ស្របពេលប្រទេសកម្ពុជាកំពុងឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ នោះ កសិករមួយចំនួនរំពឹងថា រដ្ឋាភិបាលជាប់ឆ្នោតថ្មី សម្រាប់នីតិកាលទី ៧ នឹងប្រឹងប្រែងជួយកសិករ រឿងបម្រែបម្រួលអាកាសធាតុ និងផ្តល់អន្តរាគមន៍មិនឱ្យឈ្មួញកណ្តាលធ្វើអ្វីស្រេចតែចិត្ត ពាក់ព័ន្ធនឹងការទិញដូរផលិតផលកសិកម្ម។
នៅឯតំបន់វាលស្រែដែលមានព្រំប្រទល់ជាប់និងឃុំវិហារសួគ៌ ក្នុងស្រុកខ្សាច់កណ្តាល កសិករមួយចំនួនបានរអ៊ូរទាំ ចំពោះការចំណាយច្រើនលើថ្លៃបូមទឹក នៅពេលការហួតហែងកើតឡើងក្នុងរដូវវស្សា។
លោក ជ្រួន វែង មើលឃើញពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ក្នុងរយៈពេល ៥ ទៅ ៦ ឆ្នាំចុងក្រោយនេះ។
លោកប្រាប់វីអូអេថា៖ «អាកាសធាតុ អាកាសធាតុ ប្រែប្រួលមេឃ ងងឹតដាបអ៊ីចឹង ហើយអត់ភ្លៀងសោះ ផាត់ ផាត់ ផាត់ ទៅភ្លៀងទន្លេឯណា ស្រុកកើត ស្រុកអីបាត់ទៅ ហ្នឹងទទេរ ឃើញដីសស្គុស អ៊ីចឹង ត្រូវការដាក់ទឹក បាញ់ថ្នាំ ត្រូវប្រើជីទៀត បានបាន»។
កសិករដែលមានទីលំនៅក្នុងឃុំវិហារសួគ៌រូបនេះនិយាយថា នៅពេលភ្លៀងមិនធ្លាក់ខ្លាំងក្នុងតំបន់របស់លោក តម្លៃប្រេងបានបន្តកើនឡើងរហូតដល់១០ ម៉ឺនរៀលក្នុងមួយកាន។
លោកថ្លែងថា៖ «បូមប្រាំ ប្រាំមួយឆ្នាំមកហើយ។ វាអត់មានភ្លៀងសោះ រាំងអត់ទឹក ចេញផុសអ៊ីចឹង ផុសពីក្រោមមកអ៊ីចឹង ដល់ពេលអ៊ីចឹង អត់ចំណេញទេ ទឹកហ្នឹងប្រេងវាថ្លៃ។ រួចទឹកវាអត់សូវចេញផង។ ប្រេងឡើងជាង ១០ ម៉ឺនហើយសព្វថ្ងៃ។ ពីមុនវាបានទឹកភ្លៀងជំនួយ មួយកានតែប្រាំពីរ ប្រាំបីម៉ឺន ឥឡូវឡើង១០ ម៉ឺនហើយ»។
លោកបន្ថែមថា រដ្ឋាភិបាលអាណត្តិក្រោយ គួរគិតគូរអំពីការពង្រីកប្រព័ន្ធធារាសាស្ត្រក្នុងតំបន់ដែលលោករស់នៅ ព្រោះកសិករនឹងបានធូរស្រាលបន្តិច ដោយសារមានប្រភពទឹកគ្រប់គ្រាន់ ដែលអាចជួយកសិករឱ្យកាត់បន្ថយការចំណាយលើថ្លៃប្រេង។
កម្ពុជាមានផ្ទៃដីធ្វើស្រែ ជាង ៣ លានហិកតា នៅទូទាំងប្រទេសសម្រាប់បម្រើដល់កិច្ចការកសិកម្ម។ បញ្ហាអាកាសធាតុប្រែប្រួល ជាបន្ទុកមួយរបស់កសិកររួចទៅហើយ តែការធ្លាក់ចុះតម្លៃស្រូវក៏បានញាំញីជីវភាពរស់នៅរបស់កសិករ។
លោក មឿន រឿន កសិកររស់នៅក្នុងឃុំវិហារសួគ៌ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្រាប់វីអូអេថា កសិករនៅបន្តរងគ្រោះពីការធ្លាក់ចុះតម្លៃស្រូវ ដោយសារតែឈ្មួញកណ្តាលជាអ្នកកំណត់។
លោកថ្លែងថា៖ «ចង់បានដូចថា ឱ្យលោកគាត់ដាក់គោលនយោបាយមកថា ស្រូវឆ្នាំហ្នឹងឱ្យបាន ១ពាន់ គឺ ១ពាន់តែម្តង ហើយឈូក ១គីឡូ ៧ពាន់ គឺឱ្យបាន ៧ពាន់ ហ្មងទៅ! មិនបាច់ចុះ មិនបាច់ឡើង។ ត្រឹមហ្នឹងហ្មងទៅ! ចុះឡើង ពិបាកទទួលយក....ចំណេញឈ្មួញកណ្តាល។ ជី ប្រេង ថ្នាំ គឺថេរ ប្រឈមមុខនឹងថ្លៃ រីឯរបស់កសិករប្រឈមមុខនឹងថោក»។
ស្រដៀងគ្នានេះដែរ លោក ជ្រួន វែង ក្រៅតែពីការបារម្ភចំពោះតម្លៃប្រេងបូមទឹកដែលមិនទាន់ចុះថមថយខ្លាំងនោះ លោកក៏មានកង្វល់ចំពោះការធា្លក់ចុះតម្លៃស្រូវ នៅពេលកសិករចាប់ផ្តើមប្រមូលផល។ លោកស្នើឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ឱ្យបានច្រើនដើម្បីដោះស្រាយបញ្ហាធ្លាក់ថ្លៃស្រូវនេះ និងតម្លៃកសិផលផ្សេងទៀត។
លោកថ្លែងថា៖ «បាទ ជួយគិតគូរមែនទែន ព្រោះប្រេង ជី ថ្នាំ ថ្លៃណាស់ សព្វថ្ងៃនេះ ឱ្យសុំជួយឱ្យស្រូវបានត្រឹម ១ពាន់ចុះ ឱ្យថេរត្រឹម ១ពាន់ទៅស្រូវហ្នឹង ឈូកឱ្យត្រឹម ៨ពាន់ចុះ ព្រោះឈូកវា អានេះវាយើងយកជី យកពូជវាមកព្រួស។ បើឈូកយើងអាចដកពីនោះមកដាំហ្នឹងបាន យើងចាំជាលក្ខណៈគ្រួសារចឹងបាន។ នេះទាល់តែយកស្រូវពូជគេមកធ្វើ»។
ឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់កសិករ ពាក់ព័ន្ធតម្លៃផលិតផលកសិកម្មនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងក្នុងបទសម្ភាសន៍ជាមួយវីអូអេ កាលពីថ្ងៃព្រហស្បតិ៍ថា គណបក្សប្រជាជនកម្ពុជា នៅរក្សាគោលនយោបាយដែលការពារប្រយោជន៍កសិករ ពោលគឺរដ្ឋាភិបាលនឹងជួយជ្រោមជ្រែងឱ្យមានការបង្កើតសមាគមកសិករដើម្បីចរចាជាមួយឈ្មួញកណ្តាល។
លោកថ្លែងថា៖ «បញ្ហាសំខាន់ទៀត គឺរាជរដ្ឋាភិបាលមានគោលការណ៍ដើម្បីឱ្យប្រជាកសិករយើងបង្កើតជាសមាគមកសិកររបស់យើង ដើម្បីជាជញ្ជីងថ្លឹងសម្រាប់តថ្លៃជាមួយនឹងក្រុមឈ្មួញកណ្តាល សម្រាប់ទិញកសិផលជាប្រចាំឆ្នាំរបស់យើង។ បាទអានេះ បញ្ហាសំខាន់»។
លោកបន្ថែមថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន នឹងបន្តរក្សាគោលនយោបាយមិនយកពន្ធលើដីស្រែ ហើយក៏រៀបចំដាក់មន្ត្រីកសិកម្មនៅតាមភូមិឃុំឱ្យគៀកនឹងប្រជាកសិករ។
បើតាមលោកសុខ ឥសាន ការកសាងប្រព័ន្ធធារាសាស្ត្រក៏នៅតែជាកិច្ចការអាទិភាពរបស់គណបក្សប្រជាជនកម្ពុជាដែលត្រូវធ្វើដើម្បីប្រជាជន បើសិនជាគណបក្សកាន់អំណាចនៅបន្តឈ្នះឆ្នោត។
លោកថ្លែងថា៖ «អាហ្នឹងរាជរដ្ឋាភិបាលនៅតែប្រកាន់យកដដែលទេ គឺខិតខំ កសាងប្រព័ន្ធធារាសាស្ត្រ ដើម្បីបម្រើកសិកម្មហ្នឹងឱ្យវាគ្របដណ្តប់នៅលើផ្ទៃប្រទេសហ្នឹងឱ្យបានច្រើនភាគរយ។ ឥឡូវនេះ វាបានខ្ទង់ ៧០ភាគរយហើយនៃផ្ទៃដី ដែលមានជាង ៣លានហិកតានៅទូទាំងប្រទេសហ្នឹង»។
ដោយឡែក អ្នកនាំពាក្យគណបក្សភ្លើងទៀនលោក គីម សួរភិរិទ្ធ ថ្លែងថា គណបក្សជំទាស់មានគោលនយោបាយសំខាន់ៗ ៥ ចំណុច ដើម្បីធ្វើឱ្យប្រសើរនូវស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ និងកសិករ។
ទោះបីមិនបានចូលរួមការបោះឆ្នោតជាតិឆ្នាំ ២០២៣ នេះក្តី ក៏លោកថា គណបក្សភ្លើងទៀននៅមានក្តីសង្ឃឹមថានឹងអាចចូលរួមឈរបោះឆ្នោតលើកក្រោយទៀត ដើម្បីគណបក្សទទួលបានការគាំទ្រពីម្ចាស់ឆ្នោតច្រើន ហើយបើកផ្លូវឱ្យគណបក្សអនុវត្តគោលនយោបាយទាំងនោះ ដែលរួមមានការបង្កើនការងារក្នុងស្រុក ការការពារប្រយោជន៍កម្មកររោងចក្រ ពង្រឹងសេវាសុខភាពសាធារណៈ ការថែទាំចាស់ជរា និងការរកទីផ្សារកសិកម្មឱ្យកសិករ។
លោកថ្លែងថា៖ «យើងគិតអំពីកសិករ។ យើងឃើញហើយកសិផលនៅស្រុកខ្មែរ គឺធ្វើហើយលក់អត់ចេញទេ ហើយហូរចូលពីក្រៅហ្នឹង វាច្រើន។ ហើយដោយសារតម្លៃផលិតយើងខ្ពស់។ អ៊ីចឹង យើងលក់អត់ឈ្នះគេ ប្រកួតប្រជែងអត់ឈ្នះគេ។ ថ្វីដ្បិតតែយើងនៅក្នុងស្រុក ប៉ុន្តែយើងអត់ប្រកួតប្រជែងឈ្នះនាំចូល»។ ការប្រែប្រួលអាកាសធាតុ បានក្លាយជាក្តីបារម្ភរបស់សកលលោក ហើយមេដឹកនាំប្រទេសនីមួយៗបានខិតខំរៀបចំគោលនយោបាយជាច្រើន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពប្រឈមមួយនេះ។ នេះបើនិយាយរួម។ តែបើនិយាយដោយឡែក កសិករនៅប្រទេសកម្ពុជា ជារឿយៗខ្វល់ចិត្តនឹងការហួតហែងផង ហើយក៏ខកចិត្តខ្លាំងនៅពេលប្រមូលផលបានច្រើន ក៏ប៉ុន្តែតម្លៃធ្លាក់ចុះ ឬគ្មានទីផ្សារទៅវិញ ហើយការតវ៉ាក៏បានកើតឡើងកន្លងមកផងដែរ។
ខណៈការប្រែប្រួលអាកាសធាតុធ្វើឱ្យកសិករខ្វះទឹកធ្វើស្រែ អ្នករស់នៅទីក្រុងភ្នំពេញក៏កំពុងរងគ្រោះពីផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុនោះផងដែរ ព្រោះតំបន់ទីក្រុងខ្លះត្រូវជន់លិចដោយសារការធ្លាក់ភ្លៀងខ្លាំងជាងនៅតំបន់ជនបទ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន យល់ថា ការធ្លាក់ភ្លៀងដែលនាំឱ្យលិចលង់ផ្នែកខ្លះរបស់រាជធានីភ្នំពេញមិនមែនកើតឡើងតែនៅកម្ពុជាទេ។ នេះមានន័យថា បាតុភូតធម្មជាតិនេះក៏បានកើតឡើងនៅទីកន្លែងផ្សេងទៀតផងដែរ។ លោកបន្ថែមថា មន្ត្រីរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ មិនបានព្រងើយកន្តើយនឹងរឿងនេះទេ ដោយថាពួកគេបានខិតខំរកមធ្យោបាយធ្វើយ៉ាងណាឱ្យទឹកភ្លៀងដែលបានជន់លិចនៅតំបន់ខ្លះក្នុងទីក្រុងបានស្រកទៅវិញយ៉ាងឆាប់រហ័ស។
លោកថ្លែងថា៖ «ដូចជាការលិចប៉ុន្មានថ្ងៃនេះ ឥឡូវហ្នឹងឃើញថា ដំណើរការវាស្រកទៅវិញហើយ។ អ៊ីចឹង គឺថា ក៏សុំអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋដែរ ដែលជួបប្រទះ កន្លែងដូចជានៅខណ្ឌដង្កោអីហ្នឹង ជាទីទំនាបស្រាប់ទៅហើយ។មិន មិនពាក់ព័ន្ធអំពីការលុបបឹង ការចាក់ដីអីទេ គឺថា កន្លែងខណ្ឌដង្កោរហូតទៅដល់ផ្លូវបែកទៅកំពង់កន្ទួតនៅខេត្តកណ្តាលហ្នឹង យើងឃើញថា ឱ្យតែភ្លៀងមកលិចហើយ រហូតទៅដល់ផ្ទះបុរីមួយចំនួនទៀត ក៏ត្រូវទទួលការលិចលង់ដែរ។ ហើយខ្ញុំយល់ថា បើដឹងថា តំបន់នេះ វាទទួលការលិចលង់ខ្លាំង ខ្ញុំយល់ថា អ្នករកស៊ីកសាងសំណង់បុរីហ្នឹង ក៏គាត់មិនទៅធ្វើដែរ។ អាហ្នឹងរឿងតែប៉ុណ្ណឹងទេ គឺថាវាគ្រោះធម្មជាតិ ដែលយើងចាត់ទុកថា ជាហានិភ័យពីគ្រោះធម្មជាតិហ្នឹង»៕