ក្រុមមន្រ្តីមួយចំនួនរបស់គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយបង្ហាញការមិនពេញចិត្តទៅនឹងគម្រោងធ្វើសន្និសីទពិភពលោករបស់មន្រ្តីបក្សប្រឆាំងដែលស្និទ្ធនឹងលោក សម រង្ស៊ី ហើយថា អាចនឹងបំផ្លាញគណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងដែលកំពុងជាប់ឃុំក្នុងផ្ទះប្រកាសតាមរយៈមេធាវីថា លោកមិនគាំទ្រសន្និសីទនេះទេ។
សេចក្ដីប្រកាសព័ត៌មានជាភាសាអង់គ្លេសរបស់គណបក្សសង្គ្រោះជាតិ ដែលបានចេញផ្សាយកាលពីខែតុលា និងត្រូវបានចុះហត្ថលេខាដោយតំណាងគណបក្សនៅទូទាំងពិភពលោក រួមមានតំណាងប្រចាំសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី នូវែលសេឡង់ ជប៉ុន អឺរ៉ុប និងកូរ៉េខាងត្បូងជាដើម បានបង្ហាញការឯកភាពគ្នារៀបចំធ្វើសន្និសីទពិភពលោកមួយដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២ខែធ្នូឆ្នាំ២០១៨ នៅទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។
សន្និសីទនោះនឹងមានថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិរាប់រយនាក់ អ្នកវិភាគសង្គម និងនយោបាយ តំណាងសហគមន៍ តំណាងអង្គការសង្គមស៊ីវិលនៅជុំវិញពិភពលោក រួមទាំងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ (CNRM) ផង ក្នុងគោលបំណង«កំណត់យុទ្ធសាស្ត្រនយោបាយក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ»។
ក្រោយពីមានការប្រកាសពីគម្រោងធ្វើសន្និសីទពិភពលោកនោះ មេធាវីរបស់លោក កឹម សុខា ដែលបានជួបលោកនៅដើមសប្តាហ៍នេះ បានប្រាប់អ្នកសារព័ត៌មានថា លោក កឹម សុខាមិនគាំទ្រការធ្វើសន្និសីទពិភពលោកដែលគ្រោងនឹងធ្វើឡើងនាដើមខែធ្នូនេះទេ។
អ្នកស្រី ម៉េង សុភារី មេធាវីមួយរូប ក្នុងចំណោមមេធាវីបួនរូបដែលការពារក្តីឲ្យលោក កឹម សុខា បានប្រាប់ VOA នាព្រឹកថ្ងៃព្រហស្បតិ៍នេះថា៖
«ជំហររបស់ឯកឧត្តម កឹម សុខាគឺគាត់មិនគាំទ្រចំពោះការធ្វើសន្និសីទណាមួយនៅឯក្រៅប្រទេសនោះទេ»។
អ្នកស្រីបន្ថែមពីស្ថានភាពសំណុំរឿងរបស់លោក កឹម សុខា យ៉ាងដូច្នេះ៖
«ពេលនេះគឺនីតិវិធីនៅទ្រឹងនៅឡើយ ហើយយើងក៏កំពុងតែរង់ចាំមើលការបិទការស៊ើបសួររបស់ចៅក្រមស៊ើបសួរ ហើយយើងក៏មិនទាន់ដឹងថា តើការបិទការស៊ើបសួរនៅពេលណាដែរ»។
ចំណែកមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងមួយចំនួន ទាំងនៅកម្ពុជា និងនៅក្រៅប្រទេស បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ពួកគេ ដោយបង្ហាញប្រតិកម្មមិនពេញចិត្តទៅនឹងគម្រោងនៃការធ្វើសន្និសីទពិភពលោកនោះ។ មន្រ្តីដែលបង្ហោះសារមិនពេញចិត្តមួយចំនួនរួមមានលោកម៉ៅ មុនីវណ្ណ លោក មុត ចន្ថា លោក សួន សូរីដា កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា លោក ហ៊ីង សុខសាន្ត និងលោក មាជ សុវណ្ណារ៉ា ជាដើម។
លោក សួន សូរីដា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលកំពង់ស្ពឺ ប្រាប់ VOA ថា ការរៀបចំសន្និសីទ ឬសន្និបាតណាមួយ ត្រូវតែស្របទៅតាមលក្ខន្តិកៈគណបក្ស និងត្រូវមានការរៀបចំដោយគណៈកម្មការចំពោះកិច្ចរបស់គណបក្ស។ លោកបន្ថែមថា ការធ្វើសន្និសីទណាមួយដោយឯកឯង មិនស្របនឹងលក្ខន្តិកៈគណបក្ស នឹងធ្វើឲ្យមានបែកបាក់គណបក្ស។
លោកបញ្ជាក់ថា៖
«ការធ្វើទាំងឡាយណាដែលធ្វើទៅតាមចិត្តរបស់ខ្លួន ទៅតាមក្រុមម្ខាង ដូច្នេះហើយដែលជាការធ្វើមិនមានការឯកភាពគ្នាហ្នឹងឯង។ ហើយការដែលធ្វើមិនមានឯកភាពគ្នាហ្នឹងហើយដែលនាំឲ្យមានការមិនទទួលស្គាល់នៃភាគីម្ខាងទៀត ហើយដែលនាំឲ្យឈានទៅដល់ការបោះពាក្យសម្តីគ្នាទៅវិញទៅមក ហើយនឹងអាចឈានទៅដល់ការបែកបាក់ក៏អាចថា បាន»។
ចំណែកក្រុមដែលអះអាងថា ខ្លួនតំណាងគណបក្សសង្គ្រោះជាតិប្រចាំប្រទេសបារាំងក៏បានចេញសេចក្តីថ្លែងការណ៍មួយបដិសេធការធ្វើសន្និសីទពិភពលោកនោះ ដោយនិយាយថា វាជាការរៀបចំខុសនឹងលក្ខន្តិកៈរបស់គណបក្ស។ ការរៀបចំសន្និសីទគ្រាន់តែជាការបំពេញមហិច្ឆតារបស់មនុស្សមួយក្រុម ក្នុងការបំផ្លាញគ្រឹះសំណង់របស់គណបក្ស និងបំពានឆន្ទៈសកម្មជន និងអ្នកគាំទ្ររាប់លាននាក់ប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍របស់ក្រុមដែលអះអាងថា ខ្លួនតំណាងគណបក្សសង្គ្រោះជាតិប្រចាំប្រទេសបារាំង ចេញនៅថ្ងៃពុធនេះ បញ្ជាក់ក្នុងន័យដើមថា៖
«គោលបំណងរបស់នៃអ្នករៀបចំ"សន្និសីទ"ខុសច្បាប់បក្សនេះ គឺជាកលល្បិចចង់ជំរុញឲ្យសកម្មជនបក្ស បដិសេធឋានៈ និងតួនាទីជាប្រធានគណបក្សនៃលោកកឹម សុខា និងរំខានដល់ការដោះស្រាយនៃអន្តរជាតិនូវ"បញ្ហាកឹម សុខា និងបក្សសង្គ្រោះជាតិ" នៅកម្ពុជា ដែលនឹងអាចមានការពន្យារពេលវែងឆ្ងាយតទៅទៀត»។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិដែលកំពុងត្រៀមខ្លួនចូលរួមសន្និសីទពិភពលោកនាដើមខែធ្នូនេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយលោកបានបង្វែរឲ្យទៅសួរលោក ប៉ុន សៅរី អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ សហរដ្ឋអាមេរិក និងជាអ្នករៀបចំសន្និសីទនេះ។
VOA ក៏បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីលោក ប៉ុន សៅរី ប៉ុន្តែរហូតមកដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ មិនទាន់មានការឆ្លើយតបនៅឡើយ។
យ៉ាងណាក្តី លោក ប៉ុន សៅរី បានប្រាប់ VOA ក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃអង្គារ ដោយរៀបរាប់ថា សន្និសីទពិភពលោកលើកទី១នៅទីក្រុងអាត្លង់តា រដ្ឋចចា សហរដ្ឋអាមេរិកនេះធ្វើឡើងដើម្បីរិះរកមធ្យោបាយស្តារគណបក្សសង្គ្រោះជាតិ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ លោកបន្ថែមថា វត្តមានរបស់លោក សម រង្ស៊ី ក្នុងសន្និសីទនោះគឺក្នុងនាមជាអ្នកឃ្លាំមើលប៉ុណ្ណោះ។
លោកប្រាប់ថា៖
«លោកប្រធានសម រង្ស៊ី ចំពោះវត្តមានរបស់គាត់នៅសន្និសីទនេះ គឺជាការរួមចំណែកដើម្បីតាមដាននូវដំណើរការនៃការធ្វើសន្និសីទរបស់សាខាគណបក្សសង្គ្រោះជាតិក្រៅប្រទេស ក៏ដូចជាចូលរួមពិនិត្យនូវដំណើរការប្រជាធិបតេយ្យមួយនេះ ហើយក៏ដូចជាដំណើរការនៃការពិភាក្សាដើម្បីរកដំណោះស្រាយ។ យន្តការនៃការធ្វើការងាររបស់យើងដើម្បីជួយជំរុញធ្វើយ៉ាងម៉េចឲ្យគណបក្សសង្គ្រោះជាតិ ក៏ដូចជាឲ្យមានការដោះលែងមេដឹកនាំរបស់យើង»។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានទេ។
គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយកាលពីថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០១៧ ទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។ គណបក្សជំទាស់នេះបានរងការចោទប្រកាន់ថា ឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្នុងថ្ងៃជាមួយគ្នានោះ តុលាការកំពូលក៏បានព្យួរសិទ្ធិរបស់មន្រ្តីគណបក្សប្រឆាំងចំនួន១១៨នាក់ ទាំងអ្នកដែលកំពុងស្ថិតនៅក្នុង និងក្រៅប្រទេស មិនឲ្យធ្វើនយោបាយម្នាក់ៗចំនួន៥ឆ្នាំ។
មន្រ្តីជាន់ខ្ពស់គណបក្សនេះមួយចំនួនធំបានភៀសខ្លួនទៅបរទេស ខណៈលោក សម រង្ស៊ី ដែលស្ថិតនៅបរទេសស្រាប់នាពេលនោះ បានប្រកាសបង្កើតចលនាសង្គ្រោះជាតិ។
មុនបន្តិចនៃការរំលាយគណបក្សប្រឆាំង ដែលជាគណបក្សទទួលបានការគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេសក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំកន្លងទៅ លោក កឹម សុខា ប្រធានគណបក្សនេះក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់ពាក់ព័ន្ធនឹងបទក្បត់ជាតិដូចគ្នា។ បច្ចុប្បន្ន លោក កឹម សុខាកំពុងស្ថិតក្នុងការដាក់ឲ្យឃុំខ្លួនក្នុងផ្ទះ ដោយមានការឃ្លាំមើលពីតុលាការ ក្រោយលោកត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជាង១ឆ្នាំ។
ការរំលាយ និងផាត់បក្សជំទាស់ដ៏ធំនៅកម្ពុជាចេញពីការបោះឆ្នោតថ្នាក់ជាតិ កាលពីថ្ងៃទី២៩ខែកក្កដា បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ទទួលជ័យជម្នះភ្លូកទឹកភ្លូកដី និងគ្រប់គ្រងប្រទេសដោយឯកបក្ស។
ក្រោយការបោះឆ្នោតដោយមិនមានគណបក្សសង្គ្រោះជាតិ សហរដ្ឋអាមេរិកប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះ និងបានព្រមានចាត់វិធានការបន្ថែមលើការបង្កកទ្រព្យសម្បត្តិ និងដាក់ទណ្ឌកម្មទិដ្ឋាការដល់មន្ត្រីកម្ពុជាមួយចំនួនពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។ ចំណែកសហភាពអឺរ៉ុបក៏បានព្រមានដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដោយទុកពេល១២ខែដើម្បីឲ្យរដ្ឋាភិបាលកម្ពុជាស្តារស្ថានភាពប្រជាធិបតេយ្យឡើងវិញ៕