ពេលចេញដំណើរទៅចូលរួមកិច្ចប្រជុំជាមួយមន្ត្រីចិននៅក្រុងប៉េកាំងរយៈពេល២ថ្ងៃ លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាទទួលស្គាល់ថា ប្រទេសកម្ពុជាជាមិត្តជិតស្និទ្ធជាមួយប្រទេសចិន ហើយកម្ពុជាក៏ចង់មានទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយស.រ.អា.ដែរ។ លោកបដិសេធការវិភាគដែលថាទស្សនកិច្ចរបស់លោកទៅប្រទេសចិននេះស្ថិតក្រោមឥទ្ធិពលចិនដែលមិនចង់ឲ្យកម្ពុជាទោរទៅរកស.រ.អា.។
នៅព្រឹកថ្ងៃពុធនេះ លោកប្រមុខការទូតខ្មែរបានចេញដំណើរទៅប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំលើកទី៣នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិន សម្រាប់ការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយមួយ។
លោកប្រាប់អ្នកយកព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា គោលបំណងនៃកិច្ចប្រជុំរវាងលោកនិងមន្ត្រីចិនគឺធ្វើយ៉ាងណាឲ្យជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឡើងដល់៥.០០០លានដុល្លារនៅឆ្នាំ២០១៧។ លោកឲ្យដឹងថា តាមផែនការ ចិននឹងបង្កើនការទិញកៅស៊ូក្រែប ម៉្សៅដំឡូងមី ម្រេចនិងស្ករ។ លោកបន្តថា ចិនមានបំណងជួយឲ្យជីវភាពរបស់ពលរដ្ឋខ្មែរនៅជនបទបានប្រសើរឡើង បង្កើនធនធានមនុស្ស ដោយផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរទៅរៀននៅប្រទេសចិន។
លោកឧបនាយករដ្ឋមន្ត្រីបដិសេធទស្សនៈអ្នកវិភាគដែលថា ប្រទេសចិនអញ្ជើញលោកទៅចូលរួមកិច្ចប្រជុំ ភ្លាមៗក្រោយពីទស្សនកិច្ចរបស់លោក John Kerry រដ្ឋមន្ត្រីការបរទេសស.រ.អា.នេះគឺជាការព្យាយាមមិនឲ្យកម្ពុជាស្និទ្ធនឹងអាមេរិក។
លោក ហោ ណាំហុង អះអាងថា៖
«លោក John Kerry ដែលមកជួបខ្ញុំប៉ុន្មានថ្ងៃនេះថា អាមេរិកមិនឲ្យកម្ពុជារើសចិនឬអាមេរិកទេ។ ហើយខ្ញុំជម្រាបគាត់ពេលនោះថា កម្ពុជាមិត្តនឹងចិន។ អ្នកណាក៏ដឹង។ប៉ុន្តែកម្ពុជាក៏ចង់ជិតស្និទ្ធនឹងអាមេរិកដែរ»។
លោកប្រមុខការទូតកម្ពុជាបានលើកពីទំនាស់ក្នុងតំបន់ ដូចជាបញ្ហាសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។ តែលោកសង្កត់ធ្ងន់ថា កម្ពុជាជារដ្ឋឯករាជ្យអព្យាក្រឹត ហើយនយោបាយការបរទេសរបស់រដ្ឋាភិបាលកម្ពុជាគឺបម្រើផលប្រយោន៍ជាតិខ្លួនឯង និងដើម្បីការអភិវឌ្ឍប្រទេសជាតិ។
លោករដ្ឋមន្ត្រីពន្យល់ថា៖
«អ្នកវិភាគនយោបាយថា កម្ពុជាស្និទ្ធនឹងចិនឆ្ងាយពីស.រ.អា.។ នេះខ្ញុំសូមជម្រាបថាអ្នកណាក៏ដឹងថា ចិននិងជប៉ុនមានទំនាស់នៅសមុទ្រចិនខាងកើត។ កម្ពុជាមានទំនាក់ទំនងយុទ្ធសាស្ត្រជាមួយសាធារណរដ្ឋប្រជាមានិតចិន។ សម្តេចនាយករដ្ឋមន្ត្រីក៏បានស្នើទៅនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ឲ្យមានភាពជាដៃគូយុទ្ធសាស្ត្រដែរ។ ដូច្នេះកម្ពុជាអត់យកចិន និងជប៉ុនដែលឈ្លោះគ្នាទេ។ យើងមានមិត្តភាពនិងយុទ្ធសាស្ត្រដូចគ្នា»។
នៅថ្ងៃពុធនេះដែរ នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គឺ លោកស្រី ចក់ សុភាព បានស្វាគមន៍ជំហររបស់រដ្ឋាភិបាលដែលចង់ធ្វើទំនាក់ទំនងជាមួយស.រ.អា.ជិតស្និទ្ធ ដូចទំនាក់ទំនងកម្ពុជាចិនដែរ។ អ្នកស្រីបានប្រាប់ VOAនៅការិយាល័យរបស់អ្នកស្រីថា ការកសាងទំនាក់ទំនងជិតស្និទ្ធជាមួយស.រ.អា.មិនតម្រូវឲ្យកម្ពុជាបំពេញលក្ខខណ្ឌដែលមានផលអវិជ្ជមានសម្រាប់កម្ពុជាទេ។ អ្វីដែលស.រ.អា.ចង់បានគឺការពង្រឹងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ដែលជារឿងល្អសម្រាប់ប្រទេសកម្ពុជា។
លោកស្រី ចក់ សុភាព ថ្លែងថា៖
«ស.រ.អា.និងប្រទេសសហភាពអឺរ៉ុបមួយចំនួនហ្នឹងគេមានផែនការយុទ្ធសាស្ត្រគេហៅថា បញ្ចូលស្តង់ដារសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យជាដើម ចា៎។ អញ្ចឹងដរាបណាប្រទេសកម្ពុជាយើងព្យាយាមធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហ្នឹងប្រសើរ។ ហើយដូចខ្ញុំបានបញ្ជាក់អញ្ចឹង វាជារឿងវិជ្ជមានដែលប្រទេសកម្ពុជាយើងព្យាយាមងាកទៅរកប្រទេសកាន់លទ្ធិប្រជាធិបតេយ្យដែរចា៎»។
លោកស្រី ចក់ សុភាព បានរំលឹកថា កន្លងមកមន្ត្រីរដ្ឋាភិបាលធ្លាប់បានបង្ហាញការពេញចិត្តថា ជំនួយរបស់ចិនមកប្រទេសកម្ពុជាភាគច្រើន មិនមានដាក់លក្ខខណ្ឌអ្វីទេ។ តែលោកស្រីពន្យល់ថា កម្ពុជាគួរពិនិត្យ ព្រោះថា ថ្វីបើជំនួយរបស់ចិនមិនមានជាប់លក្ខខណ្ឌសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដូចប្រទេសអឺរ៉ុប និងស.រ.អា.មែន តែកម្ពុជាគួរពិនិត្យមើលការវិនិយោគចិននៅកម្ពុជាដែលអាចមានលក្ខខណ្ឌបង្កប់ក្នុងនោះ។
«យើងត្រូវពិនិត្យមើលឲ្យច្បាស់ដែរ។ មិនមានលក្ខខណ្ឌផ្នែកសិទ្ធិមនុស្សប្រជាធិបតេយ្យ តែផ្នែកការទូតមួយចំនួនដូចប្រទេសផ្សេងៗ ដូចជាសហភាពអឺរ៉ុប ស.រ.អា. មែន ប៉ុន្តែយើងឃើញទំនាក់ទំនងផ្សេងទៀត ដូចការដែលចិនគាត់ចូលមកវិនិយោគក្នុងប្រទេសខ្មែរយើងហ្នឹងគឺជាលក្ខខណ្ឌមួយដែលខ្មែរយើងព្យាយាមលាក់បាំង ឬ មិនបានមើលឃើញចា៎។ កន្លែងនេះមួយគឺយើងត្រូវពិចារណាដែរចា៎»។
លោកស្រីរំឭកថា ក្នុងទស្សនកិច្ចរបស់លោកមកកម្ពុជា លោក John Kerry រដ្ឋមន្ត្រីការបរទេសស.រ.អា.បានបញ្ជាក់ពីជំហរនេះយ៉ាងច្បាស់ក្នុងសន្និសីទព័ត៌មាននៅចុងបញ្ចប់ទស្សនកិច្ចរបស់លោក។
«យើងយកចិត្តទុកដាក់ខ្លាំងចំពោះសិទ្ធិមនុស្ស គឺសេរីភាពសាកលហើយនឹងអភិបាលកិច្ចល្អ។ ការរីកចម្រើនក្នុងវិស័យទំាងនេះគឺជាកត្តាសំខាន់ណាស់សម្រាប់ទំនាក់ទំនងទ្វេភាគីរបស់ពួកយើង»។
លោកស្រី ចក់ សុភាព ដែលបានជួបលោកប្រមុខការទូតស.រ.អា.ដែរនោះ បានថ្លែងថា ទស្សនកិច្ចរបស់លោក John Kerry បានបញ្ជាក់ពីគោលជំហររបស់ស.រ.អា.គាំទ្រអង្គការសង្គមស៊ីវិល ដំណើរការលទ្ធិប្រជាធិបតេយ្យ និងធ្វើឲ្យប្រសើរឡើងផ្នែកសិទ្ធិមនុស្ស៕