ពួកគណបក្សប្រជាធិបតេយ្យក្នុងសភាតំណាងរាស្រ្ត បានចេញការកោះហៅមន្រ្តីមន្ទីរបញ្ចកោណនិងការិយាល័យថវិការបស់សេតវិមានដែលជាផ្នែកមួយនៃការស៊ើបអង្កេតការប្តឹងទម្លាក់ប្រធានាធិបតីត្រាំចេញពីតំណែងដោយបានសើ្នសុំឯកសារដែលទាក់ទិននឹងការសម្រេចរបស់ប្រធានាធិបតីត្រាំដើម្បីបញ្ឈប់ការផ្តល់ជំនួយយោធាទៅឲ្យប្រទេសអ៊ុយក្រែន។
កាលពីថ្ងៃចន្ទ គណៈកម្មាធិការ៣របស់គណបក្សប្រជាធិបតេយ្យ បានទាមទារឲ្យលោក Mark Esper រដ្ឋមន្រ្តីក្រសួងការពារប្រទេស និងលោក Russel Vought នាយកស្តីទីរបស់ការិយាល័យថវិកានិងការរៀបចំចាត់ចែងប្រគល់ឯកសារនៅថ្ងៃទី១៥ ខែតុលា។
ពួកគណបក្សប្រជាធិបតេយ្យ កំពុងស៊ើបអង្កេតសកម្មភាពរបស់ប្រធានាធិបតីត្រាំនៃការគាបសង្កត់ប្រទេសអ៊ុយក្រែនឲ្យស៊ើបអង្កេតលោក Joe Biden គូប្រជែងខាងគណបក្សប្រជាធិបតេយ្យរបស់លោកនិងលោកHunterដែលជាកូនប្រុសរបស់លោក Biden។ ផ្នែកមួយនៃការស៊ើបអង្កេតនោះ រួមមានការពិនិត្យមើលថាតើការសម្រេចរបស់ប្រធានាធិបតីត្រាំដើម្បីបញ្ឈប់ជំនួយខាងយោធាទៅឲ្យអ៊ុយក្រែនមានជាប់ទាក់ទិនទៅនឹងសំណើរបស់លោកសម្រាប់ការស៊ើបអង្កេតក្នុងក្រុមគ្រួសាររបស់លោក Biden ដែរឬទេ។
ព្រឹត្តិការណ៍នេះ កើតមានឡើងបន្ទាប់ពីព័ត៌មានកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា អ្នកបញ្ចេញព័ត៌មានសម្ងាត់សហរដ្ឋអាមេរិកទី២ បានដាក់ពាក្យបណ្តឹងអំពីសកម្មភាពរបស់រដ្ឋបាលប្រធានាធិបតីត្រាំដែរ។
លោក Mark Zaid ជាមេធាវីដែលតំណាងឲ្យអ្នកបញ្ចេញព័ត៌មានសម្ងាត់ទាំង២ បានបញ្ជាក់ព័ត៌មាននេះប្រាប់ VOA។
ពាក្យបណ្តឹងដែលធ្វើឡើងដោយអ្នកបញ្ចេញព័ត៌សម្ងាត់ទី១ជាអ្វីដែលបានបណ្តាលឲ្យមានការស៊ើបអង្កេតការប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែង៕