អាជ្ញាធរទីក្រុងហុងកុងបានបញ្ជាក់កាលពីពេលថ្មីៗនេះថា ខ្លួននឹងលុបចោលគោលនយោបាយធ្វើចត្តាឡីស័កក្នុងសណ្ឋាគារទាក់ទិននឹងជំងឺកូវីដ១៩ ដែលជាគោលនយោបាយមានភាពប្រទាំងប្រទើស ចាប់ពីថ្ងៃទី ២៦ ខែកញ្ញាខាងមុខនេះតទៅ បន្ទាប់ពីខ្លួនបានអនុវត្តគោលនយោបាយនេះអស់រយៈពេលជាង ២ ឆ្នាំកន្លះកន្លងមក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
នេះគឺជាវិធានការដែលពលរដ្ឋនិងអាជីវកម្មជាច្រើននៅក្នុងទីក្រុងហុងកុងបានរង់ចាំអស់រយៈពេលជាយូរមកហើយ។
អ្នកដែលធ្វើដំណើរមកពីបរទេសទាំងអស់ដែលធ្វើដំណើរទៅដល់ទីក្រុងហុងកុងនឹងអាចធ្វើដំណើរដោយផ្ទាល់ទៅផ្ទះរបស់ពួកគេ ឬក៏កន្លែងស្នាក់នៅណាមួយដែលខ្លួនជ្រើសរើសបាន ប៉ុន្តែនឹងត្រូវតម្រូវឱ្យតាមដានសុខភាពខ្លួនឯងរយៈពេល ៣ ថ្ងៃ ក្រែងលមានអាការៈជំងឺកូវីដ១៩ ណាមួយកើតឡើង។
អាជ្ញាធរអនុញ្ញាតឱ្យពួកគេទៅធ្វើការឬទៅសាលារៀនបាន ប៉ុន្តែមិនអនុញ្ញាតឱ្យពួកគេចូលក្នុងបារនីយដ្ឋានឬក៏ភោជនីយដ្ឋាយណាមួយទេសម្រាប់រយៈពេល ៣ ថ្ងៃ។
ការធ្វើតេស្ត PCR ដើម្បីរកជំងឺកូវីដ១៩ ក្នុងរយៈពេល ៤៨ ម៉ោងមុនការហោះហើរ ដែលជាលក្ខខណ្ឌតម្រូវសម្រាប់អ្នកធ្វើដំណើរទៅកាន់ទីក្រុងហុងកុង នឹងត្រូវជំនួសដោយការធ្វើតេស្តរហ័សដើម្បីរកជំងឺនេះវិញ។
ទីក្រុងហុងកុងគឺជាទីក្រុងសាកលមួយដែលស្ថិតនៅក្រៅតំបន់ដីគោកប្រទេសចិន ដែលបានដាក់កំហិតការធ្វើចត្តាឡីស័កនៅតាមសណ្ឋាគារសម្រាប់អ្នកធ្វើដំណើរមកពីបរទេស ស្របតាមយុទ្ធសាស្ត្រ «គ្មាន» ជំងឺកូវីដដ៏ «ក្លៀវក្លា» របស់ប្រទេសចិន។
កន្លងមក ក្រុមអ្នកជំនួញ មន្ត្រីការទូត និងពលរដ្ឋជាច្រើនបានរិះគន់ខ្លាំងក្លាលើគោលនយោបាយធ្វើចត្តាឡីស័កក្នុងសណ្ឋាគារទាក់ទិននឹងជំងឺកូវីដ១៩ របស់ទីក្រុងហុងកុងនេះ ដោយបាននិយាយថា វិធានការទាំងនេះប៉ះពាល់ដល់ភាពប្រកួតប្រជែងនិងឋានៈរបស់ទីក្រុងហុងកុងក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសាកលលោក។
នៅពេលបច្ចុប្បន្ននេះ អ្នកធ្វើដំណើរមកដល់ទាំងអស់ត្រូវចំណាយពេល ៣ ថ្ងៃនៅក្នុងសណ្ឋាគារដែលខ្លួនត្រូវបង់ថ្លៃចំណាយដោយខ្លួនឯង ហើយបន្ទាប់មកត្រូវតាមដានសុខភាពខ្លួនឯងរយៈពេល ៤ ថ្ងៃ ក្រែងលមានអាការៈជំងឺកូវីដ១៩ ណាមួយកើតឡើង ដោយនៅក្នុងរយៈពេលតាមដានខ្លួនឯង ៤ ថ្ងៃនេះ អ្នកទាំងនោះអាចធ្វើដំណើរបាននៅទូទាំងទីក្រុងហុងកុង។ ប៉ុន្តែនៅមុនដើមឆ្នាំនេះ ការធ្វើចត្តាឡីស័កនៅសណ្ឋាគារគឺមានរយៈពេលយូររហូតដល់ ៣ សប្ដាហ៍ឯណោះ។
កន្លងមក វិធានការបង្ការជំងឺកូវីដ១៩ នេះបានដាក់សម្ពាធលើសេដ្ឋកិច្ចរបស់ទីក្រុងហុងកុងតាំងពីដើមឆ្នាំ ២០២០ មក និងបានជំរុញបន្ថែមឱ្យជនបរទេសដែលរស់នៅទីក្រុងហុងកុងនិងពលរដ្ឋហុងកុងចាកចេញពីទីក្រុងនេះ ដែលការចាកចេញនេះគឺត្រូវបានចាប់ផ្ដើមដំបូងដោយសារកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិននៅក្នុងការដាក់គំនាបត្រួតត្រានិងដាក់កំហិតលើសេរីភាពនានា។ បើយោងតាមតួលេខរបស់រដ្ឋាភិបាល មនុស្សប្រហែល ១១៣.០០០ នាក់បានចាកចេញពីទីក្រុងហុងកុងតាំងពីពាក់កណ្ដាលឆ្នាំ ២០២១ មក។
ជើងហោះហើរជាច្រើនបានផ្អាកប្រតិបត្តិការរបស់ខ្លួនដែលហោះចេញចូលអាកាសយានដ្ឋានទីក្រុងហុងកុង ដែលធ្លាប់ជាអាកាសយានដ្ឋានដ៏មមាញឹកនិងមានប្រសិទ្ធភាពបំផុតមួយនៅលើពិភពលោក។
ប្រធានសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (International Air Transport Association (IATA)) បាននិយាយកាលពីពេលថ្មីៗនេះថា ទីក្រុងហុងកុងបានបាត់បង់ឋានៈរបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលអាកាសចរណ៍សាកលមួយ ដោយសារគោលនយោបាយគ្មានជំងឺកូវីដ១៩របស់ប្រទេសចិន។
ព្រឹត្តិការណ៍ជាច្រើនត្រូវបានលុបចោលឬក៏ផ្អាក បើទោះបីជាទីក្រុងហុងកុងមានគម្រោងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទហិរញ្ញវត្ថុដ៏ធំមួយនិងការប្រកួតកីឡាបាល់ឱបអន្តរជាតិដែលមានគ្នាម្ខាង ៧ នាក់នៅខែវិច្ឆិកាខាងមុខនេះក៏ដោយ។
អ្នកទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុនៃការរៀបចំសន្និសីទហិរញ្ញវត្ថុខាងលើបាននិយាយថា ការធ្វើដំណើរដែលមិនតម្រូវឱ្យធ្វើចត្តាឡីស័កគឺជាលក្ខខណ្ឌដំបូងមួយដែលគួរតែមានសម្រាប់ការចូលរួមនៅក្នុងសន្និសីទនេះ។
ព្រឹត្តិការណ៍ទាំងពីរនេះត្រូវបានគេមើលឃើញជាទូទៅថាជាកិច្ចប្រឹងប្រែងដើម្បីបង្ហាញឱ្យឃើញថា ទីក្រុងហុងកុងអាចឈានមករកប្រក្រតីភាពឡើងវិញ។
ប្រទេសសិង្ហបុរីដែលជាគូប្រជែងរបស់ទីក្រុងហុងកុងក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទធំៗមួយចំនួននៅក្នុងខែកញ្ញានេះ។ ចំណែកឯកោះតៃវ៉ាន់និងប្រទេសជប៉ុនវិញបានប្រកាសកាលពីពេលថ្មីៗនេះថាខ្លួននឹងបន្ធូរបន្ថយការដាក់កំហិតទាក់ទិននឹងជំងឺកូវីដ១៩សម្រាប់អ្នកធ្វើដំណើរមកពីបរទេស ដែលការបន្ធូរបន្ថយនេះគ្រោងនឹងធ្វើឡើងនៅខែតុលាខាងមុខ។
កន្លងមក ទីក្រុងហុងកុងបានរាយការណ៍ថាមានករណីឆ្លងជំងឺកូវីដ១៩ ចំនួនជាង ១ លាន ៧ សែននាក់ និងករណីស្លាប់ដោយសារជំងឺនេះចំនួន ៩.៩៣៤ នាក់ តាំងពីពេលដែលជំងឺនេះបានផ្ទុះឡើងកាលពីដើមឆ្នាំ ២០២០ មក៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ