មនុស្ស​រាប់រយ​នាក់​ត្រូវបាន​ចាប់​ខ្លួន​ក្នុង​ការតវ៉ា​ប្រឆាំង​ការ​ពន្យារពេល​បោះឆ្នោត​នៅ​ហុងកុង

ប៉ូលិស​លើក​បដា​ព្រមាន​មួយ​នៅ​លើ​ផ្លូវ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០។

មនុស្ស​យ៉ាង​តិច ២៨៩ នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ក្នុង​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ក្នុង​អំឡុង​ពេល​នៃ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ពន្យារពេល​ការ​បោះឆ្នោត​សភា។

ការ​បោះឆ្នោត​ដែល​កាលពី​ដំបូង​បាន​គ្រោង​ធ្វើ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ គឺជា​ឱកាស​មួយ​ដែល​ពលរដ្ឋ​ហុងកុង​អាច​ធ្វើ​ការ​បោះឆ្នោត​បាន។

លោកស្រី Carrie Lam មេដឹកនាំ​ទីក្រុង​ហុងកុង​ដែល​ជ្រើសរើស​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ប្រកាស​កាលពី​ចុង​ខែ​កក្កដា​ថា ការ​បោះឆ្នោត​នៅ​ក្នុង​ទីក្រុង​ហុងកុង​នឹង​ត្រូវ​ពន្យារពេល​មួយ​ឆ្នាំ ដោយសារតែ​ការ​ឆ្លង​រាតត្បាត​នៃ​វីរុស​កូរ៉ូណា។

ចំណាត់ការ​នេះ​ត្រូវបាន​គេ​មើល​ឃើញ​ថា​ជា​ការ​ប៉ះពាល់​ដល់​ក្រុម​អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ដែល​ត្រូវគេ​រំពឹង​ថា​នឹង​ទទួល​បាន​សន្លឹកឆ្នោត​គាំទ្រ​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ។

ការបោះឆ្នោត​នេះ​គឺ​ជា​ការបោះឆ្នោត​លើក​ទីមួយ​នៅ​ក្នុង​ទីក្រុង​ហុងកុង ចាប់តាំង​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​កាល​ពី​ខែ​មិថុនា​មក។ រដ្ឋាភិបាល​នៅ​តែ​បញ្ជាក់​ថា ការ​ពន្យារពេល​ការ​បោះឆ្នោត​នេះ​មិនមែន​ជា​រឿង​នយោបាយ​នោះ​ទេ។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា ប៉ូលិស​ប្រឆាំង​កុបកម្ម​បាន​បាញ់​គ្រាប់​ម្រេច​ដាក់​អ្នក​តវ៉ា។ ស្ថាប័ន​ប៉ូលិស​ហុងកុង​បាន​សរសេរ​នៅ​លើ Facebook របស់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា មនុស្ស ២៨៩ នាក់​ត្រូវបាន​ចាប់ខ្លួន​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ការ​ជួបជុំ​គ្នា​ខុស​ច្បាប់៕