុសម្លាប់លោក Soleimani នៅពេលនេះទេ។
លោក Hogan Gidley អ្នកនាំពាក្យសេតវិមានបានហៅសេចក្តីសម្រេចកាលពីថ្ងៃព្រហស្បតិ៍ថា ជាការ«បំភ័ន្តភ្នែកនិងគួរឲ្យអស់សំណើច»។
លោកនិយាយថា៖ «សេចក្តីសម្រេចរបស់សភាគឺព្យាយាមធ្វើឱ្យអន្តរាយដល់សមត្ថភាពរបស់កងកម្លាំងអាមេរិកក្នុងការទប់ស្កាត់សកម្មភាពភេរវកម្មដោយអ៊ីរ៉ង់ និងគូកន ហើយជាការប៉ុនប៉ងរារាំងសិទ្ធិអំណាចរបស់ប្រធានាធិបតីដែលការពារអាមេរិកនិងផលប្រយោជន៍របស់យើងនៅក្នុងតំបន់ឲ្យរួចផុតពីការគំរាមកំហែងជាបន្តបន្ទាប់»។
ទោះបីសេចក្តីសម្រេចកាលពីថ្ងៃព្រហស្បតិ៍មិនមានអំណាចដាច់ណាត់ក៏ដោយ ក៏ប្រធានសភាលោកស្រី Nancy Pelosi បាននិយាយនៅមុនពេលបោះឆ្នោតនោះថា សេចក្តីសម្រេចនេះមាន «ធ្មេញពិតប្រាកដ» មានន័យថា មានអំណាច។
លោកស្រី បានមានប្រសាសន៍ថា «វាគឺជាសេចក្តីសម្រេចរបស់សភាសហរដ្ឋអាមេរិក។ វានឹងការពារអាយុជីវិតនិងគុណតម្លៃរបស់ជនជាតិអាមេរិក»។ សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយចំនួនរបស់លោក ត្រាំ នៅក្នុងសភាបាននិយាយថា សេចក្តីសម្រេចនេះគ្មានន័យទេ ហើយវានឹងមិនដាក់កំហិតអំណាចរបស់ប្រធានាធិបតីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឡើយ៕