បាតុករ​ហុងកុង​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​នៅ​ថ្ងៃ ​Christmas Eve ​

ប៉ូលិសប៉ះទង្គិចជាមួយបាតុករនៅថ្ងៃ Christmas Eve នៅ​ក្រុងហុងកុង កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។

ក្តីសង្ឃឹម​សម្រាប់​បុណ្យណូអែល​ដែល​មាន​សន្តិភាព​ត្រូវបាន​បំផ្លាញ​នៅទីក្រុង​ហុងកុង​កាល​ពីថ្ងៃ​អង្គារ ​បន្ទាប់ពី​ប៉ូលិស​ប្រឆាំង​កុបកម្ម​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ហើយ​ក្រុម​អ្នក​តវ៉ា​បានដុត​បំផ្លាញ​នៅ​ទីតាំង​ផ្សេងៗ​ នៅទូទាំង​ទីក្រុង​ដែលច្របូក​ច្របល់​ដោយភាព​ចលាចល​ស៊ីវិល​អស់​រយៈ​ពេល​ជាង​៦​ខែ។

ហ្វូង​មនុស្ស​ជា​ច្រើន​បាន​ប្រមូល​ផ្តុំគ្នា​នៅតាម​ផ្សារ​ទំនើប​និង​តំបន់​ទេសចរណ៍​ដ៏​មមាញឹក​ដើម្បី​ឆ្លើយតប​នឹង​ការ​អំពាវនាវ​តាម​អ៊ិនធរណេត​ដើម្បី​បង្ហាញ​ពីការ​មិន​ពេញចិត្ត​របស់ពួក​គេ​ប្រឆាំង​រដ្ឋាភិបាល​និង​ទាមទារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ប្រសើរ​ឡើង។​

ចលនា​ប្រឆាំង​រដ្ឋាភិបាល​នៅហុងកុង​ដែល​បង្កឡើង​ដោយ​ច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស​នោះបាន​ឈាន​ចូល​ដល់​ខែ​ទី​៧​ហើយ​ ​ហើយ​មិន​មាន​សញ្ញា​ធូរ​ស្បើយ​ឡើយ។ ក្រុម​អ្នកតវ៉ា​និយាយ​ថា ​ពួកគេនឹង​មិនចុះចាញ់​នោះ​ទេ ​លុះត្រា​រដ្ឋាភិបាល​ឆ្លើយ​តប​តាម​ការទាមទារ​ផ្នែក​នយោបាយ​របស់ពួក​គេ​ដែល​រួមមាន​សិទ្ធិបោះឆ្នោត​ជាសកល​និង​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​លើ​អំពើ​ព្រៃផ្សៃ​របស់​ប៉ូលិស។​

ក្រោយ​ម៉ោង​៩​យប់​ម៉ោង​ក្នុងស្រុក​ ​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹក​ភ្នែក​ជាច្រើន​លើក​នៅ​ក្នុង​តំបន់ទេសចរណ៍​ដ៏ពេញ​និយម​មួយ​ឈ្មោះ ​Tsim Sha Tsui ​ដើម្បី​បំបែក​ក្រុម​អ្នកតវ៉ា ​រួម​ទាំង​នៅ​ខាង​ក្រៅ​សណ្ឋាគារ​ប្រណីត ​Peninsula​ផង​ដែរ ។ ​មនុស្ស​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ឱ្យ​រំខាន​ចរាចរណ៍ ​ហើយ​ប៉ូលិស​ប្រឆាំង​កុបកម្ម​បាន​ព្រមាន​ថា​ ពួកគេ​ចូល​រួម​ក្នុង​ការ​ប្រមូល​ផ្តុំ​ខុស​ច្បាប់៕