បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់សែននាក់បានហែរក្បួនសន្តិវិធីមួយនៅតាមផ្លូវនានាក្នុងទីក្រុងហុងកុងកាលពីថ្ងៃអាទិត្យ ដែលបាតុកម្មប្រឆាំងរដ្ឋាភិបាលនេះបានឈានចូលដល់ចុងសប្តាហ៍ទី១១ហើយ។
រណសិរ្សសិទ្ធិមនុស្សស៊ីវិល The Civil Human Rights Front ដែលជាកម្លាំងរុញច្រាននៅពីក្រោយបាតុកម្មនៅទីក្រុងហុងកុងបានអំពាវនាវឲ្យមានបាតុកម្មអហិង្សាកាលពីថ្ងៃអាទិត្យ។ ក្រុមបាតុករធ្លាប់បានប៉ះទង្គិចជាមួយនឹងប៉ូលិសនៅតាមផ្លូវនៅអំឡុងពេលបាតុកម្មកាលពីចុងសប្តាហ៍កន្លងទៅ និងកាលពីសប្តាហ៍មុន នៅឯព្រលានយន្តហោះអន្តរជាតិហុងកុង ដែលបានបណ្តាលឲ្យជើងហោះហើរជិត១.០០០ត្រូវបានលុបចោល។
នៅមុនការប្រមូលផ្តុំកាលពីថ្ងៃអាទិត្យ ប្រទេសកាណាដាបានចេញសេចក្តីថ្លែងការរួមគ្នាមួយ ជាមួយនឹងសហភាពអ៊ឺរ៉ុបដើម្បីការពារដល់មូលដ្ឋានគ្រឹះនៃសិទ្ធិក្នុងការជួបជុំសម្រាប់ពលរដ្ឋហុងកុង។
រដ្ឋមន្រ្តីការបរទេសកាណាដាលោកស្រី Chyrstia Freeland និងនាយកគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Federica Mogherini បានថ្លែងថា សេរីភាពជាមូលដ្ឋាន ដែលរួមមានសិទ្ធិក្នុងការជួបជុំដោយសន្តិវិធី ត្រូវតែបន្តគាំទ្រ»។
ស្ថានទូតរបស់ប្រទេសចិនប្រចាំនៅទីក្រុង Ottawa បានចេញសេចក្តីថ្លែងការមួយនៅលើគេហទំព័ររបស់ស្ថានទូតដោយបានប្រកាសថា ប្រទេសកាណដាគួរបញ្ឈប់ការជ្រៀតជ្រែករបស់ខ្លួនទៅក្នុងកិច្ចការទីក្រុងហុងកុងនិងទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិនជាបន្ទាន់»។ ស្របពេលជាមួយគ្នានោះដែរ កោះតៃវ៉ាន់បានផ្តល់សំណើសិទ្ធិជ្រកកោននយោបាយដល់ក្រុមបាតុករនៃចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងទីក្រុងហុងកុង ដែលសំណើនេះបានធ្វើឲ្យប្រទេសចិនខឹងសម្បារ៕