បាតុករ​ហុងកុង​គំរាម​ចូល​កាន់កាប់​អគារ​រដ្ឋាភិបាល

បាតុករ​តវ៉ា​កាល​ពី​ថ្ងៃ​ទី​១​ខែ​តុលា​ឆ្នាំ​២០១៤​ក្នុង​អំឡុង​ពិធី​គោរព​ទង់ជាតិ​ចិន។

ក្រុម​បាតុករ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កោះ​ហុងកុង​បាន​គំរាម​ថា​នឹង​ចូល​កាន់កាប់​អគាររដ្ឋាភិបាល​ជា​ច្រើន​ បើ​សិន​ជានាយក​ប្រតិបត្តិ​នៃ​កោះ​នេះ​ដែល​ជា​មិត្ត​ជាមួយ​ក្រុង​ប៉េកាំង​មិនព្រម​លា​ឈប់​ពី​តំណែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទេ។​

ក្រុម​និស្សិត​បាតុករ​បាន​ទុក​ពេល​ជូន​លោក​ Leung Chun-ying​ រហូត​ដល់​អាធ្រាត​ថ្ងៃ​ព្រហស្បតិ៍នេះ​ ដើម្បី​លា​ឈប់​ ហើយ​ពួក​គេ​បាន​ចាប់​ផ្តើមធ្វើ​យុទ្ធនាការ​ជា​ស្រេច​ហើយ​នៅ​ខាង​ខាងក្រៅ​ការិយាល័យ​របស់​លោក​ នៅ​ក្នុង​ទី​ក្រុង​ ដែល​មាន​ស្វ័យភាព​ពាក់​កណ្តាល​មួយ​នេះ របស់​ប្រទេស​ចិន។​

ក្រុម​ប៉ូលិស​ព្យាយាម​យក​បាតុករ​ម្នាក់​ចេញ​ពី​មុខ​ច្រក​ចូល​នៅ​ការិយាល័យ​នាយកប្រតិបត្តិ​ក្រុង​ហុងកុង លោក Leung Chun-ying និង​អគារ​រដ្ឋាភិបាល​ផ្សេង​ទៀត​កាល​ពី​ថ្ងៃ​ទី​២ ​ខែ​តុលា ឆ្នាំ​២០១៤។

ក្រុម​បាតុករ​ជា​ច្រើន​ម៉ឺន​នាក់​បាន​នៅ​រាំង​ផ្លូវ​ធំៗ​ជា​ច្រើន​តាំង​ពី​ថ្ងៃ​សុក្រ​មុន​ តែ​អ្នក​នាំពាក្យ​នគរបាល​ម្នាក់​បាន​ព្រមាន​ថា​ នឹង​មាន​ការ​ឆ្លើយ​តប​ដ៏​ខ្លាំង​មួយ​សិន​ជា​ពួក​បាតុករ​ហ៊ាន​ចូល​ឬ​ប៉ុនប៉ង​រាំង​ផ្លូវ​អគារ​របស់​រដ្ឋាភិបាល។​

លោក​ Leung​ មិន​បាន​បង្ហាញ​សញ្ញា​ថា​ លោក​មាន​គោល​បំណង​នឹង​ចុះ​ចេញ​ពី​តំណែង​ទេ​ ដោយបាន​ប្រកែក​មិន​ព្រម​ជួប​ជា​មួយ​ក្រុម​និស្សិត​បាតុករ​នោះ​ថែម​ទៀត៕

បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង​ ៣០ កញ្ញា