មេដឹកនាំទីក្រុងហុងកុង អ្នកស្រី Carrie Lam បាននិយាយថា សភានឹងផ្ដល់អាទិភាពលើសំណើច្បាប់មួយ ដែលនឹងចាត់ទុកថាជាបទឧក្រិដ្ឋចំពោះអ្នកណាដែលមិនគោរពភ្លេងជាតិរបស់ប្រទេសចិន។
នៅក្រោមសំណើច្បាប់នេះ អ្នកណាដែលប្រើភ្លេងជាតិចិនសម្រាប់គោលបំណងអាជីវកម្ម ឬក៏ប្រមាថដោយចេតនាលើភ្លេងជាតិចិន អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ និងការផាកពិន័យជាង ៦ ពាន់ដុល្លារអាមេរិក។
សំណើច្បាប់នេះត្រូវបានស្នើឡើងកាលពីឆ្នាំមុន ដើម្បីជាការឆ្លើយតបចំពោះក្រុមមនុស្សដែលតែងតែស្រែកឌឺដងប្រឆាំងនឹងភ្លេងជាតិចិន នៅក្នុងអំឡុងពេលប្រកួតបាត់ទាល់ម្ដងៗ។
ឥឡូវនេះ សំណើច្បាប់នេះត្រូវបានគេផ្ដល់អាទិភាពខ្ពស់ នៅពេលដែលសមាជិករដ្ឋសភាដែលមានទំនោរទៅរករដ្ឋាភិបាលក្រុងប៉េកាំង អ្នកស្រី Starry Lee បានឡើងដឹកនាំគណៈកម្មាធិការសំខាន់មួយរបស់រដ្ឋសភា ដែលមានតួនាទីពិនិត្យលើសំណើច្បាប់ និងមានសិទ្ធិសម្រេចថាតើសំណើច្បាប់ណាដែលអាចដាក់ឲ្យបោះឆ្នោតអនុម័តបាន។
ប្រសិនបើសំណើច្បាប់នេះត្រូវបានអនុម័ត នោះការតវ៉ាប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំកាលពីឆ្នាំមុន ទំនងជានឹងផ្ទុះឡើងវិញជាមិនខាន។ ការតវ៉ាកន្លងនេះ គឺដំបូងកើតឡើងដោយសារតែសំណើច្បាប់បត្យាប័នដ៏ប្រទាំងប្រទើសមួយ ដែលវិវត្តន៍ទៅជាការតវ៉ាទាមទារឲ្យទីក្រុងហុងកុងមានលទ្ធិប្រជាធិបតេយ្យប្រសើរជាងមុន៕