សភា​អាមេរិក​​អនុម័ត​ច្បាប់​លើ​យានយន្ត​បើកបរ​ដោយ​ខ្លួន​ឯង

រូបឯកសារ៖ រថយន្ត​បើក​ដោយ​ខ្លួន​ឯង​របស់​ក្រុមហ៊ុន Google ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​សន្និសីទ I/O របស់​ក្រុមហ៊ុន​នេះ​នៅ​ក្រុង Mountain View រដ្ឋ​ California។

តំណាងរាស្រ្ត​នៅ​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​សំណើ​ច្បាប់​មួយ​សម្រាប់​ការ​ដាក់​ឲ្យ​ប្រើប្រាស់​រថយន្ត​បើក​ដោយ​ខ្លួន​ឯង និង​រារាំង​បណ្តា​រដ្ឋ​នានា​ពី​ការ​ដាក់​បម្រាម​នានា​លើ​រថយន្ត​បើកបរ​ដោយ​ខ្លួន​ឯង។

កាលពី​ថ្ងៃ​ពុធ ទី០៧ ខែ​កញ្ញា​កន្លង​ទៅ​នេះ សភា​តំណាងរាស្រ្ត​អាមេរិក​ បាន​អនុម័ត​ច្បាប់​មួយ ដែល​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ ទទួល​បាន​ការ​លើកលែងមួយ ​ដែល​អាច​ឲ្យ​ពួក​គេដាក់​ឲ្យ​ដំណើរការយានយន្ត​រហូត​ដល់​ទៅ ២៥.០០០ គ្រឿង​នៅ​ឆ្នាំ​ដំបូង​ ដោយ​មិន​ចាំ​បាច់​បំពេញ​តាម​និយាម​សុវត្ថិភាព​យានយន្ត ដែល​មាន​នា​ពេល​បច្ចុប្បន្ន។ ចំនួន​រថយន្ត​នេះ​នឹង​កើន​ឡើង​រហូត​ដល់​ ១ សែន​គ្រឿង​ជា​រៀងរាល់​ឆ្នាំ នៅ​ក្នុង​រយៈពេល​បី​ឆ្នាំ​ខាង​មុខ។ ក្រុមហ៊ុន​ផលិត​រថយន្ត​ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្សេងៗ រួម​មាន​ក្រុមហ៊ុន General Motors Co និង Waymo ដែល​ជាផ្នែក​ខាង​បង្កើតយានយន្ត​បើកបរ​ដោយ​ខ្លួន​ឯង​របស់​ក្រុមហ៊ុន Alphabet Inc សង្ឃឹម​ថា នឹង​ចាប់​ផ្តើម​ដាក់​ឲ្យ​ប្រើប្រាស់​រថយន្ត​បើក​ដោយ​ខ្លួន​ឯងនៅ​អំឡុង​ឆ្នាំ ២០២០។

រថយន្ត​បើក​ដោយ​ខ្លួន​ឯង​ ធ្លាប់​ត្រូវបាន​គេ​ផលិត​ឡើង​តាំង​ពី​ពេល​មុនៗ​មក។ អាជីវកម្មមួយ​ចំនួន​ក៏​បាន​ចាប់​អារម្មណ៍​លើ​រថយន្ត​ប្រភេទ​នេះ​ដែរ ​ដែល​រួម​មាន​ ក្រុមហ៊ុន Domino's Pizza ដែល​ដឹក​ជញ្ជូន​អាហារ​ទៅ​តាម​ផ្ទះ​របស់​អតិថិជន និង​ពលរដ្ឋ​វ័យ​ចំណាស់​ ដែល​លែង​មាន​លទ្ធភាព​បើកបរ​ដោយ​ខ្លួន​ឯង​បាន​ទៀត។

អ្នកស្រី Mary Roberts នៅ​ក្រុង New Jersey បាន​និយាយ​ថា៖

«នៅ​ពេល​ដែល​ខ្ញុំ​ត្រូវ​ទៅ​ជួប​វេជ្ជបណ្ឌិត ឬ​ទន្ត​ពេទ្យ ឬ​នរណា​ម្នាក់ ខ្ញុំ​ត្រូវ​ផ្តល់​ដំណឹង​ពីរ​សប្តាហ៍​ជា​មុន​ ពី​ព្រោះ​យើង​មិន​មាន អ្នក​បើកបរ (ស្ម័គ្រចិត្ត) គ្រប់គ្រាន់»។

ក្រុមហ៊ុន​រថយន្ត​ធុន​ធំ​ដឹក​ឥវ៉ាន់​ក៏​បានចាប់​អារម្មណ៍​ផង​ដែរ។ ប៉ុន្តែ​ក្រុម​ការពារ​ប្រយោជន៍​អតិថិជន​ ដែល​ចោទសួរ​ពី​សុវត្ថិភាព​នៃ​យានយន្ត​បើក​ដោយ​ខ្លួន​ឯង​ បាន​បង្អាក់​ការ​ដាក់​ឲ្យ​ប្រើប្រាស់នោះ។ ក្រុមហ៊ុន​ផលិត​រថយន្ត​ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្សេងៗ​បាន​អះអាង​ថា​ កាមេរ៉ា កាំរស្មី​ឡេសឺ ប្រដាប់​ចាប់​សញ្ញា sensor រ៉ាដា និង​គ្រឿង​សម្ភារៈ​បច្ចេកវិទ្យា​ខ្ពស់​ដទៃ​ទៀត បាន​ធ្វើ​ឲ្យ​រថយន្ត​បើក​ដោយ​ខ្លួន​ឯង​ មាន​សុវត្ថិភាព​ជាង​រថយន្ត​ទូទៅ។

កាល​ពី​ថ្ងៃ​ពុធ ទី០៧ ខែ​កញ្ញា​ដដែល​នេះ ក្រុម​ឧស្សាហកម្ម​ផលិត​រថយន្តបាន​លុប​ចោល​ឧបសគ្គ​ផ្លូវ​ច្បាប់​ដ៏​ធំ​មួយ​ នៅ​ពេល​ដែល​តំណាងរាស្រ្ត​នៅ​សហរដ្ឋអាមេរិក​បាន​អនុម័ត​យ៉ាង​ស្រប​គ្នា​នូវ​ច្បាប់​មួយ​ ដែលផ្តល់​ការ​អនុញ្ញាត​ដល់​រថយន្ត​បើក​ដោយ​ខ្លួន​ឯង។

​លោក Greg Walden តំណាងរាស្រ្ត​គណបក្ស​សាធារណរដ្ឋ​មួយ​រូប​មក​ពី​រដ្ឋ Oregon បាន​លើក​ឡើង​ពី​សុវត្ថិភាព​ប្រសើរ​ជាង​មុន​សម្រាប់​រថយន្តប្រភេទ​បច្ចេកវិទ្យា​ខ្ពស់​ទាំង​នោះ។ លោក​បាន​មាន​ប្រសាសន៍​ថា៖

«ជាមួយ​នឹង​ចំនួន​ចុងក្រោយ​បង្អស់អ្នក​តាម​ផ្លូវ​ថ្នល់ ​គេ​ត្រូវ​ការ​បច្ចេកវិទ្យា​ ជា​ពិសេស​នា​ពេល​បច្ចុប្បន្ន។ មនុស្ស​ប្រហែល ៤​ម៉ឺន​នាក់​បាន​បាត់បង់​ជីវិត​នៅ​លើ​ផ្លូវ​ថ្នល់​ក្នុង​ប្រទេសយើង​កាល​ពី​ឆ្នាំ​មុន ដែល​ចំនួន​នេះ​តំណាង​ឲ្យ​កំណើន​មួយ​កម្រិត​ទៀត​នៃ​ការ​ស្លាប់​ប្រចាំ​ឆ្នាំ​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។ ហើយ​នៅ​រដ្ឋ​ Oregon របស់​ខ្ញុំ​ផ្ទាល់ ការ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​គឺ​មាន​ខ្ពស់​បំផុត​ក្នុង​រយៈពេល ១៤​ឆ្នាំ​កន្លង​មក​នេះ ដែល​នេះជា​កំណើន ២០​ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន។ ស្ថិតិ​បាន​ប្រាប់​ពួក​យើង​ថា ៩៤​ភាគរយ​នៃ​គ្រោះថ្នាក់​គឺ​ពាក់ព័ន្ធ​នឹង​ឥរិយាបថ​របស់​មនុស្ស។ ​អំឡុង​ពេល​ដែល​យើង​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ​នៅ​ពេល​ព្រឹក​ សូម​មើល​ទៅ​ជុំវិញ​ខ្លួន​ទៅ​បាន​ហើយ។ យើង​ឃើញ​មនុស្ស​ផ្សេងៗ​កំពុង​មើល​ទូរស័ព្ទ​របស់​ពួកគេ​ បើកបរ​នៅ​ជិត​ពួក​យើង ហើយ​កំពុង​ធ្វើ​អ្វី​ផ្សេងៗ»។

ច្បាប់​អនុម័ត​ដោយ​សភា​នេះ​មិន​បានរួម​បញ្ចូល​រថយន្ត​ធុន​ធំ​នោះ​ទេ។

លោក​ Earl Blumenauer តំណាងរាស្រ្តគណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ Oregon បាន​និយាយ​ថា៖

«ការណ៍​ដែល​ថា ការងារ​ជា​អ្នក​បើកបរ​ជា ការងារ​ប្រភេទ​ទី​មួយ​សម្រាប់​បុរស​ ដែល​មិន​បាន​ចូលរៀន​នៅមហាវិទ្យាល័យ ​នេះ​ពិត​ជាបញ្ហា​ហើយ។ ប្រសិន​បើ​យើងមិនបានរៀប​ចំ​ត្រឹមត្រូវ​ទេ​នោះ វា​អាច​បង្ក​ឲ្យ​មាន​ការ​ស្ទះ​ចរាចរណ៍​ ជាជាង​កាត់បន្ថយ​ការ​ស្ទះ​ទៅ​វិញ»។

​ព្រឹទ្ធ​សភាអាមេរិក​កំពុង​តែ​ពិនិត្យ​មើល​សេចក្តី​ព្រាងច្បាប់​ស្រដៀងគ្នា​នេះ ហើយ​ទាំង​សភា​ជាន់ខ្ពស់ និង​សភា​ជាន់​ទាប​ត្រូវ​តែ​ជ្រើសរើស​នូវ​ដំណោះស្រាយ​រួម​គ្នា​មួយ៕

ប្រែសម្រួល​ដោយ​ ណឹម សុភ័ក្រ្តបញ្ញា​