ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ម៉ឺននាក់បានដើរដង្ហែក្បួនដោយសន្តិវិធីតាមផ្លូវក្នុងទីក្រុង ហុងកុងកាលពីថ្ងៃអាទិត្យ ដែលនេះគឺជាបាតុកម្មកើតឡើងជាប់ៗគ្នារៀងរាល់ចុងសប្តាហ៍លើកទី១១ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលចិនហុងកុង។
ភ្លៀងធ្លាក់ជោគជាំមកលើក្រុមបាតុករ តែហ្វូងបាតុករដ៏ច្រើននៅតែបង្ហាញចលនាបាតុកម្មក្នុងគោល បំណងបញ្ឈប់ការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើដែនដីហុងកុង ហើយការណ៍នេះនៅតែ ទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីសាធារណជន។
អង្គការសិទ្ធិមនុស្សហៅថា The Civil Human Rights Front គឺជាអ្នកនៅពីក្រោយក្រុមបាតុករជា ហូរហែមកពេញមួយរដូវក្តៅនេះ ដោយបានអំពាវនាវសុំឲ្យមានបាតុកម្មដោយសមរម្យ និងសន្តិវិធីនៅថ្ងៃអាទិត្យនេះ។ ក្រុមបាតុករកន្លងមកបានប៉ះទង្គិចគ្នាជាមួយប៉ូលិសតាមដងផ្លូវ ក្នុងពេលបាតុកម្មកាលពីសប្តាហ៍មុនៗ ហើយនិងក្នុងរយៈពេល២ថ្ងៃកាលពីសប្តាហ៍មុន នៅឯព្រលានយន្តហោះអន្តរជាតិហុងកុង ដែលនាំឲ្យមានការបិទជើងហោះហើរដល់ទៅជិត១.០០០ ជើងយន្តហោះនោះ។ បាតុករគីគី ម៉ា អាយុ២៨ ឆ្នាំបាននិយាយថា សន្តិភាពគឺជាអាទិភាពចម្បងសព្វថ្ងៃនេះ។ យើងចង់ បង្ហាញថាយើងមិនចូលចិត្តរដ្ឋាភិបាលនេះទេ។ ក្រុមបាតុករដែលបានកាន់ឆ័ត្រព្រោងព្រាតនោះ បានស្រែកពាក្យស្លោកថា «ត្រូវតស៊ូដើម្បីសេរីភាព ងើបឡើងដើម្បីដែនដីហុងកុង»។
ក្រុមអាជ្ញាធរប៉ូលិសនិងយោធាបានហាត់សមដើម្បីត្រៀមបង្រ្កាបបាតុកម្ម ទន្ទឹមគ្នាដែលចិនខឹង សម្បារនឹងសមាជិកសភាអាមេរិកមួយចំនួនដែលគាំទ្រក្រុមបាតុករ។ ប្រទេសកម្ពុជាដែលគោរព «គោលនយោបាយចិនតែមួយ» កាលពីថ្ងៃសៅរ៍ បានចាត់ទុកថាស្ថានការណ៍នៅដែនដីហុងកុង ដែលកំពុងតែមានបាតុកម្មប្រឆាំងនឹងការដឹកនាំចិននោះ គឺជារឿងផ្ទៃក្នុង ហើយប្រកាសគាំទ្រ«ចំណាត់ការចាំបាច់នានារបស់ចិន»៕