បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងក្រុងហុងកុងបានរាលដាលទៅដល់ប្រព័ន្ធរថភ្លើងក្រោមដីនៅក្នុងទីក្រុងនៅថ្ងៃអង្គារនេះ ដោយបានបិទអ្នកដំណើរមិនឲ្យចេញពីរថភ្លើង។
សេវាកម្មរថភ្លើង បានត្រូវពន្យារពេលហើយបានផ្អាកនៅស្ថានីយ៍ខ្លះនៅតាមបណ្តោយផ្លូវ ដែលបង្ខំឲ្យអ្នកធ្វើដំណើររង់ចាំជាជួរយ៉ាងវែងដើម្បីជិះរថយន្តក្រុងដោយមិនគិតប្រាក់បន្តទៅកាន់ចំណតរថភ្លើងក្រោមដីផ្សេងទៀត។ ការប៉ះទង្គិចបានផ្ទុះឡើងរវាងបាតុករ និងអ្នកធ្វើដំណើរប្រកបដោយការខឹងសម្បារ និងអន្ទះសារដើម្បីទៅធ្វើការងារ។
ការតវ៉ាប្រឆាំងកើតចេញមកពីការអំពាវនាវឲ្យបញ្ចប់សេចក្តីព្រាងច្បាប់ដែលឥឡូវនេះត្រូវបានព្យួរដើម្បីធ្វើបត្យាប័នពួកអ្នកស្រុកក្រុងហុងកុងដែលទាក់ទិននឹងឧក្រិដ្ឋកម្មទៅប្រទេសចិន ការធ្វើកំណែទម្រង់តាមបែបប្រជាធិបតេយ្យហើយនិងបញ្ចប់ការរឹតបន្តឹងរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើដែនដីហុងកុង។
វាជាការចលាចលខាងសង្គមដ៏អាក្រក់បំផុតដែលបានកើតមានឡើងនៅអតីតដែនដីអាណានិគមអង់គ្លេសចាប់តាំងពីដែនដីនេះ បានប្រគល់ទៅឲ្យចិនគ្រប់គ្រងកាលពី២២ឆ្នាំមុន។
កាលពីថ្ងៃចន្ទ មន្ត្រីរដ្ឋាភិបាលចិនម្នាក់ បានអំពាវនាវដល់ពលរដ្ឋនៅក្នុងក្រុងហុងកុងប្រឆាំងនឹងអំពើហិង្សា ហើយបានចោទប្រកាន់អ្នកនយោបាយខ្លះរបស់ប្រទេសលោកខាងលិចពីការធ្វើឲ្យមានភាពចលាចលនេះ។
លោក Yang Guang អ្នកនាំពាក្យការិយាល័យកិច្ចការក្រុងហុងកុង និងម៉ាកាវរបស់ចិនដីគោកក៏បានបញ្ជាក់ឡើងវិញពីការគាំទ្ររបស់រដ្ឋាភិបាលក្រុងប៉េកាំងដល់លោកស្រី Carrie Lam នាយកប្រតិបត្តិដែលមានជម្លោះរបស់ក្រុងហុងកុង៕