ប៉ូលិស​ហុងកុង​ឆ្មក់​ចូល​ឆែក​ទីស្នាក់ការ​កាសែត​​ Apple Daily ​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ

កាសែត​ Apple Daily របស់​ក្រុមហ៊ុន Next Digital ត្រូវ​បាន​ដាក់​លក់​នៅ​ទីក្រុង​ហុងកុង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។

ប៉ូលិស​ហុងកុង​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ឆ្មក់​ចូល​ឆែក​ការិយាល័យ​កាសែត​ ​Apple Daily ​ដែល​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​បាន​ចាប់​ខ្លួន​នាយក​ប្រតិបត្តិ​៥​នាក់ ​រួម​ទំាងនិពន្ធនាយក​ផង​ដែរ។​

ការ​ឆ្មក់​ចូល​ឆែក​ និង​ការ​ចាប់​ខ្លួន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ ​អាយុ​ជិត​មួយ​ឆ្នាំ ​ដែល​កំណត់​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំងមក​លើ​ទីក្រុង​ហុងកុង​កាល​ពី​ឆ្នាំ​មុន។ ​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ នាយក​ប្រតិបត្តិ​ទាំង​៥​នាក់​នៃ​ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​ចាប់​ខ្លួនពីបទ​សង្ស័យ​ថា ​ឃុបឃិត​ជា​មួយ​បរទេស ​ឬ​ភាគីខាង​ក្រៅ​ដើម្បីបង្ក​គ្រោះ​ថ្នាក់​ដល់​សន្តិសុខជាតិ។​

កាសែត​ Apple Daily ​បាន​ឲ្យ​ដឹង​ថា ​និពន្ធ​នាយក​របស់​ខ្លួន​គឺលោក​ Ryan Law ​និង​នាយក​ប្រត្តិបត្តិ​៤​នាក់​ផ្សេង​ទៀត​របស់​កាសែត​នេះ​ និង​របស់​ក្រុមហ៊ុន​មេ​គឺ Next Digital ​ត្រូវ​បាន​ចាប់​ខ្លួន។​

ប៉ូលិស​ជាង​២០០​នាក់​ចូល​រួម​ក្នុង​ការឆ្មក់​ចូល​ឆែក​ការិយាល័យ​កាសែត ​Apple Daily ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

វីដេអូ​បង្ហោះ​លើ​ទំព័រ​ហ្វេកប៊ុក​របស់​កាសែត​នេះ​បង្ហាញ​ថា ​ប៉ូលិស​បាន​ឡោម​ព័ទ្ធ​អគារ​ និង​ដើរពេញ​បន្ទប់​ព័ត៌មាន។​ ប៉ូលិស​បាន​និយាយ​ថា ​ដីកា​សម្រាប់​ការ​ឆ្មក់​ចូល​ឆែក​នេះ​មាន​គោល​ដៅ​ប្រមូល​ភស្តុតាង​នៃ​ការ​ល្មើសច្បាប់​សន្តិសុខ​ជាតិ។​

ក្រោយ​មក ​រដ្ឋ​មន្ត្រី​សន្តិសុខ​ប្រចាំ​ទីក្រុង​ហុងកុង​គឺ​លោក ​John Lee ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ការ​ឆ្មក់ចូល​ឆែក​នេះ​គឺ​សំដៅ​លើ​អ្នក​ដែល​ប្រើប្រាស់​សារ​ព័ត៌មាន​ជា​«ឧបករណ៍​បង្ក​គ្រោះ​ថ្នាក់​ដល់​សន្តិសុខ​ជាតិ»។​

លោក ​Steven Butler ​អ្នក​សម្រប​សម្រួល​កម្មវិធី​អាស៊ី​សម្រាប់​គណៈ​កម្មាធិការការពារ​អ្នក​កាសែត ​បាន​និយាយ​ថា ​ការ​ឆ្មក់​ចូល​ឆែក​ និង​ការ​ចាប់​ខ្លួន​នាយក​ប្រតិបត្តិ​៥​នាក់​នេះ​ «បំផ្លាញ​ដំណើរ​រឿង​នៅ​សេស​សល់​ដែល​ថា​ ទីក្រុង​ហុងកុង​គាំទ្រ​សេរីភាព​សារ​ព័ត៌មាន»។ ​លោក ​Butler ​បន្ថែម​ថា​ សកម្មភាព​របស់​ចិន​លុប​បំបាត់​សារព័ត៌មាន​នាំ​ឲ្យ​មាន​ការ​ខាតបង់​ដ៏​ច្រើន​សម្រាប់​ប្រជា​ពលរដ្ឋ​ហុងកុង​ ដែល​ធ្លាប់តែទទួល​បាន​ព័ត៌មានសេរី​អស់​រយ:ពេល​ជា​ច្រើន​ទស​វត្សរ៍​មក​ហើយ»។

នេះ​គឺ​ជា​លើក​ទីពីរ​ហើយ​ដែល​ការិយាល័យ​កណ្ដាល​របស់កាសែត​ Apple Daily​ ត្រូវ​បាន​ប៉ូលិសឆ្មក់​ចូល​ឆែក ​ចាប់​តាំង​ពី​ច្បាប់​សន្តិសុខជាតិថ្មី​នេះ​បាន​ចូល​ជា​ធរមាន​មក៕