ពួក​អ្នក​រៀបចំ​ការ​រំឭក​ការ​តវ៉ា​ប្រឆាំង​នៅ​ទីលាន​ Tiananmen ក្នុង​ទីក្រុង​ហុងកុង​​ប្រឈម​ការ​ចោទប្រកាន់​របស់​ប៉ូលិស

លោក Joshua Wong សកម្មជន​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ក្រុង​ហុងកុង (រូប​កណ្តាល) កាន់​ទៀន​ នៅ​ពេល​លោក​ចូលរួម​ជាមួយ​អ្នក​ដទៃ​ទៀត​សម្រាប់​កម្មវិធី​អុជទៀន​រំឭក​ដល់​ជន​រងគ្រោះ​នៃ​ការ​បង្ក្រាប​នៅ​ទីលាន Tiananmen ក្នុង​ឆ្នាំ១៩៨៩ នៅ​ឧទ្យាន Victoria ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី៤ ខែមិថុន

ប៉ូលិស​ក្រុង​ហុងកុង​កាលពី​ថ្ងៃសុក្រ​ម្សិលមិញ​ បាន​ប្រាប់​ពួក​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ថា ពួកគេ​ នឹង​ប្រឈម​ការ​ចោទប្រកាន់ «ចំពោះ​ការ​ញុះញង់» ពលរដ្ឋ​ឲ្យ​ចូលរួម​ការ​ប្រជុំ​នយោបាយ​កាលពី​សប្តាហ៍​មុន​ដើម្បី​រំឭក​ការ​បង្ក្រាប​នៅ​ទីលាន​ Tiananmen កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩។

ចំណាត់ការ​នេះ​បាន​កើត​មាន​ឡើង​មួយ​ថ្ងៃ បន្ទាប់ពី​ប៉ូលិស​បាន​ប្រាប់​លោក Jimmy Lai អ្នក​បង្កើត​កាសែត​ប្រចាំ​ថ្ងៃ Apple Daily និង​សមាជិក​សំខាន់ៗ​៣នាក់​ទៀត​នៃ​សម្ព័ន្ធភាព​ក្រុង​ហុងកុង​ក្នុង​ការ​គាំទ្រ​ចលនា​ប្រជាធិបតេយ្យ​ស្នេហា​ជាតិ​ចិន លោក Richard Tsoi និង​លោក Lee Cheuk-yan អតីត​សមាជិក​សភា និង​លោក Albert Ho ថា ពួកគេ​នឹង​ត្រូវ​កាត់ទោស​លើ​បទចោទ​ប្រកាន់​ពី «ការ​ញុះញង់​មនុស្ស​ឲ្យ​ចូលរួម​ក្នុង​ការ​ជួបប្រជុំ​ដោយ​គ្មាន​ការ​អនុញ្ញាត»។

កាលពី​ថ្ងៃសុក្រ​ម្សិលមិញ ចលនា​សម្ព័ន្ធភាព​នោះ​ប្រាប់​ឲ្យ​ដឹង​ថា ពួក​សកម្មជន​៩នាក់ រួម​មាន​លោកស្រី Chow Hang-tung អនុប្រធាន និង​ពួក​សមាជិក​សំខាន់ៗ មាន​ លោក Cheung Man-kwong លោក Leung Yiu-chung លោក Steve Kwok ប្រធាន​គណបក្ស​ការងារ និង​លោក Figo Chan អនុប្រធាន​ក្រុមប្រឹក្សា​រណៈសិរ្ស​សិទ្ធិ​មនុស្ស​ ដែល​បាន​រៀបចំ​ការ​តវ៉ា​ប្រឆាំង​ដ៏​ធំ​មួយ រួម​មាន​ការ​រៀបចំ​ការ​តវ៉ា​ប្រឆាំង​ដ៏​ខ្លាំង​មួយ​ដែល​មាន​មនុស្ស​រាប់​លាន​នាក់​ដែល​បាន​ចាប់ផ្តើម​ចលនា​ប្រឆាំង​ការ​ធ្វើ​បត្យាប័ន​កាលពី​ខែមិថុនា​ឆ្នាំ​ទៅ​ក៏​នឹង​ប្រឈម​ការ​ចោទប្រកាន់​ដែរ។

អង្គការ​សម្ព័ន្ធភាព​បាន​រៀបចំ​ការ​អុជទៀន​ប្រចាំ​ឆ្នាំ​ខួប​លើក​ទី៣០។ ព្រឹត្តិការណ៍​នេះ​ បាន​កើត​មាន​ឡើង​ដោយ​គ្មាន​ការ​រំខាន​មក​ទល់​ឆ្នាំ​នេះ នៅ​ពេល​ដែល​ប៉ូលិស​បាន​ហាមឃាត់​ពិធី​នោះ​ដោយ​ផ្អែក​លើ​ហេតុផល​ថា ពិធី​នោះ​ បណ្តាល​ឲ្យ​មាន​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​ដល់​សុខភាព​សាធារណៈ ថ្វី​បើ​ការ​រាតត្បាត​មេរោគ​កូរ៉ូណា​ បាន​ធូរស្រាល ហើយ​កន្លែង​លំហែកាយ​ជាច្រើន រួម​ទាំង​កន្លែង​ហែល​ទឹក និង​ឧទ្យាន​ បាន​បើក​ឡើង​វិញ​ក៏​ដោយ៕