បាតុករ​ហុងកុង​ប្រតិកម្ម​នឹង​រដ្ឋាភិបាល​​ប៉េកាំង​​ដែល​ប្រដូច​ចលនា​ខ្លួន​ទៅ​នឹង​​ហេតុការណ៍​ឡោមព័ទ្ធ​វិមាន​សភា​អាមេរិក

រូបឯកសារ៖ ក្រុមបាតុករហុងកុងគាំទ្រលទ្ធិប្រជាធិបតេយ្យនាំគ្នាដើរហែរក្បួននៅតាមដងវិថីនានាក្នុងទីក្រុងហុងកុង កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩។

ខណៈ​ដែល​ហេតុការណ៍​ដ៏​រន្ធត់​នៅ​វិមាន​សភា Capitol របស់​សហរដ្ឋ​អាមេរិក​បាន​កើត​ឡើង​ កាល​ពី​ថ្ងៃ​ទី​៦​ ខែ​មករា ពលរដ្ឋ​នៅ​ក្នុង​ក្រុង​ហុងកុង ដែល​ស្ថិត​នៅចម្ងាយ​ជិត​ ១៣.០០០​គ.ម.​ ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ត្រូវ​បាន​គេ​រំឭក​អំពី​ចលាចល​នៅ​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ កាល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​២០១៩។

វា​គឺ​ជា​ហេតុការណ៍​ដែល​មិន​ធ្លាប់​កើត​មាន​ពី​មុន និង​ជា​ចំណុច​របត់​មួយ សម្រាប់​ចលនា​តវ៉ា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ហុងកុង​ ដែល​មាន​អាយុ​ត្រឹម១​ខែ​នៅ​ពេល​នោះ។

ថ្ងៃ​ទី១ ខែ​កក្កដា​ ជា​ថ្ងៃ​ដ៏​សំខាន់​នៅ​ក្នុង​ទីក្រុង​ចិន​មួយ​នេះ។ វា​ជា​ខួប​ដែល​ចក្រភព​អង់គ្លេស​ប្រគល់​ក្រុង​ហុងកុង​ទៅ​ឱ្យ​ចិន​វិញ ​នៅ​ក្នុង​ឆ្នាំ​១៩៩៧ និង​ជា​ថ្ងៃ​ដែលតែងតែទាក់ទាញការ​ប្រមូលផ្តុំ​គ្នា​ប្រចាំ​ឆ្នាំ​នៅ​ថ្ងៃ​នេះ​ចាប់​តាំង​ពី​ពេល​នោះ​មក។

ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​២០១៩ មាន​ហេតុផល​មួយ​ផ្សេង​ទៀត​ដែល​មនុស្សម្នា​នាំ​គ្នា​តវ៉ា​នៅ​លើ​ផ្លូវ។ ពួកគេពេល​នោះ​ប្រឆាំង​ទៅ​នឹង​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​ ដែល​អនុញ្ញាត​ឱ្យ​មាន​បត្យាប័ន​ពលរដ្ឋ​ហុងកុង​ទៅ​កាន់​ចិន​ដី​គោក​ ដើម្បី​កាត់​ទោស។ ការ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ការ​តវ៉ាពេល​នោះ​បាន​ចាប់​កើន​សន្ទុះតាំង​ពី​ខែ​មិថុនា​មក​ម្ល៉េះ។​

ខណៈ​ដែល​ការ​តវ៉ា​តាម​ផ្លូវ​បាន​រាលដាល​ទៅ​ដល់​អគារ​រដ្ឋាភិបាល​នានា​នៅ​ថ្ងៃ​នោះ ក្រុម​សកម្មជន​ផ្សេង​គ្នាបាន​បែក​ខ្ញែក​ចេញ​ពី​ហ្វូង​មនុស្ស និង​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ​ដែល​ជា​សភា​នយោបាយ​កំពូល​របស់​ទីក្រុង​ហុងកុង។

នៅ​ទី​បំផុត ក្រុម​បាតុករ​បាន​ចូល​ក្នុង​អគារ​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ​ដោយ​បំបែក​ជញ្ជាំង​កញ្ចក់ និង​ទ្វារ​ដែក នៅ​ពេល​ដែល​ប៉ូលិស​ក្នុង​ក្រុង​ហុងកុង​ជៀសវាង​ការ​ប្រឈមមុខ​ដាក់​បាតុករ។ ក្រុម​អ្នក​តវ៉ា​សម្រុក​ចូល​ក្នុង​អគារ បក់​ទង់ជាតិ​របស់​ចក្រភព​អង់គ្លេស និង​ទង់ជាតិ​ហុងកុង​ចាស់​ក្នុង​សម័យ​អាណានិគម។

រូបឯកសារ៖ បាតុករហុងកុងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបានចូលក្នុងសាលប្រជុំរបស់ក្រុមប្រឹក្សាអ្នកតាក់តែងច្បាប់ហុងកុង ក្នុងក្រុងហុងកុង កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩។

រូបឯកសារ៖ ក្រុមបាតុករហុងកុងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យប្រមូលផ្តុំគ្នានៅមុខវិមានសាលប្រជុំរបស់ក្រុមប្រឹក្សាអ្នកតាក់តែងច្បាប់ហុងកុង ក្នុងទីក្រុងហុងកុង កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩។.

ពាក្យ​ស្លោក​ត្រូវ​បាន​គេ​បាញ់​នៅ​លើ​ជញ្ជាំង និង​នៅ​លើ​គ្រឿង​សង្ហារឹម​ហើយ​រូប​របស់​អ្នក​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រូវ​បាន​បំផ្លាញ ប៉ុន្តែ​មាន​របាយការណ៍​ថា អ្នក​តវ៉ា​ប្រឹងប្រែង​ការពារ​វត្ថុ​វប្បធម៌ និង​ស្នាដៃ​អក្សរសាស្ត្រ។

បើ​យោង​តាម​ប្រធាន​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ​ការ​ខូចខាត​សរុប​មាន​ ចំនួន​ប្រមាណ​៥លាន​ដុល្លារ។ ជា​រួម មនុស្ស​១៣​ត្រូវ​បាន​ចាប់​ខ្លួន ១៥​នាក់​រងរបួស និង​មិន​មាន​អ្នក​ស្លាប់​នោះ​ទេ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​អ្នក​គាំទ្រ​របស់​ខ្លួន រួម​ទាំង​អ្នកស្រី Carrie Lam នាយក​ប្រតិបត្តិ​ក្រុង​ហុងកុង​ផង​ដែរ បាន​ថ្កោលទោស​ហេតុការណ៍​នៅ​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ​នេះ​ថា​ជា «កុបកម្ម» ដោយប្រើ​សារ​ផ្សព្វផ្សាយ​ដែល​ផ្តោត​លើ​ «ក្រុម​អ្នក​តវ៉ា​ហិង្សា» ដែល​បាន​វាយ​បំផ្លាញ​បរិវេណ​អគារ។ ទោះ​បី​ជា​មាន​ការប្រើ​សង្គ្រាម​ពាក្យ​សម្តី​ក្តី​ក៏​មួយ​សប្តាហ៍​ក្រោយ​មក អ្នកស្រី Lam បាន​ចុះចាញ់​នឹង​ការ​ដាក់​សម្ពាធ និង​បាន​ប្រកាស​ថា ច្បាប់​បត្យាប័ន​នេះ «ត្រូវលុប​ចោល»។

ប៉ុន្តែ​ក្រុម​អ្នក​តវ៉ា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​យល់​ថា ពួកគេ​បាន​ធ្វើ​បញ្ជាក់​នូវ​គោលជំហរ​មួយ​អំពីការ​ព្យាយាម​ថែ​រក្សា​លទ្ធិប្រជាធិបតេយ្យ​មាន​កម្រិត​របស់​ហុងកុង និង​ប្រឆាំង​នឹង​ការ​ធ្លាក់​ចូល​បន្តិច​ម្តងៗ​ទៅ​ក្នុង​ប្រព័ន្ធ​ដឹកនាំ​បែប​ផ្តាច់ការ​របស់​ចិន។

សូម្បី​តែ​នៅ​ពេល​បច្ចុប្បន្ន​នេះ របាំង​ការពារ​នៅ​តែ​ត្រូវ​បាន​គេ​ដាក់​នៅ​ជុំវិញ​អគារ​រដ្ឋាភិបាល​ដែល​នេះ​រំឭក​ច្បាស់ៗ​ពី​ហេតុការណ៍​ជា​ប្រវត្តិសាស្ត្រ​នៅ​ពេល​នោះ។

ក្រុង​ហុងកុង​ត្រូវ​ស្ថិត​ក្នុង​កិច្ចព្រមព្រៀង «ប្រទេស​មួយ ប្រព័ន្ធ​ពីរ» រហូត​ដល់​ឆ្នាំ​២០៤៧ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​ចក្រភព​អង់គ្លេស និងចិន​ដីគោកមុន​ពេល​ប្រគល់​ទីក្រុង​នេះ​ទៅ​ឱ្យ​ចិន​ក្នុង​ឆ្នាំ​១៩៩៧។ ការណ៍​នេះ​អនុញ្ញាត​ឱ្យ​ក្រុង​ហុងកុងមាន​ភាព​ស្វយ័ត និង​លទ្ធិប្រជាធិបតេយ្យ​មាន​កម្រិត។ ប៉ុន្តែ​ពលរដ្ឋ​ហុងកុង​បាន​ត្អូញត្អែរ​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ធ្វើ​ឱ្យ​សេរីភាព​ទាំង​នេះ​បាត់បង់​ទៅ​បន្តិច​ម្តងៗ។

ដោយ​ចាប់​ផ្តើម​នៅ​ក្នុង​ខែមិថុនា ឆ្នាំ​២០១៩ ការ​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវ​បានកើន​ឡើង​នៅ​ក្នុង​អតីត​ទីក្រុង​អាណានិគម​ចក្រភព​អង់គ្លេស​មួយ​នេះ​អស់​រយៈពេល​៦ខែ​ជាប់​គ្នា ដែល​ជារឿយៗ​បាន​ក្លាយ​ជា​អំពើ​ហិង្សា។ នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០២០ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ក្រុង​ហុងកុង​ដោយ​ហាមឃាត់​មិន​ឱ្យ​មាន​សកម្មភាព​វិទ្ធង្សនា ការបំបែក​រដ្ឋ និង​ការ​សមគំនិត​ជាមួយ​បរទេស ដោយ​ការ​បំពាន​ច្បាប់​នេះ​ត្រូវ​បាន​គេ​បកស្រាយ​យ៉ាង​សេរី។

ចាប់​តាំង​ពី​ពេល​មាន​ចលាចល​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​កាល​ពី​ថ្ងៃ​ពុធ​ទី​៦ ខែ​មករា ​មក មន្ត្រី​គណបក្ស​កុម្មុយនិស្ត​ចិន​និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​បាន​ធ្វើ​ការ​ប្រៀបធៀប​ជា​សាធារណៈ​រវាង​ហេតុការណ៍​នៅ​វិមាន​សភា Capitol សហរដ្ឋ​អាមេរិក និង​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ​របស់​ហុងកុង។​

អ្នកស្រី Hua Chunying អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​បង្ហោះសារ​ជាវីដេអូតាម​ Twitter អំពី​ព្រឹត្តិការណ៍​នៅ​ថ្ងៃទី១ ខែ​កក្កដា ឆ្នាំ​២០១៩ នៅ​ក្នុង​ក្រុង​ហុងកុង ដោយ​មាន​ចំណង​ជើង​ថា «ក្រុមកុបករហិង្សា​សម្រុក​ចូល​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ» នៅ​ក្នុង​អ្វី​ដែល​ត្រូវ​បាន​គេ​ជឿ​ថា ជា​ការ​ឌឺដង​ដល់​រដ្ឋាភិបាល​វ៉ាស៊ីនតោន។

លោក Qingqin Chen អ្នក​យក​ព័ត៌មាន​ចម្បង​នៃ​សារព័ត៌មាន Global Times ដែល​មាន​ចំណង​ទាក់ទង​នឹង​រដ្ឋ​ចិន​បាន​បង្ហោះសារ​តាម Twitter​ ថា៖ «នៅ​ពេល​អ្នក​គាំទ្រ​លោក​ត្រាំ​សម្រុក​ចូល​វិមាន​សភា Capitol ពួកគេ​ត្រូវ​បាន​គេ​ហៅ​ថា «ក្រុម​កុបករ​ហិង្សា» ប៉ុន្តែ​យើង​បាន​មើល​ឃើញ​ស្ថានភាព​ដូច​គ្នា​កើត​ឡើង​នៅ​ក្នុង​ក្រុង​ហុងកុង​នៅ​ក្នុង​ឆ្នាំ២០១៩»។

ការ​ភ្ជាប់​ហេតុការណ៍​ទាំង​ពីរ​នេះ​បាន​ធ្វើ​ឱ្យ​ផ្ទុះ​កំហឹង​នៅ​លើ​បណ្តាញ​សង្គម ដោយ​ពលរដ្ឋ និង​អ្នកសារព័ត៌មាន​នៅ​ក្នុង​ក្រុង​ហុងកុង​បាន​អះអាង​ដោយ​កំហឹង​ថា ហេតុការណ៍​ទាំង​ពីរ​នេះ​មិន​អាច​ប្រៀបធៀប​គ្នា​បាន​ទេ។​

លោក Nathan Law ដែល​ជា​សកម្មជន​ហុងកុង​និរទេស​ខ្លួន​និង​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ Yale របស់​សហរដ្ឋ​អាមេរិក បាន​បង្ហោះ​សារ​តាម Twitter​ អំពី​ការ​ប្រៀបធៀប​នេះ។

លោក​បាន​សរសេរ​ថា៖ «វា​ជា​ការ​ប្រៀបធៀប​ខុស​ឆ្គង​មួយ។​ហេតុការណ៍​ជាច្រើន​នៅ​ថ្ងៃទី១ ខែ​កក្កដា ឆ្នាំ​២០១៩ ដែល​ជា​ថ្ងៃ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​ថ្ងៃ​សំខាន់ៗ​នៃ​ចលនា​នៃ​ការ​តវ៉ា​អាច​ជួយ​ប្រាប់​អ្នក​ពី​ភាព​ខុស​គ្នា​បាន»។

សារ Twitter របស់​លោក​បាន​បន្ត​ថា៖ «អ្នក​តវ៉ា​[ហុងកុង]​យល់​ដឹង​យ៉ាង​ច្បាស់​ពី​អ្វី​ដែល​ពួកគេ​កំពុង​យក​ជា​គោលដៅ ពួកគេ​គ្រាន់​តែ​បំផ្លាញ​និម្មិតសញ្ញា​ដែល​តំណាង​ឱ្យ​របប​ផ្តាច់​ការ​តែ​ប៉ុណ្ណោះ»។

លោក Law បាន​បន្ថែម​ទៀត​ថា៖ «អ្នក​តវ៉ា[ហុងកុង]​ដែល​បាន​ចូល​ក្នុង​អគារ​មាន​ភាពការ​ដឹងខុសត្រូវ​ខ្ពស់ និង​មាន​ឥរិយាបថ​ល្អ។ ពួកគេ​តស៊ូ​ដើម្បី​សង្គម​ល្អ​ប្រសើរ​ជាង​នេះ និង​យុត្តិធម៌​សង្គម។ ពួកគេ​ពេល​នោះទាមទារ​ឱ្យ​រដ្ឋាភិបាល​ដែល​មិន​បាន​ជាប់​ឆ្នោត​អនុវត្ត​នូវ​ប្រព័ន្ធ​បោះឆ្នោត​សេរី និង​យុត្តិធម៌​មួយ»។

រូបឯកសារ៖ ករណីផ្ទុះបានកើតឡើងនៅពេលប៉ូលិសបង្ក្រាបក្រុមបាតុករដែលជាអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump នៅវិមានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

រូបឯកសារ៖ ក្រុមអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump កំពុងសម្រុកចូលក្នុងវិមានសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

អ្នក​តវ៉ា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​ហុងកុង​ក៏​និយាយ​ប្រាប់ VOA ពី​ប្រតិកម្ម​របស់​ពួកគេ​ផង​ដែរ។

ពលរដ្ឋ​ក្នុង​ក្រុង​ហុងកុង​វ័យ​២៧ឆ្នាំ ឈ្មោះ Aaron ដែល​ស្នើ​ឱ្យ​បង្ហាញ​តែ​ឈ្មោះ​របស់​លោក​ប៉ុណ្ណោះ (មិន​មែន​ឈ្មោះ​ពេញ) ដោយ​សារ​តែ​ការ​ភ័យ​ពី​ការ​ចាប់​ខ្លួន​បាន​និយាយ​ថា៖ «រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តែងតែ​លេង​ល្បែង «ប្រៀបធៀប» នៅ​ពេល​ពាក់ព័ន្ធ​នឹង​នយោបាយ​អន្តរជាតិ ដោយ​ព្យាយាម​លាក់បាំង​នូវ​ព្រឹត្តិការណ៍ក្នុង​ប្រទេសរបស់​ខ្លួន ប៉ុន្តែ​ចង្អុល​បង្ហាញ​ពី​ការ​បរាជ័យ​នៅ​ក្នុង​ប្រទេស​ផ្សេង»។

លោក Aaron បាន​បន្ថែម​ទៀត​ថា៖ «បើ​មើល​ពី​ចម្ងាយ ខ្ញុំ​គិត​ថា អ្នក​តាមដាន​ស្ថានការណ៍​ធម្មតា​នឹង​ធ្វើ​ការ​ប្រៀបធៀប​ភ្លាមៗ​រវាង​ព្រឹត្តិការណ៍​ទាំង​ពីរ ខណៈ​ដែល​មិន​បាន​យល់​ពី​ភាព​ខុស​គ្នា​ខ្លះ​រវាង​ប្រជាពលរដ្ឋ​ដែល​តវ៉ា​នឹង​រដ្ឋាភិបាល​ឯកបក្ស​មិន​មាន​ប្រជាធិបតេយ្យ​ដូចជា​នៅ​ហុងកុង​និង​ចិន និង​ការ​តវ៉ា​នឹង​លទ្ធផល​បោះឆ្នោត​ប្រជាធិបតេយ្យ​ស្រប​ច្បាប់​ដូច​នៅ​ក្នុង​សហរដ្ឋ​អាមេរិក»។

លោក Aaron បាន​ប្រាប់ ​VOA ថា សម្រាប់​អ្នក​តវ៉ា​ហុងកុង «មិន​មាន​ទាំង​ដំណើរការ​ប្រជាធិបតេយ្យ​ដើម្បី​ត្រួត​ពិនិត្យ​ផង»។

ពលរដ្ឋ​ហុងកុង​ម្នាក់​ទៀត​ឈ្មោះ Anson ដែល​ស្នើ​សុំ​មិន​ឱ្យ​ប្រើ​ឈ្មោះ​ពិតប្រាកដ​របស់​លោក​បាន​និយាយ​ថា វា​ជា «រឿង​គួរ​ឱ្យ​អស់​សំណើច​ខ្លាំង​ណាស់» ដែល​ហេតុការណ៍​ទាំង​ពីរ​ត្រូវ​បាន​ប្រៀបធៀប ហើយ​ការ​អត្ថាធិប្បាយ​របស់​ចិន «រំលេច​ឱ្យ​ឃើញ​ពី​ទស្សនៈ​តូច​ចង្អៀត​របស់​ខ្លួន​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ»។

លោក Anson បាន​ប្រាប់ VOA ថា៖ «ការ​សម្រុក​ចូល​ក្នុង​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ​បាន​កើត​ឡើង​ជា​ប្រតិកម្ម​ចំពោះ​ច្បាប់​មិន​មាន​ភាព​យុត្តិធម៌​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​ហុងកុង​ដើម្បី​រារាំង​ការ​វិវត្ត​ទៅ​មុខ​នៃ​សេរីភាព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​ហុងកុង។

ការ​សម្រុក​ចូល​ក្នុង​វិមាន​សភា Capitol របស់​សហរដ្ឋ​អាមេរិក​ជា​ប្រតិកម្ម​ចំពោះ​ការ​បោះឆ្នោត​ស្រប​ច្បាប់ និង​បែប​ប្រជាធិបតេយ្យ​មួយ។ ភាព​ខុស​គ្នា​ដ៏​សាមញ្ញ​គឺ​ថា ពលរដ្ឋ​ហុងកុង​មិន​មាន​សូម្បី​តែ​ឱកាស​ក្នុង​ការ​សម្រេច​ពី​អនាគត​របស់​ពួកគេ​ដូច្នេះ​ពួកគេ​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​បែប​នេះ៕