អ្វីដែលធ្លាប់ធ្វើជាផ្ទះសម្រាប់អ្នកតវ៉ាដែលជានិស្សិតក្នុងរយៈពេលមួយសប្ដាហ៍កន្លងមកនេះ ឥឡូវនេះគឺពោរពេញទៅដោយសំរាម។ គិតត្រឹមថ្ងៃអង្គារ ការហ៊ុមព័ទ្ធសាកលវិទ្យាល័យនេះបានចូលដល់ថ្ងៃទី ៣ ហើយ ដោយស្បៀងអាហារ ទឹកចិត្ត និងចំនួនអ្នកតវ៉ាកាន់តែតិចទៅៗ។
ស្ថានការណ៍នៅបរិវេណសាកលវិទ្យាល័យនេះគឺកាន់តែយ៉ាប់យ៉ឺនឡើងៗ។ អ្នកតវ៉ាពីរនាក់បានប្រាប់ VOA ថា ពួកគេគិតចង់សម្លាប់ខ្លួន ប៉ុន្តែក៏សម្រេចចិត្តឈប់គិតរឿងនេះវិញ។
អ្នកតវ៉ាមួយចំនួនតូចបានចាកចេញពីបរិវេណសាកលវិទ្យាល័យនេះ ដែលពួកគេអាចនឹងប្រឈមនឹងការចោទប្រកាន់ពីបទពាក់ព័ន្ធនឹងកុប្បកម្ម ដែលអាចធ្វើឲ្យពួកគេជាប់ពន្ធនាគារជាច្រើនឆ្នាំ។
មេដឹកនាំទីក្រុងហុងកុងអ្នកស្រី Carrie Lam បានការពារវិធានការរបស់ប៉ូលិស។
អ្នកស្រីនិយាយថា៖ «ពួកគេត្រូវបញ្ឈប់អំពើហិង្សា លះបង់អាវុធ ចេញមកដោយសន្តិវិធី និងស្ដាប់តាមការណែនាំរបស់ប៉ូលិស»។
លោក Derek Kwan ប្រធានសមាគមនិស្សិតរបស់សាកលវិទ្យាល័យ និយាយថា ស្បៀងអាហារកាន់តែតិចទៅៗសម្រាប់មិត្តភ័ក្ដិរបស់លោកនៅក្នុងបរិវេណសាកលវិទ្យាល័យនោះ។
លោកបញ្ជាក់ដូច្នេះថា៖ «ឥឡូវនេះ ស្បៀងអាហារត្រូវបានកាត់ផ្ដាច់ដោយប៉ូលិស ដោយរបាំងមួយចំនួន ដែលដាក់កាត់ទទឹងផ្លូវរារាំងមិនឲ្យបញ្ជូនស្បៀងអាហារចូល។ ដូច្នេះ ទោះបីជាមានការផ្គត់ផ្គង់ទឹកមិនកំណត់ដល់សាកលវិទ្យាល័យយើងក៏ដោយ ក៏ស្បៀងអាហារចាប់ផ្ដើមធ្លាក់ចុះជាបន្តបន្ទាប់ដែរ»។
នៅខាងក្រៅសាកលវិទ្យាល័យ ឪពុកម្ដាយនៃក្រុមនិស្សិតតវ៉ាទាំងនេះ ដែលមានអ្នកខ្លះនៅស្ថិតក្នុងសាកលវិទ្យាល័យនោះនៅឡើយ បានស្នើឲ្យមានដំណោះស្រាយប្រកបដោយសន្តិវិធី។
គ្រប់ភាគីទាំងអស់អំពាវនាវឲ្យមានដំណោះស្រាយប្រកបដោយសន្តិវិធី ប៉ុន្តែមិនទាន់មាននរណាដឹងថាដំណោះស្រាយនេះនឹងសម្រេចបាននៅពេលណា និងដោយវិធីណានោះទេ៕
ប្រែសម្រួលដោយ ភី សុភាដា