សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏លេចធ្លោរបស់ហុងកុង លោក Joshua Wong ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ១០ ខែបន្ថែមទៀត ពីបទចូលរួមក្នុងការជួបជុំគ្នាដែលគ្មានច្បាប់អនុញ្ញាតកាលពីឆ្នាំមុន ដើម្បីរំឭកដល់ការបង្ក្រាបឆ្នាំ ១៩៨៩ លើបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីលានTiananmen នៅទីក្រុងប៉េកាំង ប្រទេសចិន។
លោក Wong ដែលមានអាយុ ២៤ ឆ្នាំ កំពុងត្រូវជាប់ពន្ធនាគាររយ:ពេល ១៣ ខែកន្លះរួចទៅហើយ ពីបទរៀបចំបាតុកម្មដោយគ្មានច្បាប់អនុញ្ញាតកាលពីឆ្នាំ ២០១៩។ លោកត្រូវបានគេកាត់ទោសនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ជាមួយសកម្មជន ៣ នាក់ផ្សេងទៀត រួមមានលោក Lester Shum កញ្ញា Jannelle Leung និងកញ្ញា Tiffany Yeun ដែលទទួលទោសជាប់ពន្ធនាគារពី ៤ ខែទៅ ៦ ខែ។
លោក Wong ជាសកម្មជនម្នាក់ក្នុងចំណោមសកម្មជនទាំង ៤៧ នាក់ ដែលត្រូវបានកាត់ទោសក្រោមច្បាប់សន្តិសុខជាតិ ពីបទចូលរួមក្នុងការបោះឆ្នោតក្រៅផ្លូវការ កាលពីខែកក្កដា ដើម្បីជ្រើសរើសបេក្ខជនឲ្យឈរឈ្មោះក្នុងការបោះឆ្នោតតំណាងរាស្ត្រ។ ការបោះឆ្នោតនោះត្រូវបានពន្យារពេល ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។
ប្រទេសចិនបានហាមប្រាមរាល់ការប្រារព្ធពិធីជាសាធារណ:ទាក់ទងនឹងការបង្ក្រាបថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៨៩ នៅពេលរថក្រោះ និងយោធាចិន បង្ក្រាបបាតុកម្មរាប់សប្ដាហ៍ដែលដឹកនាំដោយសិស្សនិស្សិតនៅទីលាន Tiananmen ។ ប៉ុន្តែទីក្រុងហុងកុងជាទំនៀមទម្លាប់តែងតែជួបជុំគ្នាទ្រង់ទ្រាយធំ ដើម្បីធ្វើពីធីរំឭកនេះ ដោយប្រើច្បាប់មូលដ្ឋានរបស់ខ្លួន ដែលផ្ដល់ឲ្យទីក្រុងនេះនូវសេរីភាព ដែលត្រូវបានហាមឃាត់នៅចិនដីគោក រួមទាំងសិទ្ធិក្នុងការជួបជុំគ្នា។
ព្រឹត្តិការណ៍ ៤ មិថុនា កាលពីឆ្នាំមុន ត្រូវបានហាមឃាត់ជាលើកដំបូងដោយប៉ូលិសដោយបានលើកឡើងពីការភ័យខ្លាចអំពីជំងឺរាតត្បាតកូវីដ១៩ និងសន្តិសុខ បន្ទាប់ពីមានបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំ ជារឿយៗបានកក្រើកនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះអស់ពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០១៩ ៕