និសិ្សត​នៅ​ហុងកុង​បាន​ត្រូវ​ចាប់​ខ្លួន​ពី​បទចោទ​​«គាំទ្រ​ភេរវកម្ម»​

និស្សិត​ម្នាក់​​នៃ​សាកលវិទ្យាល័យ​ហុងកុង (Hong Kong University) (ម៉ាស់​បៃតង) ត្រូវ​ប៉ូលិស​នាំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២១។

និស្សិត​សាកល​វិទ្យាល័យ​ក្រុង​ហុងកុង​៤នាក់​បាន​ត្រូវ​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​ ពី​បទ​សង្ស័យថា​លើក​តម្កើងភេរវកម្ម​បន្ទាប់​ពី​ពួកគេ​បាន​កាន់ទុក្ខ​ជា​សាធារណៈ​ដល់​បុរស​ម្នាក់​ដែល​បាន​ចាក់​មន្ត្រី​ប៉ូលិស​ម្នាក់​ហើយបាន​សម្លាប់​ខ្លួន​ឯង​កាលពី​ខែ​កក្កដា។​

ពួកគេ​ដែល​មាន​អាយុ​រវាង​ពី​១៨ទៅ​២០​ឆ្នាំ​ជា​សមាជិក​សហជីព​និស្សិត​ដែល​បាន​ធ្វើ​ការ​ជួប​ប្រជុំ​ផ្សាយ​បន្ត​ផ្ទាល់កាលពី​ខែ​មុន​ដែល​អំឡុង​ពេល​នោះ​សមាជិក​សហជីព​ចំនួន​៣០​នាក់​បាន​អនុម័ត​ញត្តិ​«កោត​សរសើរ​ការ​លះបង់»​របស់​អ្នកដែល​បាន​ស្លាប់​ហើយ​បាន​គោរព​វិញ្ញាណ​ក្ខន្ធ​គាត់។​

ការ​ផ្សាយ​បន្ត​ផ្ទាល់​នេះ​មានការ​រិះគន់​ពី​សាកល​វិទ្យាល័យ​និង​រដ្ឋាភិបាល​ក្រុង​ហុងកុង​ដែល​បាន​បណ្តាល​ឲ្យ​សហជីព​នេះ​ដក​ញត្តិនោះ​ចេញ​ហើយ​មេដឹកនាំ​ជាច្រើន​របស់​សហជីព​នេះ​បាន​សុំទោស​និង​ចុះ​ចេញ​ពី​តំណែង។​

ថ្លែង​នៅ​ឯ​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ពុធ​ លោក​ Stve Li ​មន្ត្រី​ជាន់​ខ្ពស់នៃ​នាយកដ្ឋាន​ប៉ូលិស​សន្តិសុខ​ជាតិ​បាន​និយាយ​ថា​ញត្តិ​នោះ​ស្វះស្វែង​លើក​តម្កើង​ភេរវកម្ម។​

លោក ​Li ​បាន​បន្ថែមថា​ ប៉ូលិស​មាន​គម្រោងសួរ​ចម្លើយ​សមាជិក​ផ្សេង​ទៀត​របស់​សហជីព​នេះ​ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​ញត្តិ ដែល​លោក​ថា ​បាន​លើក​ទឹកចិត្ត​អត្តឃាត។​

អ្នក​វាយ​ប្រហារ​ដែល​សហជីព​បាន​អបអរ​នោះ​បាន​ចាក់​មន្ត្រី​ប៉ូលិស​ពី​ក្រោយ​នៅ​ថ្ងៃ​ទី១​ខែ​កក្កដា ​ចំ​ខួប​មួយ​ឆ្នាំ​ចាប់តាំង​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ដាក់​ឲ្យ​ប្រើ​ច្បាប់​សន្តិសុខ​ជាតិ​ដ៏​តឹងរ៉ឹង​នៅ​ក្រុង​ហុងហុង។​ មន្ត្រី​ប៉ូលិស​នោះ​បាន​ត្រូវ​ចាក់​ចំ​សួត​ក៏ប៉ុន្តែ​នៅ​មាន​ជីវិត​រីឯជន​ដៃ​ដល់​បាន​ចាក់​សម្លាប់​ខ្លួន​ឯង​ចំ​ដើម​ទ្រូង។

លោក​ Chris Tang​ លេខាធិការ​ទទួល​បន្ទុក​សន្តិសុខ​បាន​ហៅ​ការ​វាយ​ប្រហារ​នេះ​ថា ជាភេរវកម្ម​ក្នុង​ស្រុក​ហើយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ប៉ូលិស​បាន​ព្រមាន​ប្រជាជន​កុំ​ឱ្យ​កាន់​ទុក្ខ​ជន​ល្មើស៕​

(Skye Witley​ រួម​ចំណែក​ក្នង​សេចក្តី​រាយ​ការណ៍​នេះ)